ខ្មែរក្រោមរៀបចំបោះពុម្ពឯកសារប្រវត្តិសាស្ត្រសម្រាប់ចែករំលែកក្នុងថ្ងៃខួបបាត់បង់ទឹកដី
ស្ដាប់ ឬទាញយកសំឡេង
http://www.rfa.org/…/kk-print-historical-doc-…/h041616yc.mp3
Sun the 11th Waxing Moon of Citta B.E.2559, April 17, A.D.2016 Year of the Monkey
ប្រភពព័ត៌មាន Courtesy RFA/Leng Maly
សហគមន៍ខ្មែរកម្ពុជាក្រោម កំពុងរៀបចំបោះពុម្ពឯកសារប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម ដើម្បីចែកចាយទៅឲ្យពលរដ្ឋខ្មែរឲ្យទាន់ថ្ងៃខ្មែរក្រោមប្រារព្ធខួបបាត់បង់ទឹកដីកម្ពុជាក្រោម នៅថ្ងៃទី៤ ខែមិថុនា។ ឯកសារប្រវត្តិសាស្ត្រទាំងនេះ ត្រូវបានសហគមន៍ខ្មែរកម្ពុជាក្រោម ទៅស្រាវជ្រាវយកមកពីប្រទេសបារាំង ទុកឲ្យកូនខ្មែរជំនាន់ក្រោយសិក្សា ក្រោយពីវៀតណាម អះអាងថា ដែនដីកម្ពុជាក្រោម គឺជាទឹកដីរបស់គេតាំងពីយូរយារណាស់មកហើយ។
ព្រោះតែមិនចង់ឲ្យកូនខ្មែរជំនាន់ក្រោយវង្វេងប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម ដូចការថ្លែងបំភ្លៃរបស់រដ្ឋាភិបាលវៀតណាម សហគមន៍ខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនដើម្បីលទ្ធិប្រជាធិបតេយ្យ បានខិតខំទៅស្វែងរកឯកសារនៅប្រទេសបារាំង មានចំនួនរហូតដល់ជិត ៥ពាន់ទំព័រ ដើម្បីយកមកបកប្រែ និងបោះពុម្ពទុកជាឯកសារឲ្យកូនខ្មែរសិក្សា។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ដែលបានធ្វើដំណើរទៅកាន់ប្រទេសបារាំង ចំនួន ២លើករួចហើយដើម្បីបំពេញបេសកកម្មស្វែងរកឯកសារនេះ លោកឲ្យដឹងនៅថ្ងៃទី១៦ មេសា ថា ក្រុមការងារលោកកំពុងត្រៀមបោះពុម្ពឯកសារប្រវត្តិសាស្ត្រកម្ពុជាក្រោម ដំណាក់កាលទី១ ក្នុងពេលឆាប់ៗ ដើម្បីធ្វើយ៉ាងណាឲ្យទាន់សម្រាប់ចែកចាយទៅឲ្យពលរដ្ឋខ្មែរនៅថ្ងៃរម្លឹកខួបបាត់បង់ទឹកដីកម្ពុជាក្រោម។
លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា ដោយសារឯកសារមានចំនួនច្រើន ដូច្នេះក្រុមការងារលោកមិនមានលទ្ធភាពបោះពុម្ពម្ដងទាំងអស់នោះទេ គឺត្រូវបោះពុម្ពជាដំណាក់កាលទៅតាមថវិកាដែលទទួលបានពីសប្បុរសជន ដែលលោកថា ត្រូវចំណាយលើថ្លៃសេវាបកប្រែផង និងបោះពុម្ពផង៖ «ខ្ញុំមើលទៅឃើញថា ឯកសារទាំងអស់នេះមានសារសំខាន់ណាស់ ព្រោះសុទ្ធតែជាឯកសារដែលយើងមិនដែលបានឃើញ មាននិយាយពីកិច្ចព្រមព្រៀង សន្និសីទពីការកាត់ទឹក ដីរបៀបណា ការចរចាកំណត់ហេតុរបស់សភា ការតវ៉ា ខ្ញុំថាជាប្រយោជន៍មួយដ៏សំខាន់ សម្រាប់សាធារណជន និងសិស្ស-និស្សិតដែលមានបំណងចង់ស្រាវជ្រាវ»។
បើទោះជាប្រឈមនឹងបញ្ហាថវិកាក្នុងការបកប្រែ និងបោះពុម្ពក្ដី លោក ថាច់ សេដ្ឋា ថ្លែងថា ឯកសារទាំងអស់នេះ នឹងចែកចាយទៅឲ្យពលរដ្ឋខ្មែរដោយមិនគិតថ្លៃឡើយ។ លើសពីនេះ លោកថា នឹងប្រគល់ឯកសារបោះពុម្ពរួចទៅឲ្យក្រសួងអប់រំពិចារណាដាក់បញ្ចូលក្នុងកម្មវិធីសិក្សារបស់រដ្ឋ និងទៅឲ្យរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ទុកធ្វើជាឯកសារស្រាវជ្រាវ។
កាលពីខែមិថុនា ឆ្នាំ២០១៤ អ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា បានថ្លែងថា កម្ពុជាក្រោមគឺជាទឹកដីរបស់ប្រទេសវៀតណាម តាំងពីយូរណាស់មកហើយ។ ខ្មែរក្រោមចាត់ទុកការថ្លែងនេះថា ជាការបំភ្លៃប្រវត្តិសាស្ត្រកម្ពុជាក្រោមរបស់រដ្ឋាភិបាលវៀតណាម ហើយបានចេញមកធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលវៀតណាម ទទួលស្គាល់ការពិតនូវប្រវត្តិសាស្ត្រ និងសុំទោសចំពោះប្រជាជាតិខ្មែរ។ ការតវ៉ាពេលនោះ បានឈានដល់ការដុតកម្ទេច និងជាន់ឈ្លីទង់ជាតិវៀតណាម ទៀតផង។
ចំពោះការបោះពុម្ពឯកសារប្រវត្តិសាស្ត្រកម្ពុជាក្រោម ដោយក្រុមការងាររបស់លោក ថាច់ សេដ្ឋា ពេលនេះ ក៏ជាផ្នែកមួយនៃយុទ្ធនាការដើម្បីប្រឆាំងនឹងការបំភ្លៃប្រវត្តិសាស្ត្រកម្ពុជាក្រោមរបស់រដ្ឋាភិបាលវៀតណាម ផងដែរ។
អនុប្រធានរាជ្យបណ្ឌិតសភា្យកម្ពុជា និងជាប្រធានក្រុមការងារស្រាវជ្រាវព្រំដែនកម្ពុជា លោកបណ្ឌិត សុខ ទូច កោតសរសើរចំពោះការខិតខំស្រាវជ្រាវរកឯកសាររបស់ខ្មែរក្រោម។
លោកចាត់ទុកថា នេះជាគំរូដ៏ល្អមួយសម្រាប់អ្នកសិក្សាខ្មែរ។ លោកបណ្ឌិត សុខ ទូច សន្យាថា នឹងយកឯកសារប្រវត្តិសាស្ត្រទាំងអស់នេះមកប្រើប្រាស់ជាឯកសារសម្រាប់ធ្វើការស្រាវជ្រាវក្នុងពេលខាងមុខ៖ «ឯកសារទាំងអស់នេះ បើសិនជាលោកមានជាភាសាខ្មែរក៏ដោយ ភាសាបារាំងក៏ដោយ លោកយកមកឲ្យសាលាទៅ ហើយសាលានឹងចាប់ផ្ដើមដាក់ប្រធានបទ ហើយឲ្យនិស្សិតស្រាវជ្រាវ ធ្វើជាឯកសារយោងដើម្បីស្រាវជ្រាវ»។
ដែនដីកម្ពុជាក្រោម ដែលមានផ្ទៃដីជិត ៧ម៉ឺនគីឡូម៉ែត្រការ៉េ ត្រូវបានជនជាតិវៀតណាម លេបត្របាក់យកពីកម្ពុជា បន្តិចៗម្ដងតាំងពីដើមសតវត្សទី១៧។ រហូតមកដល់ឆ្នាំ១៩៤៩ ក្រោមការគ្រប់គ្រងរបស់អាណានិគមនិយមបារាំង បារាំងបានកាត់ទឹកដីនេះទៅឲ្យស្តេតអណ្ណាម បាវ ដាយ (Bao Dai) គ្រប់គ្រងបន្ត ជាថ្នូរនឹងការខ្ចីដៃកម្លាំងស្ដេច បាវ ដាវ ដើម្បីទប់ទល់នឹងកម្លាំងទ័ពកុម្មុយនិស្តរបស់ ហូ ជី មិញ (Ho Chi Minh)។ ទោះជាបែបនេះក្ដី រដ្ឋាភិបាលវៀតណាម តែងព្យាយាមនិយាយបំភ្លៃប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម ដែលថា ទឹកដីនេះ ជាទឹកដីរបស់ពួកគេតាំងពីដើមមកទៅវិញ៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។