ក្រសួងយុត្តិធម៌ផ្ដល់ជំនួយផ្នែកច្បាប់ដល់ស្ត្រីខ្មែរ ដើម្បីប្ដឹងជំទាស់យួនក្នុងសំណុំជួញដូរគ្រឿងញៀន
Cambodia’s Ministry of Justice provided legal assistance to Khmer woman to file complaint against Vietnam in drug trafficking case
ថ្ងៃអាទិត្យ ១៤កើត ថ្ងៃកោរ ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែសីហា គ.ស.២០២០
Sunday the 14th Waxing Moon of Sāvaṇa B.E.2564 equivalent to August 2, A.D.2020 Year of the Rat
វិទ្យុបារាំងអន្ដរជាតិ RFI Khmer
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអាទិត្យនេះថា ក្រសួងយុតិ្តធម៌បានផ្ដល់ជំនួយផ្នែកច្បាប់ដល់ស្ត្រីខ្មែររួចហើយ ដើម្បីប្ដឹងជំទាស់សេចក្ដីសម្រេចរបស់តុលាការយួន ដែលកាត់ទោសប្រហារជីវិតលើរូបនាង ពីបទជួញដូរគ្រឿងញៀនឆ្លងដែន។ ជាមួយគ្នានេះ មន្ត្រីអង្គការសង្គមក្រៅរដ្ឋាភិបាលជំរុញឲ្យរដ្ឋាភិបាលប្រើប្រាស់យន្តការនៃកិច្ចព្រមព្រៀងផ្ទេរទណ្ឌិតដើម្បីនាំស្ត្រីរូបនោះមកអនុវត្តទោសនៅកម្ពុជា។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងថា នៅក្នុងសំណុំរឿងស្ត្រីខ្មែរដែលត្រូវតុលាការយួនកាត់ទោសប្រហារជីវិតលើរូបនាងពីបទជួញដូរគ្រឿងញៀនឆ្លងដែន មិនទាន់បញ្ចប់ត្រឹមនេះនៅឡើយទេ ពោលគឺនៅសល់ដំណាក់កាលជម្រះក្ដីនៅថ្នាក់ឧទ្ធរណ៍បន្តទៀត។ ដំណាក់កាលឧទ្ធរណ៍ គឺមានជំនួយផ្នែកច្បាប់ពីក្រសួងយុត្តិធម៌កម្ពុជា ដើម្បីប្ដឹងជំទាស់សេចក្ដីសម្រេចរបស់តុលាការថ្នាក់ដំបូងរបស់យួន ដែលកាត់ទោសប្រហារជីវិតពីបទជួញដូរគ្រឿងញៀន។
ប្រសិនបើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌មួយផ្នែកនៃសំណុំរឿងស្ត្រីខ្មែរនេះ អាចប្រើយន្តការផ្នែកច្បាប់ដែលមានស្រាប់រវាងកម្ពុជា និងវៀតណាម គឺកិច្ចព្រមព្រៀងធ្វើបត្យាប័ន និងផ្ទេរទណ្ឌិត។ ចំពោះការធ្វើបត្យាប័ននេះសំដៅដល់ការប្រព្រឹត្ដិបទល្មើសនៅកម្ពុជាហើយរត់ទៅវៀតណាមនោះ កម្ពុជានឹងស្នើសុំយកមកផ្ដន្ទាទោស និងដំណើរការក្ដីនៅកម្ពុជា។ ចំណែកការផ្ទេរទណ្ឌិតវិញ សំដៅដល់ការប្រព្រឹត្ដិបទល្មើសនៅវៀតណាម ហើយទទួលបានការកាត់ទោសរួចរាល់ កម្ពុជាអាចស្នើសុំផ្ទេរទណ្ឌិត មកអនុវត្តទោសនៅកម្ពុជា។ ដូច្នេះសំណុំរឿងស្ត្រីខ្មែរដែលត្រូវតុលាការយួន កាត់ទោសប្រហារជីវិតលើរូបនាងពីបទជួញដូរគ្រឿងញៀនឆ្លងដែន អាចស្ថិតនៅក្នុងកិច្ចព្រមព្រៀងស្តីពីការផ្ទេរទណ្ឌិត។
ជាមួយគ្នានេះលោក សឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកមើលឃើញថានៅក្នុងសំណុំរឿងស្រ្តីខ្មែរ ដែលវៀតណាមកាត់ទោសប្រហារជីវិត ពីបទជួញដូរគ្រឿងញៀនឆ្លងដែននេះរដ្ឋាភិបាលគួរប្រើយន្តការផ្ទេរអ្នកទោស ដូចដែលរដ្ឋាភិបាលធ្លាប់អនុវត្តកន្លងមកជាមួយប្រទេសដទៃ។ បន្ថែមលើនេះ លោក ករុណា លើកជាយោបល់ឲ្យរដ្ឋាភិបាលប្រើប្រាស់យន្តការកាទូតអន្តរាគមន៍ស្នើសុំស្ត្រីខ្មែរមកអនុវត្តទោសនៅកម្ពុជា។
សូមជម្រាបជូនថា តុលាការប្រជាជននៃខេត្តរោងដំរី (យួនប្ដូរជា តៃនិញ) របស់វៀតណាម កាលពីថ្ងៃទី៣១ ខែកក្កដា បានកាត់ទោសប្រហារជីវិតស្ត្រីខ្មែរម្នាក់ ពីបទជួញដូរគ្រឿងញៀនឆ្លងដែន បន្ទាប់ពីនាងលួចនាំចូលថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួនប្រាំកញ្ចប់ ដែលមានទម្ងន់ប្រមាណជិត ៥គីឡូក្រាមចូលវៀតណាម កាលពីខែធ្នូ ព.ស.២៥៦៣ គ.ស.២០១៩ កន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានយួនVNA។ តាមច្បាប់របស់វៀតណាម ជនណាដែលរកឃើញថា មានគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន កូកាអ៊ីនលើសពី ៦០០ក្រាម ឬក៏មេតំហ្វីតាមីនចំនួន ២.៥ គីឡូក្រាម នឹងត្រូវប្រឈមមុខនឹងទោសប្រហារជីវិត។
ប៉ុន្តែយ៉ាងណាក៏ដោយ ជានិច្ចជាកាលគេក៏ឃើញមានជនជាតិយួន នាំចូលគ្រឿងញៀនចូលមកកម្ពុជាដែរ។ ជាក់ស្ដែងថ្មីៗនេះបុរសជនជាតិយួនម្នាក់បានជួញដូរនូវសារធាតុញៀនប្រភេទកេតាមីនរាវជាង ៣១គីឡូក្រាម និងត្រូវសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមិថុនា ព.ស.២៥៦៤ គ.ស.២០២០ ដើម្បីចាត់ការតាមច្បាប់៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។