ដោយ សាន សែល RFA 2015-10-17
អំឡុងពេលនៅក្នុងប្រទេសអូស្ត្រាលី ដើម្បីជួបជាមួយប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅទីនោះ កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានផ្ដល់សម្ភាសន៍មួយដល់ទូរទស្សន៍ អេ.ប៊ី.ស៊ី អូស្ត្រាលី (ABC Australia) កាលពីថ្ងៃទី១៦ ខែតុលា។ អ្នកកាសែតនៃទូរទស្សន៍ អេ.ប៊ី.ស៊ី បានព្យាយាមសួរលោក ហ៊ុន ម៉ាណែត ពីការឡើងស្នងតំណែងពីឪពុករបស់លោក ក៏ប៉ុន្តែលោក ហ៊ុន ម៉ាណែត ឆ្លើយតបថា លោកមិនដឹងទេ ហើយលោកថា លោកមិនអាចឆ្លើយបានទេ។
នៅក្នុងបទសម្ភាសន៍នោះ អ្នកកាសែតនៃទូរទស្សន៍ អេ.ប៊ី.ស៊ី អូស្ត្រាលី បានព្យាយាមជជីកសួរលោក ហ៊ុន ម៉ាណែត ពីបំណងរបស់លោកដើម្បីឡើងស្នងតំណែងពីឪពុក។ ក៏ប៉ុន្តែលោក ហ៊ុន ម៉ាណែត បានឆ្លើយតបថា ប្រជាពលរដ្ឋជាអ្នកកំណត់ និងជ្រើសរើសអ្នកដឹកនាំតាមរយៈការបោះឆ្នោតដែលធ្វើឡើងដោយ ៥ឆ្នាំម្ដង ដោយលោកថា កម្ពុជាជាប្រទេសប្រកាន់នយោបាយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ថ្លែងប្រាប់ទូរទស្សន៍ អេ.ប៊ី.ស៊ី អូស្ត្រាលី ដដែលនោះ លោក ហ៊ុន ម៉ាណែត អតីតនិស្សិតជាន់ខ្ពស់នៃសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក (West Point Academy) បញ្ជាក់ថា ឪពុករបស់លោកមិនចង់ឲ្យកូនចូលប្រឡូក និងពាក់ព័ន្ធក្នុងកិច្ចការនយោបាយនោះទេ។
ទាក់ទិននឹងករណីនេះ លោកបណ្ឌិត មាស នី មើលឃើញថា លោក ហ៊ុន ម៉ាណែត មិនហ៊ានបង្ហាញជាសាធារណៈពីមហិច្ឆតាក្នុងការឈោងចាប់តំណែងឪពុករបស់លោកនោះទេ។ លោក មាស នី បន្ថែមថា ទោះបីជាលោក ហ៊ុន សែន ក៏មានការខ្លាចរអាក្នុងការប្រកាសពីជួយជ្រោមជ្រែងកូនខ្លួនដើម្បីឡើងក្ដោបក្ដាប់អំណាចដែរ៖ «»។
យ៉ាងណាក៏ដោយ កូនប្រុសពីររូបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងចូលរួមក្នុងសកម្មភាពនយោបាយ។ ជាក់ស្ដែងលោក ហ៊ុន ម៉ាណែត កំពុងមានតួនាទីជានាយរងសេនាធិការចម្រុះមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។ ចំណែកប្អូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ានី វិញ កំពុងចូលរួមធ្វើនយោបាយដោយបច្ចុប្បន្នលោក ហ៊ុន ម៉ានី មានតួនាទីជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ។
លោកបណ្ឌិត មាស ម៉ានី ក៏សង្កេតឃើញថា អ្នកដឹកនាំវ័យចំណាស់ៗ កំពុងរៀបចំបង្កើតនូវ “រដ្ឋាភិបាលក្លូន” ដោយប្រគល់តំណែងសំខាន់ៗនៅក្នុងរដ្ឋាភិបាលឲ្យកូនចៅរបស់ខ្លួនបណ្ឌិតរូបនេះបន្ថែមថា បើទោះជាមានការប្ដូរអ្នកដឹកនាំតំណែងកំពូលក៏ដោយ ក៏មិនទាន់ឃើញមានការផ្លាស់ប្ដូរអ្វីជាដុំកំភួននៅឡើយទេ។ ទោះយ៉ាងណា លោកសង្កេតឃើញថា អ្នកដឹកនាំជំនាន់ក្រោយនេះ ព្យាយាមខំធ្វើខ្លួនឲ្យសាមញ្ញ ហើយព្យាយាមជិតស្និទ្ធជាមួយប្រជាជននៅតាមមូលដ្ឋាន។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក រស់ រ៉ាវុធ កត់សម្គាល់ថា អ្នកដឹកនាំមិនសំខាន់លើវ័យនោះទេ តែសំខាន់ការជ្រើសរើសមេដឹកនាំវៃឆ្លាត ទាំងបុគ្គលិកលក្ខណៈ ទាំងសមត្ថភាពដែលនាំឲ្យមានការអភិវឌ្ឍ ការរីកចម្រើនដល់ប្រទេសជាតិ៖ «»។
នៅពេលដែលទូរទស្សន៍ អេ.ប៊ី.ស៊ី អូស្ត្រាលី លើកឡើងថា តាមរយៈការដឹកនាំជាង ៣០ឆ្នាំរបស់ឪពុកលោកដែលនាំឲ្យមានការជិះជាន់អំពើពុករលួយ និងបក្សពួកនិយម លោក ហ៊ុន ម៉ាណែត ប្រតិកម្មតបថា ឪពុករបស់លោកបានដឹកនាំប្រទេសកម្ពុជា ឲ្យរួចផុតពីការកាប់សម្លាប់ពីរបបខ្មែរក្រហម។
លោក ហ៊ុន ម៉ាណែត ថ្លែងបន្តថា ឪពុករបស់លោកបានមកនូវសន្តិភាព និងស្ថិរភាព ពិសេសបានធានានូវសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិក្នុងការរស់រានមានជីវិត សិទ្ធិក្នុងការទទួលបានការអប់រំ និងសិទ្ធិទទួលបានសុខុមាលភាព និងសិទ្ធិបង្កើតសមាគម។
លោក ហ៊ុន ម៉ាណែត បានទទួលស្គាល់ថា មានអំពើពុករលួយកើតឡើងនៅក្នុងប្រទេសកម្ពុជា។ លោកបានរៀបរាប់ថា ឪពុកលោកខិតខំកម្ចាត់អំពើពុករលួយតាមរយៈការបង្កើតអង្គភាពប្រឆាំងអំពើពុករលួយ និងការកែទម្រង់វិស័យសេវាសាធារណៈ ដោយមានការចាប់ខ្លួន និងកាត់ទោសមន្ត្រីជាន់ខ្ពស់ជាដើម។
ក៏ប៉ុន្តែនាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល អះអាងថា អំពើពុករលួយនៅកម្ពុជា មានលក្ខណៈជាប្រព័ន្ធ ហើយស្មុគស្មាញដែលជា “ជំងឺមហារីក” ឆ្លងរាលដាលពេញប្រទេសពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន៖ «»។
កាលពីខែមិថុនា ឆ្នាំ២០០៨ លោក ហ៊ុន សែន បានប្រកាសជាសាធារណៈថា លោកមិនអនុញ្ញាតឲ្យលោក ហ៊ុន ម៉ាណែត ធ្វើតំណាងរាស្ត្រ ឬនយោបាយនោះទេ។ លោក ហ៊ុន សែន បញ្ជាក់ថា លោកនឹងមិនអនុញ្ញាតឲ្យកូនប្រុសលោកធ្វើជានាយករដ្ឋមន្ត្រីទេ ដោយអះអាងថា កម្ពុជាជាប្រទេសប្រជាធិបតេយ្យ ហើយមិនមានការស្នងតំណែងនោះទេ៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។