ដោយ ប្រាជ្ញ ចេវ RFA 2015-10-16
មន្ត្រីរដ្ឋាភិបាលអះអាងថា រយៈពេល ៣ឆ្នាំដែលគ្មានសម្ដេចព្រះ នរោត្តម សីហនុ ស្ថានការណ៍នយោបាយមានស្ថានភាពល្អធម្មតា។ ប៉ុន្តែមន្ត្រីបក្សប្រឆាំងថា ស្ថានការណ៍នយោបាយម្ដងតឹងម្ដងធូរ ម្ដងក្ដៅម្ដងត្រជាក់ ព្រោះគ្មានអ្នកសម្របសម្រួល ហើយការចាប់ខ្លួនសកម្មជនបក្សប្រឆាំងបន្តកើតមានដដែល។
ការលើកឡើងរបស់អ្នកនយោបាយបែបនេះនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ គម្របខួប ៣ឆ្នាំ នៅថ្ងៃទី១៥ ខែតុលា។ យ៉ាងណាមិញ ការប្រារព្ធពិធីនៅឆ្នាំនេះ ហាក់ស្ងប់ស្ងាត់ជាងរាល់ៗឆ្នាំ ខណៈដែលក្នុងព្រះរាជវាំង មានធ្វើពិធីសាសនា និងនៅមុខព្រះបរមរូប ក្បែរវិមានឯករាជ្យ មានមន្ត្រីគ្រប់ស្ថាប័នចូលដាក់កម្រងផ្កាដើម្បីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ប៉ុន្តែនៅមុខព្រះបរមរាជវាំង គ្មានពិធីរាប់បាត្រដូចឆ្នាំមុនៗនោះទេ។
រដ្ឋមន្ត្រីក្រសួងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា ដឹកនាំមន្ត្រីក្នុងក្រសួងដាក់កម្រងផ្កានៅមុខព្រះបរមរូប។ ស្ថិតក្នុងសំលៀកបំពាក់សំពត់ហូលបត់ អាវកត្រង់ នៅលើស្មាមានបំពាក់ដោយឋានន្តរសក្ដិផ្កាភ្ញីវល្លិពណ៌មាស អ្នកស្រីនិយាយថា គំរូវីរភាពរបស់សម្ដេច សីហនុ សំខាន់ៗដូចជា ការទាមទារឯករាជ្យ ការរក្សាសុខសន្តិភាព បង្រួបបង្រួមប្រទេស នៅតែស្ថិតក្នុងដួងចិត្តលោកស្រី។ ក្នុងរយៈពេល ៣ឆ្នាំដែលគ្មានសម្ដេច សីហនុ អ្នកស្រីលើកឡើងថា សុខសន្តិភាពនៅតែមានដដែល ហើយការសាមគ្គីភាពរបស់អ្នកនយោបាយខ្មែរនៅតែមានដដែល៖ «គឺថា សុខសន្តិភាពនៅតែមានក្នុងប្រទេសកម្ពុជា ពីព្រោះនេះជាស្នាដៃព្រះអង្គ (ព្រះបរមរតនកោដ្ឋ) បានធ្វើទុក ហើយកូនចៅ ពោលគឺរាជរដ្ឋាភិបាលបានថែរក្សានូវអ្វីដែលជាស្នាដៃព្រះអង្គទុកមកដល់ពេលនេះដដែល»។
ពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ចាប់ផ្ដើមនៅម៉ោង ៧ព្រឹក ថ្ងៃទី១៥ ខែតុលា ដោយពុំមានឃើញវត្តមានប្រមុខព្រឹទ្ធសភា រដ្ឋសភា មកដាក់កម្រងផ្កានៅមុខព្រះបរមរូបនោះទេ។ ទោះយ៉ាងណា ក្នុងពេលដាក់កម្រងផ្កា តាមក្រសួងស្ថាប័នរបស់រដ្ឋចំនួន ៤២ស្ថាប័ន ក្រសួងខ្លះដឹកនាំដោយរដ្ឋមន្ត្រី ប្រមុខស្ថាប័ន ឬតំណាងក្រសួងស្ថាប័ន។
ចំណែកតំណាងរដ្ឋាភិបាលមានវត្តមាន លោក ស ខេង នាយករដ្ឋមន្ត្រីស្ដីទីទៅដាក់កម្រងផ្កា ខណៈលោក ហ៊ុន សែន កំពុងបំពេញភារកិច្ចនៅប្រទេសចិន។ តំណាងស្ថាប័ននីមួយៗ មានប្រមុខម្នាក់ដើរមុខគេ និងមន្ត្រីក្រោមឱវាទប្រមាណ ២០នាក់ ធ្វើដំណើរតាមក្រោមយឺតៗ យកកម្រងផ្កាទៅដាក់ថ្វាយព្រះបរមរូប អមដោយសំឡេងត្រែ។
ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានសោយទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា នាទីក្រុងប៉េកាំង ប្រទេសចិន ដោយរោគគាំងបេះដូង ក្នុងព្រះជន្ម ៩០ព្រះវស្សា។ នៅក្នុងប្រតិទិនឈប់សម្រាករបស់រដ្ឋាភិបាល កំណត់យកថ្ងៃទី១៥ ខែតុលា ជាថ្ងៃឈប់សម្រាកក្នុងពិធីគម្រប់ខួបនៃការយាងសោយទិវង្គតព្រះបរមរតនកោដ្ឋ។
ស្នាព្រះហស្តសំខាន់ៗរបស់ព្រះ នរោត្ដម សីហនុ ដែលចារទុកក្នុងប្រវត្តិសាស្ត្រ គឺទាមទារឯករាជ្យពីបារាំង ទាមទារប្រាសាទព្រះវិហារ ពីប្រទេសថៃ ធ្វើឲ្យសេដ្ឋកិច្ចប្រទេសមានការរីកចំរើនខ្លាំងក្នុងពេលព្រះអង្គដឹកនាំប្រទេស និងបង្កើតសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ជាដើម។ ប៉ុន្តែ មានការរិះគន់ថា ព្រះអង្គក៏មានជាប់ពាក់ព័ន្ធរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបមួយធ្វើឲ្យកម្ពុជា ធ្លាក់ដល់លេខសូន្យ និងពលរដ្ឋខ្មែររាប់ម៉ឺននាក់បានបាត់បង់ជីវិតនៅក្នុងរបបនោះ។
ទន្ទឹមនឹងការប្រារព្ធនេះដែរ គណបក្សសង្គ្រោះជាតិ បានរៀបចំប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសល និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅទីស្នាក់ការកណ្ដាលរបស់ខ្លួនក្នុងក្រុងភ្នំពេញ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញាឫទ្ធិ លើកឡើងថា ក្រោយការសោយទិវង្គតព្រះបរមរតនកោដ្ឋ ហាក់បីដូចជាគ្មាននិរន្តរភាពមួយដែលមិនបានយកច្បាប់ធ្វើជាគោលការណ៍។
លោកបន្តថា ចំពោះការដោះស្រាយបញ្ហានយោបាយដែលគ្មានសម្ដេច សីហនុ ជាអ្នកសម្របសម្រួល អ្នកនយោបាយខ្មែរពេលខ្លះមានចេតនាចង់ដោះស្រាយបញ្ហា ពេលខ្លះអ្នកនយោបាយគ្មានឆន្ទៈក្នុងការដោះស្រាយនោះទេ៖ «យើងសង្កេតឃើញថា ពេលខ្លះហាក់បីដូចជាមានចេតនាចង់ដោះស្រាយ ប៉ុន្តែពេលខ្លះហាក់គ្មានសុឆន្ទៈពិតប្រាកដ។ ទាំងអស់នេះហើយធ្វើឲ្យមានការពិបាក ព្រោះរដ្ឋធម្មនុញ្ញក៏បានចែងពីការចូលរួមរបស់ពលរដ្ឋក្នុងវិស័យ វប្បធម៌ សេដ្ឋកិច្ចជាដើម។ នៅរយៈពេលចុងក្រោយនេះ យើងឃើញថា មានការគាបសង្កត់ ការចោទប្រកាន់ និងការចាប់ដាក់ពន្ធនាគារជាដើម ហើយនៅពេលយើងលើកបញ្ហានេះ គេថាច្បាប់»។
អ្នកចូលរួមដាក់កម្រងការផ្កាព្រះបរមរូប ម្នាក់ គឺលោក រិត សុខុន អនុប្រធានការិយាល័យអភិវឌ្ឍន៍នៃនាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា បង្ហាញមោទនភាពនៅពេលបានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ។ លោកយល់ថា ទោះនយោបាយកម្ពុជា មានការជាប់គាំងក្តី ប៉ុន្តែអ្នកនយោបាយខ្មែរទាំងពីរគណបក្សដោះស្រាយទៅវិញដោយបង្កើតវប្បធម៌សន្ទនា៖ «សង្កេតឃើញថា នៅពេលព្រះអង្គសោយទិវង្គត (ព្រះបរមរតនកោដ្ឋ) អ្នកនយោបាយទាំងពីរគណបក្ស មានការបង្កើតវប្បធម៌សន្ទនា ដែលធ្វើឲ្យសង្គមជាតិមានការរួបរួមជាតិឡើងវិញ ទោះបីជាមានបញ្ហានយោបាយបន្តិចក្តី»។
ពិធីដាក់កម្រងការផ្លូវការរបស់ស្ថាប័នរដ្ឋ ត្រូវបានបញ្ចប់នៅម៉ោងជិត ១០ព្រឹក ថ្ងៃទី១៥ ខែតុលា ដដែល ហើយនេះជាឱកាសឲ្យពលរដ្ឋទូទាំងប្រទេសបានចូលទៅដាក់កម្រងផ្កា ខណៈដែលមន្ត្រីអ្នកមុខអ្នកការចាកចេញពីទីប្រារព្ធពិធី។
លោកស្រី ញឹម វ៉ាន់ ជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ អង្គុយក្រោមម្លប់ឈើ ចម្ងាយជាង ៥០ម៉ែត្រពីព្រះបរមរូប រង់ចាំរដាក់កម្រងផ្កា ខណៈដែលមន្ត្រីស្ថាប័នរដ្ឋកំពុងប្រារព្ធពិធី។ លោកស្រីថា លោកស្រីស្កាត់មកចូលរួមពិធីនៅពេលនេះ ព្រោះលោកស្រីនៅតែគោរពស្រលាញ់ព្រះបរមរតនកោដ្ឋ។ លោកស្រីបន្តថា លោកស្រីចង់ឲ្យអ្នកដឹកនាំជំនាន់ក្រោយ ចេះការពារទឹកដី អភិវឌ្ឍប្រទេសដូចសម្រេច សីហនុ រក្សាសាមគ្គីភាព ស្រលាញ់ជាតិសាសន៍របស់ខ្លួន។ ពលរដ្ឋដដែលនិយាយថា លោកស្រីមិនចង់ឃើញអ្នកនយោបាយឈ្លោះទាស់ទែងនៅពេលដែលគ្មានព្រះសម្ដេច សីហនុ នោះឡើយ៖ «ខ្ញុំចង់ឲ្យវីរជនកូនខ្មែរទាំងអស់ចេះស្រលាញ់ជាតិមាតុភូមិដូចព្រះអង្គ (ព្រះបរមរតនកោដ្ឋ) មើលជាតិ មើលទឹកដី គោរពច្បាប់ គោរពវីរជនដែលបានលះបង់ជីវិតដើម្បីទឹកដី។ អ្នកជំនាន់ក្រោយត្រូវចេះធ្វើដូចព្រះអង្គ»។
ក្រៅពីការប្រារព្ធពិធីនៅមុខព្រះបរមរូប ក្នុងទីធ្លាសួនច្បារវិមានឯករាជ្យ នៅក្នុងរាជវាំងក៏មានធ្វើពិធីសាសនាដែរ។ ព្រះមហាក្សត្រ និងសម្ដេចម៉ែ បានរាប់បាត្រព្រះសង្ឃ ៩០អង្គ ដោយមានប្រមុខស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាលចូលរួមផង។ ថ្លែងឲ្យវិទ្យុអាស៊ីសេរី ដឹងកាលពីថ្ងៃទី១៤ ខែតុលា ទីប្រឹក្សានៃព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ គឺលោក អ៊ុំ ដារ៉ាវុធ មានប្រសាសន៍ថា នៅក្នុងព្រះបរមរាជវាំងមានប្រារព្ធពិធីនៅមុខចេតិយព្រះគន្ធបុប្ផា។ លោកបន្តថា ពិធីសាសនាដែលធ្វើនោះ មានធ្វើទាំងពិធីព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។