ថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា គ.ស.២០២២
Thursday 10th Waxing Moon of Kattika B.E.2566 equivalent to November 3, A.D.2022 Year of the Tiger
ខណៈយុវជនកម្ពុជាចំនួន១៧%បានលើកឡើងថា ពួកគេចាប់អារម្មណ៍ និងចាប់អារម្មណ៍ខ្លាំងនៅក្នុងរឿងនយោបាយ យុវជនជាង៨០% ទៀតអះអាងថា ពួកគេចាប់អារម្មណ៍តិច ឬក៏មិនអារម្មណ៍សោះនៅក្នុងរឿងនយោបាយ។ នេះជាលទ្ធផលនៃការស្ទង់មតិដោយអង្គការតម្លាភាពកម្ពុជាក្នុងចំណោមយុវជន១.៦០០នាក់ អាយុចន្លោះពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ ការស្ទង់មតិនោះធ្វើឡើងក្នុងភូមិចំនួន២០០នៅទូទាំងប្រទេសចាប់ពីខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២១។
លទ្ធផលនៃការស្ទង់មតិដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃចន្ទបង្ហាញថា យុវជនដែលចាប់អារម្មណ៍រឿងនយោបាយភាគច្រើនជាបុរស អ្នកដែលទទួលបានការសិក្សាខ្ពស់ រស់នៅក្នុងទីក្រុង និងមានជីវភាពគ្រួសារធូរធារ។
មានមូលហេតុមួយចំនួនដែលនាំឱ្យយុវជនកម្ពុជាចាប់អារម្មណ៍តិចតួចអំពីរឿងនយោបាយ ដូចដែលការស្ទង់មតិបានបង្ហាញនោះគឺយុវជន១៨% គិតថា នយោបាយជារឿងគ្រោះថ្នាក់ ៣១%គិតថា នយោបាយមិនមែនជាកិច្ចការងារដែលពួកគេត្រូវខ្វល់ ៣៤% បានលើកឡើងថា ដោយសារតែពួកគេនៅក្មេងពេក ខណៈ៦៦% មានចំណេះដឹងទាបអំពីនយោបាយ។
ក្រៅពីនេះ របាយការណ៍ដដែលបង្ហាញថា យុវជនមានចំណេះដឹងទាបពាក់ព័ន្ធនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍សំខាន់ៗរបស់រដ្ឋាភិបាល ជាពិសេសអំពីគោលនយោបាយយុវជន។ បើតាមការស្ទង់មតិ ៩០% នៃយុវជនមិនធ្លាប់បានឮអំពីយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ខណៈ៨៥% និយាយថា ពួកគេមិនដឹងអំពីផែនការអភិវឌ្ឍន៍ជាតិឡើយ។
នាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា លោក អ៊ឹម នរិន្ទ បង្ហាញការព្រួយបារម្ភដែលយុវជនមិនចាប់អារម្មណ៍រឿងនយោបាយ ក៏ដូចជាកិច្ចសាធារណៈផ្សេងៗទៀត។
លោកថា៖ «អ្វីដែលយើងមើលឃើញនៅក្នុងនេះជាការព្រួយបារម្ភមួយសម្រាប់សង្គមយើងទាំងមូល បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរយៈពេលជាច្រើនឆ្នាំមកក្នុងការកសាងលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងកិច្ចការសង្គម កិច្ចការនយោបាយ ហាក់ដូចជាលទ្ធផលរបស់យើងនៅអត់ទាន់បានល្អប្រសើរទេ។ អ៊ីចឹងវាជាការព្រួយបារម្ភសម្រាប់ការអភិវឌ្ឍប្រទេសរបស់យើង ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យរបស់យើងតទៅមុខទៀត»។
លោកជំរុញឱ្យរដ្ឋាភិបាលបង្កើតបរិយាកាសដែលអំណោយផលដល់យុវជន។ លោកបន្តថា កាលណារដ្ឋាភិបាលនៅបន្តរឹតត្បិត នោះនឹងនាំឱ្យពួកគេមានការភ័យខ្លាច បារម្ភពីសុខសុវត្ថិភាព ដែលជាកត្តានាំឱ្យពួកគេកាន់តែឃ្លាតឆ្ងាយពីការអភិវឌ្ឍសង្គម។
លោក អ៊ឹម នរិន្ទ អះអាងថា ការចូលរួមរបស់យុវជន ជាការល្អសម្រាប់ការអភិវឌ្ឍសង្គមជាតិ តាមរយៈការបញ្ចេញមតិ និងការធ្វើសកម្មភាពរបស់ពួកគេ ហើយថា សង្គមដែលមានការអភិវឌ្ឍ គេបើកផ្លូវឱ្យមានការចូលរួមបញ្ចេញមតិដើម្បីឱ្យរដ្ឋាភិបាលបានដឹង ក៏ដូចជាឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «អ៊ីចឹងនៅក្នុងសង្គមប្រជាធិបតេយ្យគឺត្រូវស្តាប់ទៅមតិផ្សេងៗ មិនមែនថា តែមតិផ្ទុយទេ ប៉ុន្តែមតិផ្សេងៗហ្នឹងត្រូវយកមកគិត ហើយត្រូវឆ្លើយតបថា ធ្វើយ៉ាងម៉េចដើម្បីឱ្យពិចារណាទៅលើបញ្ហាអាទិភាពរបស់គាត់។ អភិវឌ្ឍសម្រាប់ទាំងអស់គ្នា ភាពសុខសាន្តគឺសម្រាប់ទាំងអស់គ្នា»។
លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) ប្រាប់វីអូអេថា លោកសោកស្តាយដែលយុវជនមិនចាប់អារម្មណ៍រឿងនយោបាយ ខណៈកម្ពុជាមានប្រជាជនជាយុវជនពីរភាគបីនៃប្រជាជនសរុបជាង១៦លាននាក់។
លោកបន្តថា កត្តាដែលនាំឱ្យយុវជនកម្ពុជាមិនចាប់អារម្មណ៍នឹងរឿងនយោបាយ មានដូចជាកត្តាយុវជនខ្លួនឯង និងការគំរាមកំហែងផ្នែកនយោបាយ។
លោកថ្លែងថា៖ «បរិយាកាសនយោបាយនៅកម្ពុជាបង្កការគំរាមកំហែង បង្កការរំខាន ឬក៏បង្កការព្រួយបារម្ភចំពោះការចូលរួមដល់ពួកគេ។ ដោយសារតែកន្លងមកយើងឃើញមានការបង្ក្រាបក្រុមគណបក្សប្រឆាំង ការចាប់ខ្លួនសកម្មជន ការឃាត់ខ្លួនសកម្មជនបរិស្ថាន ធនធានធម្មជាតិ សកម្មជនសង្គមជាច្រើនផ្សេងទៀត ដែលនេះគឺជាសញ្ញាបង្ហាញពីការព្រួយបារម្ភសម្រាប់យុវជនក្នុងនាមជាសមាជិកនៃសង្គម ដែលនឹងចូលរួមចំណែកនៅក្នុងកិច្ចការអភិវឌ្ឍសង្គមជាតិរបស់ខ្លួននាពេលខាងមុខ»។
លោក ហេង គឹមហុង អះអាងថា កាលណាយុវជនចាប់អារម្មណ៍តិចតួចលើរឿងនយោបាយ វាធ្វើឱ្យអ្នកនយោបាយកាន់តែមានឥទ្ធិពល ខណៈយុវជនខ្លួនឯងមិនបានបំពេញតួនាទីជាពលរដ្ឋសកម្ម។
លោកបញ្ជាក់ថា៖ «អ្វីដែលខ្ញុំមានការព្រួយបារម្ភខ្ពស់ទៅពេលខាងមុខទៀត គឺធ្វើឱ្យយុវជនរបស់យើងទទួលរងឥទ្ធិពលអវិជ្ជមានខ្លាំង ហើយភាពជាពលរដ្ឋសកម្មធ្លាក់ចុះ នោះអ្វីដែលយើងបារម្ភគឺការធ្វើគោលនយោបាយផ្សេងៗដទៃទៀតហ្នឹង គឺនឹងបាត់សំឡេងយុវជន ហើយបាត់សំឡេងប្រជាពលរដ្ឋ។ ហើយមិនត្រឹមតែប៉ុណ្ណោះទេគឺនឹងធ្វើឱ្យខកខាននៅក្នុងការបាត់ គេហៅថា បាត់មួយផ្នែក មួយភាគធំសំឡេងតំណាងឱ្យមួយភាគធំនៃប្រទេសហ្នឹង គឺបាត់ដែលធ្វើឱ្យមិនមានសំឡេងយុវជន ហើយការដាក់គោលនយោបាយមកមិនត្រូវ»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់វីអូអេថា យុវជនសព្វថ្ងៃចាប់អារម្មណ៍ខ្លាំងទៅលើរឿងឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ប៉ុន្តែលោកថា យុវជនក៏មានច្រើនដែរដែលបានចូលរួមការបោះឆ្នោត។ លោកបន្ថែមថា ឯកសារពាក់ព័ន្ធជាមួយគោលនយោបាយរបស់រដ្ឋាភិបាលគឺមានគ្រប់ទីកន្លែង និងដាក់ជាសាធារណៈសម្រាប់អាន។
លោកបន្ថែមថា អ្នកដែលចង់ឱ្យយុវជនចូលរួម ក៏ដូចជាចាប់អារម្មណ៍រឿងនយោបាយ គឺចង់ទាញប្រយោជន៍នយោបាយពីការចូលរួមរបស់ពួកគេ។
លោកថ្លែងថា៖ «រីឯអ្នកចង់ឱ្យយុវជនចាប់អារម្មណ៍រឿងនយោបាយ អ្នកនោះគឺបានផលប្រយោជន៍ពីយុវជនច្រើន។ យកកម្លាំងយុវជនជាកម្លាំងចូលនយោបាយរបស់ផ្ទាល់ខ្លួន។ អាហ្នឹងហើយបានលើកឡើងមកនិយាយ។ ហើយយើងមើលយុវជននៅបរទេស ប្រទេសដែលជឿនលឿន យុវជនគេមិនយកចិត្តទុកដាក់បញ្ហានយោបាយទេ។ គេចាប់អារម្មណ៍តែរឿងបញ្ហាបច្ចេកវិទ្យា»។
របាយការណ៍នៃការស្ទង់មតិរបស់អង្គការតម្លាភាពក៏បានផ្តល់ជាអនុសាសន៍ដល់រដ្ឋាភិបាលដែរថា គួរតែលម្អប្រព័ន្ធច្បាប់ ក្របខណ្ឌច្បាប់ គោលនយោបាយ និងបរិយាកាសនយោបាយសម្រាប់យុវជន ដើម្បីឱ្យពួកគេចូលរួមនៅក្នុងជីវិតសង្គម និងជីវិតនយោបាយរបស់ប្រទេសជាតិ។ របាយការណ៍ក៏ដាក់អនុសាសន៍ឱ្យរដ្ឋាភិបាលបើកចំហសេរីភាពក្នុងការបញ្ចេញមតិ ការបង្កើតសមាគម និងការជួបជុំ ព្រមទាំងសិទ្ធិទទួលបានព័ត៌មានផងដែរ៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។