ដោយ អ៊ុំ រង្សី RFA 2015-10-17
អង្គភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស អះអាងថា ការចុះត្រួតពិនិត្យលើអ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទ ដែលមានពាក់ស្លាកលេខ ខ.ម. ខុសច្បាប់ ក្នុងបំណងពង្រឹងលើវិធានការចំពោះអ្នកប្រើប្រាស់ស្លាកលេខ ខ.ម. ខុសច្បាប់គ្រប់ប្រភេទនៅកម្ពុជា។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ ខែតុលា ថា ចាប់ពីថ្ងៃទី២៦ ខែតុលា ខាងមុខនេះ គ្រប់អង្គភាពកងរាជអាវុធហត្ថនឹងចុះត្រួតពិនិត្យយន្តយានគ្រប់ប្រភេទនេះទូទាំងប្រទេស។
លោកបន្តថា ការចុះត្រួតពិនិត្យនេះ នឹងធ្វើទៅតាមលក្ខណៈបច្ចេកទេស៖ «ពេលដែលយើងធ្វើហ្នឹង គឺយើងធ្វើទូទៅ ហើយយើងឆែកទៅតាមលក្ខណៈបច្ចេកទេស តើមានកាតគ្រី មានលេខតួ លេខម៉ាស៊ីន ប័ណ្ណសំគាល់ស្លាកលេខ តើត្រូវនឹងយានយន្តដែលគាត់ប្រើប្រាស់អត់ ហើយជារបស់អង្គភាពហ្នឹងត្រឹមត្រូវអត់?»។
អ្នកនាំពាក្យរូបនេះ ក៏បានស្នើឲ្យប្រជាពលរដ្ឋ មន្ត្រីកងរាជអាវុធហត្ថ និងនគរបាល ត្រូវតែអនុវត្តទៅតាមសេចក្ដីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាព បើមិនដូច្នេះទេ អង្គភាពកងរាជអាវុធហត្ថ នឹងមាននីតិវិធីតាមផ្លូវច្បាប់៖ «ទីមួយគឺយើងផ្សព្វផ្សាយរបស់យើង ជានាយទាហាន នាយទាហានរង ដែលពាក់ព័ន្ធទាំងអស់ឲ្យដឹងមុនគេ បើគាត់មានពាក់ស្លាកលេខមិនត្រឹមត្រូវ យើងនឹងណែនាំឲ្យគាត់បញ្ឈប់ជាបន្ទាន់ បើសិនជាអត់ទេ យើងនឹងប្រើវិធានការច្បាប់ដោយអនុវត្តទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក»។
សេចក្ដីណែនាំរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា បានណែនាំឲ្យអង្គភាពកងរាជអាវុធហត្ថទូទាំងប្រទេស អនុវត្ត ៨ចំណុច រួមមាន អង្គភាពកងរាជអាវុធហត្ថ នឹងធ្វើការត្រួតពិនិត្យលើអ្នកប្រើប្រាស់ស្លាកលេខ ខ.ម. ខុសច្បាប់លើយានយន្តគ្រប់ប្រភេទ បុគ្គលប្រើប្រាស់យានយន្តដែលពាក់ស្លាកលេខ ខ.ម. ត្រូវបានត្រួតពិនិត្យ នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថណាដែលរឹងទទឹងត្រូវធ្វើការឃាត់ខ្លួន និងឃាត់ទុកមធ្យោបាយនោះ ហើយចំពោះបុគ្គលណាអប់រំហើយមិនព្រមអនុវត្ត ត្រូវមានវិធានការចំពោះមុខច្បាប់ ព្រមទាំងវិធានការមួយចំនួនទៀត។
កាលពីថ្មីៗនេះ ក្រសួងមហាផ្ទៃ ក៏ធ្លាប់បានចេញសេចក្ដីប្រកាសក្នុងការពង្រឹង និងរឹតបន្តឹងយានយន្តគ្រប់ប្រភេទដែលនៅតែបន្តប្រើប្រាស់ស្លាកលេខនគរបាលជាតិ ឬ ន.ប. និងកងយោធពលខេមរភូមិន្ទ ឬ ខ.ម.។ ជាងនេះទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់ជំរុញឲ្យស្ថាប័នជំនាញរបស់រដ្ឋ ត្រូវខ្វល់ខ្វាយ និងដោះស្រាយបញ្ហានេះជាបន្ទាន់។
ផ្ទុយទៅវិញ កន្លងមកសង្គមស៊ីវិល និងពលរដ្ឋអ្នកប្រើប្រាស់បណ្ដាញសង្គមរិះគន់ថា វិធានការចំពោះយានយន្តដែលប្រើប្រាស់ស្លាកលេខ ន.ប. និង ខ.ម. ខុសច្បាប់ នៅតែពុំមានប្រសិទ្ធភាពនៅឡើយ ឬអនុវត្តបានតែមួយរយៈពេលខ្លី រួចហើយក៏វិលមករកដូចសភាពដើមវិញ។ ទាំងសង្គមស៊ីវិល និងពលរដ្ឋ ស្នើឲ្យសមត្ថកិច្ចត្រូវអនុវត្តវិធានការច្បាប់ដោយម៉ឺងម៉ាត់ចំពោះអ្នកប្រើប្រាស់រថយន្តណាដែលនៅតែបន្តប្រើប្រាស់ស្លាកលេខ ន.ប. និង ខ.ម. ដោយខុសច្បាប់នេះ៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។