ដោយ ថា កិត្យា RFA 2015-10-16
មន្ត្រីបក្សប្រឆាំងចោទថា ព្រឹត្តិការណ៍ដុតបំផ្លាញស្លាកគណបក្សដែលរៀបចំឡើយដោយគូបដិបក្ខ មិនមែនជារឿងថ្មីថ្មោងឡើយ ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយនោះ។
ការចោទប្រកាន់នេះ បន្ទាប់ពីមានសកម្មភាពទម្លាក់ និងដុតស្លាកគណបក្សសង្គ្រោះជាតិ មួយកន្លែងរបស់ប្រជាពលរដ្ឋមួយក្រុម នៅភូមិសំបួរមាស សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៦ ខែតុលា។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា សកម្មភាពនេះគឺមានចេតនាបង្ខូចឈ្មោះគណបក្សសង្គ្រោះជាតិ៖ «កាលពី ១០ឆ្នាំ ឬ ១៥ឆ្នាំមុន ហើយរហូតមក គឺយើងឃើញរហូត ព្រឹត្តិការណ៍បែបហ្នឹង នៅពេលណាដែលប្រជាពលរដ្ឋគាំទ្រគណបក្សសង្គ្រោះជាតិ កាន់តែច្រើនឡើង។ ខ្ញុំគ្មានការបារម្ភ ព្រោះគ្រាន់តែជារឿងដដែលទេ ហើយប្រជាពលរដ្ឋនឹងយល់បញ្ហាហ្នឹង»។
តាមប្រភពសារព័ត៌មានក្នុងស្រុកឲ្យដឹងថា ប្រជាពលរដ្ឋទាំងនោះគឺជាអតីតសកម្មជនបក្សសង្គ្រោះជាតិ ហើយបានផ្លាស់ប្ដូរទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ កាលពីពេលថ្មីៗនេះ។ ពួកគេអះអាងថា គណបក្សប្រឆាំងបានភូតភរបោកប្រាស់ប្រជារាស្ត្រដោយមិនគោរពតាមគោលនយោបាយ និងបាវចនាដែលថា សង្គ្រោះ បម្រើ និងការពារ។
បែបនេះក្ដី លោក យឹម សុវណ្ណ ថា មិនភ្ញាក់ផ្អើលឡើយចំពោះប្រជាពលរដ្ឋដែលផ្លាស់ប្ដូរទៅជ្រកក្រោមស្លាកគណបក្សប្រជាជននោះ ព្រោះជាសិទ្ធិនយោបាយ។ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងបញ្ជាក់ថា ការដែលគណបក្សកាន់អំណាចរៀបចំព្រឹត្តិការណ៍អាក្រក់កាន់តែច្រើននោះ គឺរឹតតែធ្វើឲ្យគណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងគាំទ្រច្រើន ព្រោះថា បច្ចុប្បន្ននេះពលរដ្ឋចេះវិនិច្ឆ័យរកមូលហេតុពិតច្បាស់លាស់។
ជាការឆ្លើយតប មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុន ថ្លែងចំអកថា គណបក្សសង្គ្រោះជាតិ មិនទាន់ក្លាយជាបក្សនយោបាយពេញលក្ខណៈនៅក្នុងសង្គមប្រជាធិបតេយ្យនៅឡើយទេ ព្រោះតែងតែបដិសេធមិនដែលទទួលស្គាល់ការពិត៖ «គាត់ចេះតែដើរចោទគេ អោយតែអ្នកណាប្រឆាំង ឬក៏ផ្ទៃក្នុងគណបក្សគាត់បែកបាក់គ្នា គឺថា គណបក្សប្រជាជនជាអ្នកបំបែក។ យើងអស់សំណើចចំពោះមារយាទនយោបាយរបស់ពួកគាត់»។
ទាក់ទិនបញ្ហានេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ គឺលោក ស្រី ណារ៉េន អះអាងថា អាជ្ញាធរមូលដ្ឋានគួរតែចាត់វិធានការចំពោះមនុស្សមួយក្រុមនេះ ដើម្បីកុំអោយបន្តសកម្មភាពរើសអើងនយោបាយបែបនេះ៖ «ប្រសិនបើគណបក្សប្រឆាំងធ្វើសកម្មភាពអ៊ីចឹង គឺត្រូវចុះឈ្មោះ ត្រូវឡើងតុលាការ និងចាប់ដាក់គុកជាដើម តែយើងមើលទៅការអនុវត្តច្បាប់ដូចជាទន់ខ្សោយនៅឡើយ។ និយាយរួមថា វាមានភាពរើសអើងទៅលើភាគីផ្សេងៗ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក អោយដឹងដែរថា កាលពីថ្ងៃទី៧ ខែតុលា កន្លងទៅ ប្រជាពលរដ្ឋមួយក្រុមនេះ ក៏បាននាំគ្នាជិះគោយន្តរារាំងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មិនអោយឃោសនានយោបាយនៅក្នុងតំបន់ពួកគេដែរ។ លោកសង្កេតឃើញថា ប្រជាពលរដ្ឋទាំងនោះចាប់ផ្ដើមធ្វើសកម្មភាពប្រឆាំងគណបក្សសង្គ្រោះជាតិ រហូត ក្រោយពីពួកគាត់បានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ហើយអ្នកខ្លះថា មិនមែនជាឆន្ទៈរបស់ពួកគាត់នោះទេ៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។