ដោយ ប្រាជ្ញ ចេវ RFA 2015-10-23
នៅថ្ងៃទី២៣ ខែតុលា ដែលជាខួបលើកទី២៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រធានគណបក្ស សម រង្ស៊ី លោក គង់ គាំ ថ្លែងថា កិច្ចព្រមព្រៀងនេះគឺជាថ្នាំខ្លាំងដែលបានធ្វើឲ្យប្រទេសវៀតណាម ខ្ជាក់កម្ពុជា ចេញពីការគ្រប់គ្រងរបស់ខ្លួន។ យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ច្រានចោលការលើកឡើងនេះ ហើយថា កងទ័ពវៀតណាម បានដកចេញពីប្រទេសកម្ពុជា ជាផ្លូវការតាំងពីឆ្នាំ១៩៨៩ ម្ល៉េះ។
វត្តមានកងទ័ពវៀតណាម នៅកម្ពុជា កាលពីអតីតកាលនៅតែជារឿងខ្វែងគំនិតគ្នារបស់អ្នកនយោបាយខ្មែរ។
ថ្លែងពីខេត្តកំពង់ស្ពឺ ប្រធានគណបក្ស សម រង្ស៊ី លោក គង់ គាំ ប្រដូចប្រទេសកម្ពុជា ថាមុនឆ្នាំ១៩៩១ រួមរឹតដោយជំងឺកាចសាហាវ។ លោកលើកឡើងថា ប្រទេសកម្ពុជា នៅពេលនោះពោរពេញដោយវត្តមានកងទ័ពរបស់វៀតណាម។ លោក គង់ គាំ ហៅរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ថាជាថ្លើមថ្លៃរបស់វៀតណាម និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ធ្វើឲ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីស អនុវត្តមិនបានពេញលេញនៅកម្ពុជា បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេចក្រុមព្រះចេញពីតំណែងកាលពីឆ្នាំ១៩៩៧៖ «»។
លោក គង់ គាំ និយាយបែបនេះក្នុងពិធីរំឭកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លើកទី២៤ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែតុលា។
ដំណាលគ្នានេះដែរ គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយដោយអំពាវឲ្យរដ្ឋាភិបាលកម្ពុជា និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង សូមឲ្យបំពេញកាតព្វកិច្ចរបស់ខ្លួនធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជា មានប្រជាធិបតេយ្យ សេរីពហុបក្ស ធានាការគោរពសិទ្ធិមនុស្ស គោរពច្បាប់ និងមានអធិបតេយ្យភាពជាដើម។
ចំណែកបណ្ដាញអង្គការសមាគម បានប្រារព្ធទិវានេះនៅ ៥ខេត្ត-រាជធានី រួមមានរាជធានីភ្នំពេញ។ ក្នុងរាជធានីភ្នំពេញ ក្រុមប្រឹក្សាកិច្ចការសាធារណៈកម្ពុជា ប្រមាណ ៥០នាក់ បានធ្វើពិធីនេះនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ។
ទោះយ៉ាងនេះ គេមិនឃើញគណបក្សប្រជាជនកម្ពុជា ធ្វើពិធីអ្វីនោះទេនៅថ្ងៃនេះ។ ប៉ុន្តែប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានយកថ្ងៃនេះជាថ្ងៃសម្រាក ដោយលោកបានបង្ហោះរូបភាពរបស់លោកលេងកីឡាវាយកូនគោល នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បដិសេធការលើកឡើងរបស់លោក គង់ គាំ ថាជាការមិនពិត។ លោក សុខ ឥសាន រៀបរាប់ថា កងទ័ពវៀតណាម បានដកចេញជាជំហានៗតាំងពីឆ្នាំ១៩៨២ ហើយនៅឆ្នាំ១៩៨៩ កងទ័ពបានដកចេញពីកម្ពុជា ទាំងស្រុង។ លោកបន្តថា ប្រសិនបើវៀតណាម ចង់លេបត្របាក់យកប្រទេសកម្ពុជា គេអាចយកបានតាំងពីឆ្នាំ១៩៧៩ ម្ល៉េះ ខណៈដែលកម្ពុជា នៅពេលនោះគ្មានអ្វីទាំងអស់៖ «»។
ទោះមានលើកឡើងថា កងទ័ពវៀតណាម ចាកចេញពីកម្ពុជា នៅឆ្នាំ១៩៨៩ ក្តី ត្រីភាគីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅលើកឡើងថា កងទ័ពវៀតណាម នៅតែមានវត្តមាននៅប្រទេសកម្ពុជា ដដែល ដោយគ្រាន់តែពួកគេដោះអាវទាហានវៀតណាម ចេញប៉ុណ្ណោះ។
កិច្ចព្រមព្រៀងភាគីរដ្ឋកម្ពុជា មាន ៤ភាគ ដែលរដ្ឋាភិបាលក្រុងភ្នំពេញ តំណាងដោយលោក ហ៊ុន សែន ៣ភាគីទៀត គឺមានភាគីលោក សឺន សាន ប្រធានគណបក្សសេរីនិយមព្រះពុទ្ធសាសនា សម្ដេច នរោត្ដម សីហនុ និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ តំណាងគណបក្សហ៊្វុនស៊ិនប៉ិច និងលោក ខៀវ សំផន តំណាងឲ្យភាគីខ្មែរក្រហម បានស្រុះស្រួលគ្នាបញ្ចប់សង្គ្រាមស៊ីវិលក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ។ ក្រៅពីនេះ មានប្រទេសជាហត្ថលេខីចំនួន ១៨ ដើម្បីគាំទ្រនៃកិច្ចព្រមព្រៀងនេះ។
ប្រធានសមាគមអ្នកប្រវត្តិសាស្ត្រ លោកបណ្ឌិត ស៊ន សំណាង មានប្រសាសន៍ថា រឿងវត្តមានកងទ័ពវៀតណាម នៅកម្ពុជា ជារឿងស្មុគស្មាញ ដោយសារតែមានសង្គ្រាមឥណ្ឌូចិន លើកទី៣ ដែលស្ថិតក្នុងចុងសម័យសង្គ្រាមត្រជាក់។ លោកបណ្ឌិតថា ការយល់ឃើញផ្សេងៗគ្នារបស់អ្នកនយោបាយចំពោះវត្តមានការចាកចេញរបស់កងទ័ពវៀតណាម ទុកឲ្យអ្នកនយោបាយជាអ្នកពន្យល់ទៅចុះ៖ «»។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក រស់ រ៉ាវុធ លើកឡើងថា ការកេងចំណេញប្រវត្តិសាស្ត្ររបស់អ្នកនយោបាយបែបនេះ នឹងធ្វើឲ្យពលរដ្ឋខ្មែរដែលមិនសូវដឹងប្រវត្តិសាស្ត្រ នឹងវង្វេងប្រវត្តិសាស្ត្រតាមអ្នកនយោបាយ៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។