Tue 8th Waxing Moon, Holy Day, of Poṭṭhapāda B.E.2561, August 29, A.D.2017 Year of the Rooster
RFI: ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅក្នុងក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីម្សិលមិញ បានចេញមុខប្រតិកម្មទៅនឹងការសម្តែងការព្រួយបារម្ភចំពោះស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជារបស់អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។ តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិបានបោះពាក្យទៅកាន់ស្ថាប័នជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សថា កម្ពុជា មានភាពចាស់ទុំលើរឿងសិទ្ធិមនុស្សហើយ ដូច្នេះមិនចាំបាច់មកប្រដៅនោះទេ។“នៅពេលនិយាយពីបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ រួមបញ្ចូលទាំងសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការចូលរួម និងកាតព្វកិច្ចផ្សេងៗទៀត ស្ថានបេសកកម្មសូមបញ្ជាក់ជូនថា កម្ពុជាមិនស្ថិតនៅក្នុងដំណាក់កាលកុមារភាពទៀតទេ យើងមានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការប្រឈមដោះស្រាយដោយខ្លួនឯងដោយមិនចាំបាច់ត្រូវការប្រៀនប្រដៅគ្រប់បែបយ៉ាងនោះទេ”។ នេះគឺជាការគូសបញ្ជាក់របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនទៅកាន់អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។
ការគូសបញ្ជាក់ដូច្នេះធ្វើឡើង បន្ទាប់ពីអ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោកស្រី Liz Throssell បានចេញមុខសម្តែងការព្រួយបារម្ភអំពីវិធានការរបស់រដ្ឋាភិបាលកម្ពុជាដែលបានព្យួរអាជ្ញាប័ណ្ណនិងផ្អាកកម្មវិធីផ្សាយវិទ្យុ ការគំរាមកំហែងបិទកាសែតCambodia Daily និងការបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃ២៥ សីហាពីទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកស្រីអ្នកនាំពាក្យបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាធានាឲ្យបានពេញលេញនូវសិទ្ធិនយោបាយ និងសិទ្ធិស៊ីវិល ព្រមទាំងសេរីភាពនៃការបញ្ចេញមតិ នៅមុនការបោះឆ្នោតជាតិធ្វើឡើងក្នុងឆ្នាំ២០១៨។
ជាការឆ្លើយតប តំណាងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានចាត់ទុកការលើកឡើងរបស់លោកស្រីLiz Throssell ថាមិនបានផ្អែកទៅលើការពិតគ្រប់ជ្រុងជ្រោយនោះទេ ប៉ុន្តែធ្វើទ្បើងដោយផ្អែកទៅលើពាក្យចចាមអារ៉ាម និងប្រភពដែលមិនច្បាស់លាស់ និងមានចរិតនយោបាយ។ តំណាងកម្ពុជាដដែល ក៏បានសង្កត់ធ្ងន់ថា ការពង្រឹងនីតិរដ្ឋ គឺមានន័យថា ជនល្មើសត្រូវទទួលខុសត្រូវនូវទង្វើរបស់ពួកគេនៅចំពោះច្បាប់។ ចំណែកសេរីភាពសារព័ត៌មានមិនមានន័យថាបណ្តាញសារព័ត៌មានអាចគេចវេស ឬមិនព្រមបង់ពន្ធជាមួយនឹងនិទណ្ឌភាពឡើយ។ និយាយពីបញ្ហាសិទ្ធិវិញ តំណាងកម្ពុជាក៏បានអះអាងថា សិទ្ធិមិនមែនមានន័យថា អាចធ្វើអ្វីៗទាំងអស់ដោយផ្តាច់មុននោះទេ។
ដោយឡែក ជុំវិញការបិទអង្គការអាមេរិកាំង NDI កាលពីសប្តាហ៍មុននេះដែរ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៏អន្តរជាតិ (USAID)កាលពីថ្ងៃចន្ទបានសម្តែងការខកចិត្តយ៉ាងខ្លាំងដោយគូសបញ្ជាក់ថា ការងាររបស់ NDI មិនលំអៀងទៅរកភាគីណាមួយសោះឡើយ។ អ្នកនាំពាក្យស្តីទី របស់USAID បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាផ្លាស់ប្តូរសេចក្តីសម្រេចរបស់ខ្លួន ដើម្បីឲ្យNDI អាចបន្តការងារតទៅទៀត ដើម្បីធ្វើឲ្យប្រាកដថា ការបោះឆ្នោតជាតិឆ្នាំ ២០១៨ ផ្តល់សំឡេងស្មើៗគ្នាដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។