ប្អូនប្រុសបង្កើតលោក កែម ឡី៖ «នៅពេលនេះ បច្ច័យចូលបុណ្យសពបងប្រុសខ្ញុំ ទទួលបានប្រហែល១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក»
Sun the 13th Waxing of Āsāḷha B.E.2560, July 17, A.D.2016 Year of the Monkey
Courtesy Fresh News
ភ្នំពេញ៖ ប្អូនប្រុសបង្កើតរបស់លោក កែម ឡី បានប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា មកដល់ពេលនេះ បច្ច័យបុណ្យសពលោក កែម ឡី ទទួលបានប្រហែល ១០ម៉ឺន ដុល្លារសហរដ្ឋអាមេរិក។ លោកបន្តថា បច្ច័យទាំងអស់នេះ បានមកពីតំណាងស្ថានទូតនានា អង្គការសង្គមស៊ីវិល គណបក្ស នយោបាយ និងបានពីការចូលរួម របស់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដែលបានចូលរួមនៅ ក្នុងពិធីបុណ្យសពរបស់លោក កែម ឡី អ្នកវិភាគបញ្ហាសង្គម និងនយោបាយនៅកម្ពុជា។
បញ្ជាក់ប្រាប់អង្គភាព Fresh News តាមទូរស័ព្ទនៅមុននេះបន្តិច ប្អូនប្រុសបង្កើតរបស់លោក កែម ឡី ឈ្មោះ កែម រិទ្ធីសិទ្ធិ បាននិយាយថា «យើងនៅមិនទាន់អាចបញ្ជាក់ឲ្យច្បាស់ថា បច្ច័យបុណ្យសពបងប្រុសខ្ញុំ សរុបបានប៉ុន្មាន នៅឡើយទេ ប៉ុន្តែបើគិតមកដល់ពេលនេះ គឺបានប្រហែលជា ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិកហើយ។ ប៉ុន្តែកុំបារម្ភអី បច្ច័យទាំងអស់នេះ គឺមានសុវត្ថិភាពទេ គឺយើងបានរៀបចំដាក់នៅធនាគារ រួចរាល់ហើយ ដោយបច្ច័យនេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងភរិយារបស់បងប្រុសខ្ញុំ»។
លោក កែម រិទ្ធីសិទ្ធិ បានបន្តទៀតថា សាកសពរបស់លោក កែម ឡីនឹងបន្តតំកល់ទុកទៀត ដោយមិនទាន់បាន កំណត់ច្បាស់លាស់ថា នឹងត្រូវយកទៅបញ្ចុះនៅពេលណានៅឡើយ។
គួរបញ្ជាក់ថា ដើមឡើយ សាកសពរបស់លោក កែម ឡី ត្រូវបានក្រុមគ្រួសារសព បញ្ជាក់ថា នឹងបូជានៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ តែឥលូវនេះ បានផ្លាស់ប្តូរមកបញ្ចុះវិញ ហើយនៅមិនទាន់អាច កំណត់ពីកាលបរិច្ឆេទបញ្ចុះនៅឡើយទេ ដោយរក្សាទុកបន្តទៀត តបតាមការសំណូមពរ ពីមហាជនទូទៅ៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។