អង្គការលើកលែងទោសអន្តរជាតិ ៖ សិទ្ធិមនុស្សនៅកម្ពុជាបានដើរថយក្រោយ
RFI (Radio France International)
Thu the 8th Waxing Moon of Phagguṇa B.E.2561, February 22, A.D.2018 Year of the Rooster
អង្គការលើកលែងទោសអន្តរជាតិ Amnesty International@សហការី
អង្គការលើកលែងទោសអន្តរជាតិ Amnesty International នៅថ្ងៃទី២២កុម្ភៈនេះបានចេញផ្សាយរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ២០១៧ ដោយបានវាយតម្លៃទៅលើស្ថានភាពសិទ្ធិក្នុងប្រទេស១៥៩ នៅលើពិភពលោក។ អំពីកម្ពុជា អង្គការលើកលែងទោសអន្តរជាតិ មើលឃើញថា សេរីភាពនៃសិទ្ធិមនុស្សបានដើរថយក្រោយក្នុងឆ្នាំកន្លងមក។ តែសម្រាប់អ្នកនាំពាក្យគណបក្សកាន់អំណាចអះអាងថា គ្រប់យ៉ាងដែលរដ្ឋាភិបាលធ្វើគឺអនុវត្តតាមច្បាប់។
ការវាយតម្លៃរបស់អង្គការលើកលែងទោសអន្តរជាតិ Amnesty International ដែលថាសេរីភាពនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជាបានដើរថយក្រោយក្នុងឆ្នាំកន្លងមក គឺផ្អែកទៅលើការបង្ក្រាបក្រុមប្រឆាំង តាមរយៈការរំលាយគណបក្សប្រឆាំង។ ហើយក្នុងនោះរដ្ឋាភិបាលក៏បានប្រើប្រាស់ប្រព័ន្ធតុលាការរបស់ខ្លួនដើម្បីបង្ក្រាបទៅលើសម្លេងប្រឆាំងផងដែរ។ នេះបើតាមអង្គការលើកលែងទោសអន្តរជាតិ។
អង្គការដដែលក៏បានលើកឡើងទៀតថា ការបិទការិយាល័យកាសែត ខេម បូឌាដេលីការបិទប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមាន វិទ្យុអាស៊ីសេរី ឬការបញ្ជាពីរដ្ឋាភិបាលឲ្យវិទ្យុក្នុងស្រុកបញ្ឈប់ការជួលម៉ោងផ្សាយ ទៅឲ្យវិទ្យុបរទេសក៏ជាផ្អែកមួយធ្វើឲ្យសិទ្ធិមនុស្សនៅកម្ពុជាដើរថយក្រោយដែរ។
ទាក់ទងទៅនឹងការលើកឡើងរបស់អង្គការលើកលែងទោសអន្តរជាតិដូច្នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានឆ្លើយតបទៅវិញថា អ្វីដែលរដ្ឋាភិបាលអនុវត្តផ្អែកទៅតាមច្បាប់។ ច្បាប់តម្រូវឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងនោះបង់ពន្ធជូនរដ្ឋ និងចុះបញ្ជីដំណើរការការងារនៅកម្ពុជា។ តែស្ថាប័នទាំងនោះមិនបានអនុវត្តដូចច្បាប់កម្ពុជាតម្រូវឡើយ។ ហើយច្បាប់ក៏តម្រូវឲ្យអ្នកនយោបាយគោរពច្បាប់ តែបើមិនគោរពច្បាប់នឹងមានវិធានការទៅវិញ។ នេះបើតាមលោក សុខ ឥសាន។
សូមបញ្ជាក់ថា ក្រៅពីកម្ពុជា នៅក្នុងរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិដែលមានកម្រាស់ជិត៥០០ទំព័រនេះ ក៏បានធ្វើការវាយតម្លៃទៅលើប្រទេស១៥៩ផ្សេងទៀតនៅលើពិភពលោក។ ក្នុងនោះប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀតរួមមាន៖ថៃ ម៉ាឡេស៊ី និងភូមា ក៏ត្រូវបានអង្គការលើកលែងទោសអន្តរវាយតម្លៃដូចកម្ពុជាដែរ។
សម្រាប់ប្រទេសថៃ ម៉ាឡេស៊ី និងកម្ពុជា ត្រូវបានអង្គការលើកលែងទោសអន្តរជាតិសម្ដែងក្ដីបារម្ភ ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់។ ជាទូទៅមានភស្តុតាងជាច្រើនបង្ហាញថា រដ្ឋាភិបាលនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មានវិធានការណ៍ជាច្រើនទៅក្រុមប្រឆាំងមុនការបោះឆ្នោតមកដល់។ អង្គការលើកលែងទោសអន្តរជាតិក៏បានព្រមានរដ្ឋាភិបាលនៃប្រទេសដូចបានរៀបរាប់ខាងលើគួរផ្លាស់ប្តូរឥរិយាបថ កុំប្រើការបោះឆ្នោតដើម្បីជាលេសដើម្បីរឹតត្បឹតសិទ្ធិមនុស្ស។
ចំណែក នៅប្រទេសហ្វីលីពីនអង្គការលើកលែងទោសអន្តរជាតិបានរិះគន់ចំពោះ ប្រធានាធិបតីឌូទែតេដែលបានប្រើវោហាសាសន៍វាយប្រហារទៅក្រុមអ្នកសិទ្ធិមនុស្ស និងបានឈានទៅបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលតែងតែវាយប្រហាររដ្ឋាភិបាលហ្វីលីពីន។ ដោយឡែកនៅភូមា អ្នកកាសែតភូមាពីរនាក់ ដែលបម្រើការឱ្យភ្នាក់ងារព័ត៌មានReuters ត្រូវបានតុលាការចោទប្រកាន់ ពីបទប៉ះពាល់ការសម្ងាត់រដ្ឋ តាមរយៈការស៊ើបរកព័ត៌មាន ស្តីពីសកម្មភាពរបស់យោធាភូមាបង្ក្រាបជនជាតិភាគតិច នៅភាគខាងលិចប្រទេស៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។