ខ្មែរក្រោមចង់ឃើញកម្ពុជាក្រោមទទួលប្រយោជន៍ពីកិច្ចព្រមព្រៀងសាសនាកម្ពុជា-វៀតណាម
Thu 8th Waning Moon of Māgasira B.E.2560, December 22, A.D.2016 Year of the Monkey
ដោយ យាង សុជាមេត្តា RFA 2016-12-22
អង្គការ-សមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា ចង់ឃើញការអនុវត្តកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងធម្មការ និងសាសនាកម្ពុជា ជាមួយប្រទេសវៀតណាម ឲ្យបានជាប្រយោជន៍ដល់ព្រះពុទ្ធសាសនានៅដែនដីកម្ពុជាក្រោម។ ក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ធ្នូ កម្ពុជា-វៀតណាម បានចុះកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងធម្មការ និងសាសនាកម្ពុជា ជាមួយគណៈកម្មាធិការជនជាតិនៃប្រទេសវៀតណាម។
ការបង្កើតឡើងវិញនូវពុទ្ធសាសនបណ្ឌិត្យរងនៅដែនដីកម្ពុជាក្រោម ការផ្តល់អាហារូបករណ៍ឲ្យព្រះសង្ឃខ្មែរក្រោមអាចមកបន្តការសិក្សានៅកម្ពុជា និងការអនុញ្ញាតឲ្យពលរដ្ឋខ្មែរ អាចបញ្ជូនគម្ពីរក្បួនខ្នាតទៅតម្កល់ទុកនៅតាមទីអារាមនានានៅដែនដីកម្ពុជាក្រោម ដោយគ្មានការរារាំងពីអាជ្ញាធរវៀតណាម សុទ្ធសឹងតែជាអ្វីដែលខ្មែរក្រោមចង់ឃើញចេញពីការអនុវត្តនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងធម្មការ និងសាសនាកម្ពុជា ជាមួយវៀតណាម ដែលត្រូវបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ថ្លែងថា កាលពីមុនឆ្នាំ១៩៧៥ ពោលគឺមុនពេលពួកកុម្មុយនីស្តវៀតណាម គ្រប់គ្រងដែនដីកម្ពុជាក្រោម ពុទ្ធសាសនាខ្មែរនៅកម្ពុជាក្រោម គឺនៅឯករាជ្យដាច់ដោយឡែក មិនឋិតក្រោមការគ្រប់គ្រងរបស់សមាគមពុទ្ធសាសនាវៀតណាម ដែលមានការជ្រោមជ្រែងពីរដ្ឋអំណាចវៀតណាម ឡើយ។
លើសពីនេះ លោកថាកាលពីសម័យអាណានិគមបារាំង ពុទ្ធសាសនបណ្ឌិត្យរងត្រូវបានបង្កើតឡើងនៅខេត្តឃ្លាំង ដើម្បីបម្រើដល់ការអភិវឌ្ឍវិស័យពុទ្ធសាសនានៅដែនដីកម្ពុជាក្រោម។ បន្ថែមពីលើនេះ ព្រះសង្ឃខ្មែរក្រោមដែលរៀនចប់នៅដែនដីកម្ពុជាក្រោម ក៏ត្រូវបានរដ្ឋាភិបាលកម្ពុជា ផ្តល់អាហារូបករណ៍ឡើងមកបន្តការសិក្សានៅកម្ពុជា ទៀតផង។
លោក ថាច់ សេដ្ឋា បញ្ជាក់ថា នៅពេលលោកឃើញកម្ពុជា មានកិច្ចព្រមព្រៀងជាមួយវៀតណាម ពីវិស័យសាសនាដូចនេះ លោកចង់ឲ្យរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ស្នើបង្កើតឡើងវិញនូវពុទ្ធសាសនបណ្ឌិត្យរង ដែលខ្មែរក្រោមធ្លាប់មានកន្លងទៅ និងសម្រួលឲ្យព្រះសង្ឃខ្មែរក្រោមអាចឡើងមកបន្តការសិក្សានៅកម្ពុជា ឲ្យបានខ្ពង់ខ្ពស់។
លោក ថាច់ សេដ្ឋា លើកឡើងបន្ថែមថា កន្លងទៅ នៅពេលព្រះសង្ឃ ឬពលរដ្ឋខ្មែរនាំយកឯកសារផ្សេងៗ ដូចជាព្រះត្រៃបិតក ឬគម្ពីរក្បួនខ្នាតផ្សេងៗពីកម្ពុជា ទៅកាន់ដែនដីកម្ពុជាក្រោម អាជ្ញាធរវៀតណាម តែងរារាំង ឬរឹបអូសមិនឲ្យនាំចូលឡើយ។ លោក ថាច់ សេដ្ឋា សង្ឃឹមថា តាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសវៀតណាម នឹងអនុញ្ញាតឲ្យកម្ពុជា បញ្ជូនគម្ពីរ ឬក្បួនខ្នាតនានាយកទៅតម្កល់ទុកនៅតាមទីអារាមនៅដែនដីកម្ពុជាក្រោម ដើម្បីឲ្យព្រះសង្ឃខ្មែរក្រោមមានឯកសារគ្រប់គ្រាន់សម្រាប់សិក្សារៀនសូត្រ៖ «ដូចខាងក្រោមត្រូវការគម្ពីរដីកាក្បួនខ្នាតផ្នែកសាសនា ត្រូវបានបញ្ជូនពីកម្ពុជា ទៅដោយសេរី កុំឲ្យមានការឆែកឆេររឹបអូសយកដូចពេលកន្លងមក។ អ៊ីចឹងហើយរដ្ឋាភិបាលខ្មែរគួរពិនិត្យរឿងនេះឡើងវិញ បើយើងធ្វើសហប្រតិបត្តិការហើយ ត្រូវធ្វើបានដោយសេរី ទើបវាមានភាពស្មើគ្នា»។
ដែនដីកម្ពុជាក្រោម មានផ្ទៃក្រឡាប្រមាណ ៧០ម៉ឺនគីឡូម៉ែត្រ និងមានវត្តអារាមសរុបប្រមាណ ៥៦០វត្ត ក្នុងខេត្ត-ក្រុងសរុបចំនួន២១ ក្នុងនោះខេត្តព្រះត្រពាំង តែមួយគឺមានវត្តរហូតដល់ ១៤២វត្ត។ វត្តដែលមានវ័យចំណាស់ជាងគេបង្អស់ គឺឈ្មោះវត្តសម្បួររង្សី ដែលឋិតនៅស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង បច្ចុប្បន្នវៀតណាម បានប្ដូរទៅជាស្រុកកូវកែ ខេត្តត្រាវិញ។ វត្តនេះត្រូវបានកសាងឡើងតាំងពីឆ្នាំ៣៧៣ នៃគ្រិស្តសករាជ។ ទោះជាបែបនេះក្តី បើនិយាយពីការសិក្សារបស់ព្រះសង្ឃខ្មែរក្រោមបច្ចុប្បន្នវិញ ព្រះសង្ឃខ្មែរក្រោមអាចរៀនខ្ពស់បំផុត គឺបានត្រឹមថ្នាក់គរុកោសល្យទី៣ ឬប្រហាក់ប្រហែលនឹងថ្នាក់ឌីប្លូមនៅកម្ពុជា ប៉ុណ្ណោះ។
ចំពោះកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងធម្មការ និងសាសនាកម្ពុជា ជាមួយគណៈកម្មាធិការជនជាតិវៀតណាម នៅពេលនេះ ត្រូវបានអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី អះអាងថា គ្របដណ្ដប់លើចំណុចសំខាន់ចំនួន៣ គឺកិច្ចសហប្រតិបត្តិការស្វែងយល់សាសនា និងជនជាតិរវាងប្រទេសទាំងពីរ ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ឬការបណ្តុះបណ្តាល និងការផ្លាស់ប្ដូរឯកសារ។ ក្រៅពីនោះ លោកថាក៏មានកម្មវិធីផ្លាស់ប្ដូរអាហារូបករណ៍ផងដែរ៖ «កន្លងមកក៏មានសង្ឃខ្លះលោកទៅរៀននៅពុទ្ធិកមហាវិទ្យាល័យនៅវៀតណាម ដែរ មានកន្លែងស្នាក់នៅធំៗ»។
លោក សេង សុមុនី មិនបញ្ជាក់ច្បាស់ឆ្លើយតបចំពោះការចង់បានរបស់ខ្មែរក្រោមឡើយ ប៉ុន្តែលោកសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ដល់ទាំងកម្ពុជា វៀតណាម និងខ្មែរក្រោមផងដែរ។
ទោះជាយ៉ាងណា លោក ថាច់ សេដ្ឋា កត់សម្គាល់ថា កន្លងទៅ គេឃើញវៀតណាម តែងមានប្រៀបលើកម្ពុជា ស្ទើរគ្រប់កិច្ចសហប្រតិបត្តិការទាំងអស់ ដែលលោក ថាច់ សេដ្ឋា ចាត់ទុកថា ជាកិច្ចសហប្រតិបត្តិការមិនមានភាពស្មោះត្រង់ ឬជាកិច្ចសហប្រតិបត្តិការចាប់ដៃជាន់ជើង ជាដើម។ លោកបញ្ជាក់ថា ដើម្បីឲ្យកិច្ចសហប្រតិបត្តិការមួយប្រកបដោយមិត្តភាព លុះណាតែវាជាកិច្ចសហប្រតិបត្តិការប្រកបដោយសមភាព និងផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។