ដោយ ខែ សុណង RFA 2015-10-18
អនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជំរុញឲ្យសាលាដំបូងរាជធានីភ្នំពេញ ចាត់ការលើសំណុំរឿងប្ដឹងសុំរំលាយគណបក្សនេះ ដែលដឹកនាំដោយ លោក ម៉ម សូណង់ដូ។
អនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោកបណ្ឌិត ហ៊ាង ឫទ្ធី មានប្រសាសន៍នៅថ្ងៃទី១៨ តុលា ថា លោក ម៉ម សូណង់ដូ គឺជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ ដែលតែងតែប្រើអំណាចផ្ដាច់ការ និងចាយវាយថវិកាបក្សគ្មានតម្លាភាព។ លោកថា នៅថ្ងៃច័ន្ទ ទី១៩ តុលា លោកនឹងជួបផ្ទាល់ជាមួយប្រធានសាលាដំបូងរាជធានីភ្នំពេញ៖ «ថ្ងៃស្អែកទៅជួបប្រធានតុលាការ ដើម្បីសួរពីដំណើរការហ្នឹងថា ថ្ងៃណាគេនឹងចាត់ការបណ្ដឹងហ្នឹង។ យើងមិនចង់ឲ្យ លោក ម៉ម សូណង់ដូ អ្នកប្រជាធិបតេយ្យក្លែងក្លាយ ដើរភូតភរកុហកបោកប្រាស់ប្រជាពលរដ្ឋទាំងក្នុងស្រុកក្រៅស្រុក យកថវិកាមកដើម្បីប្រយោជន៍ខ្លួនឯង មិនមែនដើម្បីជាតិពិតប្រាកដ»។
ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ រងការចោទពីអនុប្រធាន និងអគ្គលេខាធិការគណបក្ស ថាបានប្រព្រឹត្តអំពើពុករលួយ និងប្រើអំណាចផ្ដាច់ការ។ អនុប្រធានបក្ស ប្ដឹងសុំឲ្យតុលាការរំលាយគណបក្សដែលដឹកនាំដោយ លោក ម៉ម សូណង់ដូ នេះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក ម៉ម សូណង់ដូ ដើម្បីសុំការឆ្លើយតបពីការចោទប្រកាន់នេះបានទេ នៅថ្ងៃទី១៨ តុលា។ ប៉ុន្តែកន្លងមក លោក ម៉ម សូណង់ដូ ធ្លាប់បានច្រានចោលចំពោះការចោទប្រកាន់នេះ និងថ្លែងថា លោកមិនចាប់អារម្មណ៍ចំពោះការប្ដឹងផ្ដល់នេះឡើយ។
កាលពីថ្ងៃទី៦ ខែតុលា អនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ហ៊ាង ឫទ្ធី និងថ្នាក់ដឹកនាំគណបក្សមួយចំនួនទៀត បានដាក់ពាក្យប្ដឹងទៅតុលាការក្រុងភ្នំពេញ ឲ្យរំលាយ ឬបិទគណបក្សចោល។
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានធ្វើសមាជបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានកាលពីថ្ងៃទី៩ កញ្ញា ដែលពេលនោះ អង្គសមាជបានបោះឆ្នោតលើកដៃគាំទ្រ លោក ម៉ម សូណង់ដូ ធ្វើជាប្រធាន និងជ្រើសរើស លោកបណ្ឌិត ហ៊ាង ឫទ្ធី និងលោក ហារី សំអាត ជាអណិកជនខ្មែរមកពីសហរដ្ឋអាមេរិក ធ្វើជាអនុប្រធានគណបក្ស៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។