កាលពីព្រឹកថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា គ.ស.២០២១ ឯកឧត្តម កង សេរីសោភ័ណ អនុរដ្ឋលេខាធិការក្រសួងព្រះបរមរាជរាំង និងឯកឧត្តម ឡាច សុភាព ប្រធានពិធីការ និងសហការី បាននាំយកនូវព្រះរាជអំណោយដ៏ថ្លៃថ្លាដែលជាព្រះរាជទ្រព្យផ្ទាល់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចំនួន ១០០០$ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលចំនួន ៣០០០$ និងរបាំងមុខចំនួន ៣០០០បន្ទះ ជូនដល់សហគមន៍ខ្មែរកម្ពុជាក្រោម ដើម្បីរៀបចំពិធីបុណ្យរាប់បាត្រព្រះសង្ឃ ១៩៤៩អង្គ និងប្រារព្ធទិវាកាន់ទុក្ខជាតិខ្មែរខួប ៧២ឆ្នាំ (៤-៦-១៩៤៩ – ៤-៦-២០២១)ថ្ងៃអាណានិគមបារាំងបានផ្ទេរទឹកដីខ្មែរកម្ពុជាក្រោមឲ្យអាណានិគមវៀតណាមត្រួតត្រាបន្តរហូតសព្វថ្ងៃ។ ប៉ុន្តែឆ្នាំនេះ ដោយសាបញ្ហាជំងឺរាតត្បាតខូវីត-១៩ យើងខ្ញុំសម្រេចពន្យារពេលរហូតដល់ថ្ងៃទី២៧ ខែមិថុនាវិញ ហើយប្តូរពីរាប់បាត្រព្រះសង្ឃ ១៩៤៩អង្គ មកជាចែកអំណោយទានដល់ប្រជារាស្រ្តខ្មែររងគ្រោះដែលកំពុងប្រឈមនឹងការខ្វះខាតចំនួន ១៩៤៩គ្រួសារវិញផងដែរ។ ការប្រោសព្រះរាជទាននេះ គឺជាការបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវការប្រោសព្រះរាជទាននូវភាពកក់ក្តៅ និងមហាកិត្តិ យសដ៏ធំធេង ដល់ព្រះសង្ឃនិងប្រជានុរាស្រ្តខ្មែរកម្ពុជាក្រោមយ៉ាងពិតប្រាកដ។ ទូលព្រះបង្គំយើងខ្ញុំ សូមថ្វាយនូវព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមិថុនា គ.ស.២០២១
Tuesday the 6th Waning Moon of Jeṭṭha B.E.2565 equivalent to June 1, A.D.2021 Year of the Cow
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។