ដោយ យាង សុជាមេត្តា RFA 2015-10-19
របាយការណ៍សន្ទស្សន៍ភាពស្រេកឃ្លានសកលឆ្នាំ២០១៥ ដែលចេញផ្សាយនៅខែតុលា បង្ហាញថា ប្រទេសកម្ពុជា ទទួលបានពិន្ទុ ២២,៦ ដែលត្រូវនឹងចំណាត់ថ្នាក់លេខ៦០ ក្នុងចំណោមប្រទេសទាំងអស់១១៧។ ពិន្ទុនេះបង្ហាញថា កម្ពុជា បានកាត់បន្ថយភាពស្រេកឃ្លានប្រមាណ ៥០% ចាប់តាំងពីឆ្នាំ២០០០ មក។ តែទោះជាយ៉ាងណា ចំណាត់ថ្នាក់នេះមានន័យថា ស្ថានភាពស្រេកឃ្លានរបស់កម្ពុជា ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយ។
សន្ទស្សន៍ភាពស្រេកឃ្លានសកលឆ្នាំ២០១៥ ឬហៅជាភាសាអង់គ្លេសថា គ្លូបល ហាំងហ្គឺ អ៊ិនដិច (Global Hunger Index) ដែលចេញផ្សាយពេលនេះ ត្រូវបានសិក្សាដោយអង្គការអន្តរជាតិចំនួន៣ គឺវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយចំណីអាហារអន្តរជាតិ (International Food Policy Research Institute) អង្គការ ខនសឺន វើលវ៉ាយ (Concern Worldwide) និងអង្គការ វ៉ែលហាំងហ្គឺហីហ្វ (Welhungerhilfe)។
សន្ទស្សន៍ភាពស្រេកឃ្លានសកលឆ្នាំ២០១៥ ដែលសិក្សាទៅលើបញ្ហាសំខាន់ៗចំនួន៤ ដូចជា បញ្ហាកង្វះអាហារូបត្ថម្ភ កង្វះទម្ងន់កុមារ កុមារក្រិន និងអត្រាមរណភាពរបស់កុមារ បានបង្ហាញតារាងចំណាត់ថ្នាក់ប្រទេសចំនួន១១៧ ដែលក្នុងនោះ កម្ពុជា ឋិតនៅចំណាត់ថ្នាក់លេខ៦០ ដែលមានពិន្ទុ ២២,៦។ ពិន្ទុនេះបង្ហាញថា ស្ថានភាពស្រេកឃ្លាននៅកម្ពុជា បានថយចុះប្រមាណ ៥០% បើធៀបទៅនឹងឆ្នាំ២០០០ ដែលនៅពេលនោះ កម្ពុជា ទទួលបានពិន្ទុ ៤៥។
សន្ទស្សន៍ភាពស្រេកឃ្លានសកលឆ្នាំ២០១៥ បានចែកចំណាត់ថ្នាក់ប្រទេសជា ៥ប្រភេទ គឺប្រទេសដែលមានអត្រាភាពស្រេកឃ្លានកម្រិតទាប កម្រិតមធ្យម កម្រិតធ្ងន់ធ្ងរ កម្រិតប្រកាសអាសន្ន និងកម្រិតប្រកាសអាសន្នខ្លាំង។ បើទោះជារបាយការណ៍បង្ហាញថា ស្ថានភាពស្រេកឃ្លានរបស់កម្ពុជា ប្រសើរជាងឆ្នាំ២០០០ ជិតពាក់កណ្ដាលក៏ដោយ ប៉ុន្តែស្ថានភាពស្រេកឃ្លាននេះ គឺឋិតក្នុងសភាពធ្ងន់ធ្ងរនៅឡើយ បើធៀបទៅនឹងប្រទេសផ្សេងទៀតក្នុងសមាគមអាស៊ាន កម្ពុជា ទទួលបានចំណាត់ថ្នាក់ប្រសើរជាងប្រទេសភូមា និងឡាវ តែនៅពីក្រោយប្រទេសម៉ាឡេស៊ី ថៃ វៀតណាម ហ្វីលីពីន និងប្រទេសឥណ្តូនេស៊ី។
សន្ទស្សន៍ភាពស្រេកឃ្លានសកលឆ្នាំ២០១៥ បង្ហាញដែរថា បច្ចុប្បន្នពលរដ្ឋកម្ពុជា ប្រមាណ ១៤,២% នៅមានបញ្ហាកង្វះអាហារូបត្ថម្ភក្មេងអាយុក្រោម ៥ឆ្នាំ ៩,៦% មានបញ្ហាកង្វះទម្ងន់ កុមារក្រិនមានចំនួន ៣២,៤% និងកុមារស្លាប់នៅអាយុក្រោម ៥ឆ្នាំចំនួន ៣,៨%។
យ៉ាងណាក៏ដោយ របាយការណ៍នេះមិនទាន់ធ្វើឲ្យមន្ត្រីរដ្ឋាភិបាលពេញចិត្តនៅឡើយ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា របាយការណ៍សន្ទស្សន៍ភាពស្រេកឃ្លានសកលឆ្នាំ២០១៥ មិនទាន់ឆ្លុះបញ្ចាំងការពិតនៅកម្ពុជា នោះទេ បើទោះជារបាយការណ៍នេះបង្ហាញថា កម្ពុជា បានកាត់បន្ថយប្រមាណ ៥០% នៃអត្រាភាពស្រេកឃ្លានក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះក៏ដោយចុះ។ លោក ផៃ ស៊ីផាន យល់ថា កម្ពុជា សម្រេចបានការកាត់បន្ថយភាពស្រេកឃ្លានច្រើនជាងនេះ៖ «របាយការណ៍នេះអត់ឆ្លើយតបនឹងអ្វីដែលយើងមាន។ យើងធ្វើការជាមួយធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) យើងកាត់បន្ថយច្រើនជាងនេះ របាយការណ៍នេះមិនទាន់ត្រឹមត្រូវ»។
ទោះបីជាតំណាងរដ្ឋាភិបាលមិនទទួលស្គាល់របាយការណ៍នេះក្ដី ប៉ុន្តែអ្នកវិភាគព្រឹត្តិការណ៍សង្គមកម្ពុជា លោកបណ្ឌិត កែម ឡី ថ្លែងកត់សម្គាល់ថា ជាទូទៅអត្រានៃភាពក្រីក្រ និងភាពអត់ឃ្លាននៅកម្ពុជា ធ្លាក់ចុះប្រាកដមែន ប៉ុន្តែលោកថា ចំនួនពលរដ្ឋដែលជិតក្រមានចំនួនច្រើនហួសហេតុ។ ជុំវិញភាពក្រីក្រនេះ លោកថា គេបែងចែកពលរដ្ឋជា ៣ប្រភេទ គឺប្រភេទអត់ឃ្លាន ប្រភេទក្រ និងប្រភេទឋិតក្នុងស្ថានភាពរងគ្រោះ ឬជិតក្រ។ លោកថា បើគេបូកសរុបពលរដ្ឋទាំង ៣ប្រភេទនេះចូលគ្នា គឺមានចំនួនរហូតទៅដល់ប្រមាណ ១២លាននាក់ក្នុងចំណោមពលរដ្ឋខ្មែរសរុបជាង ១៤លាននាក់។
លោកបណ្ឌិត កែម ឡី កត់សម្គាល់បន្តថា បើគេបូកសរុបទិន្នន័យជារួមរវាងអ្នកមាន និងអ្នកក្របញ្ចូលគ្នា គេឃើញសង្គមកម្ពុជា មានទិដ្ឋភាពល្អ ប៉ុន្តែលោកថា បើគេគណនាតួលេខរវាងអ្នកមាន និងអ្នកក្រដាច់ដោយឡែកពីគ្នាវិញ នោះគេនឹងឃើញចំនួនអ្នកក្រ និងអ្នកជិតក្រមានទំហំធំធេង ដែលលោកថា សឹងតែគ្មានសម័យណាក្រដូចសម័យនេះឡើយ៖ «យើងឃើញមានហេដ្ឋារចនាសម្ព័ន្ធ អគារ ឡាន ប៉ុន្តែអ្នកមានមុខដដែលទេ អ្នកក្រមុខថ្មីៗ អត់មានអ្នកមានកើនច្រើនទេ មានន័យថា មាន ម៉ុង ឫទ្ធី គិត ម៉េង សុខ គង់ មុខដដែលទេ ប៉ុន្តែអ្នកក្រវិញមុខថ្មីៗច្រើន ជិតក្រមុខថ្មីៗច្រើន។ កាលពីមុន គាត់មានស្រែមានចម្ការ ឥឡូវគាត់អស់ស្រែអស់ចម្ការ ពីមុនមានសត្វពាហនៈ ឥឡូវអស់សត្វពាហនៈ ជួនកាលស្រែចម្ការគាត់នៅដដែល ប៉ុន្តែចំនួនកូនគាត់ច្រើនឡើងៗ នឹងហើយដែលយើងមើលឃើញចំនួននេះវាធំធេង»។
រីឯរបាយការណ៍ធនាគារពិភពលោក នៅខែតុលា ឆ្នាំ២០១៥ បង្ហាញថា កុមារកម្ពុជា អាយុក្រោម ៥ឆ្នាំប្រមាណ ៣២% ឬស្មើប្រមាណ ៥សែននាក់ កំពុងប្រឈមនឹងបញ្ហាក្រិន។ ចំណែកអត្រាមរណភាពកុមារអាយុក្រោម ៥ឆ្នាំមានចំនួន ៣,៥% ក្នុងឆ្នាំ២០១៤។ តួលេខទាំងអស់នេះ គឺប្រហាក់ប្រហែលទៅនឹងតួលេខដែលបង្ហាញក្នុងរបាយការណ៍សន្ទស្សន៍ភាពស្រេកឃ្លានសកលឆ្នាំ២០១៥។
តួលេខធនាគារពិភពលោក បង្ហាញដែរថា អត្រាភាពក្រីក្រនៅកម្ពុជា ក្នុងឆ្នាំ២០១២ មានចំនួន ១៧,៧% ក្នុងនោះប្រជាជនប្រមាណ ៣លាននាក់កំពុងឋិតក្នុងភាពក្រីក្រ និងប្រមាណ ៨លាន ១សែននាក់ផ្សេងទៀត កំពុងស្ថិតក្នុងស្ថានភាពជិតក្រ ហើយដែលប្រមាណ ៩០% នៃពលរដ្ឋទាំងនេះ កំពុងរស់នៅតាមតំបន់ជនបទ។
រដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៥ នេះ បានដាក់ចេញនូវយុទ្ធសាស្ត្រជាតិគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះឆ្នាំ២០១១-២០១៥។ យុទ្ធសាស្ត្រនេះមានគោលដៅពង្រឹងប្រព័ន្ធគាំពារសង្គម សំដៅគាំពារជនក្រីក្រ និងជនងាយរងគ្រោះដែលមិនអាចជួយខ្លួនឯងបាន ដើម្បីទប់ទល់នឹងបញ្ហាសុខភាព ការអប់រំ អសន្តិសុខស្បៀង និងផលប៉ះពាល់នៃវិបត្តិនានា។
រដ្ឋាភិបាលអះអាងថា កន្លងមក ពួកគេសម្រេចបានសមិទ្ធផលក្នុងការអនុវត្តកម្មវិធីចែកស្បៀងដល់ពលរដ្ឋ កម្មវិធីគាំពារកុមារក្រីក្រឲ្យបានចូលរៀន ការជួយឧបត្ថម្ភជនក្រីក្រ និងជនងាយរងគ្រោះ ការគាំពារដល់កម្មករ ការបង់ថ្លៃជួសសម្រាប់ជនក្រីក្រ ការបង្កើតបេឡាជាតិសន្តិសុខសង្គម ការផ្តល់ដីសម្បទានសង្គមកិច្ចដល់ជនក្រីក្រ និងការពង្រីកវិសាលភាពផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ពលរដ្ឋ ជាដើម។
យ៉ាងណា លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវពង្រីកគោលនយោបាយគាំពារសង្គមរបស់ខ្លួនបន្ថែមទៀត ដើម្បីអាចឲ្យអ្នកក្រមានលទ្ធភាពក្លាយជាអ្នកមាន៖ «រដ្ឋាភិបាលត្រូវមានផែនការអភិវឌ្ឍន៍គ្រួសារក្រីក្រ គាត់មានផែនការអភិវឌ្ឍន៍រួម ហើយផែនការអភិវឌ្ឍន៍គ្រួសារក្រីក្រ មិនមែនវិភាជកថវិកាទៅតែរដ្ឋទេ គឺទៅដល់អង្គការក្រៅរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីជួលពួកគាត់ឲ្យផ្តល់សេវាដល់អ្នកក្រីក្រនៅតាមភូមិជាក់លាក់ ដើម្បីអាចឲ្យជួយបាន»។
របាយការណ៍របស់អង្គការ វ៉ែលហាំងហ្គឺហីហ្វ ឆ្នាំ២០១៤ បង្ហាញថា មូលហេតុនៃកង្វះអាហារូបត្ថម្ភនៅកម្ពុជា គឺបណ្ដាលមកពីភាពក្រីក្រ កង្វះអនាម័យ កង្វះការអនុវត្តការបំបៅដោះកូន ការអប់រំ និងការមិនទទួលបានដីដាំដុះគ្រប់គ្រាន់ ជាដើម។
ធនាគារពិភពលោក លើកឡើងថា កម្ពុជា នៅតែជួបបញ្ហាប្រឈមមួយចំនួនក្នុងការអភិវឌ្ឍ ក្នុងនោះរួមមាន ការផ្តល់សេវាសាធារណៈដែលទន់ខ្សោយ ការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិគ្មានប្រសិទ្ធភាព ចីរភាពបរិស្ថាន និងបញ្ហាអភិបាលកិច្ចល្អ ជាដើម។ ធនាគារពិភពលោក ថា រដ្ឋាភិបាលកម្ពុជា ត្រូវជំរុញបន្ថែមការអភិវឌ្ឍវិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យផលិតកម្ម ដើម្បីធ្វើឲ្យវិស័យទាំងនេះក្លាយជាម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ច ដែលឈានដល់ការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
បន្ថែមពីនេះទៀត រដ្ឋាភិបាល និងសមាជិកអង្គការសហប្រជាជាតិ ជាច្រើនប្រទេសទៀត កាលពីខែកញ្ញា បានទទួលយកគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព សម្រាប់រយៈពេល ១៥ឆ្នាំទៅមុខទៀត។
គោលដៅអភិវឌ្ឍន៍នេះមាន ១៧ចំណុចសំខាន់ៗ គឺរដ្ឋាភិបាលត្រូវលុបបំបាត់ភាពក្រីក្រគ្រប់រូបភាព លុបបំបាត់ភាពអត់ឃ្លាន ការសម្រេចបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ត្រូវធានាការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខភាព និងលើកកម្ពស់សុខុមាលភាព សម្រាប់មនុស្សគ្រប់វ័យ និងករណីជាច្រើនទៀត ក៏ប៉ុន្តែគេនៅរង់ចាំមើលទៀតថា តើរដ្ឋាភិបាលនឹងអនុវត្តគោលនយោបាយនេះបានត្រឹមកម្រិតណា ដើម្បីបញ្ចប់ភាពស្រេកឃ្លាននៅកម្ពុជា នៅពេលខាងមុខ?៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។