ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា គ.ស.២០២២
Wednesday 2nd Waning Moon of Assayuja B.E.2566 equivalent to October 12, A.D.2022 Year of the Tiger
Khmer Timesរដ្ឋសភាជាតិ បានបដិសេធសំណើសុំជួបរបស់គណបក្សនយោបាយក្រៅរដ្ឋាភិបាលទាំងបួនសាជាថ្មី និងជាលើកទីពីរ ដោយអះអាងថា ពុំមានច្បាប់ និងនីតិវិធីនៃការជួបពិភាក្សារវាងរដ្ឋសភា និងគណបក្សនយោបាយ ដែលគ្មានអាសនៈក្នុងរដ្ឋសភានោះទេ។
ការបដិសេធសំណើសុំជួបររវាងរដ្ឋសភា ជាមួយនឹងគណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា ធ្វើឡើងបន្ទាប់ពីបក្សនយោបាយទាំងបួន បានដាក់សំណើសុំជួបប្រធានរដ្ឋសភា ជាលើកទីពីរកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីបង្ហាញអំពីសំណើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា។
កាលពីថ្ងៃចន្ទ រដ្ឋសភា បានផ្ញើលិខិតមួយច្បាប់ជម្រាបដល់បក្សនយោបាយក្រៅរដ្ឋាភិបាលទាំងបួន ដូច្នេះថា រដ្ឋសភា បានទទួលលិខិតរបស់បក្សនយោបាយទាំងបួនរួចរាល់ហើយស្ដីពី សំណើសុំជួបប្រធានរដ្ឋសភា ដើម្បីបង្ហាញអំពីសំណើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា។
លិខិតដដែលបន្ថែមថា៖ «អនុលោមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា គឺពុំមានចែងអំពីបែបបទ និងនីតិវិធីនៃការជួបពិភាក្សារវាងរដ្ឋសភា និងគណបក្សនយោបាយ ដែលពុំមានអាសនៈក្នុងរដ្ឋសភានោះទេ»។
លិខិតបញ្ជាក់ថា រដ្ឋសភា គឺមានគណកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ហៅកាត់ថា គណកម្មការទី១ ដែលជាសេនាធិការរបស់រដ្ឋសភា សម្រាប់ទទួលពាក្យបណ្ដឹង ញត្តិ ឬសំណូមពរពីប្រជាពលរដ្ឋទូទៅ អ្នកតំណាងក្រុមអង្គការ និងសហគមន៍ ដើម្បីដាក់ទៅគណកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ពិនិត្យ និងសម្រេច ឬបញ្ចូនទៅក្រសួង ស្ថាប័ន ដែលមានសមត្ថកិច្ចពិនិត្យដោះស្រាយ។
អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បាននិយាយថា៖ «រដ្ឋសភា គឺមានតំណាងដោយតំណាងរាស្ត្រ១២៥រូប បើពិភាក្សាជាមួយរដ្ឋសភា តើពិភាក្សាជាមួយនរណា? បើមានប្រធានតែម្នាក់ ព្រោះរដ្ឋសភា នៅពេលនិយាយអ្វីមួយ នឹងក្លាយជាច្បាប់ហើយ ដូច្នេះ មិនដឹងថាពិភាក្សារឿងស្អី? និយាយស្អី? ហើយបានការអ្វីនោះទេ»?
ជុំវិញបញ្ហានេះ សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់កាសែតខ្មែរថាមស៍ កាលពីម្សិលមិញថា៖« យើងប្រហែលគ្មានលទ្ធភាពអ្វីនិយាយជាមួយរដ្ឋសភាពបន្តទៀតទេ ព្រោះសភាបានបដិសេធពីរដងរួចមកហើយ ដូច្នេះ ការកែប្រែច្បាប់ពាក់ព័ន្ធមួយចំនួនហាក់ពុំអាចទៅរួចទេ។ លោកបន្ថែមថា ការឆ្លើយតបរបស់សភា ហាក់មិនចង់ទទួលខុសត្រូវ ព្រោះយើងចង់ឱ្យមានការកែប្រែច្បាប់ដែលខ្វះខាតមួយចំនួន»។
លោកបន្តថា រដ្ឋសភា គ្រាន់តែឆ្លើយថាមានគណកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹង ឬគណកម្មការទី១ តែមិនបានណែនាំថា គួរដាក់បណ្ដឹងទៅគណកម្មាធិការនេះទេ ប៉ុន្តែក្នុងនាមយើងជាអ្នកចូលប្រកួតតាមរយៈការបោះឆ្នោត តែមិនមែនជាប្រជាពលរដ្ឋនោះទេ ដូច្នេះ បានជាយើងចង់ជជែកជាមួយសភា ដើម្បីកែទម្រង់ការបោះឆ្នោតមួយចំនួន។
លោក ច័ន្ទរ័ត្ន បញ្ជាក់ថា៖ «ខ្ញុំមើលមិនឃើញនីតិវិធី ឬរដ្ឋធម្មនុញ្ញណាមួយដែលបញ្ជាក់ថា មិនឱ្យរដ្ឋសភា ជួបជជែកជាមួយបក្សនយោបាយដែលគ្មានអាសនៈនៅក្នុងរដ្ឋសភានោះទេ ព្រោះច្បាប់មិនបានចែងចំណុចនេះឡើយ ហើយបើច្បាប់មិនបានចែង គឺគ្មានអ្វីខុសនោះទេ»។ លោកបន្ថែមថា៖ «បើច្បាប់មិនបានចែង មិនបានហាមឃាត់ គឺគ្មានអ្វីខុសឡើយ តែបើច្បាប់បានចែងថា រដ្ឋសភា មិនអាចជួបជជែកជាមួយបក្សនយោបាយដែលគ្មានអាសនៈ ទើបយើងមិនអាចជួបបាន ប៉ុន្តែគ្មានបានចែងទេ»។
លោកនិយាយថា រដ្ឋសភា បានបដិសេធចំនួនពីរលើកហើយ ការបដិសេធលើកនេះ គឺជារឿងខកចិត្តមួយ ដូច្នេះ រដ្ឋសភា គួរគិតឡើងវិញ ហើយអនុញ្ញាតឱ្យយើងជួបជជែក ដើម្បីលើកពីកង្វល់រឿងបោះឆ្នោត សម្រាប់ជាធាតុរួម ដើម្បីជំរុញដំណើរការលទ្ធិប្រជាធិបតេយ្យឱ្យមានភាពល្អប្រសើរ។
នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតកម្ពុជា ហៅកាត់ (NICFEC) លោក សំ គន្ធាមី ថ្លែងថា បក្សនយោបាយស្នើសុំជួបសភា គឺគ្មានអ្វីខុសទាល់នោះឡើយ ព្រោះជួបនិយាយពីទុក្ខកង្វល់ ឬលើកឡើងចំណុចខ្វះខាត ដែលបក្សនយោបាយបានជួប ប្រទះកាលពីកន្លង ដើម្បីប្រាប់សភាឱ្យបានដឹង និងចូលរួមកែលម្អឱ្យប្រសើរបន្ថែមទៀត។
លោកថា ជួបគ្រាន់តែលើកសំណើ ឬទុក្ខកង្វល់ប៉ុណ្ណោះ ប៉ុន្តែនីតិវិធីរបស់សភាមិនជួបបក្សនយោបាយក្រៅរដ្ឋាភិបាល គឺមិនដឹងខុសអ្វីនោះទេ ព្រោះគ្មានអ្វីចែងមិនឱ្យសភាជួបជាមួយគណបក្សនយោបាយឡើយ។ លោក គន្ធាមី បន្ថែមថា៖ «សភា តំណាងឱ្យប្រជាពលរដ្ឋ បើគ្រាន់តែជួបជាមួយបក្សនយោបាយ គឺខុសនីតិវិធី ដូចជាមិនធ្ងន់ធ្ងរអីទេ ដូច្នេះ សភា គួរតែជួបបក្សនយោបាយទាំងនោះ ដើម្បីបានដឹងពីការលើកឡើងរបស់គណបក្សទាំងនោះ»៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។