ដោយ ប្រាជ្ញ ចេវ RFA 2015-10-16
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឲ្យដឹងថា នាយកដ្ឋានអន្តោប្រវេសន៍បានដាក់សំណើទៅក្រសួង ដើម្បីស្នើឲ្យជនភៀសខ្លួន ៣នាក់ ដែលកំពុងរស់នៅក្នុងភូមិគ្រឹះជាជម្រកបណ្ដោះអាសន្ន ចេញមកក្រៅដើម្បីធ្វើសមាហរណកម្មនឹងបរិយាកាសខាងក្រៅនៃសង្គមកម្ពុជា។ ប៉ុន្តែមិនទាន់មានការបង្ហើបឲ្យដឹងថា ជនភៀសខ្លួនទាំងនោះនឹងត្រូវទៅរស់នៅទីណា ឬចាកចេញពីលំនៅឋានបណ្ដោះអាសន្ននោះនៅពេលនៅឡើយទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹងនៅថ្ងៃទី១៦ ខែតុលា ថា នៅពេលនាយកដ្ឋានអន្តោប្រវេសន៍ដាក់លិខិតសុំគោលការណ៍ពីក្រសួង ដើម្បីឲ្យជនភៀសខ្លួនចេញពីវិឡានោះ ក្រសួងបានណែនាំឲ្យរៀបចំផែនការឲ្យបានត្រឹមត្រូវ មុននឹងបញ្ជូនចេញពីលំនៅឋានបណ្ដោះអាសន្ន។
លោក ខៀវ សុភ័គ មិនទាន់ទទួលព័ត៌មានជាក់លាក់នៃការចាកចេញរបស់ជនភៀសខ្លួនទាំងនោះនៅឡើយទេ៖ «នាយកដ្ឋានអន្តោប្រវេសន៍បានដាក់សំណើទៅក្រសួង ដើម្បីត្រៀមធ្វើសមាហរណកម្ម ប៉ុន្តែតាមខ្ញុំដឹងមិនទាន់មានគោលការណ៍នៅឡើយទេ ហើយពួកគេត្រូវទៅនៅ ធ្វើការនៅណាក៏ខ្ញុំមិនទាន់ដឹងដែរ។ ជនភៀសខ្លួន គ្រាន់តែមានសិទ្ធិធ្វើដំណើរ និងបង្ហាញឲ្យដឹងថា គេជាជនភៀសខ្លួន ប៉ុន្តែគ្មានសិទ្ធិបោះឆ្នោតទេ»។
លោក ខៀវ សុភ័គ បញ្ជាក់ថា នៅពេលជនភៀសខ្លួនចេញមកក្រៅ ពួកគេនៅតែជាជនភៀសខ្លួនដដែល ប៉ុន្តែពួកគេមានសិទ្ធិសេរីភាពធ្វើដំណើរ ប្រកបរបចិញ្ចឹមជីវិត រកការងារធ្វើ ប៉ុន្តែជនភៀសខ្លួនទាំងនោះគ្មានសិទ្ធិបោះឆ្នោតនោះទេ។ បច្ចុប្បន្ន ជនភៀសខ្លួនទាំងបីនាក់កំពុងរស់នៅក្នុងភូមិគ្រឹះមួយកន្លែង ស្ថិតក្នុងភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
កាលពីដើមខែមិថុនា រដ្ឋាភិបាលកម្ពុជា យល់ព្រមទទួលជនភៀសខ្លួនចំនួន ៤នាក់ ពីកោះណាវរូ (Naurau)។
ទាក់ទងរឿងជនភៀសខ្លួននេះដែរ មានជនភៀសខ្លួនម្នាក់ជាជនជាតិរ៉ូហ៊ីងយ៉ា (Rohingya) បានវិលទៅប្រទេសភូមាវិញ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីមន្ត្រីក្រសួងមហាផ្ទៃ អំពីដំណើរទៅកាន់មាតុភូមិរបស់ជនភៀសខ្លួននោះនៅឡើយទេ។ ទន្ទឹមគ្នានោះដែរ មានជនភៀសខ្លួនពីរនាក់បន្ថែមទៀតដែលកំពុងរស់នៅកោះណាវរូ ស្នើសុំមករស់នៅប្រទេសកម្ពុជា។ ទោះយ៉ាងនេះក្ដី អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មិនទាន់អាចបញ្ជាក់ថា ពួកគេនឹងមកដល់ប្រទេសកម្ពុជា នៅពេលណានៅឡើយទេ៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។