ដោយ អ៊ុំ រង្សី RFA 2015-10-22
សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងវិស័យកសិកម្មបារម្ភថា បញ្ហាចោទរបស់កសិករខ្នាតតូច នឹងបន្តប៉ះពាល់ដល់សន្តិសុខស្បៀង ដើម្បីឆ្លើយតបនឹងកំណើនប្រជាជនក្នុងប្រទេស និងផលិតឲ្យលើសសម្រាប់ការនាំចេញ។ ទន្ទឹមគ្នានេះ សង្គមស៊ីវិលបានជំរុញឲ្យរដ្ឋាភិបាល បង្កើតសហគមន៍កសិកម្មគាំទ្រដល់កសិករខ្នាតតូច ដើម្បីផ្តល់អំណាចទីផ្សារលក់ផលិតផលដល់កសិករកម្ពុជា។
តើសហគមន៍កសិកម្ម ផ្តល់ផលចំណេញអ្វីខ្លះដល់កសិករខ្នាតតូចនៅកម្ពុជា?
សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងវិស័យកសិកម្ម ចង់ឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធដទៃទៀត បង្កើតសហគមន៍កសិកម្មគាំទ្រកសិករខ្នាតតូច ដើម្បីការអភិវឌ្ឍវិស័យកសិកម្មដែលជាសសរស្ដម្ភទីមួយ និងជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិមួយនេះ។
ជាងនេះទៀត សង្គមស៊ីវិលក៏យល់ថា វិបត្តិសេដ្ឋកិច្ចគ្រួសាររបស់កសិករខ្នាតតូចនៅកម្ពុជា ដែលបណ្ដាលមកពីបញ្ហាប្រឈមក្នុងវិស័យកសិកម្ម ក៏បានក្លាយជាបញ្ហាចោទជំរុញឲ្យកសិករមួយចំនួនធំ ក្លាយជាកូនបំណុលរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ដែលត្រូវប្រឈមខ្វះប្រាក់បង្វិលសងម្ចាស់បំណុល ឬនឹងអាចត្រូវធនាគាររឹបអូសទ្រព្យបញ្ចាំពីការខ្ចីប្រាក់ក៏មាន។ មិនតែប៉ុណ្ណោះ បញ្ហាប្រឈមនៅក្នុងវិស័យកសិកម្មនេះហើយ ក៏បានជំរុញឲ្យចំនួនប្រជាជនកម្ពុជា ដែលធ្វើការក្នុងវិស័យកសិកម្ម កំពុងថយចុះគួរឲ្យកត់សម្គាល់នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការលើកឡើងរបស់សង្គមស៊ីវិលជាង ៥០ស្ថាប័ននៅពេលនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការឆ្លុះបញ្ចាំងលើយុទ្ធសាស្ត្រគាំទ្រគ្រួសារកសិករ ដែលមានដីធ្លីតូចតាច រៀបចំដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) កាលពីព្រឹកថ្ងៃទី២០ ខែតុលា។ លើសពីនេះ សង្គមស៊ីវិលក៏យល់ថា មានតែបង្កើតសហគមន៍កសិកម្មទេ ទើបអាចដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្មបាន។
ករណីនេះ ត្រូវបាននាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាដើម្បីអភិវឌ្ឍកសិកម្ម និងប្រព័ន្ធចិញ្ចឹមជីវិត លោក សួន សេង មានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវកន្លងមក កសិករខ្នាតតូចដែលមានដីតិចជាង ៥ហិកតារ ជួបប្រទះភាគច្រើនបញ្ហាប្រែប្រួលអាកាសធាតុ ចំណេះដឹងបច្ចេកទេសនៅមានកម្រិត ប្រព័ន្ធធារាសាស្ត្រ និងផលិតមិនត្រូវតម្រូវការទីផ្សារ ជាដើម។ លោកបន្តថា ការបង្កើតសហគមន៍កសិកម្ម នឹងចំណេញច្រើនដល់កសិករខ្នាតតូចនៅកម្ពុជា៖ «ការចងក្រងសហគមន៍ដើម្បីឲ្យគាត់យល់ ហើយគាត់យល់ថា គាត់ផលិតអីដើម្បីលក់ឲ្យគេ ដើម្បីកុំឲ្យតែគាត់លក់របស់អីដែលគាត់មាន ដឹងតែធ្វើទៅ ដឹងដាមទៅ គេអត់សមស្របទៅនឹងអ្វីដែលគេអត់មាន គេអត់ត្រូវទិញ ចឹងរបស់ហ្នឹងវាលក់អត់ថ្លៃទេ ដូច្នេះហើយគាត់ទទួលបានផលប្រយោជន៍ច្រើនណាស់»។
លោកបានឲ្យដឹងទៀតថា បច្ចុប្បន្ន កម្ពុជា មានសហគមន៍កសិកម្មជាង ៦០០សហគមន៍ដែលគាំទ្រដោយក្រសួងកសិកម្ម និងអង្គការក្រៅរដ្ឋាភិបាល។ ប៉ុន្តែលោកថា ចំនួននេះនៅមានកម្រិត និងមិនទាន់សមស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់កសិករខ្នាតតូចនៅឡើយ៖ «កសិករខ្នាតតូចដែលគាត់មានដីតូចតាច គាត់មានដីតិចតួច គាត់មានផលិតផលតិចតួច គាត់មិនសមស្របជាមួយការធ្វើការតាមសង្វាក់ការងារសកលទេ ប៉ុន្តែគាត់សមស្របសង្វាក់ទីផ្សារមូលដ្ឋាន ហើយសង្វាក់ទីផ្សារមូលដ្ឋានមានន័យថា គាត់អាចចងក្រងការងារជាក្រុម ដើម្បីឲ្យកម្លាំងពលកម្មដែលគាត់ផលិតកាន់តែធំ ចឹងហើយវត្ថុធាតុដើមដែលគេផ្គត់ផ្គង់ឲ្យគាត់ ក៏មានតម្លៃថោកដែរ»។
របាយការណ៍សន្ទស្សន៍ភាពស្រេកឃ្លានសកលឆ្នាំ២០១៥ ដែលចេញផ្សាយនៅខែតុលា បង្ហាញថា ប្រទេសកម្ពុជា ទទួលបានពិន្ទុ ២២,៦ ដែលត្រូវនឹងចំណាត់ថ្នាក់លេខ៦០ ក្នុងចំណោមប្រទេសទាំងអស់១១៧។ របាយការណ៍នោះ បានសិក្សាទៅលើបញ្ហាសំខាន់ៗចំនួន៤ ដូចជា បញ្ហាកង្វះអាហារូបត្ថម្ភ កង្វះទម្ងន់កុមារ កុមារក្រិន និងអត្រាមរណភាពរបស់កុមារ ហើយពិន្ទុនេះបង្ហាញថា ស្ថានភាពស្រេកឃ្លាននៅកម្ពុជា បានថយចុះប្រមាណ ៥០% បើធៀបទៅនឹងឆ្នាំ២០០០ ដែលនៅពេលនោះ កម្ពុជា ទទួលបានពិន្ទុ៤៥។ ជាងនេះទៀត របាយការណ៍នេះក៏ជំរុញឲ្យរដ្ឋាភិបាល យកចិត្តទុកដាក់លើវិស័យកសិកម្ម តាមរយៈសហគមន៍កសិកម្ម ធ្វើយ៉ាងណាសំដៅគាំពារជនក្រីក្រ ដើម្បីទប់ទល់នឹងបញ្ហាអសន្តិសុខស្បៀង និងផលប៉ះពាល់នៃវិបត្តិនានា។
ជាមួយគ្នានេះដែរ នាយកប្រតិបត្តិនៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក តឹក វណ្ណារ៉ា បានលើកឡើងដែរថា កសិករខ្នាតតូចនៅកម្ពុជា ប្រឈមបញ្ហាជាច្រើនក្នុងវិស័យកសិកម្ម ដូចជា តម្លៃកសិផលកសិកម្មទាប ទុន ការចំណាយលើធាតុចូលកសិកម្មខ្ពស់ គោលនយោបាយ ភាពខ្វះខាតនៅក្នុងការគ្រប់គ្រងតម្លៃទីផ្សារសម្រាប់ផលិតផលកសិកម្ម កំពុងក្លាយជាមូលហេតុចម្បងដែលជំរុញឲ្យកសិករខ្នាតតូចមិនចង់បន្តការងារកសិកម្ម។ ជាងនេះទៀត លោកបន្តថា ទោះជារដ្ឋាភិបាលកម្ពុជា មានវិធានការ ឬគោលនយោបាយលើកស្ទួយវិស័យនេះក្តី ក៏គោលនយោបាយនេះនៅតែអនុវត្តមិនទាន់មានប្រសិទ្ធភាពនៅឡើយ។ លោកថា ការលើកទឹកចិត្តតាមរយៈសហគមន៍កសិកម្ម ជាកត្តាសមស្របជួយសម្រួលដល់កសិករក្នុងការពង្រឹងលទ្ធភាពផលិត៖ «ការកៀរគរផ្នែកហិរញ្ញវត្ថុ ដើម្បីគាំទ្រទៅដល់សហគមន៍ដែលគាត់មានស្រាប់ មានន័យថា មានរចនាសម្ព័ន្ធហើយស្រាប់ហ្នឹង គាត់មានធនធានគ្រប់គ្រាន់ មានលទ្ធភាពដើម្បីជំរុញឲ្យការផលិតធានាបានទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក បើធ្វើចឹងបាន នឹងអាចធានាដល់ការនាំចេញអង្ករសន្តិសុខ និងសុវត្ថិភាពស្បៀងនាពេលអនាគត»។
និយាយពីផលចំណេញរបស់សហគមន៍កសិកម្មនេះដែរ កសិករឆ្នើមរបស់អង្គការសេដាក (CEDAC) នៅខេត្តកំពង់ស្ពឺ លោក ស៊ឹម រ៉ុម និយាយថា សហគមន៍កសិកម្មពិតជាមានផលប្រយោជន៍ច្រើនដល់កសិករខ្នាតតូច ព្រោះធ្វើឲ្យកសិករចំណាយដើមទុនតិច ទទួលបានចំណេះដឹងថ្មីៗ អាចដាំដំណាំត្រូវនឹងទីផ្សារត្រូវការ គេចផុតពីការបន្ទាបតម្លៃកសិផលពីឈ្មួញ ពិសេសជួយដោះស្រាយភាពតានតឹងនានាក្នុងអាជីពកសិករ។
គោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៥-២០១៨ រដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាព និងជាមុខព្រួញដ៏សំខាន់ដើម្បីចូលរួមកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ជាងនេះទៀត រដ្ឋាភិបាលនឹងជំរុញកំណើនកសិកម្មឲ្យបានក្នុងរង្វង់ ៥% ក្នុងមួយឆ្នាំ តាមរយៈការលើកកម្ពស់ផលិតភាពកសិកម្ម។
កាលពីឆ្នាំ២០១៣ រដ្ឋាភិបាលបានបង្កើតច្បាប់ស្ដីពីសហគមន៍កសិកម្ម ដើម្បីលើកកម្ពស់គ្រួសារកសិករខ្នាតតូចលើការអភិវឌ្ឍ និងសហគមន៍កសិករនៅក្នុងប្រទេស និងបង្កើតឡើងនូវនាយកដ្ឋានប្រភេទពូជដំណាំផ្សេងៗ។ ផ្ទុយទៅវិញ អង្គការសង្គមស៊ីវិល និងកសិករខ្នាតតូច យល់ថា ការអនុវត្តនៅតែមិនទាន់មានប្រសិទ្ធភាពនៅឡើយ។
ជាងនេះទៀត របាយការណ៍ស្ដីពីការឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រគាំទ្រកសិករដែលមានដីតូចតាចប្រចាំឆ្នាំ២០១៥ ដែលបានចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ក៏បានបង្ហាញដែរថា ពលរដ្ឋដែលប្រកបរបរកសិកម្ម ពិសេសកសិករខ្នាតតូចនៅកម្ពុជា ប្រឈមបញ្ហារួមមាន បញ្ហាទីផ្សារ ប្រសិទ្ធភាពនៃតម្លៃផលិតផលកសិកម្ម ចំណេះដឹងបច្ចេកទេស សមត្ថភាពកែច្នៃផលិតផលកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញប្រព័ន្ធធារាសាស្ត្រ ដើមទុន និងការនាំចូលផលិតផលកសិកម្មពីប្រទេសជិតខាង និងក្នុងតំបន់ ការរំលោភដីធ្លី សិទ្ធិទទួលបានប្រើប្រាស់ និងគ្រប់គ្រងដីកសិកម្ម។
យ៉ាងណាក៏ដោយ ទាំងកសិករខ្នាតតូច និងសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងវិស័យកសិកម្ម ចង់ឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ គាំទ្រសហគមន៍កសិកម្មដែលមានស្រាប់ និងបង្កើតសហគមន៍កសិកម្មថ្មីបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាពកសិករ ពិសេសដើម្បីឈានជើងចូលសហគមន៍សេដ្ឋកិច្ចអាស៊ានចុងឆ្នាំ២០១៥៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។