Fri 4th Waxing Moon of Poṭṭhapāda B.E.2561, August 25, A.D.2017 Year of the Rooster
ក្រសួងការបរទេសអាមេរិកបានសម្តែងក្តីបារម្ភចំពោះបរិយាកាសប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីការបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ចំពោះការបំពានច្បាប់អង្គការក្រៅរដ្ឋាភិបាល ខណៈអង្គការនេះបានថ្លែងថាខ្លួនមាន «ការភ្ញាក់ផ្អើល និងក្រៀមក្រំ» ដោយសារសេចក្តីសម្រេចរបស់ក្រសួងការបរទេសបិទប្រតិបត្តិការរបស់អង្គការ។
ក្រសួងការបរទេសកាលពីថ្ងៃពុធបានចេញសេចក្តីថ្លែងការណ៍មួយដោយកំណត់ឲ្យវិទ្យាស្ថានជាតិប្រជាធិបតេយ្យបិទការិយាល័យរបស់ខ្លួន ក្នុងប្រទេសកម្ពុជា និងទុកពេលឲ្យបុគ្គលិកបរទេសរបស់ខ្លួនរយៈពេល ៧ ថ្ងៃដើម្បីចាកចេញពីប្រទេសនេះ ចំពោះការមិនចុះបញ្ជីនៅក្រសួង និងអគ្គនាយកដ្ឋានពន្ធដារដែលក្រសួងថាជាការបំពានច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Heather Nauert ដោយសំដៅទៅការបោះឆ្នោតឃុំ សង្កាត់ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះថា៖ «ក្នុងរយៈពេលកាលពីរសប្តាហ៍មុនទោះយ៉ាងណាក្តី សមិទ្ធផលត្រូវបានធ្វើឲ្យលែងមានលក្ខណៈសំខាន់ដោយចំណាត់ការរបស់រដ្ឋាភិបាលដែលកំពុងមានបញ្ហាដែលរារាំងមិនឲ្យមានសេរីភាពសារព័ត៌មាន និងសមត្ថភាពប្រតិបត្តិការរបស់សង្គមស៊ីវិល»។
អត្ថាធិប្បាយរបស់លោកស្រី Nauert បានធ្វើឡើងបន្ទាប់ពីមានសេចក្តីថ្លែងការណ៍មួយដែលប្រើពាក្យធ្ងន់ៗដោយស្ថានទូតអាមេរិកក្នុងរាជធានីភ្នំពេញកាលពីថ្ងៃពុធដោយចោទសួរអំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ចំពោះប្រជាធិបតេយ្យ និងផ្ទុយទៅវិញបានចោទប្រកាន់ក្រសួងការបរទេសថា បំពានច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលចំពោះការមិនឆ្លើយតបទាន់ពេលវេលាទៅនឹងសំណើសុំចុះបញ្ជីរបស់ NDI។
ប្រតិកម្មរបស់ស្ថានទូតអាមេរិកបានធ្វើឲ្យសម្ព័ន្ធដើម្បីសន្តិភាព និងបណ្តាញយុវជនដែលជាក្រុមគាំទ្ររដ្ឋាភិបាលបានគំរាមថានឹងធ្វើបាតុកម្មប្រឆាំងនឹងស្ថានទូតអាមេរិក ប៉ុន្តែរហូតមកដល់ថ្ងៃម្សិលមិញមិនទាន់ឃើញមានសកម្មភាពអ្វីនៅឡើយទេ។ ក្រុមនេះត្រូវបានដឹកនាំដោយលោក ប៉ានខែម ប៊ុនថាន ដែលកាលពីឆ្នាំ ២០១៥ បានដឹកនាំក្រុមមនុស្សជាច្រើនរួមទាំងសមាជិកកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វាយប្រហារយ៉ាងព្រៃផ្សៃទៅលើតំណាងរាស្ត្រគណបក្សប្រឆាំង ២ រូបនៅខាងក្រៅរដ្ឋសភា។
លោកស្រី Nauert បន្តថារដ្ឋមន្ត្រីការបរទេស Rex Tilllerson បាននិយាយជាមួយ «សមភាគី» របស់លោកក្នុងប្រទេសកម្ពុជាកាលពីពីរបីសប្តាហ៍មុន ហើយឯកអគ្គរដ្ឋទូតអាមេរិកលោក William Heidt បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមិនផ្តល់សេចក្តីលម្អិតអំពីកិច្ចជំនួបនេះទេ។ «យើងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យ NDI កាសែតឌឹ ខេមបូឌា ដេលី និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដទៃទៀត និងអង្គការសង្គមស៊ីវិលបន្តសកម្មភាពសំខាន់របស់ខ្លួនដើម្បីឲ្យការបោះឆ្នោតជាតិឆ្នាំ ២០១៨ ប្រព្រឹត្តទៅក្នុងបរិយាកាសសេរី និងទូលំទូលាយ»។
ចំពោះប្រធាន NDI Kenneth Wollack បានថ្លែងថា NDI ធ្វើការងារតែដើម្បីពង្រឹងដំណើរការប្រជាធិបតេយ្យក្នុងប្រទេស និងមិនមែនដើម្បីលទ្ធផលនយោបាយអ្វីនោះទេ។
Wollack បានអះអាងជាថ្មីថា NDI បានធ្វើការជាមួយគណបក្សនយោបាយនានានៅក្នុងវិស័យនយោបាយ និង ដូចសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិក ហើយបន្ថែមថាក្រសួងការបរទេសខ្លួនឯងបំពានមាត្រា ១៤ នៃច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលទុកពេលឲ្យក្រសួងរយៈពេល ៤៥ ថ្ងៃក្នុងការឆ្លើយតបនឹងសំណើសុំចុះបញ្ជី។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកបានធ្វើឲ្យមានការឆ្លើយតបពីលោក ហ៊ុយ វណ្ណៈ មន្ត្រីក្រសួងមហាផ្ទៃកាលពីម្សិលមិញ។ លិខិតចំហពីលោក ហ៊ុយ វណ្ណៈ ទៅឯកអគ្គរដ្ឋទូត Heidt បានឲ្យដឹងថា៖ «យើងសូមផ្ញើសារច្បាស់មួយម្តងទៀតទៅស្ថានទូតអាមេរិកថាយើងការពារអធិបតេយ្យភាពជាតិរបស់យើង»៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។