My 14-minute interview with Radio Free Asia (RFA) on 14 October 2015 centered on the culture of dialogue and the current political situation. “The culture of violence must be replaced with the culture of dialogue.” បទសម្ភាសន៍ របស់ខ្ញុំ រយ:ពេល ១៤ នាទី ជាមួយនឹងវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៥។ បទសម្ភាសន៍នេះ ផ្តោតទៅលើ វប្បធម៌សន្ទនា និងស្ថានការណ៍នយោបាយ បច្ចុប្បន្ន។ “វប្បធម៌ហឹង្សា ត្រូវដាក់ជំនួសដោយ វប្បធម៌សន្ទនា”។ ១៦ តុលា ២០១៥ / 16 October 2015
ដោយ យាង សុជាមេត្តា RFA 2015-10-17
រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង នឹងដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៤ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់១៩ ខែតុលា នាទីក្រុងហូជីមិញ (Ho Chi Minh) ប្រទេសវៀតណាម។
ទាក់ទងនឹងកិច្ចប្រជុំនេះ ក្រសួងការបរទេសកាលពីថ្ងៃទី១៦ តុលា បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា នឹងត្រូវលើកទៅពេលក្រោយវិញ។
យ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី មានប្រសាសន៍នៅថ្ងៃទី១៧ ខែតុលា ថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅដូចការគ្រោងទុកវិញ។ លោកថា ការប្រកាសផ្អាកលើកពេលដោយសារមានបញ្ហាបច្ចេកទេសផ្នែកឯកសារ។ ប៉ុន្តែពេលនេះ អ្វីៗបានរៀបចំចប់សព្វគ្រប់អស់ហើយ។
លោក ជុំ សុន្ទរី ឲ្យដឹងបន្ថែមថា ដោយសារកិច្ចប្រជុំនោះជាកិច្ចប្រជុំគណៈកម្មការចម្រុះ ដូច្នេះលោកថា ភាគីកម្ពុជា នឹងមានមន្ត្រីមកពីក្រសួងពាក់ព័ន្ធច្រើនចូលរួម។
លោក ជុំ សុន្ទរី មិនបានឲ្យដឹងពីរបៀបវារៈជាក់លាក់នៃកិច្ចប្រជុំនោះទេ ប៉ុន្តែលោកថា ឲ្យតែបញ្ហាណាពាក់ព័ន្ធនឹងប្រទេសទាំង២ គឺអាចជារបៀបវារៈក្នុងកិច្ចប្រជុំនោះ៖ «រាល់បញ្ហាទាំងតូច ទាំងធំ ដែលភាគីទាំងពីរពិនិត្យមើលឃើញថា វាជាបញ្ហាដែលត្រូវពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ គឺយើងយកទៅពិភាក្សាគ្នាពេលនោះទាំងអស់»។ (more…)
ដោយ អ៊ុំ រង្សី RFA 2015-10-17
អង្គភាពកងរាជអាវុធហត្ថលើផ្ទៃប្រទេស អះអាងថា ការចុះត្រួតពិនិត្យលើអ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទ ដែលមានពាក់ស្លាកលេខ ខ.ម. ខុសច្បាប់ ក្នុងបំណងពង្រឹងលើវិធានការចំពោះអ្នកប្រើប្រាស់ស្លាកលេខ ខ.ម. ខុសច្បាប់គ្រប់ប្រភេទនៅកម្ពុជា។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ ខែតុលា ថា ចាប់ពីថ្ងៃទី២៦ ខែតុលា ខាងមុខនេះ គ្រប់អង្គភាពកងរាជអាវុធហត្ថនឹងចុះត្រួតពិនិត្យយន្តយានគ្រប់ប្រភេទនេះទូទាំងប្រទេស។
លោកបន្តថា ការចុះត្រួតពិនិត្យនេះ នឹងធ្វើទៅតាមលក្ខណៈបច្ចេកទេស៖ «ពេលដែលយើងធ្វើហ្នឹង គឺយើងធ្វើទូទៅ ហើយយើងឆែកទៅតាមលក្ខណៈបច្ចេកទេស តើមានកាតគ្រី មានលេខតួ លេខម៉ាស៊ីន ប័ណ្ណសំគាល់ស្លាកលេខ តើត្រូវនឹងយានយន្តដែលគាត់ប្រើប្រាស់អត់ ហើយជារបស់អង្គភាពហ្នឹងត្រឹមត្រូវអត់?»។
អ្នកនាំពាក្យរូបនេះ ក៏បានស្នើឲ្យប្រជាពលរដ្ឋ មន្ត្រីកងរាជអាវុធហត្ថ និងនគរបាល ត្រូវតែអនុវត្តទៅតាមសេចក្ដីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាព បើមិនដូច្នេះទេ អង្គភាពកងរាជអាវុធហត្ថ នឹងមាននីតិវិធីតាមផ្លូវច្បាប់៖ «ទីមួយគឺយើងផ្សព្វផ្សាយរបស់យើង ជានាយទាហាន នាយទាហានរង ដែលពាក់ព័ន្ធទាំងអស់ឲ្យដឹងមុនគេ បើគាត់មានពាក់ស្លាកលេខមិនត្រឹមត្រូវ យើងនឹងណែនាំឲ្យគាត់បញ្ឈប់ជាបន្ទាន់ បើសិនជាអត់ទេ យើងនឹងប្រើវិធានការច្បាប់ដោយអនុវត្តទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក»។
សេចក្ដីណែនាំរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា បានណែនាំឲ្យអង្គភាពកងរាជអាវុធហត្ថទូទាំងប្រទេស អនុវត្ត ៨ចំណុច រួមមាន អង្គភាពកងរាជអាវុធហត្ថ នឹងធ្វើការត្រួតពិនិត្យលើអ្នកប្រើប្រាស់ស្លាកលេខ ខ.ម. ខុសច្បាប់លើយានយន្តគ្រប់ប្រភេទ បុគ្គលប្រើប្រាស់យានយន្តដែលពាក់ស្លាកលេខ ខ.ម. ត្រូវបានត្រួតពិនិត្យ នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថណាដែលរឹងទទឹងត្រូវធ្វើការឃាត់ខ្លួន និងឃាត់ទុកមធ្យោបាយនោះ ហើយចំពោះបុគ្គលណាអប់រំហើយមិនព្រមអនុវត្ត ត្រូវមានវិធានការចំពោះមុខច្បាប់ ព្រមទាំងវិធានការមួយចំនួនទៀត។ (more…)
ដោយ រដ្ឋា វិសាល RFA 2015-10-17
សកម្មជនការពារបរិស្ថានជាពិសេសបរិស្ថានតាមទន្លេទាំងបី នៅតំបន់ភាគឦសានមានខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី លោក មៀច មាន ទើបបញ្ចប់ទស្សនកិច្ចសិក្សានៅទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក រយៈពេលមួយសប្ដាហ៍ ដើម្បីចែករំលែក និងដកបទពិសោធន៍ផ្នែកការពារបរិស្ថាន។
តើបទពិសោធន៍ផ្នែកបរិស្ថានអ្វីខ្លះដែលសកម្មជនរូបនេះនាំយកពីកម្ពុជា ទៅបង្ហាញជូនអ្នកបរិស្ថានបស្ចិមប្រទេស ហើយនាំយកបទពិសោធន៍អ្វីខ្លះពីក្រុមបរិស្ថានបស្ចិមប្រទេសមកចែកចាយប្រជាពលរដ្ឋខ្មែរវិញនោះ?
សូមស្ដាប់បទសម្ភាសន៍របស់លោក រដ្ឋា វិសាល ជាមួយលោក មៀច មាន អំពីបញ្ហានេះ៖
ដោយ អ៊ុង សេរីវុទ្ធ RFA 2015-10-16
នៅថ្ងៃទី១៦ តុលានេះ កម្ពុជាទទួលបានជំនួយសម្ភារៈការិយាល័យពីប្រទេសចិនបន្ថែមទៀត ស្របពេលដែលប្រមុខរដ្ឋាភិបាលទើបតែបានទទួលជំនួយឥតសំណងពីប្រទេសនេះជាងមួយរយលានដុល្លារ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ឲ្យដឹងថា សម្ភារៈការិយាល័យដែលចិនប្រគល់នៅពេលនេះ មានកុំព្យូទ័រលើតុ ៥០គ្រឿង កុំព្យូទ័រយួរដៃ ២០គ្រឿង មាស៊ីនព្រីន ២០គ្រឿង និងម៉ាស៊ីនថតចម្លង៥គ្រឿង។
លោក ជុំ សុន្ទរី ចាត់ទុកប្រទេសចិនជាដៃគូដ៏សំខាន់មួយ ទាំងការផ្ដល់ជំនួយ វិនិយោគទុន និងទេសចរណ៍ជាដើមសម្រាប់អភិវឌ្ឍកម្ពុជា៖ «ជាឱកាសដ៏ល្អបំផុតសម្រាប់កម្ពុជាដែលមានទំនាក់ទំនងល្អជាមួយចិន ព្រោះប្រទេសអភិវឌ្ឍត្រូវការទំនាក់ទំនង ដើម្បីជំនួយ វិនិយោគិន ពាណិជ្ជកម្ម និងទេសចរបរទេស»។
កាលពីថ្ងៃទី១៥ តុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ចិននឹងផ្ដល់ជំនួយឥតសំណងដល់កម្ពុជាបន្ថែមទៀតនូវទឹកប្រាក់ប្រមាណ ១ពាន់លានយ័ន្ត (Yuan) ស្នើនឹងជាង ១៥៧លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍ និងជួយកសាងមន្ទីរពេទ្យនៅខេត្តត្បូងឃ្មុំ។
ប្រទេសចិនត្រូវបានប្រមុខរដ្ឋាភិបាល ចាត់ទុកថាជាប្រទេសមហាមិត្តរបស់ខ្លួន៕
ដោយ ថា កិត្យា RFA 2015-10-16
មន្ត្រីបក្សប្រឆាំងចោទថា ព្រឹត្តិការណ៍ដុតបំផ្លាញស្លាកគណបក្សដែលរៀបចំឡើយដោយគូបដិបក្ខ មិនមែនជារឿងថ្មីថ្មោងឡើយ ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយនោះ។
ការចោទប្រកាន់នេះ បន្ទាប់ពីមានសកម្មភាពទម្លាក់ និងដុតស្លាកគណបក្សសង្គ្រោះជាតិ មួយកន្លែងរបស់ប្រជាពលរដ្ឋមួយក្រុម នៅភូមិសំបួរមាស សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៦ ខែតុលា។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា សកម្មភាពនេះគឺមានចេតនាបង្ខូចឈ្មោះគណបក្សសង្គ្រោះជាតិ៖ «កាលពី ១០ឆ្នាំ ឬ ១៥ឆ្នាំមុន ហើយរហូតមក គឺយើងឃើញរហូត ព្រឹត្តិការណ៍បែបហ្នឹង នៅពេលណាដែលប្រជាពលរដ្ឋគាំទ្រគណបក្សសង្គ្រោះជាតិ កាន់តែច្រើនឡើង។ ខ្ញុំគ្មានការបារម្ភ ព្រោះគ្រាន់តែជារឿងដដែលទេ ហើយប្រជាពលរដ្ឋនឹងយល់បញ្ហាហ្នឹង»។
តាមប្រភពសារព័ត៌មានក្នុងស្រុកឲ្យដឹងថា ប្រជាពលរដ្ឋទាំងនោះគឺជាអតីតសកម្មជនបក្សសង្គ្រោះជាតិ ហើយបានផ្លាស់ប្ដូរទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ កាលពីពេលថ្មីៗនេះ។ ពួកគេអះអាងថា គណបក្សប្រឆាំងបានភូតភរបោកប្រាស់ប្រជារាស្ត្រដោយមិនគោរពតាមគោលនយោបាយ និងបាវចនាដែលថា សង្គ្រោះ បម្រើ និងការពារ។
បែបនេះក្ដី លោក យឹម សុវណ្ណ ថា មិនភ្ញាក់ផ្អើលឡើយចំពោះប្រជាពលរដ្ឋដែលផ្លាស់ប្ដូរទៅជ្រកក្រោមស្លាកគណបក្សប្រជាជននោះ ព្រោះជាសិទ្ធិនយោបាយ។ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងបញ្ជាក់ថា ការដែលគណបក្សកាន់អំណាចរៀបចំព្រឹត្តិការណ៍អាក្រក់កាន់តែច្រើននោះ គឺរឹតតែធ្វើឲ្យគណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងគាំទ្រច្រើន ព្រោះថា បច្ចុប្បន្ននេះពលរដ្ឋចេះវិនិច្ឆ័យរកមូលហេតុពិតច្បាស់លាស់។
ជាការឆ្លើយតប មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុន ថ្លែងចំអកថា គណបក្សសង្គ្រោះជាតិ មិនទាន់ក្លាយជាបក្សនយោបាយពេញលក្ខណៈនៅក្នុងសង្គមប្រជាធិបតេយ្យនៅឡើយទេ ព្រោះតែងតែបដិសេធមិនដែលទទួលស្គាល់ការពិត៖ «គាត់ចេះតែដើរចោទគេ អោយតែអ្នកណាប្រឆាំង ឬក៏ផ្ទៃក្នុងគណបក្សគាត់បែកបាក់គ្នា គឺថា គណបក្សប្រជាជនជាអ្នកបំបែក។ យើងអស់សំណើចចំពោះមារយាទនយោបាយរបស់ពួកគាត់»។ (more…)
ដោយ សាន សែល RFA 2015-10-17
អំឡុងពេលនៅក្នុងប្រទេសអូស្ត្រាលី ដើម្បីជួបជាមួយប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅទីនោះ កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានផ្ដល់សម្ភាសន៍មួយដល់ទូរទស្សន៍ អេ.ប៊ី.ស៊ី អូស្ត្រាលី (ABC Australia) កាលពីថ្ងៃទី១៦ ខែតុលា។ អ្នកកាសែតនៃទូរទស្សន៍ អេ.ប៊ី.ស៊ី បានព្យាយាមសួរលោក ហ៊ុន ម៉ាណែត ពីការឡើងស្នងតំណែងពីឪពុករបស់លោក ក៏ប៉ុន្តែលោក ហ៊ុន ម៉ាណែត ឆ្លើយតបថា លោកមិនដឹងទេ ហើយលោកថា លោកមិនអាចឆ្លើយបានទេ។
នៅក្នុងបទសម្ភាសន៍នោះ អ្នកកាសែតនៃទូរទស្សន៍ អេ.ប៊ី.ស៊ី អូស្ត្រាលី បានព្យាយាមជជីកសួរលោក ហ៊ុន ម៉ាណែត ពីបំណងរបស់លោកដើម្បីឡើងស្នងតំណែងពីឪពុក។ ក៏ប៉ុន្តែលោក ហ៊ុន ម៉ាណែត បានឆ្លើយតបថា ប្រជាពលរដ្ឋជាអ្នកកំណត់ និងជ្រើសរើសអ្នកដឹកនាំតាមរយៈការបោះឆ្នោតដែលធ្វើឡើងដោយ ៥ឆ្នាំម្ដង ដោយលោកថា កម្ពុជាជាប្រទេសប្រកាន់នយោបាយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ថ្លែងប្រាប់ទូរទស្សន៍ អេ.ប៊ី.ស៊ី អូស្ត្រាលី ដដែលនោះ លោក ហ៊ុន ម៉ាណែត អតីតនិស្សិតជាន់ខ្ពស់នៃសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក (West Point Academy) បញ្ជាក់ថា ឪពុករបស់លោកមិនចង់ឲ្យកូនចូលប្រឡូក និងពាក់ព័ន្ធក្នុងកិច្ចការនយោបាយនោះទេ។
ទាក់ទិននឹងករណីនេះ លោកបណ្ឌិត មាស នី មើលឃើញថា លោក ហ៊ុន ម៉ាណែត មិនហ៊ានបង្ហាញជាសាធារណៈពីមហិច្ឆតាក្នុងការឈោងចាប់តំណែងឪពុករបស់លោកនោះទេ។ លោក មាស នី បន្ថែមថា ទោះបីជាលោក ហ៊ុន សែន ក៏មានការខ្លាចរអាក្នុងការប្រកាសពីជួយជ្រោមជ្រែងកូនខ្លួនដើម្បីឡើងក្ដោបក្ដាប់អំណាចដែរ៖ «»។
យ៉ាងណាក៏ដោយ កូនប្រុសពីររូបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងចូលរួមក្នុងសកម្មភាពនយោបាយ។ ជាក់ស្ដែងលោក ហ៊ុន ម៉ាណែត កំពុងមានតួនាទីជានាយរងសេនាធិការចម្រុះមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។ ចំណែកប្អូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ានី វិញ កំពុងចូលរួមធ្វើនយោបាយដោយបច្ចុប្បន្នលោក ហ៊ុន ម៉ានី មានតួនាទីជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ។
លោកបណ្ឌិត មាស ម៉ានី ក៏សង្កេតឃើញថា អ្នកដឹកនាំវ័យចំណាស់ៗ កំពុងរៀបចំបង្កើតនូវ “រដ្ឋាភិបាលក្លូន” ដោយប្រគល់តំណែងសំខាន់ៗនៅក្នុងរដ្ឋាភិបាលឲ្យកូនចៅរបស់ខ្លួនបណ្ឌិតរូបនេះបន្ថែមថា បើទោះជាមានការប្ដូរអ្នកដឹកនាំតំណែងកំពូលក៏ដោយ ក៏មិនទាន់ឃើញមានការផ្លាស់ប្ដូរអ្វីជាដុំកំភួននៅឡើយទេ។ ទោះយ៉ាងណា លោកសង្កេតឃើញថា អ្នកដឹកនាំជំនាន់ក្រោយនេះ ព្យាយាមខំធ្វើខ្លួនឲ្យសាមញ្ញ ហើយព្យាយាមជិតស្និទ្ធជាមួយប្រជាជននៅតាមមូលដ្ឋាន។ (more…)
ដោយ ហង្ស សាវយុត RFA 2015-10-15
មន្ត្រីមើលថែព្រះរាជដំណាក់នៅខេត្តសៀមរាប បើកចំហទ្វាររបងព្រះរាជដំណាក់រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា តទៅ ក្នុងបំណងឲ្យពលរដ្ឋកម្ពុជា គ្រប់រូប រួមទាំងអ្នកទេសចរបរទេសផង អាចចូលទៅក្នុងបរិវេណនៃព្រះរាជដំណាក់ ដើម្បីអុជទៀន ធូប គោរពដល់ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ។
ការបើកចំហទ្វាររបងព្រះរាជដំណាក់ក្នុងខេត្តសៀមរាប ឲ្យមហាជនអាចចូលទៅគោរពព្រះវិញ្ញាណក្ខន្ធនេះ ធ្វើឡើងនៅក្នុងគម្រប់ខួប ៣ឆ្នាំ បន្ទាប់ពីអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ព្រះអង្គសោយទិវង្គតមក។
មន្ត្រីរាជការមកពីគ្រប់មន្ទីរ និងកងកម្លាំងប្រដាប់អាវុធ មានប៉ូលិស ប៉េអិម និងទាហានប្រមាណ ៣០០នាក់ បាននាំគ្នាចូលទៅក្នុងបរិវេណនៃព្រះរាជដំណាក់នាខេត្តសៀមរាប ហើយអុជទៀន ធូប ព្រមទាំងឈរស្មិងស្មាធិ៍គោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ ដើម្បីរំឭកដល់ការសោយទិវង្គតរបស់ព្រះអង្គគម្រប់ខួប ៣ឆ្នាំ។
ពិធីបានចាប់ផ្ដើមឡើងតាំងតែពីម៉ោងជាង ៧កន្លះព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ដោយមានដាក់កម្រងផ្កាជាច្រើនដើម្បីបូជា ប៉ុន្តែមិនមានសភាពអធិកអធមដោយចាក់ឧបករណ៍បំពងសំឡេងឲ្យឮខ្លាំង ឬក៏ប្រគំបទភ្លេងអ្វីទេ។
អភិបាលរងខេត្តសៀមរាប ក្នុងចំណោមអ្នកចូលរួមគោរពព្រះវិញ្ញាណក្ខន្ធជាច្រើនទៀត គឺលោក គឹម ឆៃហៀង។ លោកមានប្រសាសន៍ថា នៅស្របពេលគ្នាដែលមន្ត្រីជាង ៣០០នាក់កំពុងគោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ នរោត្តម សីហនុ នៅក្នុងបរិវេណព្រះរាជដំណាក់នេះ គឺនៅតាមបណ្ដាក្រុង-ស្រុកទាំង១២ របស់ខេត្តសៀមរាប ក៏កំពុងនាំគ្នាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រដូចគ្នាដែរ។
លោក គឹម ឆៃហៀង មានប្រសាសន៍ទៀតថា អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ធ្លាប់បានបំពេញព្រះរាជបេសកកម្មយ៉ាងធំធេងជូនជាតិមាតុភូមិកម្ពុជា ដូចជាការទាមទារឯករាជ្យពីប្រទេសបារាំង នៅឆ្នាំ១៩៥៣ ការទាមទារយកខេត្តខ្មែរចំនួន៣ មានខេត្តបាត់ដំបង សៀមរាប និងខេត្តកំពង់ធំ ពីប្រទេសថៃ មកវិញ ព្រមទាំងការតតាំងក្ដីនៅតុលាការអន្តរជាតិទីក្រុងឡាអេ នៅឆ្នាំ១៩៦២ ហើយទាមទារប្រាសាទព្រះវិហារ ពីប្រទេសថៃ បានមកវិញទៀតផង។ (more…)
ដោយ ប្រាជ្ញ ចេវ RFA 2015-10-16
មន្ត្រីរដ្ឋាភិបាលអះអាងថា រយៈពេល ៣ឆ្នាំដែលគ្មានសម្ដេចព្រះ នរោត្តម សីហនុ ស្ថានការណ៍នយោបាយមានស្ថានភាពល្អធម្មតា។ ប៉ុន្តែមន្ត្រីបក្សប្រឆាំងថា ស្ថានការណ៍នយោបាយម្ដងតឹងម្ដងធូរ ម្ដងក្ដៅម្ដងត្រជាក់ ព្រោះគ្មានអ្នកសម្របសម្រួល ហើយការចាប់ខ្លួនសកម្មជនបក្សប្រឆាំងបន្តកើតមានដដែល។
ការលើកឡើងរបស់អ្នកនយោបាយបែបនេះនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ គម្របខួប ៣ឆ្នាំ នៅថ្ងៃទី១៥ ខែតុលា។ យ៉ាងណាមិញ ការប្រារព្ធពិធីនៅឆ្នាំនេះ ហាក់ស្ងប់ស្ងាត់ជាងរាល់ៗឆ្នាំ ខណៈដែលក្នុងព្រះរាជវាំង មានធ្វើពិធីសាសនា និងនៅមុខព្រះបរមរូប ក្បែរវិមានឯករាជ្យ មានមន្ត្រីគ្រប់ស្ថាប័នចូលដាក់កម្រងផ្កាដើម្បីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ប៉ុន្តែនៅមុខព្រះបរមរាជវាំង គ្មានពិធីរាប់បាត្រដូចឆ្នាំមុនៗនោះទេ។
រដ្ឋមន្ត្រីក្រសួងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា ដឹកនាំមន្ត្រីក្នុងក្រសួងដាក់កម្រងផ្កានៅមុខព្រះបរមរូប។ ស្ថិតក្នុងសំលៀកបំពាក់សំពត់ហូលបត់ អាវកត្រង់ នៅលើស្មាមានបំពាក់ដោយឋានន្តរសក្ដិផ្កាភ្ញីវល្លិពណ៌មាស អ្នកស្រីនិយាយថា គំរូវីរភាពរបស់សម្ដេច សីហនុ សំខាន់ៗដូចជា ការទាមទារឯករាជ្យ ការរក្សាសុខសន្តិភាព បង្រួបបង្រួមប្រទេស នៅតែស្ថិតក្នុងដួងចិត្តលោកស្រី។ ក្នុងរយៈពេល ៣ឆ្នាំដែលគ្មានសម្ដេច សីហនុ អ្នកស្រីលើកឡើងថា សុខសន្តិភាពនៅតែមានដដែល ហើយការសាមគ្គីភាពរបស់អ្នកនយោបាយខ្មែរនៅតែមានដដែល៖ «គឺថា សុខសន្តិភាពនៅតែមានក្នុងប្រទេសកម្ពុជា ពីព្រោះនេះជាស្នាដៃព្រះអង្គ (ព្រះបរមរតនកោដ្ឋ) បានធ្វើទុក ហើយកូនចៅ ពោលគឺរាជរដ្ឋាភិបាលបានថែរក្សានូវអ្វីដែលជាស្នាដៃព្រះអង្គទុកមកដល់ពេលនេះដដែល»។
ពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ចាប់ផ្ដើមនៅម៉ោង ៧ព្រឹក ថ្ងៃទី១៥ ខែតុលា ដោយពុំមានឃើញវត្តមានប្រមុខព្រឹទ្ធសភា រដ្ឋសភា មកដាក់កម្រងផ្កានៅមុខព្រះបរមរូបនោះទេ។ ទោះយ៉ាងណា ក្នុងពេលដាក់កម្រងផ្កា តាមក្រសួងស្ថាប័នរបស់រដ្ឋចំនួន ៤២ស្ថាប័ន ក្រសួងខ្លះដឹកនាំដោយរដ្ឋមន្ត្រី ប្រមុខស្ថាប័ន ឬតំណាងក្រសួងស្ថាប័ន។
ចំណែកតំណាងរដ្ឋាភិបាលមានវត្តមាន លោក ស ខេង នាយករដ្ឋមន្ត្រីស្ដីទីទៅដាក់កម្រងផ្កា ខណៈលោក ហ៊ុន សែន កំពុងបំពេញភារកិច្ចនៅប្រទេសចិន។ តំណាងស្ថាប័ននីមួយៗ មានប្រមុខម្នាក់ដើរមុខគេ និងមន្ត្រីក្រោមឱវាទប្រមាណ ២០នាក់ ធ្វើដំណើរតាមក្រោមយឺតៗ យកកម្រងផ្កាទៅដាក់ថ្វាយព្រះបរមរូប អមដោយសំឡេងត្រែ។
(more…)
ដោយ ជុន ច័ន្ទបុត្រ RFA 2015-10-15
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំមួយចំនួននៅប្រទេសចិន ដែលមានរយៈពេល ៧ថ្ងៃ គឺចាប់ពីថ្ងៃទី១១-១៧ ខែតុលា ឆ្នាំ២០១៥។
លោក ហ៊ុន សែន ថ្លែងក្នុងអង្គសន្និសីទពិសេសនៃសន្និសីទអន្តរជាតិនៃបក្សនយោបាយប្រចាំតំបន់អាស៊ី នៅទីក្រុងប៉េកាំង ដោយបង្ហាញពីការគាំទ្ររបស់កម្ពុជា ចំពោះការរៀបចំគម្រោងវិថីសូត្រ ដែលរៀបចំដោយបក្សកុម្មុយនិស្តចិន។ ស្របគ្នានេះ លោក ហ៊ុន សែន ក៏ប្រកាសតាមគណនេយ្យហ្វេសប៊ុក (Facebook) របស់លោកថា ចិននឹងផ្ដល់ជំនួយឥតសំណងប្រមាណ ១ពាន់លានយ័ន (ជាង ១៥៧លានដុល្លារ) ដល់កម្ពុជា។
ទាក់ទងបញ្ហាខាងលើនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទកាលពីយប់ថ្ងៃទី១៥ ខែតុលា ស្ដីពីឥទ្ធិពលរបស់ចិន មកលើប្រទេសកម្ពុជា។
សូមស្ដាប់បទសម្ភាសន៍រវាងលោក ជុន ច័ន្ទបុត្រ ជាមួយលោក សុន ឆ័យ៖
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។