អង្គការក្រៅរដ្ឋាភិបាល និងបក្សប្រឆាំងបារម្ភលើភាពត្រឹមត្រូវនៃការបោះឆ្នោត ក្រោយរកឃើញថា ទឹកថ្នាំពណ៌ខ្មៅលុបជ្រះ
Thu 1st Waning Moon of Visakha B.E.2561, May 11, A.D.2017 Year of the Rooster
RFI
ភាពត្រឹមត្រូវនៃការបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃទី ៤ ខែមិថុនា ខាងមុខ បន្ទាប់ពី គ.ជ.ប បានទទួលស្គាល់ថា ទឹកថ្នាំពណ៌ខ្មៅដែលបញ្ជាទិញពីប្រទេសឥណ្ឌាលុបជ្រះ។ ប៉ុន្តែយ៉ាងណាក្តី មន្រ្តីសង្គមស៊ីវិលបានកោតសរសើរពីភាពក្លាហានរបស់ គជប ខណៈដែលមន្រ្តីគណបក្សប្រឆាំងបានអះអាងថា គេមិនអាចឆ្ពោះទៅមុខបានទេ បើទឹកថ្នាំពណ៌ខ្មៅលុបជ្រះនោះ។
បន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោតមកពីភាគីក្រុមអង្គការសង្គមស៊ីវិល គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃសៅរិ៍ចុងសប្តាហ៍នេះ បន្ទាប់ពីមានការរកឃើញថា គំរូទឹកថ្នាំពណ៌ខ្មៅដែល គ.ជ.ប គ្រោងនឹងប្រើប្រាស់សម្រាប់ការបោះឆ្នោតឃុំសង្កាត់ខាងមុខ លុបជ្រះ។
លោក សំ គន្ធាមី ប្រធានអង្គការឃ្លាំមើលការបោះឆ្នោតនិចហ្វិច និងជាអ្នកនាំពាក្យបន្ទប់ស្ថានការណ៍សម្រាប់ឃ្លាំមើលការបោះឆ្នោតនេះ បានលើកឡើងពីការព្រួយបារម្ភរបស់ខ្លួន ចំពោះភាពត្រឹមត្រូវនៃការបោះឆ្នោតខាងមុខ បន្ទាប់ពីការពិសោធដោយ គជប ខ្លួនឯង បានរកឃើញថា ទឹកថ្នាំពណ៌ខ្មៅ ដែលគេបញ្ជាទិញមកពីប្រទេសឥណ្ឌានោះ បានលុបជ្រះ ដោយសារការប្រើប្រាស់ថ្នាំអ៊ុតសក់ ឬ ថ្នាំលាបក្រចកជាដើម។
គជប បានធ្វើពិសោធន៍លើទឹកថ្នាំគំរូនេះ កាលពី ៣សប្តាហ៍មុននេះ។ ប៉ុន្តែ គជប បានពន្យាពេលក្នុងការជូនដំណឹងដល់គណបក្សនយោបាយលើករណីនេះ រហូតទាល់តែខ្លួនធ្វើតេស្តលើទឹកថ្នាំគំរូថ្មីរួចរាល់សិន ដើម្បីពិនិត្យថា តើទឹកថ្នាំពណ៌ខ្មៅនេះ មានសារធាតុ Silver Nitrate ដែលជាសារធាតុលុបមិនជ្រះចំនួន ២៥% និងរយៈពេលងំនៃទឹកថ្នាំថ្មី។
ទោះជាយ៉ាងណាក្តី អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានលើកឡើងថា គ.ជ.ប នៅមានយន្តការត្រួតពិនិត្យផ្សេងទៀត ដែលធានាថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនេះ ជនខិលខូច នឹងមិនអាចបោះឆ្នោតបានលើសពីមួយដងឡើយ។ ប៉ុន្តែមន្រ្តីគណបក្សប្រឆាំង លោកស្រី មួរ សុខហួរ កំពុងស្វែងរកឲ្យ គ.ជ.ប ធានាចំពោះមុខប្រជាពលរដ្ឋ និងម្ចាស់ឆ្នោតពីយន្តការ និងនីតិវិធី ចំពោះការធានាអះអាងនេះ។ លោកស្រីបានលើកឡើងថា គេមិនអាចឆ្ពោះទៅមុខបានទេ បើទឹកថ្នាំពណ៌ខ្មៅនេះ ត្រូវបានរកឃើញថា លុបជ្រះនោះ។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ជាទិញរួចមកហើយ នូវទឹកថ្នាំលុបមិនជ្រះមកពីប្រទេសឥណ្ឌាចំនួន ៤៦៥០០ដប ដោយចំណាយថវិកាអស់ ៧៩៣០០០ដុល្លារអាមេរិក។ ទឹកថ្នាំនេះ គ្រោងនឹងមកដល់ប្រទេសកម្ពុជា នៅកន្លះខែមុនការបោះឆ្នោតឃុំសង្កាត់ខាងមុខ។ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ដោយសារពេលវេលាខ្លី គេមិនអាចផ្លាស់ប្តូរទឹកថ្នាំថ្មីបានទាន់ពេលវេលានោះទេ។
គួររំលឹកជូនថា នៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ ២០១៣កន្លងទៅ ក្រុមអង្គការសង្គមស៊ីវិលក៏បានលើកឡើងពីការព្រួយបារម្ភលើបញ្ហាទឹកថ្នាំពណ៌ខ្មៅលុបមិនជ្រះនេះដែរ ប៉ុន្តែត្រូវបានច្រានចោល៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។