ថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែតុលា គ.ស.២០២២
Thursday 3rd Waning Moon of Assayuja B.E.2566 equivalent to October 13, A.D.2022 Year of the Tiger
វិទ្យុសំឡេងសហរដ្ឋអាមេរិក
ក្រុមមេធាវីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តបកស្រាយថា សាលក្រមរបស់តុលាការនៃប្រទេសបារាំងបានបញ្ជាក់ថា ជម្នះគឺបានទៅលើដើមបណ្តឹង ខណៈលោក សម រង្ស៊ី ដែលរងការប្តឹងផ្តល់ពីលោក ហ៊ុន សែន ពាក់ព័ន្ធនឹងការបរិហារថាលោក ហ៊ុន សែន នៅក្រោយការស្លាប់លោក ហុក ឡងឌី នៅតែបន្តការវាយបកថា លោកទៅវិញទេ ជាអ្នកឈ្នះក្តីនោះ។
មន្ត្រីអង្គការសង្គមស៊ីវិលខ្លះ បានលើកឡើងថា កម្ពុជាគួររៀនសូត្រពីការធ្វើសេចក្តីសម្រេចចិត្តរបស់តុលាការបារំាង នៅពេលទទួលជំនុំជម្រះសំណុំរឿង ទាក់ទិនបញ្ហាសិទ្ធិមនុស្ស។ នេះបើនិយាយពីការរកយុត្តិធម៌ក្នុងសំណុំរឿងបរិហារកេរ្តិ៍ខាងលើ។
ប៉ុន្តែបើនិយាយពីប្រយោជន៍ប្រទេសជាតិវិញ មន្ត្រីសង្គមស៊ីវិលយល់ថា ការប្តឹងផ្តល់គ្នាយ៉ាងដូច្នេះគួរតែបញ្ឈប់ ព្រោះអ្នកនយោបាយនឹងមើលមុខគ្នាមិនចំ មិនទុកចិត្តគ្នា និងមិនអាចធ្វើការជាមួយគ្នាបាន ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន ដូចជាជម្លោះដីធ្លី និងវិវាទរ៉ាំរ៉ៃផ្សេងទៀត។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ការសម្រេចក្តីរបស់តុលាការបារាំង គឺបានឱ្យតម្លៃលើការគោរពសិទ្ធិមនុស្ស និងថា កម្ពុជាគួរតែរៀនសូត្រពីរឿងក្តីមួយនេះ។
បើតាមអ្នកស្រី ចក់ សុភាព ការគោរពតាមយន្តការសិទ្ធិមនុស្សអន្តរជាតិ ជាអ្វីដែលអ្នកនយោបាយកម្ពុជាគួរតែធ្វើ ដើម្បីបញ្ចៀសការប្រើប្រាស់ធនធានរដ្ឋទៅលើរឿងចាញ់ឈ្នះក្តីនៅតុលាការ ហើយរដ្ឋាភិបាលក៏គួរបើកផ្លូវឱ្យប្រជាពលរដ្ឋបានបញ្ចេញមតិ ដោយមិនមានការប្រឈមតាមផ្លូវច្បាប់។
អ្នកស្រីថ្លែងថា៖ «បើសិនជាយើងបានដើរទៅតាមគោលការណ៍នេះ យើងអត់បានចំណាយពេលទៅលើរឿងទាំងអស់ហ្នឹងទេ(រឿងប្តឹងផ្តល់គ្នា)។ ជាជាង យើងនឹងអាចចំណាយពេលបង្កើតនូវបរិយាយកាសអំណោយផលសម្រាប់ពលរដ្ឋទៅវិញទេ ក្នុងការណ៍ដែលពួកគាត់អាចផ្តល់នូវមតិ ឬក៏ផ្សារភ្ជាប់នូវទំនាក់ទំនងរវាងពលរដ្ឋទៅរដ្ឋាភិបាលកាន់តែប្រសើរ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត កត់សម្គាល់ថា ការប្រើប្រាស់វោហាសព្ទដើម្បីឈ្នះចាញ់គ្នា ឬក៏ការប្តឹងផ្តល់គ្នា ជារឿងធម្មតាសម្រាប់អ្នកនយោបាយទៅហើយ។
លោកថ្លែងថា៖ «ក៏ប៉ុន្តែរឿងសំខាន់ អ្នកនយោបាយទាំងអស់កុំភ្លេចនៅក្នុងការដើរតួនាទីរបស់ខ្លួនសម្រាប់សង្គមជាតិ ក៏ដូចជាប្រជាពលរដ្ឋ ជាពិសេសបញ្ហាដែលកំពុងតែសេសសល់ ហើយកើតឡើងនៅក្នុងប្រទេស ដែលទាក់ទងទៅនឹងបញ្ហាដីធ្លីដែលមិនទាន់បានដោះស្រាយ ហើយនិងបញ្ហាមួយចំនួនទៀត មិនទាន់បានដោះស្រាយហ្នឹង។ អ៊ីចឹងក្រសួងស្ថាប័ន ឬក៏អ្នកនយោបាយ គួរតែសម្លឹងក្នុងការដោះស្រាយបញ្ហានេះឱ្យបានចប់ ព្រោះនេះជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតផងដែរ»។
ក្រោយការចេញសាលក្រមរបស់តុលាការបារាំង កាលពីថ្ងៃទី ១០ ខែតុលា ក្រុមមេធាវីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីថ្លែងការណ៍សាទរចំពោះការសម្រេចក្តីរបស់តុលាការបារាំង ដោយពួកគេចាត់ទុកថាជាជ័យជម្នះ ផ្តល់យុត្តិធម៌ និងភាពស្អាតស្អំដល់លោក ហ៊ុន សែន ដោយសារតែភាគីលោក សម រង្ស៊ី មិនមានភ័ស្តុតាងដាក់បន្ទុក។
ទោះជាយ៉ាងណា នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ លោក សម រង្ស៊ី បានលើកឡើងថា លោកជាអ្នកឈ្នះនៅក្នុងរឿងក្តីមួយនេះ ពីព្រោះថាតុលាការបានច្រានចោលការចោទរបស់លោក ហ៊ុន សែន មកលើរូបលោក ព្រមទាំងមិនតម្រូវឱ្យបង់លុយចំនួន ១ អឺរ៉ូឡើយ។
លោក ឃុន ថារ៉ូ ប្រធានគ្រប់គ្រងកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ យល់ថា បញ្ហាផ្ទៃក្នុងប្រទេសមិនគួរត្រូវបានអ្នកនយោបាយខ្មែរលាតត្រដាងឱ្យភាគីខាងក្រៅដឹងនោះទេ ព្រោះវាធ្វើឱ្យខូចមុខមាត់រដ្ឋាភិបាលនិយាយដោយឡែក ហើយនិយាយជារួម ប្រជាពលរដ្ឋមិនចំណេញអ្វីទាំងអស់ពីជម្លោះរបស់អ្នកនយោបាយ។
លោកថ្លែងថា៖ «កាលណាយើងមិនតម្កល់ប្រយោជន៍ជាតិជាធំ ហើយយើងមិនគិតអំពីប្រជាពលរដ្ឋ គិតអំពីសុខទុក្ខ សុខមាលភាព បញ្ហាជាតិសំខាន់ៗ។ យករឿងបញ្ហាបុគ្គលអ្នកនយោបាយ ខ្ញុំគិតថា វាជារឿងមួយដែលចំណាយពេលវេលា ចំណាយនូវការខ្ជះខ្ជាយនៃការធ្វើនយោបាយ។ រឿងសំខាន់បំផុត យើងត្រូវផ្តោតទៅនឹងវិបត្តិ ដែលយើងកំពុងតែប្រឈមក្នុងស្រុក ដូចជារឿងបញ្ហា EBA ដូចជារឿងបញ្ហាភាពអយុត្តិធម៌សង្គម ប្រជាពលរដ្ឋក្រីក្រ ពលករចំណាកស្រុកអីនោះ ខ្ញុំគិតថា រឿងទាំងអស់ហ្នឹង គឺជារឿងធំរបស់ជាតិ»។
គួរបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការបារាំងកាលពីឆ្នាំ ២០១៩ ដោយចោទលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ក្នុងសារហ្វេសប៊ុកដែលថា លោក ហ៊ុន សែន នៅពីក្រោយការស្លាប់របស់លោក ហុក ឡងឌី។
សាលក្រមតុលាការបារាំងចេញថ្ងៃទី ១០ ខែតុលាកន្លងទៅនោះ បានសម្រេចថា ការចោទប្រកាន់របស់លោក សម រង្ស៊ី បែបនេះ ជាការបង្ខូចកេរ្តិ៍ឈ្មោះដល់លោក ហ៊ុន សែន។ ក៏ប៉ុន្តែតុលាការក៏បានសម្រេចមិនកាត់ទោសលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍នោះទេ ដោយយោងហេតុផលថា ការចោទប្រកាន់របស់មេបក្សប្រឆាំងវ័យ ៧៣ ឆ្នាំ រូបនេះ ជាការបញ្ចេញសំឡេងប្រឆាំង និងស្ថិតក្នុងទម្រង់លើកលែងពីព្រោះលោក សម រង្ស៊ី ត្រូវបានរឹតត្បិតសេរីភាពនយោបាយ និងមិនត្រូវបានអនុញ្ញាតឱ្យទៅរកភស្តុតាងនៅក្នុងប្រទេសកម្ពុជា។
បើតាមលោក ហ៊ុន សែន លោកក៏នឹងមិនប្តឹងឧទ្ធរណ៍បន្តទៀតឡើយ ខណៈលោកចាត់ទុកករណីនេះជាជោគជ័យមួយសម្រាប់លោក ក្នុងការតតាំងក្តីនៅតុលាការបារាំងជាមួយអតីតមេបក្សប្រឆាំងលោក សម រង្ស៊ី ហើយថាសេចក្តីសម្រេចរបស់តុលាការបារាំងថ្មីៗនេះបានជម្រះមន្ទិលសង្ស័យផ្សេងៗ ពាក់ព័ន្ធការស្លាប់របស់លោក ហុក ឡងឌី តាមឧទ្ធម្ភាគចក្រកាលពីឆ្នាំ ២០០៨៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។