European Union: The dissolution of the opposition party is an equivalent to an election losing its effectiveness
សហភាពអឺរ៉ុបថា ការប៉ុនប៉ងរំលាយបក្សប្រឆាំង ស្មើនឹងបាត់បង់ប្រសិទ្ធភាពបោះឆ្នោត
Tue 5th Waning Moon of Assayuja B.E.2561, October 10, A.D.2017 Year of the Rooster
សារព័ត៌មាន VOD
គណៈប្រតិភូសហភាពអឺរ៉ុប តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន បានបង្ហាញការព្រួយបារម្ភ ចំពោះវិធានការណ៍របស់រដ្ឋាភិបាលកម្ពុជា លើបក្សប្រឆាំងនាពេលបច្ចុប្បន្ន និងបានហៅ ការប៉ុនប៉ងការដកបក្សប្រឆាំងចេញពីឆាកនយោបាយកម្ពុជានោះថា អាចនឹងធ្វើឲ្យបាត់បង់កិត្យានុភាពនៃដំណើការបោះឆ្នោត។
កាលពីថ្ងៃទី៦ខែតុលាឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានប្ដឹងទៅស្ថាប័នតុលាការកំពូល ដើម្បីសុំរំលាយគណបក្សសង្គ្រោះជាតិ ជុំវិញករណីលោក កឹម សុខា។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៩ខែតុលាម្សិលមិញ គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលតំណាងឲ្យប្រទេសជិត៣០ បានជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឡើងវិញ ពីវិធានការដែលនាំឲ្យមានការរំលាយបក្សប្រឆាំងនេះ។ គណៈប្រតិភូសហភាពអឺរ៉ុប ចាត់ទុកថា ការដកគណបក្សប្រឆាំងចេញពីឆាកនយោបាយកម្ពុជា ដោយបង្ខំនេះ ជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរ លើលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងអាចធ្វើឲ្យបាត់បង់នូវកិត្យានុភាព នៃដំណើការបោះឆ្នោតនាពេលបច្ចុប្បន្នផងដែរ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ចាត់ទុកសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបនេះ ជាសេចក្តីថ្លែងការណ៍ ធ្វើឡើងតាមខ្លួននឹកឃើញតែប៉ុណ្ណោះ។ លោកថ្លែងឆ្លើយតបទៅវិញថា កម្ពុជា ជាប្រទេសគោរពរដ្ឋធម្មនុញ្ញ និងលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយបើទោះជាគ្មាន គណបក្សសង្គ្រោះជាតិចូលរួមបោះឆ្នោត នៅឆ្នាំ២០១៨ ក៏មានគណបក្សផ្សេងទៀត ចូលរួមសម្រាប់ការបោះឆ្នោតដែរ។
លោកថា៖ «ជាការពិតណាស់ កាលហ្នឹង (ការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧) ប្រជាពលរដ្ឋអត់បានដឹងថាបក្សសង្គ្រោះជាតិ ត្រូវបានដឹកនាំដោយបុគ្គលឈ្មោះ កឹម សុខា ដែលជាជនក្បត់ជាតិ។ ទើបតែនៅពេលនេះលោកដឹងហើយថា អ្វីដែលលោក កឹម សុខា បានធ្វើគឺជាការធ្វើឡើង ដោយតាមការណែនាំរបស់បរទេសដែលចង់នាំឲ្យប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេស ដូចជាស៊ីរី ឬលីប៊ី ជាដើម។ ដូច្នេះ ប្រជាពលរដ្ឋកម្ពុជា គាត់បានដកឃ្លា មកពិចារណាអំពីសន្លឹកឆ្នោតរបស់ខ្លួនហើយ នៅឆ្នាំ២០១៨»។
លោក ខៀវ សុភ័គ បញ្ជាក់បន្ថែមថា ជំហររបស់រដ្ឋាភិបាល មិនអាចថយក្រោយនោះទេ តែថា ការសម្រេចរំលាយ ឬមិនរំលាយយ៉ាងណានោះ គឺស្ថិតទៅលើការសម្រេចតុលាការកំពូល។
ប្រាប់អ្នកការសែត បន្ទាប់ពីបញ្ចប់កិច្ចប្រជុំមួយ នៅព្រឹកនេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា លោកមានការព្រួយបារម្ភជាខ្លាំង ប្រសិនបើមានការរំលាយគណបក្សប្រឆាំង នោះសំឡេងពលរដ្ឋជិតពាក់កណ្តាលប្រទេស នឹងត្រូវបាត់បង់។
លោកថា៖ «ទោះបីជាយ៉ាងណាក៏ដោយ ក៏មានការធានាដែរ តាមការបញ្ជាក់របស់ស្ថានទូតខ្លះ ខ្ញុំមិនបាច់បញ្ចេញឈ្មោះទេ គណបក្សប្រជាជន បានធានាថា គណបក្សប្រជាជននឹងមិនរំលាយគណបក្សសង្គ្រោះជាតិនោះឡើយ ហើយស្ថានទូតទាំងនោះ ក៏ធ្វើការងារបស់គេដែរ។ ដូច្នេះយើង ដែលជាគណបក្សក៏ត្រូវសម្របសម្រួលដែរកុំឲ្យមានលក្ខណៈក្តៅដែរ »។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថា តាមរយៈសេចក្តីថ្លែងការណ៍នេះប្រសិនជារដ្ឋាភិបាលគិតពីប្រយោជន៍របស់ប្រជាពលរដ្ឋមែននោះ គួរតែពិចារណា ដើម្បីបន្ថូរបន្ថយស្ថានភាពដែលកំពុងឡើងកម្តៅនេះ។
លោកថា៖ «ខ្ញុំគិតថា បើសិនជាមិនមានការបន្ថូរបន្ថយស្ថានភាពនយោបាយទេ អាចថា ប្រទេសប្រជាធិបតេយ្យដទៃទៀត រាប់ទាំងសហភាពអឺរ៉ុបផង និងមិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតនៅកម្ពុជា។ ហើយនៅពេលដែល គេមិនទទួលស្គាល់បញ្ហាច្រើនណាស់ ដែលធ្លាក់មកកម្ពុជានោះដែរ»។
កាលពីថ្ងៃទី៧ តុលា ពោលគឺមួយថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា សម្រេចប្តឹងសុំរំលាយបក្សប្រឆាំងរួច អង្គការអន្តរជាតិចំនួនពីរ គឺ Human Rights Watch និង Global Witness បានចេញសេចក្តីថ្លែងការថ្កោលទោសរដ្ឋាភិបាល ថា បានសម្លាប់លិទ្ធិប្រជាធិបតេយ្យកម្ពុជា ដោយជម្រុញទៅកាន់ប្រទេសជាម្ចាស់ជំនួយ ពិចារណាឡើងវិញពីការផ្តល់ជំនួយទៅកម្ពុជា។
ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានព្រមានសហគមន៍អន្តរជាតិ ឲ្យបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដោយលោកថា រដ្ឋាភិបាលលោកធ្វើបច្ចុប្បន្ននេះ ជាការអនុវត្តន៍ច្បាប់ ដើម្បីការពារសន្តិភាព៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។