ខ្មែរក្រោមទាមទារឲ្យវៀតណាមស៊ើបអង្កេតរឿងដួលរលំប្រាសាទប្រទីបនៅកម្ពុជាក្រោម
Sat the 1st Waxing Moon of Phussa B.E.2559, January 9, A.D.2016 Year of the Goat
ព្រះសង្ឃ និងអង្គការសមាគមខ្មែរកម្ពុជាក្រោម ទាមទារឲ្យអាជ្ញាធរវៀតណាម នៅខេត្តព្រះត្រពាំង ស៊ើបអង្កេតចំពោះការដួលរលំប្រាសាទប្រទីបដូនអំ ដែលត្រូវបានខ្មែរក្រោមសាងសង់ដាក់នៅចំកណ្ដាលស្រះមួយឈ្មោះ ស្រះគូ ឋិតនៅទីរួមខេត្តព្រះត្រពាំង។ ខ្មែរក្រោមសង្ស័យថា ប្រាសាទប្រទីបនេះដួលរលំដោយសារតែជនជាតិវៀតណាម បាននាំយកម៉ូតូទឹកទៅជិះប្រណាំងគ្នាលេងនៅក្នុងស្រះនោះ។
ចាប់តាំងពីថ្ងៃទី៥ ខែមករា មក ព្រះសង្ឃ និងយុវជនខ្មែរក្រោមដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) បាននាំគ្នាបង្ហោះ និងចែកចាយបន្តគ្នានូវរូបប្រាសាទឈើមួយដែលកំពុងដួលរលំនៅក្នុងស្រះគូ។ ប្រាសាទនោះ ខ្មែរក្រោមហៅថា ប្រាសាទប្រទីបដូនអំ។
ប្រាសាទប្រទីបដូនអំ គឺជាប្រាសាទធ្វើពីឈើមានរចនាបថខ្មែរ ត្រូវបានព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនៅខេត្តព្រះត្រពាំង កសាងឡើងកាលពីឆ្នាំ
២០១២ ដើម្បីរម្លឹកគុណដល់ជីដូនម្នាក់ឈ្មោះ អំ ដែលបានដឹកនាំស្ត្រីខ្មែរក្រោមជីកស្រះនេះតាំងពីយូរលង់មកហើយ។
ស្រះគូ ឬខ្មែរក្រោមហៅម្យ៉ាងទៀតថា គូស្រះស្រី ត្រូវបានខ្មែរក្រោមថែរក្សាតៗគ្នា ហើយសព្វថ្ងៃ បានក្លាយជារមណីយដ្ឋានមួយដ៏មានប្រជាប្រិយសម្រាប់ពលរដ្ឋខ្មែរ និងជនជាតិវៀតណាម នៅខេត្តព្រះត្រពាំង ទៅទស្សនាកម្សាន្ត និងសម្រាប់ខ្មែរក្រោមប្រារព្ធពិធីបុណ្យប្រពៃណីសំខាន់នៅទីនោះ ពិសេសគឺក្នុងពិធីបុណ្យអកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ។
ព្រះសង្ឃខ្មែរក្រោមដែលសុំមិនបញ្ចេញព្រះនាម ដោយខ្លាចអាជ្ញាធរវៀតណាម ធ្វើបាប មានថេរដីកាឲ្យដឹងថា នៅមួយ ឬពីរថ្ងៃមុនប្រាសាទប្រទីបដូនអំ ដួលរលំ គេឃើញមានជនជាតិវៀតណាម មួយក្រុម បានដឹកយកម៉ូតូទឹកប្រមាណពី ៥ ទៅ ៦គ្រឿង រួចទម្លាក់ចុះនាំគ្នាជិះប្រណាំងយ៉ាងអនាធិបតេយ្យចុះឡើងជុំវិញប្រាសាទ ដែលបង្កឲ្យមានជារលកបោកបក់លើតួប្រាសាទ។ ក្រោយការជិះម៉ូតូទឹករបស់ជនជាតិវៀតណាម ទាំងអស់នោះ ស្រាប់តែនៅថ្ងៃទី៥ មករា ប្រសាទប្រទីបដូនអំ ត្រូវបានគេឃើញដួលរលំផ្ងារជើងនៅក្នុងស្រះទឹកនោះតែម្តង។ ពេលនោះ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ក៏ចាប់ផ្តើមនាំគ្នាថតបង្ហោះដាក់លើទំព័រហ្វេសប៊ុកជាហូរហែ។ អ្នកខ្លះយល់ថា ដោយសារតែមានជនជាតិវៀតណាម នាំគ្នាជិះម៉ូតូប្រណាំងក្បែរប្រាសាទនេះហើយ ទើបធ្វើឲ្យប្រាសាទរលំដួល ខណៈអ្នកផ្សេងទៀតសម្ដែងការមិនពេញចិត្តចំពោះអាជ្ញាធរវៀតណាម ដែលអនុញ្ញាតឲ្យជនជាតិវៀតណាម ទាំងនោះ នាំគ្នាជិះម៉ូតូទឹកយ៉ាងអនាធិបតេយ្យក្នុងស្រះទឹក ដែលជាកន្លែងថែរក្សារបស់ខ្មែរ។ ពួកគេថា តាំងពីដើមមក ពុំមាននរណាម្នាក់យកម៉ូតូទឹកមកជិះប្រណាំងគ្នាលេងដូចនេះឡើយ។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ដែលបានដឹងឮរឿងនេះដែរនោះ លោកមានប្រសាសន៍នៅថ្ងៃទី៨ មករា ថា ស្រះគូ ឬស្រះស្រី មិនមែនជាទីតាំងដែលជនជាតិវៀតណាម គួរយកម៉ូតូទឹកទៅជិះប្រណាំងគ្នាកម្សាន្តសប្បាយដូចក្នុងទន្លេ ឬព្រែកធំៗនោះទេ។ មួយវិញទៀត លោកថា ស្រះនោះ គឺជាទីរមណីយដ្ឋានដែលខ្មែរក្រោមប្រើប្រាស់សម្រាប់ប្រារព្ធពិធីបុណ្យប្រពៃណីផ្សេងៗ និងជាកន្លែងគោរពបូជាសម្រាប់បុព្វបុរសផងដែរ។
លោក ថាច់ សេដ្ឋា ដាក់ការសង្ស័យលើអាជ្ញាធរវៀតណាម ថាជាអ្នកនៅពីក្រោយការអនុញ្ញាតឲ្យជនជាតិវៀតណាម ចូលជិះម៉ូតូទឹកលេងយ៉ាងអនាធិបតេយ្យ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រាសាទខ្មែរបែបនេះ៖ «ស្រះគូជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយដ៏សំខាន់ ដែលខ្មែរក្រោមតែងតែទៅទស្សនកិច្ចកម្សាន្ត ហើយចាត់ទុកថាជាកន្លែងប្រវត្តិសាស្ត្រសំខាន់បំផុតរបស់ខ្មែរយើង ហើយកន្លែងនោះជាកន្លែងតូចចង្អៀត មិនស័ក្តិសមនឹងខាងអាជ្ញាធរ ឬអ្នកគ្រប់គ្រងកន្លែងនោះអនុញ្ញាតឲ្យធ្វើបែបនេះទេ ពីព្រោះថា ជាកន្លែងសម្រាប់គោរពបូជាផង កន្លែងសក្ការៈ និងប្រវត្តិសាស្ត្រផង»។
លោក ថាច់ សេដ្ឋា ឲ្យដឹងបន្តថា កាលពីពេលថ្មីៗកន្លងទៅនេះ អាជ្ញាធរវៀតណាម នៅខេត្តព្រះត្រពាំង បានវាយកម្ទេចខ្លោងទ្វារខ្មែរដែលចូលទៅកាន់ទីរួមខេត្តព្រះត្រពាំង។ លើសពីនេះ ពួកគេក៏បានវាយបំផ្លាញកីឡាដ្ឋាន និងខ្លោងទ្វាររចនាបថខ្មែរចូលទៅកាន់កីឡាដ្ឋាននេះផងដែរ។ លោកថា រហូតមកទល់ពេលនេះ ខ្លោងទ្វារ និងកីឡដ្ឋានទាំងនោះ មិនទាន់ត្រូវបានអាជ្ញាធរវៀតណាម សង់ឲ្យពលរដ្ឋខ្មែរវិញនៅឡើយទេ។
ចំណែកការដួលរលំប្រាសាទប្រទីបដូនអំ របស់ខ្មែរក្រោមនៅពេលនេះវិញ លោក ថាច់ សេដ្ឋា ទាមទារឲ្យអាជ្ញាធរវៀតណាម បកស្រាយឲ្យច្បាស់លាស់ដើម្បីឲ្យពលរដ្ឋខ្មែរក្រោមស្ងប់ចិត្ត៖ «វាជាកន្លែងរមណីយដ្ឋានប្រវត្តិសាស្ត្រសម្រាប់តែប្រជាពលរដ្ឋខ្មែរ ព្រះសង្ឃខ្មែរប្រារព្ធពិធីទំនៀមទម្លាប់ ដូចជាប្រណាំងទូកជាប្រវត្តិរូប បង្ហោះគោម អកអំបុកសំពះព្រះខែ លយប្រទីប។ រឿងអីបានអាជ្ញាធរអនុញ្ញាតឲ្យទៅលេងបែបនេះ ហាក់ដូចជាមានចេតនាគ្រោងទុកមួយហើយ អ៊ីចឹងបានយើងស្នើឲ្យមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់នៅក្នុងរឿងនេះផង»។
ខេត្តព្រះត្រពាំង គឺជាខេត្តមួយក្នុងចំណោមខេត្ត-ក្រុង ២០ ផ្សេងទៀតនៅដែនដីកម្ពុជាក្រោម។ ខេត្តនេះមានប្រជាពលរដ្ឋខ្មែររស់នៅច្រើនជាងគេ និងមានវត្តរហូតដល់ជិត ១៥០ ក្នុងចំណោមវត្តទាំងអស់ប្រមាណ ៦០០ នៅដែនដីកម្ពុជាក្រោម ក្នុងនោះមានវត្តមួយឈ្មោះ វត្ត សម្បួររង្សី ក្នុងស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ត្រូវបានកសាងតាំងពីឆ្នាំ៣៧៣ នៃគ.ស ដែលគេចាត់ទុកថាជាវត្តមានវ័យចំណាស់ជាងគេបង្អស់នៅដែនដីកម្ពុជាក្រោម។
បើនិយាយពីស្រះគូ ឬគូស្រះស្រី វិញ ស្រះនេះត្រូវបានជនជាតិវៀតណាម ហៅថា អាវ បា អំ (Ao Bà Om) ដែលមានន័យជាភាសាខ្មែរថា ស្រះយាយអំ ឬស្រះដូនអំ។ ស្រះនេះមានទទឹងប្រមាណ ៣០០ម៉ែត្រ និងបណ្តោយ ៥០០ម៉ែត្រ ព័ទ្ធជុំវិញទៅដោយដើមឈើទាល និងដើមគគីរធំៗជាច្រើន។
ជុំវិញការដែលមានជនជាតិវៀតណាម យកម៉ូតូទឹកទៅជិះក្នុងស្រះគូនេះ វិទ្យុអាស៊ីសេរី មិនអាចស្វែងរកការទាក់ទងសុំការបំភ្លឺពីអាជ្ញាធរវៀតណាម ខេត្តព្រះត្រពាំង បាននៅឡើយទេ។
វិទ្យុអាស៊ីសេរី ក៏មិនអាចសុំប្រតិកម្មឆ្លើយតបពីប្រធានអភិបាលពុទ្ធសាសនាខ្មែរខេត្តព្រះត្រពាំង និងជាមេគណរងខេត្តព្រះត្រពាំង ព្រះតេជព្រះគុណ សុខ សាន បានទេ នៅថ្ងៃទី៨ មករា ដោយព្រះអង្គមានថេរដីកាថា ព្រះអង្គជាប់រវល់ប្រជុំ។
ព្រះសង្ឃខ្មែរក្រោមយល់ឃើញថា ការដែលមានជនជាតិវៀតណាម នាំគ្នាទៅជិះម៉ូតូទឹកប្រណាំងពេញស្រះដូចនេះ គឺបង្ហាញពីការប្រមាថរបស់ជនជាតិវៀតណាម ទាំងនោះទៅលើទីកន្លែងប្រវត្តិសាស្ត្រ ដែលខ្មែរក្រោមកំពុងខិតខំថែរក្សាទុកសម្រាប់ឲ្យកូនចៅខ្មែរជំនាន់ក្រោយ៕
ប្រភពព័ត៌មាន វិទ្យុអាស៊ីសេរី
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។