ដោយ ហង្ស សាវយុត RFA 2015-10-15
មន្ត្រីមើលថែព្រះរាជដំណាក់នៅខេត្តសៀមរាប បើកចំហទ្វាររបងព្រះរាជដំណាក់រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា តទៅ ក្នុងបំណងឲ្យពលរដ្ឋកម្ពុជា គ្រប់រូប រួមទាំងអ្នកទេសចរបរទេសផង អាចចូលទៅក្នុងបរិវេណនៃព្រះរាជដំណាក់ ដើម្បីអុជទៀន ធូប គោរពដល់ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ។
ការបើកចំហទ្វាររបងព្រះរាជដំណាក់ក្នុងខេត្តសៀមរាប ឲ្យមហាជនអាចចូលទៅគោរពព្រះវិញ្ញាណក្ខន្ធនេះ ធ្វើឡើងនៅក្នុងគម្រប់ខួប ៣ឆ្នាំ បន្ទាប់ពីអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ព្រះអង្គសោយទិវង្គតមក។
មន្ត្រីរាជការមកពីគ្រប់មន្ទីរ និងកងកម្លាំងប្រដាប់អាវុធ មានប៉ូលិស ប៉េអិម និងទាហានប្រមាណ ៣០០នាក់ បាននាំគ្នាចូលទៅក្នុងបរិវេណនៃព្រះរាជដំណាក់នាខេត្តសៀមរាប ហើយអុជទៀន ធូប ព្រមទាំងឈរស្មិងស្មាធិ៍គោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ ដើម្បីរំឭកដល់ការសោយទិវង្គតរបស់ព្រះអង្គគម្រប់ខួប ៣ឆ្នាំ។
ពិធីបានចាប់ផ្ដើមឡើងតាំងតែពីម៉ោងជាង ៧កន្លះព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ដោយមានដាក់កម្រងផ្កាជាច្រើនដើម្បីបូជា ប៉ុន្តែមិនមានសភាពអធិកអធមដោយចាក់ឧបករណ៍បំពងសំឡេងឲ្យឮខ្លាំង ឬក៏ប្រគំបទភ្លេងអ្វីទេ។
អភិបាលរងខេត្តសៀមរាប ក្នុងចំណោមអ្នកចូលរួមគោរពព្រះវិញ្ញាណក្ខន្ធជាច្រើនទៀត គឺលោក គឹម ឆៃហៀង។ លោកមានប្រសាសន៍ថា នៅស្របពេលគ្នាដែលមន្ត្រីជាង ៣០០នាក់កំពុងគោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ នរោត្តម សីហនុ នៅក្នុងបរិវេណព្រះរាជដំណាក់នេះ គឺនៅតាមបណ្ដាក្រុង-ស្រុកទាំង១២ របស់ខេត្តសៀមរាប ក៏កំពុងនាំគ្នាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រដូចគ្នាដែរ។
លោក គឹម ឆៃហៀង មានប្រសាសន៍ទៀតថា អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ធ្លាប់បានបំពេញព្រះរាជបេសកកម្មយ៉ាងធំធេងជូនជាតិមាតុភូមិកម្ពុជា ដូចជាការទាមទារឯករាជ្យពីប្រទេសបារាំង នៅឆ្នាំ១៩៥៣ ការទាមទារយកខេត្តខ្មែរចំនួន៣ មានខេត្តបាត់ដំបង សៀមរាប និងខេត្តកំពង់ធំ ពីប្រទេសថៃ មកវិញ ព្រមទាំងការតតាំងក្ដីនៅតុលាការអន្តរជាតិទីក្រុងឡាអេ នៅឆ្នាំ១៩៦២ ហើយទាមទារប្រាសាទព្រះវិហារ ពីប្រទេសថៃ បានមកវិញទៀតផង។
មន្ត្រីដដែលបញ្ជាក់ថា ប្រហែលជា ៣០ឆ្នាំមុន ក្នុងពេលដែលលោកនៅជាមន្ត្រីយោធា គឺលោកធ្លាប់ចូលគាល់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ជាញឹកញាប់។ រាល់ការចូលគាល់ ព្រះអង្គតែងទូន្មានឲ្យចេះស្រឡាញ់ជាតិ និងប្រជារាស្ត្រឲ្យបានច្រើន និងត្រូវចូលរួមអភិវឌ្ឍប្រទេសជាតិផង។ លោក គឹម ឆៃហៀង រំឭកថា ដោយសារបណ្ដាំទាំងនេះ គឺធ្វើឲ្យរូបលោកនៅតែចងចាំ និងនឹករលឹកអតីតព្រះមហាក្សត្រ បើទោះជាព្រះអង្គបានសោយទិវង្គតរយៈពេល ៣ឆ្នាំមកហើយក៏ដោយ៖ «អ្វីដែលខ្ញុំនៅអាឡោះអាល័យជាមួយសម្ដេចឪ គឺទី១ ព្រះអង្គជាព្រះមហាក្សត្រ ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជារាស្ត្រខ្មែររបស់យើង។ ទី២ ព្រះអង្គជាព្រះមហាក្សត្រដែលពោរពេញដោយទសពិធរាជធម៌ ដែលអង្គព្រះមហាក្សត្រលោកតែងប្រកាន់ខ្ជាប់»។
មានប្រជារាស្ត្រ និងយុវជនខ្មែរជំនាន់ក្រោយជាច្រើនទៀត ក៏បានបង្ហាញនូវការគោរព និងស្រឡាញ់ចំពោះអតីតព្រះមហាក្សត្រខ្មែរ សម្ដេចព្រះនរោត្តម សីហនុ ដែរ បើទោះបីជាពួកគេទាំងនោះ មិនធ្លាប់បានជួបព្រះភ័ក្ត្ររបស់ព្រះអង្គដោយផ្ទាល់ក៏ដោយ។
បុរសឈ្មោះ ញ៉ាង ណារិទ្ធ ជាប្រជាពលរដ្ឋរស់នៅក្រុងសៀមរាប ហើយបច្ចុប្បន្នមានមុខរបរជាអ្នករត់រ៉ឺម៉កម៉ូតូ មានប្រសាសន៍ថា លោកមិនធ្លាប់បានជួបព្រះភ័ក្ត្ររបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដោយផ្ទាល់ទេ គឺធ្លាប់តែមើលឃើញសកម្មភាពរបស់ព្រះអង្គនៅតាមកញ្ចក់ទូរទស្សន៍។ បុរសដដែលបញ្ជាក់ថា បើទោះបីជាលោកពុំធ្លាប់ជួបព្រះភ័ក្ត្រអតីតព្រះមហាក្សត្រដោយផ្ទាល់ក៏ដោយ ក៏លោកពេញចិត្តនឹងព្រះរាជសកម្មភាពរបស់ព្រះអង្គលើកិច្ចការជាច្រើន ដែលបានធ្វើឲ្យប្រទេស និងសង្គមជាតិខ្មែរ បានសុខសន្តិភាព មានបូរណភាពទឹកដី ព្រមទាំងប្រជារាស្ត្រមានជីវភាពសម្បូរសប្បាយផង។ លោក ញ៉ាង ណារិទ្ធ បញ្ជាក់ថា ក្នុងពេលដែលអតីតព្រះមហាក្សត្រសោយទិវង្គតទៅ លោកក៏ធ្លាប់ចូលទៅអុជធូបគោរពព្រះវិញ្ញាណក្ខន្ធព្រះអង្គដែរ៖ «ខ្ញុំធ្លាប់ឃើញក្នុងឯកសារដែលចាក់ផ្សាយមក ឃើញលោកកសាង កាលពីសម័យសង្គមរាស្ត្រនិយមមក ឃើញធ្វើបានល្អ»។
ចំណែកយុវជន គួន ប៊ុនគា ដែលបច្ចុប្បន្នកំពុងធ្វើការនៅខេត្តបាត់ដំបង បានចាត់ទុកអតីតព្រះមហាក្សត្រថា គឺជាសម្ដេចតាទួតរបស់លោក។ លោក ប៊ុនគា បញ្ជាក់ថា ថ្វីត្បិតតែលោកពុំធ្លាប់ជួបព្រះភ័ក្ត្រអតីតព្រះមហាក្សត្រខ្មែរម្ដងណាសោះ នៅមុនពេលដែលព្រះអង្គយាងសោយទិវង្គតទៅ ប៉ុន្តែរូបលោកហាក់មានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះព្រះអង្គ។ យុវជន ប៊ុនគា បានចាត់ទុកអតីតព្រះមហាក្សត្រ ថាជាវីរបុរសដ៏អស្ចារ្យរបស់កម្ពុជា នៅសតវត្សនេះ៖ «និយាយទៅគេហៅវីរបុរសដ៏អស្ចារ្យរបស់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់។ សម្ដេចតាទួត គឺមិនបាត់ទេនៅក្នុងចិត្តរបស់ខ្ញុំក្នុងមួយជីវិតនេះ»។
អតីតព្រះមហាក្សត្រខ្មែរ សម្ដេចព្រះនរោត្តម សីហនុ ធ្លាប់មានស្នាព្រះហស្តធ្វើឲ្យប្រទេសខ្មែររុងរឿងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅអំឡុងទសវត្សទី៦០ រហូតដល់ទសវត្សទី៧០។ ព្រះអង្គក៏ជាអ្នកផ្សះផ្សាឲ្យមានសន្តិភាពចុងក្រោយនៃជម្លោះខ្មែរ ៤ភាគី តាមរយៈកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយនាំមកនូវការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីបង្កើតរដ្ឋាភិបាលមួយចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន។
អតីតព្រះមហាក្សត្រខ្មែរ សម្ដេចព្រះនរោត្តម សីហនុ បានសោយទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន នៅក្នុងព្រះជន្ម ៩០ព្រះវស្សា ដោយសារតែរោគាពាធ៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។