ដោយ ដែន អយុធ្យា RFA 2015-10-16
អភិបាលក្រុងព្រះសីហនុ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនទាំងឡាយណាដែលយកចិញ្ចើមផ្លូវ ឬចំណីផ្លូវសាធារណៈយកទៅដាក់តាំងលក់សម្ភារៈផ្សេងៗ បម្រើប្រយោជន៍ផ្ទាល់ខ្លួននាំឲ្យបាត់បង់សោភណភាពក្រុងទេសចរណ៍ និងគ្មានផ្លូវសម្រាប់អ្នកដំណើរថ្មើរជើង។ មន្ត្រីសង្គមស៊ីវិលមួយចំនួនអបអរសាទរចំពោះវិធានការនេះ ប៉ុន្តែស្នើឲ្យការអនុវត្តមានប្រសិទ្ធភាព និងឲ្យបានស្មើភាពគ្នា។
អាជ្ញាធរខេត្តព្រះសីហនុ អាចនឹងរឹបអូសយកសម្ភារៈ ឬចាប់ផាកពិន័យធ្ងន់ធ្ងរចំពោះពលរដ្ឋដែលដាក់តាំងសម្ភារៈលក់ដូរ និងចតយានយន្តគ្រប់ប្រភេទនៅតាមចិញ្ចើមថ្នល់ ឬចំណីផ្លូវសាធារណៈចាប់ពីពាក់កណ្ដាលខែតុលា ឆ្នាំ២០១៥ តទៅ ប្រសិនបើពួកគេមិនបញ្ឈប់សកម្មភាពទាំងនោះតាមការណែនាំរបស់អាជ្ញាធរទេ។
អភិបាលក្រុងព្រះសីហនុ ថ្មី លោក អ៊ី សុខឡេង ថ្លែងនៅចំពោះមុខប្រតិបត្តិករទេសចរណ៍ និងមន្ត្រីនៅតាមស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុថា ក្រោយពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់នឹងមានការចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមផ្លូវសាធារណៈ ឲ្យមានរបៀបរៀបរយឡើងវិញ។
លោកថា ការចតយានយន្ត និងការដាក់តាំងសម្ភារៈលក់ដូរនៅលើចិញ្ចើមផ្លូវ ដែលនាំឲ្យបាត់បង់សោភណភាពក្រុងទេសចរណ៍ ឬគ្មានផ្លូវសម្រាប់អ្នកធ្វើដំណើរថ្មើរជើងត្រូវតែលុបបំបាត់ឲ្យបាន៖ «ទាក់ទងចិញ្ចើមផ្លូវ ទ្រូងផ្លូវ ដែលបងប្អូនតសំយាបផ្ទះលយមកលើចិញ្ចើមផ្លូវ ឬសង់សំណង់ផ្សេងៗនៅលើចិញ្ចើមផ្លូវ អាជ្ញាធរមិនអនុញ្ញាតទៀតទេ ហើយនឹងចុះរុះរើដើម្បីរក្សារបៀបរៀបរយខេត្តទេសចរណ៍នេះឲ្យមានសោភណភាពឡើងវិញ។ អាជ្ញាធរនឹងមិនអនុញ្ញាតឲ្យមានសកម្មភាពរំលោភដីចិញ្ចើមផ្លូវទៀតទេ»។
បន្ថែមលើនេះរាល់ការចតយានយន្តដឹកអ្នកដំណើរគ្រប់ប្រភេទ ពិសេសរថយន្តដឹកទំនិញធំៗ ក៏ត្រូវកម្រិតក្នុងការបើកបរចេញ ឬចូលក្រុង ឲ្យមានរបៀបរៀបរយដែរ ព្រោះបច្ចុប្បន្ននេះមានភាពអនាធិបតេយ្យបំផុត។ លោក អ៊ី សុខឡេង មើលឃើញថា រាល់ថ្ងៃនេះ អ្នកយកចិញ្ចើមផ្លូវ ឬចំណីផ្លូវថ្នល់ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន បានកើតមានអនាធិបតេយ្យ ដោយអ្នកទាំងនោះមិនបានខ្វល់ខ្វាយជួយថែរក្សាសោភណភាពក្រុងនោះទេ។
ផ្ដើមពីបញ្ហានេះ លោក អ៊ី សុខឡេង ប្រកាសដល់ប្រជាពលរដ្ឋ ឬក្រុមអាជីវករទាំងអស់ដែលកន្លងមកបានយកចិញ្ចើមថ្នល់យកធ្វើទីតាំងប្រកបអាជីវកម្មរបស់ខ្លួនឲ្យដកខ្លួនឲ្យបានឆាប់ ហើយចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរក្សាអនាម័យក្រុងព្រះសីហនុ ឲ្យមានសោភណភាពល្អឡើងវិញ៖ «រីឯអាជីវករដែលយកតុ ឬកៅអីដាក់នៅលើចិញ្ចើមផ្លូវលក់គុយទាវ ឬកាហ្វេជាដើម គឺហាមដាច់ខាតមិនឲ្យកើតមានទៀតទេ។ សកម្មភាពនេះស្ទើរតែរកផ្លូវឲ្យថ្មើរជើងដើរពុំបានទេ»។
ទាក់ទិនបញ្ហានេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានប្រកាសគាំទ្រវិធានការរៀបចំក្រុងរបស់មន្ត្រីក្រោមឱវាទរបស់ខ្លួន។ លោកបានស្នើដល់ប្រជាពលរដ្ឋ ឬក្រុមអាជីវករឲ្យចូលរួមរក្សាសណ្ដាប់ធ្នាប់ក្រុងឲ្យបានទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍មូលដ្ឋាននេះឲ្យមានសណ្ដាប់ធ្នាប់ និងទាក់ទាញកំណើនភ្ញៀវទេសចរឲ្យចូលមកទស្សនាខេត្តបានច្រើនថែមទៀតនៅថ្ងៃអនាគត។ ត្រង់ចំណុចនេះ លោក យន្ត មីន បានស្នើសុំការយោគយល់ពីប្រជាពលរដ្ឋទូទៅ ឬប្រតិបត្តិករទេសចរនាមូលដ្ឋានខេត្តព្រះសីហនុ ចំពោះវិធានការរៀបចំសោភណភាពក្រុង ឬចិញ្ចើមផ្លូវសាធារណៈរបស់អាជ្ញាធរពេលនេះ។
ឆ្លើយតបសារព្រមាននេះ មន្ត្រីសង្គមស៊ីវិលមួយចំនួននាមូលដ្ឋានខេត្តទេសចរណ៍មួយនេះ បង្ហាញការគាំទ្រសកម្មភាពរបស់អាជ្ញាធរខេត្តព្រះសីហនុ ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់តាមផ្លូវសាធារណៈឲ្យមានរៀបរៀបរយឡើងវិញ ប៉ុន្តែស្នើឲ្យការចុះអនុវត្តឲ្យបានស្នើភាពគ្នា។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ថ្លែងគាំទ្រសកម្មភាពរៀបសណ្ដាប់ធ្នាប់នៅតាមផ្លូវសាធារណៈដែលរងការរិះគន់កន្លងមក។ ប៉ុន្តែស្នើឲ្យការអនុវត្តរបស់អាជ្ញាធរមានប្រសិទ្ធភាព និងមានសកម្មភាពឲ្យបានជាប្រចាំ៖ «ខ្ញុំគាំទ្រចំណាត់ការរបស់អាជ្ញាធរក្នុងការរៀបចំក្រុងទេសចរណ៍មួយនេះឲ្យមានសោភណភាពឡើងវិញ។ ប៉ុន្តែស្នើឲ្យការអនុវត្តមានលក្ខណៈទូទៅ នៅទូទាំងក្រុង ហើយត្រូវឲ្យមន្ត្រីតាមដានជាប្រចាំ ដើម្បីឲ្យការអនុវត្តវិធានការរៀបចំសណ្ដាប់ធ្នាប់មានរបៀបរៀបរយល្អ»។
លោក ប៊ួន ណារិទ្ធិ ទទួលស្គាល់ថា ពិតជាមានអាជីវករ ឬពលរដ្ឋមួយចំនួនបានយកចិញ្ចើមផ្លូវសាធារណៈ ដើម្បីដាក់តាំងលក់ដូរ ឬយកទៅធ្វើអាជីវកម្ម ហើយប៉ះពាល់ដល់សោភណភាពក្រុង និងគ្មានផ្លូវសម្រាប់អ្នកដំណើរពិតមែន។ ប៉ុន្តែទោះជាយ៉ាងណា មន្ត្រីសិទ្ធិមនុស្សរូបនេះបានសំណូមពរដល់អាជ្ញាធរថា មុននឹងមានវិធានការក្ដៅទៅលើអ្នកជាប់ពាក់ព័ន្ធការយកចិញ្ចើមផ្លូវសាធារណៈបម្រើប្រយោជន៍ផ្ទាល់ខ្លួន ត្រូវអនុវត្តឲ្យស្របច្បាប់ ឬចុះណែនាំដល់អ្នកជាប់ពាក់ព័ន្ធជាមុន៖ «វិធានការនេះត្រូវមានលក្ខណៈច្បាស់លាស់ និងជាក់លាក់ ហើយចំពោះចិញ្ចើមផ្លូវសាធារណៈវិញ ត្រូវឲ្យមានគំនូសសម្រាប់រថយន្តចូលចតឲ្យបានត្រឹមត្រូវ ជៀសវាងហាមតែមាត់ ប៉ុន្តែការអនុវត្តគ្មានប្រសិទ្ធភាព»។
ទោះជាបែបណាក៏ដោយចុះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ សង្កត់ធ្ងន់ថា នឹងមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ ឬក៏ក្រុមអាជីវករយកចំណីផ្លូវសាធារណៈទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួននាំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈដូចពេលកន្លងមកទៀតទេ។ លោកបន្តថា អ្នករឹងទទឹងមិនសហការជាមួយអាជ្ញាធរក្នុងការរៀបចំរបៀបរៀបរយតាមផ្លូវសាធារណៈ នឹងត្រូវទទួលរងការផាកពិន័យធ្ងន់ធ្ងរ។ បន្ថែមលើនេះ ចំពោះអាជីវករលក់ដូរនៅតាមឆ្នេរសមុទ្រ ក៏ហាមដាច់ខាតមិនឲ្យយកតុ ឬកៅអី ដាក់នៅលើឆ្នេរខ្សាច់ នាំឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរដើរឆ្លងកាត់ និងដេកសំដិលថ្ងៃដូចពេលមុនទៀតទេ។
លោក អ៊ី សុខឡេង៖ «ការចតរថយន្តលើចិញ្ចើមផ្លូវនាខេត្តព្រះសីហនុ ដែលមានការកកស្ទះច្រើនមាន ៣ ទីតាំង គឺនៅមុខផ្សារលើ មុខផ្សារពាណិជ្ជកម្ម និងនៅទល់មុខកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ហើយអាជ្ញាធរតម្រូវឲ្យរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរទាំងនោះ ត្រូវរកចំណតឲ្យបានត្រឹមត្រូវ ព្រោះអាជ្ញាធរមិនឲ្យចតនៅតាមចិញ្ចើមផ្លូវទៀតទេ»។
សារព្រមានរបស់លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុថ្មីបែបនេះ ធ្វើឡើងស្របពេលមន្ត្រីនៅតាមមន្ទីរពាក់ព័ន្ធនានា ទូទាំងខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីក្នុងស្ថាប័ននីមួយៗ ចុះរើសសំរាម ឬសំអាតអនាម័យនៅតាមទីសាធារណៈ និងតាមឆ្នេរជាដើម ជាប្រចាំខែ នៅថ្ងៃចុងសប្ដាហ៍។
យ៉ាងនេះក្តី អាជ្ញាធរខេត្តព្រះសីហនុ ថ្លែងថា យុទ្ធនាការចុះសំអាតបរិស្ថានរបស់មន្ត្រីរាជការនៅតាមស្ថាប័នរដ្ឋកន្លងមក ហាក់មិនទាន់មានការចូលរួមពីប្រជាពលរដ្ឋ ឬវិស័យឯកជនឲ្យផុលផុសនៅឡើយទេ។ ជាងនេះកាកសំណល់រឹងរាវ ត្រូវបានគេបោះចោលអនាធិបតេយ្យនៅតាមទីសាធារណៈ ឬតាមផ្លូវ បន្តកើតមានជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។
ឆ្លើយតបបញ្ហានេះ ក្រុមប្រជាពលរដ្ឋ ឬភ្ញៀវទេសចរ ដែលចូលទៅកម្សាន្តខេត្តព្រះសីហនុ បានរិះគន់ថា អាជ្ញាធរខេត្តនេះមិនបានដាក់ធុងសំរាមពង្រាយតាមផ្លូវ ឬទីសាធារណៈ សម្រាប់ទុកដាក់កាកសំណល់ឲ្យបានច្រើនទេ។ បញ្ហានេះទាំងភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវបង្កើតឲ្យមានធុងសំរាមឲ្យបានច្រើន ដាក់តាំងនៅតាមផ្លូវសាធារណៈ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋចូលរួមសំអាតអនាម័យក្រុងទេសចរណ៍ ជាមួយអាជ្ញាធរ ឲ្យមានសោភណភាពល្អនៅថ្ងៃអនាគត៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។