Fri 4th Waxing Moon of Poṭṭhapāda B.E.2561, August 25, A.D.2017 Year of the Rooster
RFI
នៅថ្ងៃទី២៥ ខែសីហានេះ អង្គការអន្តរជាតិឃ្លាំមើលសិទ្ធិមនុស្ស ឬ Human Rights Watch បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ចប់សកម្មភាពបំភិតបំភ័យ និងការប្រើច្បាប់ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាល និងអ្នកការពារសិទ្ធិមនុស្ស។ ការអំពាវនាវនេះធ្វើឡើងក្រោយពីរដ្ឋាភិបាលកម្ពុជាបានបិទអង្គការ NDI របស់សហរដ្ឋអាមេរិក និងបិទស្ថានីយវិទ្យុក្នុងស្រុកជាង១០។
យោងតាមអត្ថបទចុះផ្សាយរបស់ខ្លួននៅថ្ងៃទី២៥ ខែសីហា អង្គការ Human Rights Watch បានសរសេរថារដ្ឋាភិបាលកម្ពុជារបស់លោកនាយរដ្ឋមន្ត្រីហ៊ុន សែន កំពុងពង្រីកការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីធ្វើការកាត់បន្ថយ ឬបំបិទសំឡេងឯករាជ្យនៅក្នុងប្រទេសកម្ពុជា។
លោកហ្វីល រ៉ូបឺតសាន់ (Phil Robertson) នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីបាននិយាយថា “ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងក្រុមផ្សព្វផ្សាយពីប្រជាធិបតេយ្យ បានបង្ហាញថាលោកហ៊ុន សែនកំពុងតែខិតខំប្រឹងប្រែង ទប់ស្កាត់ការរិះគន់លើការដឹកនាំរបស់លោក។
នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីបានអំពាវនាវឲ្យម្ចាស់ជំនួសត្រូវកត់សម្គាល់ចំពោះលោកហ៊ុន សែន ប្រសិនបើគាត់មិនផ្លាស់ប្តូរ ឬបញ្ឈប់សកម្មភាពនេះទេ នោះការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះមិនអាចជឿទុកចិត្តបានទេ។
សមាជិកព្រឹទ្ធសភាអាមេរិកលោក John McCain កាលពីថ្ងៃទី២៤ ខែសីហា បានបង្ហាញការសោកស្តាយចំពោះការបិទវិទ្យាស្ថានប្រជាធិបតេយ្យ NDI ដោយរដ្ឋាភិបាលកម្ពុជា ហើយលោកបានហៅសកម្មភាពចុងក្រោយនេះថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនមិនមានភាពក្លាហានក្នុងការបើកទូលាយក្នុងសង្គម និងការបញ្ចេញមតិ។
ឆ្លើយតបនឹងការលើកឡើងរបស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស Human Rights Watch លោកផៃ ស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តឲ្យមានការរិះគន់រដ្ឋាភិបាល ហើយចំពោះអ្នកបំប្លែងការរិះគន់ទៅជាការប្រមាថ ការញុះញង់ អ្នកទាំងនោះត្រូវតែទទួលទោសទៅតាមច្បាប់។ លោកបន្ថែមថារដ្ឋាភិបាលគ្មានផែនការបិទកាសែត បិទវិទ្យុ ឬបិទអង្គការណាមួយនោះទេ ប៉ុន្តែអ្នកទាំងនោះប្រព្រឹត្តិខុសច្បាប់។
សូមបញ្ជាក់ថាកាលពីថ្ងៃទី២៣ ខែសីហា រដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ឈប់សកម្មភាពរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ ហៅកាត់ថា NDI និងបណ្ដេញបុគ្គលិករបស់វិទ្យាស្ថាននេះចេញពីកម្ពុជាក្នុងរយៈពេល៧ថ្ងៃ។ ការបញ្ឈប់សកម្មភាពនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលចោទ NDI ថាបានរៀបចំយុទ្ធសាស្ត្រជួយគណបក្សប្រឆាំង ដើម្បីផ្ដួលរំលំគណបក្សកាន់អំណាច។
ក្នុងថ្ងៃជាមួយគ្នានោះ ស្ថានីយវិទ្យុក្នុងស្រុកមួយចំនួន ដែលភាគច្រើនផ្សាយបន្តពីវិទ្យុអន្តរជាតិក្រោមជំនួយរដ្ឋាភិលបាលអាមេរិកក៏ត្រូវបានផ្អាកការផ្សាយ ក្រោមហេតុផលមិនគោរពកិច្ចព្រមព្រៀងជាមួយក្រសួងព័ត៌មាន។ ចំណែកកាសែត The Cambodia Daily ដែលបើកដំណើរការតាំងពីឆ្នាំ១៩៩៣មក ក៏ប្រឈមមុខនឹងការបិទទ្វារដែរ ប្រសិនបើកាសែតជាភាសាអង់គ្លេសមួយនេះ មិនបានបង់ពន្ធប្រមាណ៦.៣លានដុល្លារអាមេរិក ទៅឲ្យរដ្ឋាភិបាលកម្ពុជា៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។