រដ្ឋាភិបាលកម្ពុជាជំពាក់បំណុលចិនសរុបជិត៣ពាន់លានដុល្លារអាមេរិក
Fri 10th Waning Moon of Citta B.E.2560, April 21, A.D.2017 Year of the Rooster
វិទ្យុអាស៊ីសេរី
គិតត្រឹមដំណាច់ឆ្នាំ២០១៦ នេះ រដ្ឋាភិបាលកម្ពុជា ជំពាក់បំណុលប្រទេសចិន សរុបជិត ៣ពាន់លាន ឬ ៣ប៊ីលានដុល្លារអាមេរិក។ បំណុលទាំងនេះមិនទាន់រាប់បញ្ចូលពីបំណុលចាស់ដែលបន្សល់ទុកដោយរដ្ឋាភិបាលជំនាន់មុនជំពាក់ប្រទេសចិន មុនឆ្នាំ១៩៩៣ នៅឡើយទេ។
ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា ជំពាក់បំណុលប្រទេសចិន ច្រើនជាងប្រទេសណាៗទាំងអស់។ គិតត្រឹមបំណាច់ឆ្នាំ២០១៦ កម្ពុជាជំពាក់ចិន សរុប ២.៨១៨,៣៧ លានដុល្លារអាមេរិក។ តួលេខដដែលឲ្យដឹងទៀតថា សរុបត្រឹមឆ្នាំ២០១៦ រដ្ឋទូទាត់បំណុលសងទៅប្រទេសចិន វិញ បានសរុបចំនួនជិត ២៦០លានដុល្លារអាមេរិក។
ក្រៅពីម្ចាស់បំណុលចិន រដ្ឋក៏កំពុងជាប់ជំពាក់បំណុលស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងប្រទេសធំៗដទៃទៀតជាច្រើនផងដែរ។ សម្រាប់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ រដ្ឋជំពាក់រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួនជិត ១.១៣០លានដុល្លារអាមេរិក (១.១២៨,៩១) ធនាគារពិភពលោក (WB) ចំនួនជាង ៥១៨លានដុល្លារអាមេរិក (៥១៨,១៤) មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ចំនួនជាង ៥១លានដុល្លារអាមេរិក (៥១,២៨) មូលនិធិអូប៉ិចសម្រាប់ការអភិវឌ្ឍអន្តរជាតិ (OFID) ចំនួនជាង ៣៣លានដុល្លារអាមេរិក (៣៣,៤៦) និងមូលនិធិអភិវឌ្ឍន៍ន័រឌឹក (NDF) ចំនួនជាង ៩លានដុល្លារអាមេរិក (៩,២៤)។
ក្រៅពីចិន កម្ពុជាក៏ជំពាក់ប្រាក់ប្រទេសកូរ៉េខាងត្បូង នៅលំដាប់ទីពីរសរុបជាប្រាក់ ២៨០លានដុល្លារអាមេរិក។ ប្រទេសជប៉ុន ឈរក្នុងលំដាប់ទីបីដែលកម្ពុជា ជំពាក់សរុបចំនួនជាង ២០៨លានដុល្លារអាមេរិក (២០៨,៣៦) ប្រទេសបារាំង សរុបចំនួនជាង ៥៨លានដុល្លារអាមេរិក (៥៨,៤០) និងប្រទេសឥណ្ឌា សរុបចំនួនជាង ៤២លានដុល្លារអាមេរិក (៤២,២៣)។
ក្រៅពីប្រទេសធំៗដែលបានរៀបរាប់ពីខាងលើនេះ កម្ពុជាក៏បានជំពាក់បំណុលប្រទេសជិតខាងភូមិផងរបងរបស់ខ្លួនផងដែរ។ រដ្ឋជំពាក់ប្រទេសថៃ ជាង ៥៤លានដុល្លារអាមេរិក (៥៤,៣២) និងប្រទេសវៀតណាម សរុបចំនួនជាង ២៥លានដុល្លារអាមេរិក (២៥,៦២)។
ជារួម បំណុលសាធារណៈក្រៅប្រទេសដែលរដ្ឋជំពាក់ទាំងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងប្រទេសម្ចាស់បំណុល គិតត្រឹមបំណាច់ឆ្នាំ២០១៦ មានសរុបចំនួនជិត ៦ពាន់លានដុល្លារអាមេរិក ឬ ៦ប៊ីលានដុល្លារអាមេរិក។ តួលេខនេះរួមបញ្ចូលទាំងបំណុលចាស់សរុបជា ៦៣៥លានដុល្លារអាមេរិក (៦៣៥,១៩) ដែលក្នុងបំណុលនេះ កម្ពុជាជំពាក់បំណុលសហរដ្ឋអាមេរិក កាលពីសម័យសង្គ្រាមសរុបទាំងដើមទាំងចុងចំនួន ៥០៥លានដុល្លារអាមេរិក ផងដែរ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យនិយមន័យបំណុលសាធារណៈក្រៅប្រទេសថា សំដៅដល់បំណុលក្រៅប្រទេសរបស់រដ្ឋដែលកើតឡើងស្របតាមច្បាប់អនុញ្ញាត ដោយមិនគិតបញ្ចូលបំណុលដែលពុំមានការធានាពីរដ្ឋ។ ក្នុងបរិការណ៍កម្ពុជា បច្ចុប្បន្នបំណុលនេះមានតែការខ្ចីឥណទានសម្បទានពីដៃគូអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគីក្រៅប្រទេសប៉ុណ្ណោះ។ ដោយឡែកបំណុលចាស់ គឺសំដៅដល់បំណុលដែលបន្សល់ទុកដោយរដ្ឋាភិបាលជំនាន់មុនជាបំណុលដែលបានកើតឡើងមុនឆ្នាំ១៩៩៣។ ភាគច្រើននៃបំណុលទាំងនេះ ត្រូវបានចរចាដោះស្រាយជាមួយដៃគូរួចរាល់ហើយ ក្នុងនោះមួយចំនួនត្រូវបានទូទាត់សងរួចរាល់ជាស្ថាពរ និងមួយចំនួនកំពុងត្រូវបានទូទាត់តាមកម្មវិធីសងក្នុងកិច្ចព្រមព្រៀង។
គិតចាប់ពីឆ្នាំ២០១៤ មក កម្ពុជាទូទាត់សងបំណុលបរទេសជាមធ្យមក្នុងមួយឆ្នាំៗសរុបមិនតិចជាង ១៥០លានដុល្លារអាមេរិក។ របាយការណ៍ដដែលឲ្យដឹងថា យោងតាមការព្យាករ រដ្ឋាភិបាលគ្រោងនឹងខ្ចីបំណុលបន្ថែមពីបរទេសជិត ១ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧ នេះ និងឲ្យបានជាង ១.០៧៧,៤៣លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៨។ របាយការណ៍ក៏បានព្យាករផងដែរថា នៅត្រឹមឆ្នាំ២០២១ បំណុលដែលរដ្ឋនឹងជំពាក់បរទេស និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិសរុបនឹងកើនឡើងរហូតដល់ទៅជាង ១ម៉ឺនលានដុល្លារអាមេរិក ឬជាង ១០ប៊ីលានដុល្លារអាមេរិក។
យ៉ាងណាក៏ដោយ របាយការណ៍នេះមិនបានបញ្ជាក់លម្អិតពីអត្រាការប្រាក់ដែលប្រទេសម្ចាស់បំណុលទាំងនោះ តម្រូវឲ្យកម្ពុជា ចេញសងជាមួយនឹងកម្ចីដើមនោះឡើយ។ គិតត្រឹមយប់ថ្ងៃទី២០ ខែមេសា នេះ អាស៊ីសេរីនៅមិនទាន់អាចទាក់ទងមន្ត្រីនាំពាក្យក្រសួងសេដ្ឋកិច្ច ឬអ្នកឃ្លាំមើលស្ថានភាពនយោបាយកម្ពុជា ដើម្បីស្នើសុំសេចក្ដីពន្យល់លម្អិត និងវិភាគអំពីករណីនេះបាននៅឡើយទេ។
បើទោះជាចំនួនបំណុលសរុបដែលរដ្ឋាភិបាលកម្ពុជា ជំពាក់បរទេសចេះតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរយ៉ាងណាក៏ដោយ របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដដែលអះអាងតាមរយៈការសន្និដ្ឋានរបស់ខ្លួនថា “ដោយផ្អែកតាមបទដ្ឋានបច្ចេកទេសអន្តរជាតិ” ស្ថានភាពបំណុលសាធារណៈកម្ពុជា បច្ចុប្បន្នមាន “ចិរភាព” និងមាន “ហានិភ័យកម្រិតទាប”៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។