ខ្ញុំព្រះករុណាខ្ញុំ ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអតីតសមាជិកព្រឹទ្ធសភា សូមព្រះអនុញ្ញាតទូលប្រគេន និងជូនដំណឹង ព្រះករុណាព្រះគុណម្ចាស់គ្រប់ព្រះអង្គ និងបងប្អូនរួមឈាមទាំងអស់ ព្រះមេត្តា និងមេត្តាជ្រាបថា ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ បានទទួលដីកាកោះឲ្យចូលសវនាការរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ តាមរយៈមេធាវី សំ សុគង់ អំពីបទ រួមគំនិតក្បត់ និងបទញុះញង់់ ឲ្យមានភាពវឹកវរធ្ងន់ដល់សន្តិសុខសង្គម កាលពីអំឡុងគ.ស.២០១៩។ តាមការពិនិត្យមើលនៅលើដីកាកោះនេះ បានវាយឈ្មោះខ្ញុំព្រះករុណាខ្ញុំខុស ថ្ងៃកំណើតខុស អាសយដ្ឋានបច្ចុប្បន្នខុស។ ហើយបច្ចុប្បន្ននេះទៀតសោត ខ្ញុំព្រះករុណាខ្ញុំ កំពុងមានទុក្ខជាទម្ងន់ដោយលោកឳពុកជាទីគោរព
សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ខ្ញុំព្រះករុណាខ្ញុំទើបតែអនិច្ចកម្មបានមួយសប្តាហ៍ និងមានជំងឺបេះដូងប្រចាំកាយយ៉ាងធ្ងន់។ តែទោះជាយ៉ាងណាក្តី ក៏ខ្ញុំព្រះករុណាខ្ញុំ បានសម្រេចចិត្តថា នឹងចូលរួមសវនាការតាមកាលកំណត់នៃដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា គ.ស.២០២០ ឲ្យខាងតែបាន ដើម្បីបង្ហាញពីភាពបរិសុទ្ធ ស្មោះត្រង់នឹងជាតិ សាសនា ព្រះមហាក្សត្រ។ សេចក្តីដូចបានទូលប្រគេន និងជម្រាបជូនខាងលើ សូមព្រះករុណាព្រះគុណម្ចាស់គ្រប់ព្រះអង្គ និងបងប្អូនរួមឈាមទាំងអស់ ព្រះមេត្តា និងមេត្តាជ្រាបតាមការគួរ។ ថាច់ សេដ្ឋា
ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា គ.ស.២០២០
Monday the 2nd Waxing Moon of Māgasira B.E.2564 equivalent to November 16, A.D.2020 Year of the Rat
(more…)
ខ្ញុំព្រះករុណាខ្ញុំ សូមព្រះអនុញ្ញាត និងអនុញ្ញាតថ្លែងនូវកតញ្ញូតាធម៌និងអំណរព្រះគុណនិងអរគុណយ៉ាងជ្រាលជ្រៅប្រគេនព្រះគុណម្ចាស់គ្រប់ព្រះអង្គ បងប្អូនរួមឈាមខ្មែរទាំងអស់ ដែលបានចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារយើងខ្ញុំ ព្រមទាំងបានចូលបច្ច័យធ្វើបុណ្យជូនវិញ្ញាណក្ខន្ធលោកឪពុកព្រះករុណាខ្ញុំទៀតផង។ ដោយឥដ្ឋមនុញ្ញផលដែលកើតពីបុណ្យសពនៃលោកឪពុកបង្កើតរបស់ខ្ញុំព្រះករុណាខ្ញុំនេះ ខ្ញុំព្រះករុណាខ្ញុំ សូមឧទ្ទិសកុសលប្រគេនព្រះវិញ្ញាណនិងវិញ្ញាណវីរបុរស វីរសមណៈខ្មែរស្នេហាជាតិទាំងអស់ ព្រមទាំងវិញ្ញាណបុព្វការីជនរបស់ព្រះគុណម្ចាស់គ្រប់ព្រះអង្គនិងនិងអស់លោក លោកស្រីទាំងអស់ និងសូមគោរពប្រគេននិងជូននូវពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ អំពីក្រុមគ្រួសារយើងខ្ញុំ។ ថាច់ សេដ្ឋា
ថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា គ.ស.២០២០
Sunday the 1st Waxing Moon of Māgasira B.E.2564 equivalent to November 15, A.D.2020 Year of the Rat
ក្បួនដង្ហែសពឧបាសក ថាច់ អឿង ញោមប្រុសឯកឧត្ដម ថាច់ សេដ្ឋា ខេត្តព្រះត្រពាំង កម្ពុជាក្រោម
Funeral Procession of the late Mr. Thach Oeung’s Casket, father of Hon. Thach Setha, in Preah Trapeang province, Kampuchea Krom
ថ្ងៃអង្គារ ១១រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា គ.ស.២០២០
Wednesday the 12th Waning Moon of Kattikā B.E.2564 equivalent to November 11, A.D.2020 Year of the Rat
ពិធីបុណ្យឈាបនកិច្ចឧបាសក ថាច់ អឿង នៅកម្ពុជាក្រោម
ខ្ញុំព្រះករុណា ខ្ញុំបាទ ថាច់ សេដ្ឋា តំណាងក្រុមគ្រួសារសពលោកព្រឹទ្ធាចារ្យនាម ថាច់ អឿង សូមគោរពថ្លែងនូវអំណរព្រះគុណនិងអរគុណប្រគេនព្រះចៅអធិការ និងព្រះសង្ឃ ដែលបានចំណាយពេលវេលាដ៏មានតម្លៃដឹកនាំពុទ្ធបរិស័ទធ្វើដំណើររាប់សឹបគីឡូម៉ែត្រ មកបង្សុកុលជូនកុសលលោកឪពុករបស់ខ្ញុំព្រះករុណា ខ្ញុំបាទ ដោយផ្ទាល់។ នេះជាការសម្តែងឲ្យឃើញច្បាស់នូវការគោរពនិងផ្តល់តម្លៃដ៏ធំធេងចំពោះការលះបង់ដើម្បីជាតិនិងព្រះពុទ្ធសាសនារបស់លោកឪពុកយើងខ្ញុំ។ គ្រប់អ្នកសិក្សារៀនសូត្រ អ្នកប្រាជ្ញបញ្ញវ័ន្ត មន្រ្តីរាជការធំតូចទាំងឡាយដែលបានឆ្លងកាត់ការសិក្សារៀនសូត្រនៅវត្តគោបាលនិគ្រោធ ផ្នោព្រាល ក្នុងឃុំតាសឹក ស្រុកថ្កូវ ខេត្តព្រះត្រពាំង កម្ពុជាក្រោមប្រាកដជាស្គាល់លោកព្រឹទ្ធាចារ្យ ថាច់ អឿង ជាក់ជាមិនខាន។ នៅថ្ងៃនេះមានព្រះសង្ឃនិងពុទ្ធបរិស័ទតាមវត្តនានាបាននិមន្តបង្សុកូលជូនសពលោកព្រឹទ្ធាចារ្យ ថាច់ អឿង មានដូចតទៅ៖ ១.ព្រះចៅអធិការវត្តស្លាបប៉ាង ស្រុកមាត់សមុទ្រ។ ២.វត្តជ្រៃតាសូ ស្រុកមាត់សមុទ្រ។ ៣.វត្តចុងផ្នោ ស្រុកផ្នោដាច់។ ៤.វត្តចុងមេស ស្រុកផ្នោដាច់។ ៥.វត្តកោះស្លា ស្រុកថ្កូវ។ ៦.វត្តថ្កូវ ស្រុកថ្កូវ។ ៧.វត្តអូត្រាវ ស្រុកកញ្ចោង។ ៨.វត្តកណ្តាល ស្រុកកំពង់ស្ពាន។ ៩.វត្តមេពាំង ស្រុកកំពង់ស្ពាន។ ១០.វត្តសេរីបឹនភឿក ខេត្តទួលតាមោក។ ជាថ្មីម្តងទៀតយើងខ្ញុំ ជាកូន ជាចៅ សូមថ្លែងនូវអំណរព្រះគុណនិងអរគុណយ៉ាងជ្រាលជ្រៅ និងសូមប្រគេនពរ និងជូននូវពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃអង្គារ ១១រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា គ.ស.២០២០
Tuesday the 11th Waning Moon of Kattikā B.E.2564 equivalent to November 10, A.D.2020 Year of the Rat
(more…)
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។