ថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា គ.ស.២០២២
Wednesday 9th Waning Moon of Assayuja B.E.2566 equivalent to October 19, A.D.2022 Year of the Tiger
វិទ្យុសំឡេងសហរដ្ឋអាមេរិក
សកម្មភាពសាងសង់ដែលគាំទ្រថវិកាដោយរដ្ឋាភិបាលចិន បន្តផ្លាស់ប្តូរមូលដ្ឋានកងទ័ពជើងទឹករាមនៅខេត្តព្រះសីហនុនៃប្រទេសកម្ពុជា នៅក្នុងល្បឿនយ៉ាងលឿន ជាមួយនឹងការសម្អាតដី ការសាងសង់កំពុងផែថ្មីមួយ ហើយនិងសំណង់ថ្មីៗមួយចំនួនទៀត ដែលត្រូវបានបញ្ចប់រួចរាល់ក្នុងរយៈពេលបីខែចុងក្រោយនេះ។ នេះបើយោងតាមរបាយការណ៍អង្កេតរបស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រ ហៅកាត់ថា (CSIS)។
របាយការណ៍ចុះថ្ងៃទី ១៨ ខែតុលារបស់មជ្ឈមណ្ឌលCSIS ដែលមានមូលដ្ឋានទៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានឱ្យដឹងថា ១៥% នៃផ្ទៃដីសរុប ត្រូវបានសម្អាតនៅចំកណ្តាលនៃមូលដ្ឋានទ័ពរាម តាំងពីខែកក្កដាមកម៉្លេះ ហើយការសាងសង់ថ្មីៗ កំពុងតែបន្តធ្វើឡើង។
ការវិវត្តចុងក្រោយនេះ គឺស្របគ្នានឹងការចុះផ្សាយកាលពីខែសីហារបស់កាសែត Nikkei Asian Review ដែលថា មានឡានដឹកដីជាច្រើនធ្វើដំណើរបន្តកន្ទុយគ្នានៅក្បែរមូលដ្ឋានទ័ពរាម ហើយបង្កឱ្យមានការកើនឡើងនៃការកកស្ទះចរាចរណ៍នៅជុំវិញក្រុងព្រះសីហនុ។
របាយការណ៍ដដែលបញ្ជាក់ក្នុងន័យដើមថា៖ «សំណង់ថ្មីក៏អាចមើលឃើញនៅតាមជាយភាគឦសាននៃមូលដ្ឋាននេះផងដែរ ដោយរចនាសម្ព័ន្ធដំបូងចាប់ផ្តើមមានកន្លែងឈូសឆាយជាទៀងទាត់ ដែលបានធ្វើឡើងនៅដើមឆ្នាំនេះ។ ទីបំផុតការសាងសង់នៅតែបន្តលើរចនាសម្ព័ន្ធជាច្រើននៅចុងខាងត្បូងនៃមូលដ្ឋាន។ ការឈូសឆាយសម្រាប់ផ្លូវ និងរបងដែលអាចធ្វើទៅបាននៅតាមបរិវេណខាងកើតនៃមូលដ្ឋានក៏ត្រូវបានពង្រីកចុះដល់តំបន់នេះផងដែរ»។
ការចេញរបាយការណ៍តាមដានរបស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រ CSIS របស់អាមេរិក ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធផ្សេងៗនៅមូលដ្ឋានកងទ័ពជើងទឹករាម បានធ្វើឡើងជាបន្តបន្ទាប់ ក្រោយមានការចេញរបាយការណ៍ និងការសង្ស័យកន្លងមកថា ចិនកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធយោធានៅក្នុងតំបន់ជាប់មាត់សមុទ្ររបស់កម្ពុជា រួមទាំងកំពុងផែសមុទ្ររាមផងដែរ។
ទោះជាយ៉ាងណាក្តី កម្ពុជាតែងតែច្រានចោលរបាយការណ៍ និងការសង្ស័យទាំងនោះ ដោយអះអាងថា កំពុងផែនៅមូលដ្ឋានកងទ័ពជើងទឹករាមមិនមែនជាទីតាំងឱ្យប្រទេសចិនប្រើប្រាស់ផ្តាច់មុខនោះទេ គឺប្រទេសផ្សេងទៀតក៏អាចចូលទៅមូលដ្ឋាននោះបាន តែត្រូវសុំការអនុញ្ញាត។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់វីអូអេនៅថ្ងៃពុធនេះថា កម្ពុជាគោរពទៅតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន និងឈរលើគោលការណ៍របស់អាស៊ាន។ ដូច្នេះគ្មានផ្លូវឡើយដែលរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យមានទ័ពបរទេសមានវត្តមាននៅក្នុងទឹកដីរបស់ខ្លួននោះ។
លោកថ្លែងថា៖ «ប៉ុន្តែការបារម្ភ ឬការចោទប្រកាន់នេះជារឿងភាគីដទៃផ្សេងទៀតទេ។ ហើយរឿងមិត្តភាពកម្ពុជាបាននិយាយហើយតើ គឺកម្ពុជាមិនមានជម្រើសចិន ឬជម្រើសអាមេរិកទេ។ កម្ពុជាជម្រើសគឺធ្វើតាមក្រមរបស់កម្ពុជា ដែលកម្ពុជាមិនអនុញ្ញាតឱ្យមានទ័ពពីបរទេសណា [ទេ]។ កម្ពុជាធ្វើតាមច្បាប់ទម្លាប់របស់អាស៊ាន ដែលមិនអនុញ្ញាតឱ្យមានអ្វីទៅ ដែលវាអាចបង្កើតបាននូវអរិភាពតំបន់»។
អ្នកវិភាគនយោបាយលោក មាស នី យល់ថា បើការសាងសង់អាគារថ្មីៗនៅមូលដ្ឋានកងទ័ពជើងទឹករាមធ្វើឡើងដើម្បីបម្រើដល់ទំនើបកម្មយោធាកម្ពុជា នោះនឹងមិនមានបញ្ហាអ្វីឡើយ។ ប៉ុន្តែ ផលវិបាកនឹងកើតមានឡើងសម្រាប់ប្រទេសកម្ពុជា ប្រសិនបើការបារម្ភរបស់សហរដ្ឋអាមេរិកកន្លងមកនោះ គឺជាការពិត។
បើតាមអ្នកវិភាគរូបនេះ សហរដ្ឋអាមេរិកបានបន្តឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មមូលដ្ឋានយោធារាមនេះ។ ដូច្នេះកម្ពុជាត្រូវតែមានការប្រុងប្រយ័ត្ន។
លោកថ្លែងថា៖ «សម្រាប់ខ្ញុំ ខ្ញុំមើលការប្រកែកប្រណាំង មិនគ្រប់គ្រាន់ទេ។ ការអះអាងមិនគ្រប់គ្រាន់ទេ គឺត្រូវតែមានការបង្ហាញនូវតម្លាភាព ហើយកម្ពុជាធ្លាប់ជួបបទពិសោធន៍ដូចគ្នាហ្នឹងដែរ កាលពីសម័យសម្តេចតា»។
ស្របពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំងបន្តផ្តល់ជំនួយយោធាឥតដាច់ដល់កម្ពុជា រដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ ២០២០ ត្រូវបានគេសង្កេតឃើញបានអនុញ្ញាតឱ្យមានការវាយចោលអគារនៅមូលដ្ឋានកងទ័ពជើងទឹករាម ដែលសាងសង់ឡើងនៅឆ្នាំ ២០១២ និងជួសជុលឡើងវិញ ដោយប្រាក់ជំនួយអាមេរិក។
ភ្លាមៗក្រោយការវាយចោលអគារនេះ ក្រសួងការពារជាតិអាមេរិក បានបង្ហាញការព្រួយបារម្ភអំពីវត្តមាននៃយោធាចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម។ប្រតិកម្មទៅនឹងក្តីបារម្ភនោះ រដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជារឿយៗបន្តថ្លែងការពារថា ទីតាំងនោះនឹងមិនអាចក្លាយជាការតាំងទីរបស់កងទ័ពចិនទេ ហើយក៏បានអនុញ្ញាតឱ្យមន្ត្រីអនុព័ន្ធយោធាស្ថានទូតប្រចាំកម្ពុជាមួយចំនួន ក្នុងនោះក៏មានមន្ត្រីសហរដ្ឋអាមេរិក ចូលទៅទស្សនាផងដែរនាពេលកន្លងមកនោះ៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។