ថ្ងៃនេះ ២៤ ឧសភា៖ កិច្ចប្រជុំនៅទីស្នាក់ការសហគមន៍ខ្មែរកម្ពុជាក្រោម ដើម្បីរៀបចំទិវាកាន់ទុក្ខខ្មែរ ខួបគម្រប់ ៧១ឆ្នាំ នៅថ្ងៃទី៤ មិថុនាខាងមុខ។
May 24: Meeting took place at KKC HQs to prepare for the 71st Annual KK Loss Commemoration on June 4.
នៅវេលាម៉ោង ២រសៀលថ្ងៃអាទិត្យ ទី២៤ ខែឧសភា ព.ស.២៥៦៤ គ.ស.២០២០នេះ សហគមន៍ខ្មែរកម្ពុជាក្រោមបានបើកកិច្ចប្រជុំមួយនៅទីស្នាក់ការរបស់ខ្លួន ដើម្បីពិភាក្សាអំពីទិវាកាន់ទុក្ខជាតិខ្មែរ ខួបគម្រប់ ៧១ឆ្នាំនៃថ្ងៃអាណានិគមបារាំងបានផ្ទេរទឹកដីខ្មែរកម្ពុជាក្រោមឲ្យអាណានិគមយួនត្រួតត្រាបន្តរហូតសព្វថ្ងៃ (៤ មិថុនា ព.ស.២៤៩៣ គ.ស.១៩៤៩ ដល់ ៤ មិថនុា ព.ស.២៥៦៤ គ.ស.២០២០)។ ទិវាជាប្រវត្តិសាស្រ្តដ៏សែនឈឺចាប់នេះ អង្គការ សមាគមខ្មែរកម្ពុជាក្រោម ព្រះសង្ឃនិងប្រជារាស្រ្តខ្មែរ បានរួបរួមគ្នាធ្វើឡើង ក្រោមព្រះអធិបតីភាពព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០០០រៀងរហូតមកមិនដែលខកខានម្តងណាឡើយ។ ដោយឡែកឆ្នាំនេះ ខួបទី ៧១ឆ្នាំ ដើម្បីចូលរួមទប់ស្កាត់ជម្ងឺរាតត្បាតខូវីត១៩ អង្គប្រជុំបានសម្រេចប្រារព្ធជាលក្ខណៈតំណាងនិងសាមញ្ញនៅទីស្នាក់ការ សហគមន៍ខ្មែរកម្ពុជាក្រោម ដោយនិមន្តព្រះសង្ឃទទួលភត្ត ដារបង្សុកូលឧទ្ទិសកុសលថ្វាយ ប្រគេននិងជូន ព្រះវិញ្ញាណក្ខន្ធព្រះវីរសមណៈ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាវីរក្សត្រ និងវិញ្ញាណក្ខន្ធវីរបុរស វីរនារី វីរយុទ្ធជន វីរយុទ្ធនារីខ្មែរស្នេហាជាតិទាំងអស់៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។