អ្វីទៅដែលហៅថាសុភាវធម៌?
សុភាវធម៌ = សុ (ល្អ ប្រពៃ ប្រសើរ) + ភាវ (ភាព) + ធម៌ (ឱវាទ ក្រឹត្យក្រម ពាក្យទូន្មានណែនាំ ច្បាប់ វិន័យ)
សុភាវធម៌ មានន័យថា ជាក្រឹត្យក្រម ច្បាប់វិន័យអប់រំ ដើម្បីឲ្យមនុស្ស មានដំណើរក្នុងភាពជាមនុស្សល្អប្រពៃប្រសើរ។ ហើយសុភាវធម៌ ចែកចេញជាបីគឺ សុជីវធម៌ សីលធម៌ និងគុណធម៌។
តើអ្វីទៅសុជីវធម៌?
សុជីវធម៌ = សុ (ល្អ ប្រពៃ ប្រសើរ) + ជីវ (ជីវិត) + ធម៌ (ឱវាទ ក្រឹត្យក្រម ច្បាប់ វិន័យ ពាក្យទូន្មានណែនាំ)
សុជីវធម៌ សំដៅទៅលើច្បាប់អប់រំខ្លួន ដើម្បីរក្សាដំណើរជីវិត ឲ្យប្រពៃសមសួន។ សុជីវធម៌ មានរួមបញ្ចូលនូវការអប់រំផ្សេងៗ ដូចជា ៖
- ការប្រើពាក្យពេចន៍ និងការប្រព្រឹត្ដិកិរិយាឲ្យសមសួន តាមវ័យ ឋានៈ និងទីកន្លែង ជាដើម
- ការរៀនទទួលខុសត្រូវចំពោះមុខនាទីរបស់ខ្លួន
- ការទទួលស្គាល់ដឹងថា ខ្លួនជាផ្នែកមួយនៃសង្គម ត្រូវស្គាល់ច្បាប់ទម្លាប់ និងវិន័យ ដែលមានចែង សម្រាប់រក្សាសណ្ដាប់ធ្នាប់ វិន័យ និងរបៀបរៀបរយក្នុងគ្រួសារ ឬក្នុងសង្គម។
តើអ្វីទៅសីលធម៌?
កន្លងមក ខ្មែរយើងខ្លះ ចំណាំនាំគ្នាប្រើពាក្យនេះ តាមសម័យប៉ុលពត ដែលគេប្រើពាក្យនេះ សំដៅទៅលើចំណងរវាងបុរសនិងស្ត្រី។ តែពេលនេះ យើងសិក្សាអំពីអត្ថន័យពិតប្រាកដរបស់ពាក្យសីលធម៌។
សីលធម៌ = សីល (ដំណើរប្រព្រឹត្តវៀរចាកអំពើបាប ឬអំពើអាក្រក់) + ធម៌ (ឱវាទ ក្រឹត្យក្រម ច្បាប់ វិន័យ ពាក្យទូន្មានណែនាំ)
សីលធម៌ សំដៅទៅលើវិន័យក្រឹត្យក្រមសម្រាប់អប់រំខ្លួនឲ្យប្រព្រឹត្តកាយ វាចា ចិត្ត វៀរចាកនូវអំពើបាប ឬអំពើអាក្រក់ ។ តើសីលធម៌មានអ្វីខ្លះ?
នៅក្នុងព្រះពុទ្ធសាសនា ជនសាមញ្ញទូទៅ ហោចណាស់ ត្រូវរៀនកាន់ក្រឹត្យ វិន័យឲ្យបានប្រាំសាខាធំៗ គឺ ៖
- មិនគិត មិនប្រព្រឹត្ត អំពើពាលា យាយី រំខាន ជីវិត ឬសេចក្ដីសុខ របស់ខ្លួន ឬ របស់អ្នកដទៃ ដោយ កាយ វាចា ចិត្ត និងគំនិត។
- មិនលួចកេងប្រវ័ញ្ច លើអ្នកដទៃ ដើម្បីប្រយោជន៍របស់ខ្លួន ដោយការប្រព្រឹត្ដិទាំងកាយ វាចា ចិត្ត និងគំនិត
- មិនភូតភរ កុហកបោកប្រាស់ មិនបំផ្លើសការពិត ឲ្យកើតមានសៅហ្មង ឬ អន្តរាយ
- មិនសេពគ្រឿងស្រវឹង ដែលធ្វើឲ្យបាត់សតិស្មារតីលែងស្គាល់ខុសត្រូវ ល្អអាក្រក់ សុចរិត ទុច្ចរិត
- មិនប្រព្រឹត្តខុសនៅក្នុងវិន័យផ្លូវភេទ មិនក្បត់ភក្ដីភាពចំពោះស្វាមីភរិយា មិនបង្កអនាធិបតេយ្យផ្លូវភេទ ដោយប្រការណាមួយឡើយ
ជាពិសេសត្រូវចេះរំលត់លោភៈទោសៈមោហៈរបស់ខ្លួន។
តើគុណធម៌ ជាអ្វី?
គុណធម៌ = គុណ (ដំណើរធ្វើឲ្យចម្រើនឡើង ដោយលក្ខណៈ ដែលអ្នកដទៃគួរគោរព) +ធម៌ (ឱវាទ ក្រឹត្យក្រម ច្បាប់ វិន័យ ពាក្យទូន្មានណែនាំ)
គុណធម៌មានន័យថា ជាការប្រព្រឹត្ដិអំពើល្អប្រសើរចំពោះអ្នកដទៃ ដែលជាអំពើ ដែលនាំមកនូវភាពចម្រុងចម្រើន កាន់តែច្រើន ដែលគេផងរាល់គ្នាគោរពកោតសរសើរ ហើយក៏មានទឹកចិត្តកតញ្ញូចង់តបស្នងធ្វើនូវអំពើល្អនោះត្រឡប់ទៅវិញ បន្ថែម បន្តទៀត ដោយទឹកចិត្តជ្រះថ្ ពីក្នុងចិត្ត ក្នុងបេះដូងរបស់គេ។ គុណធម៌ គឺជាដំណើរប្រព្រឹត្តអំពើល្អរបស់មនុស្សចំពោះពលរដ្ឋដទៃទៀតក្នុងសង្គម ដូចជា សង្គមគ្រួសារ សង្គមការងារ សង្គមជាតិ ជាដើម។
តើដំណើរប្រព្រឹត្តអំពើគុណធម៌មានអ្វីខ្លះទៅ ជាឧទាហរណ៍?
- ការមានទឹកចិត្តជួយឈឺឆ្អាល សុខទុក្ខគ្នា ជួយហុចដៃ ហុចគំនិត យិតយោងគ្នា ពេលមានគ្រោះអាសន្ន ឬមានការខ្វះខាតជាដើម។
- ការមិនឈរមើលបំណាំគ្នា ចាប់កំហុសគ្នាទៅវិញទៅមក។
- ការនិយាយស្ដីលើកកម្លាំងចិត្ត
- ការជួយដាស់តឿន បង្រៀន រំលឹក ណែនាំគ្នា
- ការដឹកដៃ ប្រាប់នូវប្រភពល្អៗ សម្រាប់ពលរដ្ឋក្នុងសង្គមគ្រួសារខ្លួន ឬសង្គមជាតិ ឲ្យចេះជួយខ្លួនឯង ឲ្យរៀនស្វែងរកផ្លូវប្រសើរក្នុងជីវិត
- ការមានសេចក្ដីសណ្តោសមេត្តា និងមានសប្បុរសធម៌ ដល់ពិការជន ទុរគតជន កុមារកំព្រា ជនដែលមានជំងឺសតិ ឬចាស់ជរា ឬមនុស្ស ដែលមិនអាចជួយខ្លួនឯងបាន
- ការផ្ដល់វិជ្ជា ការថែទាំអប់រំ ការរក្សាមនុស្ស ឲ្យចាកផុតពីការប្រព្រឹត្ដិអំពើអាក្រក់ ជាដើម។
ដូចនេះក្នុងនាមជាកូនខ្មែរ យើងត្រូវតែស្វែងយល់ឲ្យច្បាស់ពីអត្ថន័យរបស់ពាក្យទាំងអស់នេះ ជាពិសេសត្រូវរៀនពីសុភាវធម៌ខ្មែរ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិផងដែរ។ ជាចុងក្រោយខ្ញុំក៏សូមអរគុណផងដែរទៅដល់អ្នកស្រី កែវ ច័ន្ទបូរណ៍ ដែលបានចងក្រងឯកសារអំពីសុភាវធម៌ខ្មែរនេះឡើង ដើម្បីជាប្រយោជន៍ទៅដល់កូនខ្មែរក្នុងសិក្សាស្វែងយល់៕
ប្រភព cambomag