ដោយ យាង សុជាមេត្តា RFA 2015-10-18
ព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គនឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា។
សម្ដេចព្រះនរោត្តម សីហមុនី មានព្រះរាជបន្ទូលនៅក្នុងព្រះរាជសាររបស់ព្រះអង្គ ចុះថ្ងៃទី១៨ ខែតុលា ថា ព្រះអង្គយាងបំពេញព្រះរាជទស្សនកិច្ចសម្រាកព្រះកាយនៅទីក្រុងវ៉េ (Hue) និងទីក្រុងដាឡាត (Dalat) ប្រទេសវៀតណាម ទៅតាមសំណើសូមយាងរបស់រដ្ឋាភិបាលវៀតណាម។
ព្រះអង្គមានព្រះរាជបន្ទូលថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ នឹងទទួលជួយព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្តីទី។
ព្រះរាជបំពេញទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរ ទៅកាន់ប្រទេសវៀតណាម គឺស្របពេលដែលរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ដឹកនាំគណៈប្រតិភូខ្មែរចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ (Ho Chi Minh) ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែតុលា៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។