សម្ដេចពោធិសាលារាជ សឺន ឌៀប
អតីតចៅហ្វាយខេត្តឃ្លាំង និងជាឧកញ៉ាយមរាជ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
His Excellence Son Diep, Former Khleang Provincial Governor, former Justice Minister
ថ្ងៃអាទិត្យ ៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមករា គ.ស.២០២១
Sunday the 3rd Waning Moon of Māgha B.E.2564 equivalent to January 31, A.D.2021 Year of the Rat
ជីវប្រវត្តិសម្ដេចពោធិសាលារាជ សឺន ឌៀប អតីតចៅហ្វាយខេត្តឃ្លាំង កម្ពុជាក្រោម និងជាឧកញ៉ាយមរាជ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មន្ត្រីចតុស្ដម្ភក្នុង២រជ្ជកាលព្រះបាទ នរោត្តម និង ព្រះបាទស៊ីសុវត្ថិ
សម្ដេចពោធិសាលរាជ សឺន ឌៀប កើតនៅព.ស.២៣៩៩ គ.ស.១៨៥៥ នៅភូមិពងទឹកចាស់ ស្រុកពងទឹក ខេត្តឃ្លាំង ព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នកម្ពុជាក្រោម (ភូមិពងទឹកចាស់ ឃុំញ៉ាមឡាង ស្រុកថាញ់ទ្រី ខេត្តសុកត្រាំង (យួនប្ដូរឈ្មោះខេត្ដឃ្លាំងទៅជាសុកត្រាំង)) ក្នុងក្រុមគ្រួសារជាអ្នកមានធូរធា បិតាឈ្មោះសឺន លក្ខណ៍ និងមាតាឈ្មោះនាង ពេជ្រ ដែលមានបងប្អូនរួមផ្ទៃទាំង ៤នាក់គឺ៖
១.សឺន នួន ភេទស្ដ្រី
២.សឺន នី ភេទស្ដ្រី
៣.សឺន គុយ ភេទបុរស
និង៤.សឺន ឌៀប ភេទបុរស។
លុះអាយុជាង ១០ឆ្នាំ មាតាបិតានាំកុមារឲ្យទៅសិក្សាអក្សរសាស្រ្តខ្មែរនៅក្នុងវត្តពេជ្រមង្គល នាភូមិវត្តពេជ្រ ស្រុកជ្រោយញ ខេត្តពលលាវ (បច្ចុប្បន្នភូមិវត្តពេជ្រ ឃុំវិញភឿក ទីរួមស្រុកវិញចូវ ខេត្តសុកត្រាំង)
អំពីសំណាក់ព្រះចៅអធិការ ពេលឃើញកុមារមាននិស្ស័យនឹងព្រះពុទ្ធសាសនា លោកអ្នកមានគុណក៏បានអនុញ្ញាតឲ្យកុមារចូលបួសជាសាមណេរទៅ។ ពេលដែលបានបួសហើយ លោកបានបន្តការ
សិក្សាភាសាបាលី និងភាសាបារាំង។ ក្រោយមកក៏បានលាចាកសិក្ខាជាគ្រហស្ថវិញ។ ពេលនោះលោកបានទៅសិក្សានៅមហាវិទ្យាល័យមួយនៅទីក្រុងព្រៃនគរឈ្មោះ Collège des Administrateurs Stagiaires de Saïgon រួចក៏បានធ្វើការជាមួយលោកសាស្ដាចារ្យ Étienne François Aymonier (អៃមូនីញ៉េរ) ជនជាតិបារាំង (កើតនៅព.ស.២៣៨៨ គ.ស.១៨៤៤ ស្លាប់នៅព.ស.២៤៧៣ គ.ស.១៩២៩) ជាអ្នកស្រាវជ្រាវអក្សរសាស្រ្តបាលី សំស្រ្កឹតនៅឥណ្ឌូចិន (ជាវិសេសនៅប្រទេសកម្ពុជា) នៅរវាងព.ស.២៤១៤ គ.ស.១៨៧០ លោកបានទទួលដំណែងជាអ្នកបកប្រែភាសាក្នុងអំណាច អាណានិគមនិយមបារាំងសែស ប្រចាំប្រទេសកម្ពុជា ហើយលោកមានទួនាទីសំខាន់ ទាំងផ្នែកនយោបាយ និងការស្រាវជ្រាវក្នុងទសវត្ស៍ចុងក្រោយនៃសត្តវត្ស៍ទី១៩គ្រិស្ដសករាជ។
ចាប់ពីព.ស.២៤០៧ គ.ស.១៨៦៣ ព្រះរាជាណាចក្រកម្ពុជា នៅក្រោមអាណានិគមនិយមបារាំង ហើយខេត្តនានានៅកម្ពុជាក្រោម (កូសាំងស៊ីន) វៀតណាមខាងត្បូងសព្វថ្ងៃមានដូចជា៖ មាត់ជ្រូក, ឃ្លាំង, ពលលាវ និងព្រះត្រពាំង ។ល។ បានឋិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋអំណាចនៅកូសាំងស៊ីន ជាហេតុនាំឲ្យមានទំនាស់វិបត្តិរវាងហ្លួងនរោត្តម និងរដ្ឋអំណាចបារាំង។
ព្រឹត្តិការណ៍មួយដែលគួរឲ្យលើកយកមកបញ្ជាក់នៅទីនេះផងដែរគឺនៅថ្ងៃទី១៧ ខែមិថុនា ព.ស.២៤២៨ គ.ស.១៨៨៤ លោក ឆាលឡេស ទូមសុង (Charles Antoine François Thomson) ទេសាភិបាលដែនកូសាំងស៊ីននៅ (ព្រៃនគរ) បានបញ្ជូនទាហានជើងទឹកមួយកងមានចំនួន ១០០នាក់ ទៅចតកប៉ាល់នៅចតុម្មុខ ហើយបានចូលក្នុងព្រះរាជវាំងទាំងកណ្ដាលអធ្រាត្រវេលាម៉ោង២២។ ពេលនោះប្រតិភូបារាំងម្នាក់បានបញ្ជាឲ្យដាស់ព្រះមហាក្សត្រព្រះបាទនរោត្តម ដែលកំពុងតែផ្ទុំលក់ ហើយបារាំងបានបង្ខិតបង្ខំឲ្យហ្លួងចុះហត្ថលេខាលើអនុសញ្ញា នានា។
ព្រះបាទនរោត្តម បានប្រកែកមិនព្រមទទួលលោកទេសាភិបាលដោយយកលេសថាព្រះអង្គប្រឈួន។ បារាំងបានកំញើញថា ប្រសិនបើព្រះអង្គមិនយល់ព្រមទេ គេនឹងយកព្រះអង្គទៅដាក់នៅប្រទេសអាល់ហ្សេរី Algeria។ ព្រះអង្គត្រូវបានហ៊ុមព័ទ្ធដោយនាយទាហាន និងមន្ត្រីបារាំងជាច្រើនរូប ក្នុងនោះមានលោក ហ្វ៊វែស និងលោក លូស ផងដែរ។ ហើយគេអាចធ្វើឲ្យទ្រង់ទតឃើញពីព្រះបរមរាជវាំងទៅឃើញកប៉ាល់ដែលត្រៀមចាំតែដឹកព្រះអង្គចេញទៅ ជាហេតុធ្វើឲ្យព្រះរាជាភ័យញ័ររន្ធត់ អត់មិនបានក៏ឡាយព្រះហស្ថលេខាលើអនុសញ្ញា ដែលបារាំងយកមកបង្ខំព្រះអង្គតែម្ដងទៅនាថ្ងៃទី២៥ ខែមិថុនា គ.ស.១៨៨៤។
ប្រសិនបើតាមឯកសារប្រវត្តិសាស្រ្តរបស់លោក អាដេម៉ា ឡឺក្លែរ (Adhémard Leclère) ដែលក្រោយមក លោកបានទទួលដំណែងជារេស៊ីដង់ធំប្រចាំប្រទេសកម្ពុជា លោកបានសរសេរថា ព្រឹត្តិការណ៍ដែលកើតឡើងនោះ គឺដោយសារកំហុសអ្នកបកប្រែភាសាបារាំងខុសទៅវិញទេ លោកថា មានព្រឹត្តិការណ៍ដ៏គួរឲ្យសោកស្ដាយមួយបានកើតឡើង ដែលធ្វើឲ្យព្រះរាជាទ្រង់ភិតភ័យជាខ្លាំងគឺ លោក កុលដេបង់តេរ៉ូ ដែលជាអ្នកបកប្រែរបស់ព្រះរាជាម្នាក់ទៀត បានប្រែពាក្យមួយម៉ាត់ខុស ព្រោះអីពាក្យនោះមានន័យពីរយ៉ាង។ ហើយដោយសារលោក បារី (ជាអ្នករុករក និងស្រាវជ្រាវជនចាតិបារាំងសម្រាប់ប្រទេសលាវ) បានកែតម្រូវលើការបកប្រែនោះវិញជាហេតុធ្វើឲ្យគេឃាត់ខ្លួនលោក កុល ដេ ម៉ង់តេរ៉ូ (Kol de MONTEIRO) ហើយឲ្យទាហាន២នាក់ ដែលឈរសង្ខាងវាយធ្វើបាបគាត់បន្តិចបន្តួចផងដែរ។ លោកកុល ដេ ម៉ង់តេរ៉ូ (ហៅកុល) គឺជាកូនកាត់ ដែលមានម្ដាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិព័រទុយហ្គេស (Portuguese) ដែលជាសាសនាទូតមករស់នៅស្រុកខ្មែរជាយូរមកហើយ។ ព្រឹត្តិការណ៍នេះហើយបណ្ដាលឱ្យមានការបះបោរទូទៅដែលដឹកនាំដោយលោកឧកញ៉ាក្រឡា ហោមគង់ នៅទូទាំងប្រទេសរហូតដល់ព.ស.២៤៣០ គ.ស.១៨៨៦។
នៅពេលដែលបារាំងបានបង្ខំឱ្យហ្លួងនរោត្តម លើកិច្ចព្រមព្រៀងនានានេះ បារាំងបានចាប់បង្ខំឱ្យលោក សឺន ឌៀប ទុក ដើម្បីកុំឱ្យបកប្រែ ជាភាសាខ្មែរទូលហ្លួង អំពីសេចក្ដីអនុសញ្ញាថ្មីនេះឡើយ។ សម្រាប់លោក សឺន ឌៀប ក្នុងតួនាទីរបស់លោកជាអ្នកបកប្រែភាសា លោកបានជួយលោកសង្ឃកាតូលិក ហ្គេដុង (Guesdong) សរសេរវចនានុក្រមបារាំង ខ្មែរ និងខ្មែរបារាំង និងសហការក្នុងកិច្ចស្រាវជ្រាវនានារបស់លោក អៃមូនីញ៉េរ ផងដែរ។
នៅព.ស.២៤៣១ គ.ស.១៨៨៧ លោកទទួលបានអនុញាតពីរេស៊ីដង់បារាំងឲ្យត្រឡប់ទៅខេត្តរបស់លោកវិញនាខេត្តឃ្លាំង។ លោកត្រូវបានតែងតាំងដំណែងជា ជីហ្វៀង (ពាក្យយួននេះមានងារស្មើនឹងចៅជហ្វាយខេត្តជាមន្ត្រីហ៊ូពាន់ថ្នាក់ទី១ នៅខេត្តឃ្លាំង កម្ពុជាក្រោម។
ក្នុងរជ្ជាកាលហ្លួងស៊ីសុវត្ថិ ព.ស.២៤៤៨ គ.ស.១៩០៤ ដល់ព.ស.២៤៧១ គ.ស.១៩២៧ លោកបានទទួលការតែងតាំងជាមហាមន្ត្រីចតុស្ដម្ភដូចជា៖
ក្នុងព.ស.២៤៥២ គ.ស.១៩០៨ លោកត្រូវបានតែងតាំងជាឧកញ៉ាក្រឡាហោម (រដ្ឋមន្ត្រីខាងកងទ័ពជើងទឹក) កសិកម្ម ពាណិជ្ជកម្ម និងឧស្សាហកម្ម។
ព.ស.២៤៦៧ គ.ស.១៩២៣ លោកត្រូវបានតែងតាំងជាឧកញ៉ាយមរាជ (រដ្ឋមន្ត្រីទទួលផែនយុត្តិធម៌)
មេដាយដែលសម្ដេចពោធិសាលរាជ សឺន ឌៀប បានទទួលនោះគឺ៖
*Commandeur de la Legion d’LLonneur
*Grand Croix de l’Ordre Royal du Cambodge
*Commandeur du Nichan El Nouar
*Officier d’Academic francais
*Officier du Merite agricole fracais
*Officier du SOWATHARA
*Chevalier de l’Ordre du Dragon d’Annam
*Chevalier de l’Ordre du Million d’Elephants
*Medaille de SA MAJESTE NORODOM
*Medaille de SA MAJESTE SISOWATH
*Medaille de la Societe d’Encouragement au Bien
*Medaille d’Exposition de Marsecille
*Medaille d’Honneur de tere classe (Francais)
លោកមានភរិយា ២នាក់គឺ៖ លោកយាយ ឯម ស្រុកកំណើតនៅ
ខេត្តឃ្លាំង មានបុត្រីបុត្រាចំនួន ៧នាក់គឺ៖
១.ស៊ីលផាន់ ជានិងអ្នកទ្រឿង (យួន)
២.សូព័រ ជួបជាមួយឧត្តមមន្ត្រីទីសម្រាក ឡឹម ឯម
៣.យីធរ ស្លាប់អត់ប្ដី
៤.សុរីឆាន់ ជាមួយម៉ារីកាសូ
៥.សុរីម៉ុត្តិយ៉ា ជាមួយនាងង៉ាំ, នាងពេជ្រ
៦.នាងស៊ីបូផាត់ ជាមួយលោក ងួន ពីរ
៧.កេតសារី ស្លាប់អត់ប្រពន្ធ។
កូនស្រីទី២របស់លោកនៃភរិយាទី២ ឈ្មោះនាងសាន់ណារី បានរៀប
ការជាមួយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុន្នីពង្យ ដែលជាព្រះរាជបុត្រារបស់
ព្រះបាទ ស៊ីសុវត្តិ មុនីវង្ស។ ហើយចៅស្រីរបស់លោកម្នាក់ឈ្មោះ ស៊ីសុវត្តិ
សុវេទវង្ស ព.ស.២៤៨៩ គ.ស.១៩៤៥ ដល់ព.ស.២៥៣៨ គ.ស.១៩៩៤ ហៅលូឡា ឬលីឡា បានទទួលដំណែងជាតំណាងរាស្រ្តពីព.ស.២៥២២ គ.ស.១៩៧៩ ដល់ព.ស.២៥៣៥ គ.ស.១៩៩១ ក្រោមរដ្ឋាភិបាល កុម្មុយនិស្តនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលទទួលឥទ្ធិពលពីអាណានិគមយួន។
លោកបានបន្សល់ទុកស្នាដៃអក្សរសិល្ប៍ជាកម្រងកំណាព្យមួយនិពន្ធពេលលោកទៅកាន់ប្រទេសបារាំង ក្នុងពិធីតាំងតុអន្តរជាតិនៅទីក្រុងបារីស៍នៅព.ស.២៤៤៤ គ.ស.១៩០០ មានចំណងជើងថា៖ ល្បើកពីស្រុកព្រៃនគរទៅទីក្រុងបារាំងសែស នៅទីតាំងតុ ។
យើងថ្លែងចែងច្ចារជាសង្ខេប
យ៉ាងបែបជុំម្នាងគ្រុបបូរី
ក្បូរក្បាច់រេច្នាការពិសី
ឥត្បីនឹងត្រាប់រាប់ពុំបាន។
បារីស អេលីសេ ឡឺសំរេច់
ប្រសើដ្ឋល្សើលេចក្នុងដែនដាន
ឪដំមសាកសំមគ្រុបភីមាន
ជាស្ឋានសំរាបច្បាបរាជ្ការ។
ផ្លូវធ្លាមាគាទូលាយស្អាត
ក្រកិតសុតសាតថ្មសីល៉ា
ផ្លូវខ្លះប្រកិតដើមព្រឹក្សា
សឹងអារបួនជ្រុងរៀបបន្ឈរ។
ផ្លូវធ្លាមាគាក្នុងក្រៃក្រុង
គឺមានបញ្ឆងក្នុងនគរ
រទេះសេះសល់សែនណែនកុះករ
បើកបរទៅមកជាប្រក្រដី្យ។
រទេះយន់លឿនឯងពុំបាចភ្លើង
យុលថ្កើងរុងរឿងក្នុងបុរី
មនុសផោងត្រសងទ្ងាំប្រុសស្រី
ឃ្មាតខ្មីដើរដោ្យដងមាគា។
គុនភក្រ្តអ្សស្រីសីកំផ្លង
ត្រចងត្រចះជ្រាះអង្គា
រូបឆោមលោមពាសំមសោភា
វុងភក្រ្តជ្រាះថ្លាស្រសប៉ប្រៃ។
មុខឈ្មងដងខ្លួនដូចកិណរីយ
ច្ចោលភ្នែកមេត្រីកើតភស្សូម៉ៃ
ដើរឆ្ងា្យខ្វលខ្វាយគិតអាឡៃយ
ស្រមៃរឮកនឹកមិនភ្លេច។
កាស៊ីណូដីបារីស ឡឺម្ហោស្រព់
សន្ធិយារវសយុព ពុំមានដេច់
រាំច្រើងដោ្យល្បែងតែងដោ្យល្បេច់
សូរព្រាត់ស្ទាតគេជត្រេជរេរា។
ដាំដូងតោងរកសំយ៉ុងក
ពានពាក់ឈានឈរទ្ររទ្អាំស្រា
នឹងជើងរឺសឡើងដូចកង្ហា
មានច្រើនប្រការត្រាពុំបាន។
ក្នុងទីកាស៊ីណូ មានទ្អាំគ្រុព
មើលពុំមានស្កប់ស្កល់ក្នុងប្រាន
មានស្រីពិសីភក្រ្ត័កល្យិាន
ហើយមានស្រាតែ កាផែផោង។
ស្រីសរល្អដូចកិណរីយ
មុក្ខមាត់ប្រឹមប្រី ផ្ពល់បំព្រង
ដោះក្បំមសំមទ្រូង អង្គឥតម៉ង
ត្រេចដើរត្រសងសព់សន្ធិយារ។
បើមានចិត្តគិតស្នីតប្រដិពាត់
ហាមាត់មធុរោះ ស្មោះចិន្តា
អញ្ចើញផឹកតែ កាផែស្រា
ស្រេចន្មាំលីលាគ្រឹះហាស្ថាន។
ស្មាកចិតស្នាលស្និតរួមម្នោរំម្យ៍
សុក្ខុំជាសុខ់ នីទុក្ខខ្សាន
កាស៊ីណូរ ដីបារីស ទីកុំសាន្ត
កើតទុក្ខប៉ុន្មានរលាយបង់៕
រហូតដល់គ.ស.១៩៣៤ សម្ដេចពោធិសាលរាជ សឺន ឌៀប បានទទួលអនិច្ចកម្មនៅថ្ងៃទី១២ ខែមេសា ព.ស.២៤៧៧ គ.ស.១៩៣៤ ក្នុងជន្មាយុ ៧៩ឆ្នាំ។ អដ្ឋិធាតុរបស់លោកបានតម្គល់ក្នុងចេតីយ៍មួយនៅក្នុងវត្តបទុមវតីរាជវរារាម នាទីក្រុងភ្នំពេញ ប្រទេសកម្ពុជា៕
ឯកសារយោង៖ ក្បួនសាវតារវង្សត្រកូល រៀបរៀងដោយឧកញ៉ាឧត្តមមន្ត្រីទីសម្រាក ឡឹម ឯម ជាកូនប្រសារ។ ក្នុងទំព័រទី៩,១០,១១,១២ ជាភាសាបារាំង និងយោងតាមសេចក្ដីរបស់លោកសាស្ដារ្យបណ្ឌិត ឃីង ហុកឌី។
ដោយគណៈធម្មាចារ្យខេត្តពលលាវ ថ្ងៃ ៩រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែសីហា គ.ស.២០១៩
ប្រភព៖ សឿង សុធានី Soeung Sotheany
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។