ក្រសួងធម្មការហាមសហគមន៍ខ្មែរក្រោមមិនឲ្យហែកឋិនទៅវត្តប៉ាក់ណាមនៅស្រុកកោះធំ
Tue the 7th Waning Moon of Assayuja B.E.2559, November 3, A.D.2015 Year of the Goat
Courtesy Vayo
ក្រសួងធម្មការនិងសាសនាបានហាមឃាត់ មិនឲ្យសហគមន៍ខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ ហែកឋិនចូលក្នុងវត្តប៉ាក់ណាម ដែលស្ថិតនៅភូមិប៉ាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០១៥។ នេះបើតាមការឲ្យដឹងពីលោក
ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម។
លោកបានបន្តថា កាលពីប៉ុន្មានថ្ងៃមុនមានខាងមន្ត្រីក្រសួងធម្មការ និងសាសនា ចុះទៅប្រាប់ព្រះសង្ឃដែលគង់នៅក្នុងវត្តប៉ាក់ណាម និងប្រជាពលរដ្ឋថា កឋិនមិនអាចហែចូលក្នុងវត្តប៉ាក់ណាមបានទេ ព្រោះមិនមានព្រះសង្ឃ គង់នៅក្នុងវត្ត។ គេបានជម្លៀសព្រះសង្ឃចេញពីវត្តអស់ដោយមូលហេតុវិហារចាស់ និងបញ្ហាមួយចំនួនទៀតដែលលោកមិនយល់។
លោកថាច់ សេដ្ឋាក៏បង្ហាញនូវការសោកស្តាយដោយសារវាជាប្រពៃណីវប្បធម៌ ជាពិសេសជាបុណ្យខាងសាសនា តែត្រូវគេបំពានទៅលើសេរីភាពជំនឿ ហើយម្យ៉ាងទៀតវត្តប៉ាក់ណាម នេះជាវត្តនៅព្រំដែន ដែលយើងគួរណាស់ជម្រុញលើកទឹកចិត្តឲ្យសាងសង់វត្ត និងមានប្រជាពលរដ្ឋនៅព្រំដែនឲ្យបានច្រើន។
អ្នកនាំពាក្យប្រសួងធម្មការ និងសាសនាសូមមិនធ្វើការបកស្រាយទាក់ទងនឹងបញ្ហានេះ៕
ប្រភពព័ត៌មាន វិទ្យុវាយោ ដោយ៖ គីម ចាន់ចាវ ថ្ងៃទី០៤ វិច្ឆិកា ព.ស.២៥៥៩ គ.ស.២០១៥
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។