ថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែតុលា គ.ស.២០២២
Thursday 3rd Waxing Moon of Kattika B.E.2566 equivalent to October 27, A.D.2022 Year of the Tiger
វិទ្យុសំឡេងសហរដ្ឋអាមេរិក
មន្ត្រីអង្គការខុមហ្វ្រែល (Comfrel) ដែលឃ្លាំមើលដំណើរការបោះឆ្នោត បានអះអាងថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីតុលាការ បានចូលរួមយុទ្ធនាការឃោសនារកសំឡេងឆ្នោតឱ្យគណបក្សនយោបាយ កាលពីអំឡុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ហើយអ្នកខ្លះទៀតត្រូវបានថ្នាក់ដឹកនាំបង្ខំឱ្យទៅចូលរួមទៀតផង។
ក្នុងកិច្ចពិភាក្សាមួយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែល បានថ្លែងថា អង្គការខុមហ្វ្រែលបានរកឃើញភាពមិនប្រក្រតីមួយចំនួន នៅក្នុងការឃោសនារកសំឡេងឆ្នោតនៃការបោះឆ្នោតឃុំសង្កាត់ កាលពីខែមិថុនា ដូចជាមន្ត្រីរាជការត្រូវបានអនុញ្ញាតឱ្យសម្រាកពីការងារ ដើម្បីចូលរួមឃោសនាឱ្យគណបក្សនយោបាយ ហើយថា មន្ត្រីមួយចំនួនទៀតត្រូវបានប្រធានផ្នែកបង្ខំឱ្យចូលរួមការឃោសនារកសំឡេងឆ្នោត។
លោកថ្លែងថា៖ «នៅក្នុងរបាយការណ៍នេះ គឺបញ្ហាមួយចំនួន ការចូលរួមឃោសនាបោះឆ្នោតរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីតុលាការ ដោយមានការអនុញ្ញាតច្បាប់សម្រាក ដើម្បីទៅចូលរួមការឃោសនាបោះឆ្នោត។ មានមន្ត្រីខ្លះ ក៏កត់សម្គាល់ឃើញថា ស្ថិតនៅក្នុងសម្ពាធថ្នាក់លើដែលលម្អៀងគណបក្សនយោបាយ ទោះចង់ ឬមិនចង់ ទីបំផុតត្រូវតែធ្វើតាមថ្នាក់លើរបស់ពួកគាត់»។
ការថ្លែងរបស់លោក កន សាវាង្ស ធ្វើឡើងនៅក្នុងកម្មវិធីពិភាក្សាថ្នាក់ជាតិ ស្តីពីការឆ្លុះបញ្ចាំងបញ្ហាប្រឈម និងអនុសាសន៍ទាក់ទងដំណើរការបោះឆ្នោត។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ .ជ.ប ប្រាប់វីអូអេថា បើតាមច្បាប់បោះឆ្នោត ការចូលរួមឃោសនារកសំឡេងឆ្នោតរបស់មន្ត្រីរាជការ អាចធ្វើទៅបាន បើពួកគេធ្វើនៅក្រៅម៉ោងការងារ។
លោកថ្លែងថា៖ «អ៊ីចឹងបើសិនជាមិនចង់ឱ្យមន្ត្រីរាជការគាត់ធ្វើសកម្មភាពនយោបាយទេ ទាល់តែច្បាប់ចែងថា ហាមទាំងស្រុងតែម្តងនេះរឿង ទី ១។ រឿង ទី ២ ពាក់ព័ន្ធនឹងដំណោះស្រាយ ប្រសិនបើឃើញមានមន្ត្រីរាជការ ដែលលោកចេញទៅធ្វើសកម្មភាពគឺសាធារណជន ឬក៏អ្នកពាក់ព័ន្ធអាចធ្វើការប្តឹងបាន។ បើសិនជាបណ្តឹងហ្នឹងហើយឆែករកទៅឃើញថា បានអនុវត្តខុសច្បាប់ គាត់នឹងទទួលពិន័យ»។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន អះអាងថា ស្ថាប័ន គ.ជ.ប ត្រូវតែដោះស្រាយបញ្ហាអព្យាក្រឹតភាពរបស់មន្ត្រីរាជការ ដើម្បីធានាការបោះឆ្នោតមួយអាចទទួលយកបាន។
លោកបញ្ជាក់ថា៖ «ព្រោះតួនាទីរបស់ គ. ជ.ប ត្រូវតែធានាដល់អព្យាក្រឹតភាពរបស់ខ្លួននៅក្នុងដំណើរការបោះឆ្នោត នាពេលខាងមុខនេះ។ ហើយក៏សូមឱ្យមានវិធានការទៅដល់ក្រសួងមន្ទីរទាំងឡាយណា ដែលប្រមែប្រមូលមន្ត្រីរាជការយកទៅហែហម ដង្ហែគណបក្សដែលជាការខុស»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់វីអូអេថា នេះគ្រាន់តែជាការលើកឡើងរបស់អង្គការ ដែលលោកថា មាននិន្នាការនយោបាយ។ លោកបញ្ជាក់ថា មន្ត្រីរាជការមានសិទ្ធិចូលរួមការឃោសនានយោបាយ នៅពេលគេបញ្ចប់ការងារ។
លោកថ្លែងថា៖ «អានេះគ្រាន់តែជាការយល់ឃើញអង្គការសង្គមស៊ីវិលលម្អៀងខាងនយោបាយមួយចំនួនតូចទេ។ អង្គការគេរាប់ពាន់អង្គការ គេមិនដែលឮនិយាយអីរឿងហ្នឹងផង។ ក្នុងច្បាប់បោះឆ្នោតគេកំណត់អំពីលក្ខណៈវិនិច្ឆ័យសម្រាប់មន្ត្រីរាជការក្នុងការធ្វើសកម្មភាពនយោបាយ»។
គួរបញ្ជាក់ថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវបានមើលឃើញថា ជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា ដោយពួកគេមានកាតសមាជិករបស់គណបក្ស។
នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ ក្រសួងមហាផ្ទៃបានអំពាវនាវទៅមន្ត្រីរាជការស៊ីវិលទាំងអស់ ដោយហាមប្រើប្រាស់ធនធានរដ្ឋ រាប់ទាំងមធ្យោបាយដឹកជញ្ជូនផង មកប្រើប្រាស់ក្នុងអំឡុងពេលឃោសនារកសំឡេងឆ្នោត ហើយពួកគេត្រូវរក្សាអព្យាក្រឹត្យភាពក្នុងដំណើរការបោះឆ្នោត៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។