ថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា គ.ស.២០១៩
Monday the 3rd Waxing Moon of Visakha B.E.2562, May 6, A.D.2019 Year of the Pig
សេចក្តីអំពាវនាវ ស្ដីពី ពិធីបុណ្យរាប់បាត្រព្រះសង្ឃចំនួន ១.៩៤៩អង្គ និងប្រារព្ធទិវាកាន់ទុក្ខជាតិខ្មែរ ៤ ខែមិថុនា
Appeal on the 70th Annual Kampuchea Krom Loss Commemoration
ថ្ងៃទី០៤ ខែមិថុនា គ.ស.២០១៩ ជាខួបគម្រប់ ៧០ឆ្នាំ (០៤.៦.១៩៤៩ – ០៤.៦.២០១៩)នៃថ្ងៃដ៏សែនឈឺចាប់ក្នុងប្រវត្តិសាស្រ្តនៃប្រជាជាតិខ្មែរដែលអាណានិគមបារាំងបានធ្វើច្បាប់ផ្ទេរទឹកដីខ្មែរ កម្ពុជាក្រោមឲ្យអាណានិគមវៀតណាមត្រួតត្រាបន្តយ៉ាងអយុត្តិធម៌បំផុត។ ចាប់ពីពេលនោះមកអាណានិគមថ្មីនេះ (វៀតណាម) បានប្រើគ្រប់មធ្យោបាយ ដើម្បីរំលាយពូជសាសន៍ និងព្រះពុទ្ធសាសនាខ្មែរ នៅទីនោះយ៉ាងឃោរឃៅព្រៃផ្សៃហួសពីការស្មាន។
ផ្តើមចេញអំពីអំពើអមនុស្សធម៌នេះ ការតស៊ូពលីជីវិតនៃប្រជាជាតិខ្មែរក៏បានចាប់ផ្តើមឡើង ដើម្បីថែរក្សា និងការពារអត្តសញ្ញាណជាតិរបស់ខ្លួននៅទីនោះជាបន្តបន្ទាប់ឥតឈប់ឈរពីសម័យ មួយទៅសម័យមួយ ពីជំនាន់មួយទៅជំនាន់មួយ ជារៀងរហូតមកជាប់មិនដាច់រហូតសព្វថ្ងៃ។
ដើម្បីចងចាំនូវទិវាប្រវត្តិសាស្រ្តដ៏សែនជូរចត់នេះ និងសម្តែងនូវកតញ្ញុតាធម៌ និងគារវកិច្ច ចំពោះព្រះវិញ្ញាណក្ខន្ធព្រះវីរសមណៈ ព្រះវិញ្ញាណក្ខន្ធព្រះវីរព្រះមហាក្សត្រ វិញ្ញាណក្ខន្ធវីរបុរស វីរនារី វីរយុទ្ធជន វីរយុទ្ធនារីខ្មែរស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ សាសនា និងមាតុភូមិខ្មែរ ជាពិសេស មាតុភូមិខ្មែរកម្ពុជាក្រោម អង្គការ-សមាគមខ្មែរកម្ពុជាក្រោម និងស័ម្ពន្ធយុវជនខ្មែរ ដើម្បី ប្រជាធិបតេយ្យ បានរៀបចំធ្វើពិធីបុណ្យរាប់បាត្រព្រះសង្ឃចំនួន ១.៩៤៩អង្គ និងប្រារព្ធទិវាកាន់ទុក្ខ ជាតិខ្មែរ ៤ ខែមិថុនា ជារៀងរាល់ឆ្នាំ។
ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ អង្គការ-សមាគមខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ សូមលំឱនកាយគោរពអំពាវនាវព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូនរួមឈាមទាំងអស់ ព្រះមេត្តា និងមេត្តាជួយឧបត្ថម្ភគាំទ្រដូចជា ចង្ហាន់ព្រះសង្ឃ ទឹកបរិសុទ្ធ ឬជាថវិកា ដើម្បីយើងខ្ញុំព្រះ ករុណា យើងខ្ញុំមានលទ្ធភាពរៀបចំពិធីបុណ្យឲ្យបានជោគជ័យដូចរៀងរាល់ឆ្នាំតាមការគួរ។
សហគមន៍ខ្មែរកម្ពុជាក្រោម មានកិត្តិយសសូមគោរពទូលប្រគេន និងជម្រាបជូន ព្រះថេរានុ- ត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនរួមជាតិ ព្រះមេត្តានិងមេត្តាជ្រាបថា កម្មវិធីបុណ្យជាប្រវត្តិសាស្រ្តនេះ គឺ បានផ្តួចផ្តើមបង្កើតឡើងដោយស្មារតីកូនខ្មែរស្នេហាជាតិសុទ្ធសាធ ដើម្បីសម្តែងនូវគារវកិច្ចនិងដឹងគុណចំពោះព្រះវិញ្ញាណក្ខន្ធនិងវិញ្ញាណក្ខន្ធនៃអ្នកស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ សាសនា និងមាតុភូមិ ព្រមទាំងឲ្យកូនខ្មែរគ្រប់រូបចងចាំនូវទិវាប្រវត្តិសាស្រ្តដ៏សែនឈឺចាប់ នេះក្នុងន័យកុំឲ្យដានប្រវត្តិសាស្រ្តអតីតកាលនៃការបាត់បង់ទឹកដីនិងសោកនាដកម្មដ៏ខ្លោចផ្សា វិលមក រកកូនខ្មែរជាថ្មីទៀត។
អាស្រ័យហេតុនេះ យើងខ្ញុំព្រះករុណា យើងខ្ញុំ មានសេចក្តីសង្ឃឹមយ៉ាងមុតមាំទៅលើស្មារតីសេ្នហាជាតិ ស្នេហាព្រះពុទ្ធសាសនារបស់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូនរួមជាតិក្នុងការលះបង់ ចូលរួមជាវិភាគទានតាមសទ្ធាជ្រះថ្លា ដើម្បីយើងខ្ញុំព្រះករុណា យើងខ្ញុំមានលទ្ធភាពរៀបចំកម្មវិធីបុណ្យ ឲ្យបានជោគជ័យដូចរៀងរាល់ឆ្នាំជាក់ជាមិនខាន។
វិភាគទានរបស់ព្រះគុណម្ចាស់គ្រប់ព្រះអង្គនិងបងប្អូនរួមជាតិ ដើម្បីឧបត្ថម្ភគាំទ្រដល់កម្មវិធី បុណ្យជាប្រវត្តិសាស្រ្តនេះ ពិតជាបានសម្តែងនូវការគោរពនិងដឹងគុណចំពោះព្រះវិញ្ញាណក្ខន្ធ និង វិញ្ញាណក្ខន្ធនៃអ្នកស្នេហាជាតិខ្មែរ និងបានជាប្រយោជន៍ដល់ប្រជាជាតិខ្មែរទាំងមូលក្នុងការចងចាំនិង បានដឹងអំពីប្រវត្តិសាស្រ្តពិតនៃប្រជាជាតិខ្លួនយ៉ាងពិតប្រាកដ។
សេចក្តីអំពាវនាវនេះ ទុកជាសេចក្តីគោរពនិមន្ត និងអញ្ជើញព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូនរួមឈាមខ្មែរទាំងអស់ ព្រះមេត្តានិងមេត្តានិមន្ត និងអញ្ជើញចូលរួមឲ្យបានច្រើនកុះករ ដើម្បីញុំាងកម្ម វិធីបុណ្យប្រវត្តិសាស្រ្តនេះឲ្យមានសភាពឱឡារិកអធិកអធម និងប្រកបដោយជោគជ័យ ព្រមទាំងចាប់ យកមគ្គផលកុសលបុណ្យរៀងៗអង្គនិងខ្លួន កុំបីអាក់ខានឡើយ។
កម្មវិធីបុណ្យនឹងប្រព្រឹត្តទៅក្រោមព្រះអធិបតីភាពព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា គ.ស.២០១៩ ចាប់ពីម៉ោង ៧:៣០នាទីព្រឹក រហូតដល់ម៉ោង ៥ល្ងាច។ ពេលព្រឹក មានរាប់បាត្រព្រះសង្ឃ ១.៩៤៩អង្គ ដារបង្សុកូលឧទ្ទិសកុសលជូនបុព្វការីជន។ ពេលល្ងាច ចាប់ពីម៉ោង ១កន្លះ ដល់ម៉ោង ៥ល្ងាច វេទិកាស្វែងយល់អំពីការ ផ្ទេរទឹកដីខ្មែរកម្ពុជាក្រោមឲ្យអាណានិគមវៀតណាមត្រួតត្រាបន្តរបស់អាណានិគមបារាំង ថ្ងៃទី៤ ខែ មិថុនា គ.ស.១៩៤៩។
ទីកន្លែងប្រារព្ធពិធីនៅទីលានប្រជាធិបតេយ្យ (ទល់មុខឃ្លាំងសាំងប្ញស្សីកែវ សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ ចំពោះទីកន្លែង ប្រសិនបើមានការប្រែប្រួល យើងខ្ញុំព្រះករុណា យើង ខ្ញុំ នឹងទូលប្រគេន ជូនដំណឹងជាខាងក្រោយ។
រាជធានីភ្នំពេញ, ថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា គ.ស.២០១៩
ប្រធានគណៈកម្មការបុណ្យ
[ហត្ថលេខា និង ត្រា]
ថាច់ សេដ្ឋា
នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម
អតីតសមាជិកព្រឹទ្ធសភា
ទូរស័ព្ទលេខៈ
០១២ ៩០៨ ៨៨២
០៨៧ ៩៤៩ ៥៤៨
០១២ ៨៨០ ៣៨៨
០១០ ២៥០ ១០៨
នៅទ្វីបអាមេរិកខាងជើងៈ
លោក គិម សកល ៩៧៨.៥៩៦.៥១២៦
លោក គិម វុឌ្ឍី ៨៦៤.៤៩៤.១៩៩១
លោក គិម សារេត ៩៧៨.៣២៨.៤៤៣៥
លោក សឺន ស៊ីណា ២៦៧.២៤២.៣៦០៨
លោក វិញ ថន ៩០៩.៤៧១.៣៤៩២
សម្រាប់ព្រះករុណា ព្រះថេរានុត្ថេរៈ បងប្អូនជនរួមជាតិ និងសប្បុរសជន គង់និងរស់នៅសហរដ្ឋអាមេរិក ប្រទេសកាណាដា ទ្វីបអឺរ៉ុប ប្រទេសអូស្ដ្រាលី ប្រទេសនូហ្សៀឡិន្ដ ព្រមទាំងបណ្ដាប្រទេសនានា សូមមេត្ដាផ្ញើសែករូបិយវត្ថុទៅលោក ថាច់ រ៉ា តាម
អាសដ្ឋាននៅខាងក្រោម៖
For residents of U.S., Canada, Europe, Australia, New Zealand and other countries, please kindly make payable personal check, traveler’s check or money order and send it to:
RA THACH
P.O. BOX 37502
PHILADELPHIA, PA 19148
U.S.A.
សូមថ្លែងអំណរព្រះគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅទុកជាមុន។
Thank you very much in advance for your charity.
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។