ថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែតុលា គ.ស.២០២២
Thursday 3rd Waning Moon of Assayuja B.E.2566 equivalent to October 13, A.D.2022 Year of the Tiger
វិទ្យុសំឡេងសហរដ្ឋអាមេរិក
ប្រទេសកម្ពុជានាពេលថ្មីៗនេះទាញបានចំណូលពីការលក់ប្រេងឆៅក្នុងទឹកប្រាក់ជាង ១៤,២ លានដុល្លារអាមេរិក ក្រោយមានប្រតិកម្មជាបន្តបន្ទាប់ថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានធ្វើឱ្យរបូតបាត់ប្រេងឆៅជិត ៣០ ម៉ឺនបារ៉ែលកាលពីឆ្នាំមុន ក្នុងពេលរកឃើញដំណក់ប្រេងជាលើកដំបូង។ នេះបើតាមការអត្ថាធិប្បាយរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលមួយរូប នៅលើបណ្តាញសង្គមហ្វេសប៊ុក។
នៅក្នុងការអត្ថាធិប្បាយមួយលើបណ្តាញសង្គមហ្វេសប៊ុក រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ម៉េង សក្តិធារ៉ា បានរៀបរាប់ថា បន្ទាប់ពីការប្រកាសក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy និងការចាកចេញរបស់កប៉ាល់ផ្ទុកប្រេងពីកម្ពុជា កាលពីឆ្នាំមុននោះ ដំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវបានមតិភាគច្រើនចាត់ទុកថា ជាបរាជ័យរបស់កម្ពុជានៅក្នុងដំណើរផលិតកម្មប្រេងរបស់ខ្លួន ហើយបានបាត់បង់ធនធានទាំងនេះទាំងស្រុង។
ក៏ប៉ុន្តែលោកបន្តថា កម្ពុជាមិនបានធ្វើឱ្យបាត់ប្រេងឆៅដែលផលិតបានទាំងអស់ទេ ហើយតាមរយៈការតស៊ូតាមផ្លូវច្បាប់ជាតិ និងអន្តរជាតិ និងការចរចាពាណិជ្ជកម្មដ៏ស្វិតស្វាញ កម្ពុជារក្សាការពារបាននូវកម្មសិទ្ធ និងផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងពេញលេញ ក្នុងនាមជាម្ចាស់ធនធាននេះ។
លោក ម៉េង សក្តិធារ៉ា បកស្រាយទៀតថា បន្ទាប់ពីទទួលបានប្រេងឆៅនេះត្រឡប់មកវិញ ប្រេងឆៅដែលអាចបូមលក់បានមានចំនួនសរុបជាង ២៨ ម៉ឺនបារ៉ែល ហើយត្រូវបានប្រគល់ជូនរដ្ឋាភិបាល ដើម្បីចាត់ចែងលក់ និងទូទាត់ចំណែកដល់គ្រប់ភាគីពាក់ព័ន្ធ។
បើតាមលោក ម៉េង សក្តិធារ៉ា កម្ពុជាបានលក់ប្រេងឆៅរបស់ខ្លួន ដោយជោគជ័យកាលពីខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ ដោយទទួលបានចំណូលជាង ២៥ លានដុល្លារអាមេរិក។ ក្រោយការកាត់កងថ្លៃឈ្នួលទីផ្សារ និងចំណាយពាក់ព័ន្ធផ្សេងទៀត មានទាំងការដឹកជញ្ជូន និងការធានារ៉ាប់រងនោះ ចំណូលដែលនៅសល់គឺជាង ២០ លានដុល្លារ ដែលនាំឱ្យភាគីរដ្ឋាភិបាលទទួលបាន ៧០ ភាគរយគឺស្មើនឹងជាង ១៤,២ លានដុល្លារអាមេរិក។
បន្ថែមលើនេះ លោកថា រដ្ឋាភិបាលក៏ទទួលបានកប៉ាល់ផលិតកម្មប្រេង ដែលមានស្រាប់ នៅទីតាំងផលិតកម្មនៅក្នុងតំបន់ផ្លាតហ្វម A (Platform A) នៅប្លុក A នាពេលបច្ចុប្បន្ននេះ និងសាច់ប្រាក់បន្ថែមទៀតចំនួន ៥ លានដុល្លារអាមេរិក ដែលបានពីការរឹបអូសប្រាក់តម្កល់ធានាកាតព្វកិច្ចរបស់ក្រុមហ៊ុន KrisEnergy ដែលបានតម្កល់ពីមុនពេលប្រកាសក្ស័យធន។
លោក ម៉េង សក្តិធារ៉ា លើកឡើងថា៖ «ដំណើរផលិតកម្មប្រេងរបស់កម្ពុជា មិនបញ្ចប់ដោយការក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy ទេ»។
លោកបន្តថា ជាមួយប្រព័ន្ធស្ថាប័នភ័ណ្ឌ [ឬទីតាំងដាក់ឧបករណ៍] ដែលមានរួចហើយ និងទុនដំបូងដែលបានពីការលក់ប្រេងខាងលើ រដ្ឋអាចបន្តដំណើរការផលិតប្រេង ដែលនៅសល់តាមអណ្តូងប្រេងទាំងប្រាំ ប្រមាណជាង ១០ ម៉ឺនបារ៉ែលបន្តទៀត និងអាចខួងអណ្តូងប្រេងកាតបន្ថែមដើម្បីផលិតប្រេងនៅតំបន់មួយចំនួនទៀត ក្រៅពី តំបន់ Platform A នេះបន្តទៀត។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី សាទរចំពោះរដ្ឋាភិបាលដែលទទួលបានតំណក់ប្រេងលើកដំបូងរបស់ខ្លួនមកវិញ ហើយបានជំរុញរដ្ឋាភិបាលឱ្យមានតម្លាភាពពាក់ព័ន្ធជាមួយការដេញថ្លែរកក្រុមហ៊ុន ដែលមានសមត្ថភាពដើម្បីរុករកប្រេងបន្តទៀត។
លោកបន្ថែមថា រដ្ឋាភិបាលត្រូវធានាថា អ្វីដែលខ្លួនធ្វើក្នុងអាជីវកម្មប្រេងនេះ គឺស្របទៅតាមច្បាប់ដែលមានស្រាប់ ដើម្បីកុំឱ្យមន្ត្រីពាក់ព័ន្ធមានគំនិតប្រព្រឹត្តអំពើពុករលួយកេងយកចំណូលជាតិ។
លោកថ្លែងថា៖ «អ៊ីចឹងច្បាប់យើងមាន យើងអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ។ហើយធម្មតានៅក្នុងច្បាប់ហ្នឹង គេបានចែងច្បាស់ណាស់ពីជំហាននីមួយៗនៃការដេញថ្លៃតាំងពីការផ្សព្វផ្សាយ ការបែងចែកព័ត៌មាន ការដាក់ពាក្យ និងគណៈកម្មការអីជាដើម។ គេមាននីតិវិធីជាក់លាក់ហើយ។ អ៊ីចឹងយើងដើរតាមតែនីតិវិធីហ្នឹង ហើយកុំឱ្យមានអំពើពុករលួយកើត។ ប្រហែលជាយើងអាចរើសបានក្រុមហ៊ុនល្អ មានន័យថា ក្រុមហ៊ុនដែលមានសោភ័ណភាព»។
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីរដ្ឋលេខានៃក្រសួងរ៉ែនិងថាមពលលោក ម៉េង សក្តិធារ៉ា តាមទូរសព្ទបាននៅឡើយទេ នៅថ្ងៃពុធនេះ។
គួរបញ្ជាក់ផងដែរថា កម្ពុជាបានសហការជាមួយក្រុមហ៊ុន KrisEnergy Group ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី នៅក្នុងការរុករកប្រេងកាតក្នុងដែនសមុទ្រកម្ពុជា ដែលមានទំហំ ៤.៧០៩ គីឡូម៉ែត្រការ៉េ។ ប៉ុន្តែកាលពីឆ្នាំ ២០២១ ក្រុមហ៊ុន KrisEnergy ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅកម្ពុជាឈ្មោះ KrisEnergy Cambodia បានប្រកាសក្ស័យធន ក្រោមហេតុផលថា បរិមាណផលិតកម្មប្រេងដែលរកឃើញនោះ មិនដល់កម្រិតដែលរំពឹងទុក។
បន្ទាប់ពីការប្រកាសក្ស័យធននោះ មានសេចក្តីរាយការណ៍មួយចំនួនថា ប្រេងឆៅជិត ៣០ ម៉ឺនបារ៉ែល ត្រូវបានគេលួចដឹកតាមកប៉ាល់ចេញពីកម្ពុជា។ ក្រោយមកកប៉ាល់ដែលសង្ស័យថាដឹកប្រេងចេញពីកម្ពុជានោះ ត្រូវបានគេរកឃើញថាមានឈ្មោះ MT Strovolos ហើយត្រូវបានឃាត់ទុកដោយយោធាជើងទឹកឥណ្ឌូណេស៊ី នៅតំបន់ដែនសមុទ្រកោះស៊ូម៉ាត្រា កាលពីខែកក្កដា ឆ្នាំ ២០២១៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។