បកប្រែក្រៅផ្លូវការដោយសហគមន៍ខ្មែរកម្ពុជាក្រោម
Unofficial Translation by KKC (the Khmer Kampuchea Krom Community) from French to Khmer
King Norodom Sihanouk Wrote Léon Pignon on Kampuchea Krom Issue, French High Commissioner in Indochina from October 1948 until December 1950
ថ្ងៃព្រហស្បតិ៍ ៨រោច ថ្ងៃសីល ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា គ.ស.២០២១
Thursday the 8th Waning Moon, Holy Day, of Jeṭṭha B.E.2565 equivalent to June 3, A.D.2021 Year of the Cow
ខុទ្ទការល័យព្រះមហាក្សត្រ
លេខ ១១១
ព្រះរាជាណាចក្រកម្ពុជា
យើងព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ វរ្ម័ន រាជហរិវង្សឧបតោសុជាតិវិសុទ្ធិពង្សអគ្គមហាបុរសរដ្ឋ និការោត្តមធម្មិក មហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅក្រុងកម្ពុជាធិបតេយ្យ ព្រះមហាក្សត្រនៃប្រទេសកម្ពុជា សូមលោកឧត្តមស្នងការប្រទេសបារាំងសម្រាប់ឥណ្ឌូចិន មេត្តាទទួលស្គាល់ ឯកឧត្តម៖
– សឺន សាន
– ឈាន វ៉ម
– ធន់ អ៊ុក
ជាប្រតិភូពិសេសរបស់យើង អមអាជ្ញាធរបារាំង ដើម្បីបង្ហាញនិងគាំទ្រ ចំពោះការទាមទារទឹកដីកូសាំងស៊ីន របស់ប្រទេសកម្ពុជា ។
សូមលោកមេត្តាជួយសម្រួលការងារបំពេញបេសកកម្មរបស់អស់លោកទាំងនេះតាមការគួរ។
ព្រះបរមរាជវាំង ថ្ងៃទី២ ខែឧសភា ព.ស.២៤៩៣ គ.ស.១៩៤៩
នរោត្តម សីហនុ
លិខិតឆ្លើយតបរបស់លោកឧត្តមស្នងការបារាំងប្រចាំឥណ្ឌូចិន
ក្រុង សៃហ្គន (ព្រៃនគរ) ថ្ងៃទ៥ ខែឧសភា ឆ្នាំ១៩៤៩ លេខ N° 68 Cab/PS
ឧត្តមស្នងការប្រទេសបារាំងនៅឥណ្ឌូចិន
ថ្វាយ
ព្រះករុណា នរោត្តម សីហនុ វរ្ម័ន ព្រះមហាក្សត្រនៃប្រទេសកម្ពុជា (ទំព័រ១៤៣)
ព្រះករុណាថ្លៃវិសេស! ទូលព្រះបង្គំបានទទួលការឆ្លើយឆ្លងសារលិខិតចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៤៩ ដោយឯកឧត្តម យ៉ែម សំបូរ ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ផ្ញើជូន លោកស្នងការសាធារណរដ្ឋបារាំងប្រចាំនៅប្រទេសកម្ពុជា។ សារលិខិតនេះសម្ដែងបំណងរបស់រាជរដ្ឋាភិបាលបញ្ជូនគណៈប្រតិភូកម្ពុជាមកជួបទូលព្រះបង្គំជាខ្ញុំផ្ទាល់និងរដ្ឋាភិបាលបារាំងដើម្បីផ្តល់ជូនអាជ្ញាធរបារាំងអំពីការទាមទាររបស់ប្រទេសកម្ពុជា ទាក់ទងនឹងទឹកដី កូសាំងស៊ីន។
ម្យ៉ាងទៀតគណៈប្រតិភូកម្ពុជាទទួលបន្ទុកបន្តការចរចារៀបចំសន្ធិសញ្ញាសម្រាប់អនាគតរវាងប្រទេសយើងទាំងពីរ បានបញ្ជាក់ការសុំកែតម្រូវព្រំដែនរៀបចំឡើងដោយរាជរដ្ឋាភិបាលនៅថ្ងៃទី៨ ខែមេសា កន្លងទៅ និងបណ្ដាក់បន្ទុកការផ្សេងៗទៀត។នាំទៅដល់ការធ្វើរបាយការណ៍ព្រំដែនសព្វថ្ងៃនៃឈូងសមុទ្រសៀម Golfe de Siam (Gulf of Siam) រហូតដល់ព្រែកជីកពី Song-Cai-Bé ដល់ Long-xuyen។
ថ្វីបើវាផ្ទុយទៅនឹងទម្លាប់បញ្ជូនគណៈប្រតិភូទៅជួបរដ្ឋាភិបាល ដោយពុំមានការធានាជាមុនអំពីការយល់ព្រមក៏ដោយ តែទូលព្រះបង្គំ មិនបដិសេធ ក្នុងការសូមទៅរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងឲ្យព្រមទទួលប្រតិភូទាំងឡាយដែលព្រះករុណាសព្វព្រះទ័យនឹងចាត់តាំងមកដើម្បីដោះស្រាយការទាមទាររបស់ប្រទេសកម្ពុជាចំពោះទឹកដី កូសាំងស៊ីន នោះទេ។
ទូលព្រះបង្គំបានផ្ញើសារទូរលេខក្នុងន័យនេះទៅកាន់ទីក្រុងប៉ារីស៍ រួចហើយ ទូលព្រះបង្គំសូមថ្លែងការដឹងព្រះគុណដល់ព្រះករុណា ដែលបានសព្វព្រះហឫទ័យធ្វើបញ្ជីឈ្មោះនៃអស់លោកប្រេសិតក៏ដូចជាសារតាំងផ្ញើមកទូលព្រះបង្គំ។
ទូលព្រះបង្គំមានជំនឿថា គឺជាករណីយកិច្ចរបស់ទូលព្រះបង្គំ ក្នុងការជួយសម្របសម្រួលព្រះហឫទ័យរបស់ព្រះករុណាលើផលវិបាកទាំងឡាយនៃដំណើរការនេះ។
ប្រសិនបើ សិទ្ធិរបស់ប្រទេសកម្ពុជាលើប៉ែកខ្លះរបស់ កូសាំងស៊ីន ឆ្លើយទៅនឹងបដិវត្តន៍អតីតកាលនៃប្រវត្តិសាស្ត្រ ហើយដែលដូច្នេះអាចនិយាយអំពីសិទ្ធិប្រវត្តិសាស្ត្រ វាគួរតែពិនិត្យឱ្យបានដិតដល់បំផុតនូវអ្វីដែលសិទ្ធិទាំងនេះរក្សាទុកអ្វីជាតថភាព ផ្លូវច្បាប់ និង វិជ្ជមាន។
ប្រទេសកម្ពុជាបានសម្ដែងចេញនូវបំណងរបស់ខ្លួនក្នុងការចរចាលើការទាមទារទាំងឡាយរបស់ខ្លួន គឺរៀបចំធ្វើឡើង តែជាមួយប្រទេសបារាំងតែមួយគត់។ រឿងនេះ គួរតែនិយាយថាប្រទេសបារាំងមិនត្រូវការដឹងរឿងនេះជាមួយប្រទេសកម្ពុជាទេ ពីព្រោះប្រទេសបារាំងបានទទួលទឹកដី កូសាំងស៊ីន ពីអណ្ណាម តាមរយៈសន្ធិសញ្ញាឆ្នាំ១៨៦២និងឆ្នាំ១៨៦៤ ហើយមានតែអណ្ណាមទេ ដែលប្រទេសបារាំងអាច ឬមួយរក្សាទុក កូសាំងស៊ីន ឬមួយប្រគល់ កូសាំងស៊ីនទៅឱ្យអណ្ណាម។ ប្រសិនបើ សិទ្ធិពិតទាំងឡាយក្លាយទៅជាដូចការអះអាងដោយប្រទេសកម្ពុជាលើទឹកដីទាំងឡាយនៅកូសាំងស៊ីននោះមែន គឺប្រទេសកម្ពុជាដែលត្រូវធ្វើនោះ តាំងពីមុនកាលបរិច្ឆេទនេះម៉្លេះ គឺ តវ៉ាទៅស្ដេច អណ្ណាម។
ទូលព្រះបង្គំបានកត់សម្គាល់ថា ការទាមទារទឹកដីរបស់ប្រទេសកម្ពុជា ដែលលើកនិយាយយ៉ាងតក់ក្រហលនៅក្នុងព្រះរាជសាររបស់ព្រះករុណាថ្ងៃទី២ ខែមេសា ឆ្នាំ១៩៤៩ ផ្ញើជូនលោកប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ជាចុងក្រោយមិនត្រូវបានបញ្ជាក់ឱ្យពិស្ដារទេ នៅក្នុងកំណត់សារប្រគល់នៅថ្ងៃទី៨ ខែមេសា ដោយឯកឧត្តមប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ជូន គណៈប្រតិភូបារាំងទទួលបន្ទុកការចរចា។
ដូច្នេះ យើងអាចសន្និដ្ឋានបានថា ប្រទេសកម្ពុជា មានលទ្ធភាពតិចតួចបំផុតដែលអាចដោះស្រាយការទាមទាររបស់ខ្លួនបាន។ ប៉ុន្តែអ្វីដែលកម្ពុជាអាចធ្វើបាននោះគឺបញ្ហាជាសាវន្តនានា ដូចជា ច្រកចេញទៅកាន់សមុទ្រ លក្ខន្តិកៈនៃជនជាតិខ្មែរនៅកូសាំងស៊ីន សេរីភាពតាំងទីនៅក្នុងប្រទេសកម្ពុជា ពោលគឺ និយាយឱ្យចំទៅ លើតែបញ្ហាលើករម្លឹកឡើងដោយព្រះករុណា នៅក្នុងព្រះសារលិខិតថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៤៨ ដែលព្រះករុណាផ្ញើជូនលោកប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។
ទូលព្រះបង្គំមានការបារម្ភថា ប្រទេសបារាំងបានចាត់ទុកថា គ្មានមូលដ្ឋានច្បាប់ និងដូចជាអមិត្តនៅក្នុងចេតនា បំណកស្រាយនៃប្រវត្តិសាស្ត្រ ដែលខ្ញុំព្រះករុណាលើកនិយាយឡើងខាងលើ ហើយដែលនាំទៅដល់ការទម្លាក់ការទទួលខុសត្រូវលើប្រទេសបារាំងអំពីការខកចិត្ត ដែលប្រទេសកម្ពុជាអាចបង្ហាញភ័ស្តុតាងនៅក្នុងការទាមទារទឹកដីរបស់ខ្លួន។
ប្រទេសបារាំងមានមនោសញ្ចេតនាថា នៅក្នុងអតីតកាល និងចាប់តាំងពីឆ្នាំ១៨៦៥ប្រទេសបារាំងបានធានារ៉ាប់រងដោយសារវត្តមានរបស់ខ្លួននូវ បូរណភាពរបស់ប្រទេសកម្ពុជា គឺដោយសារប្រទេសបារាំង ទើបយកមកវិញបាននូវខេត្តបាត់ដំបងនិងខេត្តសៀមរាប។ ប្រទេសបារាំងនេះទៀតសោតដែលក្រោយមកប្រទេសកម្ពុជាទន្ទឹងចាំជួយការការពារទឹកដីនិងផលប្រយោជន៍ទាំងឡាយនោះទៀតផង។ ទូលព្រះបង្គំសូមបន្ថែមថា ប្រាកដណាស់ វាមិនមែននៅក្នុងបំណងចេតនារបស់ប្រទេសបារាំងក្នុងការបដិសេធចំពោះប្រទេសកម្ពុជា ដើម្បីបើកធ្វើជាមួយប្រទេសវៀតណាមនូវសន្និសីទស្ដីអំពីការកំណត់ព្រំដែននោះទេ។ (ទំព័រ១៤៤)
នៅបន្ទាប់ពីការចរចាដ៏ផុយស្រួយ ដែលនឹងនិយាយអំពីច្រកផ្លូវចេញទៅសមុទ្ររបស់ប្រទេសកម្ពុជា និងស្ដីពីជនជាតិខ្មែររបស់ខ្លួននៅកូសាំងស៊ីន ស្ដីពីរចនាសម្ព័ន្ធអនាគតរបស់ឥណ្ឌូចិន និងស្ដីពីការបែងចែកប្រាក់ចំណូលឃុំ ។ ទូលព្រះបង្គំ សូមឱ្យស្មារតីមិត្តភាពដ៏ជ្រាលជ្រៅបំផុតស្ថិតស្ថេរយូរអង្វែង និងសូមឱ្យរាជរដ្ឋាភិបាលគិតថ្លឹងថ្លែងសារជាថ្មីនូវមូលហេតុនិងផលបច្ច័យនៃការទាមទារទឹកដីកូសាំងស៊ីនរបស់ប្រទេសកម្ពុជា។
ទូលព្រះបង្គំខ្ញុំ សូមព្រះករុណាទទួលនូវការសម្ដែងសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់បំផុតរបស់ខ្ញុំព្រះករុណា និងការភា្ជប់មនោសញ្ចេតនាដ៏ជ្រាលជ្រៅ ចំពោះអង្គព្រះករុណាថ្លៃវិសេស។
ហត្ថលេខា ៖ L. PIGNON
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។