ដោយ អ៊ុង សេរីវុទ្ធ RFA 2015-10-16
នៅថ្ងៃទី១៦ តុលានេះ កម្ពុជាទទួលបានជំនួយសម្ភារៈការិយាល័យពីប្រទេសចិនបន្ថែមទៀត ស្របពេលដែលប្រមុខរដ្ឋាភិបាលទើបតែបានទទួលជំនួយឥតសំណងពីប្រទេសនេះជាងមួយរយលានដុល្លារ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ឲ្យដឹងថា សម្ភារៈការិយាល័យដែលចិនប្រគល់នៅពេលនេះ មានកុំព្យូទ័រលើតុ ៥០គ្រឿង កុំព្យូទ័រយួរដៃ ២០គ្រឿង មាស៊ីនព្រីន ២០គ្រឿង និងម៉ាស៊ីនថតចម្លង៥គ្រឿង។
លោក ជុំ សុន្ទរី ចាត់ទុកប្រទេសចិនជាដៃគូដ៏សំខាន់មួយ ទាំងការផ្ដល់ជំនួយ វិនិយោគទុន និងទេសចរណ៍ជាដើមសម្រាប់អភិវឌ្ឍកម្ពុជា៖ «ជាឱកាសដ៏ល្អបំផុតសម្រាប់កម្ពុជាដែលមានទំនាក់ទំនងល្អជាមួយចិន ព្រោះប្រទេសអភិវឌ្ឍត្រូវការទំនាក់ទំនង ដើម្បីជំនួយ វិនិយោគិន ពាណិជ្ជកម្ម និងទេសចរបរទេស»។
កាលពីថ្ងៃទី១៥ តុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ចិននឹងផ្ដល់ជំនួយឥតសំណងដល់កម្ពុជាបន្ថែមទៀតនូវទឹកប្រាក់ប្រមាណ ១ពាន់លានយ័ន្ត (Yuan) ស្នើនឹងជាង ១៥៧លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍ និងជួយកសាងមន្ទីរពេទ្យនៅខេត្តត្បូងឃ្មុំ។
ប្រទេសចិនត្រូវបានប្រមុខរដ្ឋាភិបាល ចាត់ទុកថាជាប្រទេសមហាមិត្តរបស់ខ្លួន៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។