ដោយ សូត សុខប្រាថ្នា RFA 2015-10-16
ប្រជាពលរដ្ឋនៅសង្កាត់វិហារហ្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដាក់ពាក្យប្តឹងទៅអាជ្ញាធរភូមិ និងឃុំឱ្យជួយដោះស្រាយជុំវិញបញ្ហាដីកប់សព។ ការស្នើនោះ បន្ទាប់ពីមានការភ្ជួរ និងឈូសឆាយដីតំបន់កប់សពជាថ្មីទៀតពីសំណាក់ពលរដ្ឋមួយគ្រួសារ។ ទាក់ទងរឿងនេះ អាជ្ញាធរក្នុងមូលដ្ឋានបញ្ជាក់ថា បានបញ្ជូនសំណើពលរដ្ឋទៅសាលាក្រុងសួង រួចរាល់ហើយ ប៉ុន្តែការដោះស្រាយយ៉ាងណានៅមិនទាន់ទទួលបានចម្លើយនៅឡើយ។
ប្រជាពលរដ្ឋនៅភូមិថ្នល់ថ្មី សង្កាត់វិហារហ្លួង បារម្ភខ្លាចបាត់បង់ដីកប់សពរបស់ពួកគេ បន្ទាប់ពីមានសកម្មភាពភ្ជួរដីទាំងនោះជាបន្តបន្ទាប់ ស្របពេលការដោះស្រាយមិនទាន់បញ្ចប់នៅឡើយ។ ការបារម្ភនេះ ក្រោយពេលពលរដ្ឋមួយគ្រួសារយកគ្រឿងចក្រទៅឈូសឆាយដីតំបន់ជម្លោះ កាលពីថ្ងៃទី១៣ ខែតុលា។
ពលរដ្ឋនៅភូមិថ្នល់ថ្មី មួយរូប អ្នកស្រី ស សាវ៉ាត មានប្រសាសន៍ថា ក្រោយពេលអ្នកភូមិនាំគ្នាទៅឃាត់គ្រឿងចក្របានមួយថ្ងៃ ពួកគាត់ក៏បានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន ឱ្យជួយទប់ស្កាត់មិនឱ្យមានសកម្មភាពឈូសឆាយណាមួយនៅចំណុចដីជម្លោះទៀតឡើយ ដោយរង់ចាំការដោះស្រាយជាមុនសិន៖ «ឱ្យប្រធានភូមិហ្នឹង ប្រកាសប្រគល់ដីហ្នឹងឱ្យប្រជាពលរដ្ឋវិញផង ព្រោះបើនៅតែធ្វើអ៊ីចឹង ប្រជាជនមិនអាចធ្វើអីកើតទេ»។
ដីកប់សពរបស់អ្នកភូមិថ្នល់ថ្មី គឺមានទំហំជាង ៤ហិកតារ ហើយកន្លងមកមានពលរដ្ឋបីគ្រួសារនាំគ្នាយកគ្រឿងចក្រទៅឈូសឆាយដីតំបន់នោះ បណ្ដាលឱ្យប៉ះពាល់ដល់សាកសពមួយចំនួន។ បញ្ហានេះប្រជាពលរដ្ឋប្ដឹងទៅអាជ្ញាធរជាបន្តបន្ទាប់ ក្រោយមកមានគណៈកម្មការដោះស្រាយទំនាស់ដីធ្លីថ្នាក់ខេត្ត សម្រេចកាត់ដីតំបន់នោះ ៧០ភាគរយ ទៅឱ្យអ្នកភូមិ និង ៣០ភាគរយឱ្យទៅពលរដ្ឋបីគ្រួសារ ដោយយោងលើពលរដ្ឋទាំងបីគ្រួសារ បានកាន់កាប់ជាយូរមកហើយ។ យ៉ាងណាការសម្រេចរបស់អាជ្ញាធរខេត្ត គឺធ្វើឱ្យអ្នកភូមិភាគច្រើនមិនពេញចិត្ត។
អ្នកភូមិមួយរូបទៀត អ្នកស្រី ស៊ុល យ៉ាត និយាយថា ពលរដ្ឋភាគច្រើនមិនយល់ព្រមចំពោះការកាត់ដីមួយចំណែកទៅធ្វើជាសម្បត្តិឯកជន ព្រោះវាជាសម្បត្តិរួម។ ជាងនេះទៀត អ្នកស្រីថា ក្នុងចំណោមពលរដ្ឋចង់បានដីកប់សពធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន គឺដើម្បីយកធ្វើអាជីវកម្មលក់ដូរបន្តតែប៉ុណ្ណោះ៖ «ប្រជាជនប្រុងសុំប្រើអំពើហិង្សា ព្រោះដីហ្នឹងដីកប់សព មិនមែនដីបុគ្គលណាម្នាក់ទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក អ៊ីម អោក ជាអ្នកយកគ្រឿងចក្រទៅភ្ជួរដីតំបន់នោះ ដើម្បីបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៥ ខែតុលា។
ដោយឡែកមេភូមិថ្នល់ថ្មី លោក ចាប ដុំ មានប្រសាសន៍ថា សកម្មភាពភ្ជួរ និងឈូសឆាយនៅតំបន់ដីកប់សពគឺបានបញ្ឈប់ទៅវិញហើយ បន្ទាប់ពីពលរដ្ឋទៅរារាំង រីឯខាងលោកក៏បានណែនាំពលរដ្ឋរូបនោះមិនឱ្យធ្វើសកម្មភាពបន្តទៀតទេ ប៉ុន្តែការសម្រេចយ៉ាងណានោះ គឺអាស្រ័យលើមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ។
លោកបញ្ជាក់ថា ពលរដ្ឋទៅភ្ជួរដីតំបន់កប់សព គឺលោក អ៊ីម អោក ពិតជាបានកាន់កាប់យូរមកហើយមែន៖ «ម្សិលមិញហ្នឹងពាក្យបណ្តឹងគាត់ហ្នឹង គឺគ្រាន់តែឱ្យខ្ញុំឃាត់មិនឱ្យទៅភ្ជួរលើដីហ្នុង»។
ពាក់ព័ន្ធបញ្ហានេះ សង្គមស៊ីវិលមើលឃើញថា មូលហេតុការដោះស្រាយមិនអាចទៅរួច ព្រោះអាជ្ញាធរមិនបានយកច្បាប់មកអនុវត្ត និងមិនមានឆន្ទៈពិតប្រាកដផង។
មន្ត្រីអង្កេតអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ចាម លោក វ៉ន សេងធុយ បញ្ជាក់ថា ដីសមូហភាពរបស់អ្នកភូមិ បើទោះបីជាមានការកាន់កាប់យូរប៉ុណ្ណាក៏ដោយ ប៉ុន្តែដីនោះនៅតែមិនអាចក្លាយជាសម្បត្តិឯកជនបានទេ ដរាបណាវានៅតែបម្រើផលប្រយោជន៍ទូទៅ។ លោកបារម្ភខ្លាចក្រែងតែមានអំពើហិង្សារវាងពលរដ្ឋ និងពលរដ្ឋកើតឡើង ម្យ៉ាងខាងអង្គការលីកាដូ នឹងដាក់ពាក្យប្ដឹងទៅតុលាការតាមការស្នើសុំរបស់ពលរដ្ឋ ប្រសិនបើបញ្ហានេះនៅតែមិនអាចដោះស្រាយបាន៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។