ដោយ ឯម មាឃ18/10/201518/10/2015rfi
គណៈកម្មការចម្រុះកម្ពុជាវៀតណាមលើកទី១៤ បើកការប្រជុំស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅល្ងាចថ្ងៃអាទិត្យនេះ ហើយគ្រោងនឹងបិទបញ្ចប់នៅថ្ងៃចន្ទ។ រដ្ឋមន្ត្រីការបរទេស ហោ ណាំហុង បានចាកចេញពីកម្ពុជា តាំងពីរសៀលម្សិលមិញ ដោយដឹកនាំគណៈប្រតិភូមួយក្រុម ទៅចូលរួមកិច្ចប្រជុំ ដែលចៀសមិនផុតពីការលើកនិយាយអំពីបញ្ហាព្រំដែនកម្ពុជាវៀតណាមឡើយ។
ការប្រជុំរបស់គណៈកម្មការចម្រុះកម្ពុជាវៀតណាម លើកទី១៤ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បើកធ្វើនៅល្ងាចថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុងហូជីមិញ។
តាំងពីរសៀលថ្ងៃសៅរ៍ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូមួយក្រុម ដើម្បីទៅចូលរួមក្នុងកិច្ចប្រជុំនោះ។ ក្នុងចំណោមរបៀវារៈជាច្រើន បញ្ហាព្រំដែនកម្ពុជាវៀតណាមនឹងត្រូវលើកយកមកពិភាក្សាផងដែរ ខណៈដែលការបោះបង្គោលព្រំដែនខណ្ឌចែកប្រទេសទាំងពីរនៅមិនទាន់បានបញ្ចប់។ ចាប់តាំងពីឆ្នាំ២០១៣មក ភាគីវៀតណាមបានព្យាយាមធ្វើផ្លូវ ជីកស្រះទឹក និងសង់ប៉ុស្តិ៍យាម តាមបណ្ដោយព្រំដែនដែលមិនទាន់បានកំណត់ច្បាស់លាស់នៅឡើយ រហូតធ្វើឱ្យក្រសួងការបរទេសកម្ពុជាបញ្ចេញកំណត់ទូតតវ៉ាទៅភាគីវៀតណាមជាបន្តបន្ទាប់ជាង១០ដង។
អ្នកនាំពាក្យឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា នៅរសៀលថ្ងៃអាទិត្យ បានបញ្ជាក់បន្ថែមថា ការពិភាក្សានៅក្នុងកិច្ចប្រជុំលើកទី១៤នេះនឹងផ្តោតលើ«បញ្ហាទាំងអស់ក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជាវៀតណាម»។ លោក ជុំ សុន្ទរី បានឱ្យដឹងថា លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីកម្ពុជាទទួលបន្ទុកកិច្ចការព្រំដែន ក៏ស្ថិតក្នុងចំណោមសមាជិកគណៈប្រតិភូដែរ។
លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ផាម ប៊ិញ មិញ (Pham Binh Minh) ដែលរដ្ឋមន្ត្រីការបរទេសវៀតណាម នឹងចុះហត្ថលេខារួមគ្នាលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជាវៀតណាមលើកទី១៤ ដែលនឹងបិទបញ្ចប់នៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០១៥៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។