ដោយ អ៊ុង សេរីវុទ្ធ RFA 2015-10-22
រដ្ឋាភិបាលមានគម្រោងសង់ស្ពានពីរទៀត ដែលឆ្លងកាត់ទន្លេមេគង្គ ទៅកាន់អរិយក្សត្រ និងស្វាយជ្រំ។ នេះបើយោងតាមការលើកឡើង ជាសាធារណៈរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងក្នុងពិធីសម្ពោធស្ពានជ្រោយចង្វារទី២ នៅថ្ងៃទី២២ តុលា។
ប៉ុន្តែលោក ហ៊ុន សែន បញ្ជាក់ថា គម្រោងដែលសិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់របស់ចិននេះ ស្ថិតនៅក្នុងការសិក្សានៅឡើយ ហើយក៏ជាចក្ខុវិស័យរបស់រដ្ឋាភិបាលសម្រាប់ទៅថ្ងៃមុខផងដែរ៖ «ដើម្បីការអភិវឌ្ឍបាន ការតភ្ជាប់សំខាន់ណាស់ ហើយនៅក្នុងការតភ្ជាប់នេះ គឺអ្នកដែលមានលទ្ធភាពជួយយើងបាន គឺមិត្តចិននេះឯង អ៊ីចឹងទេក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់របស់ចិននេះ ដែលបានសាងសង់ស្ពានជ្រោយចង្វារនេះ កំពុងសិក្សាបន្ត ទៅលើគម្រោងស្ពានទាំងពីរនេះ»។
ទីតាំងដែលស្ថិតនៅក្នុងការសិក្សា គម្រោងសង់ស្ពានទាំងទី២នេះ ទី១ស្ថិតនៅចំណុចសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ឆ្លងកាត់ទន្លេមេគង្គលើ ទៅឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងទីតាំង១ទៀត ស្ថិតនៅចំណុចភូមិក្ដីតាកុយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ឆ្លងកាត់ទន្លេមេគង្គក្រោម ទៅឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។