King Norodom Sihanouk Wrote Minister of Overseas France on Kampuchea Krom Belongs to Cambodia
បកប្រែក្រៅផ្លូវការពីភាសាបារាំង
Unofficial Translation by KKC (the Khmer Kampuchea Krom Community) from French to Khmer
ថ្ងៃសុក្រ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា គ.ស.២០២១
Friday the 9th Waning Moon of Jeṭṭha B.E.2565 equivalent to June 4, A.D.2021 Year of the Cow
ព្រះរាជាណាចក្រកម្ពុជា
ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ វរ្ម័ន
ព្រះមហាក្សត្រនៃប្រទេសកម្ពុជា
ជូនៈ លោក រដ្ឋមន្ត្រីនៃប្រទេសបារាំងឯនាយសមុទ្រ
លោករដ្ឋមន្ត្រី!
យើងមានកិត្តិយសសូមថ្លែងបញ្ជាក់លើសារលិខិតលេខ ៣.១០៩-៥០៣ របស់លោក ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៤៩ ដែលលោករដ្ឋមន្រ្តីបានឆ្លើយតបនឹងសារលិខិតរបស់ឯកឧត្តម សឺន សាន រាជប្រតិភូរបស់យើង ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៤៩។
យើងសូមថ្លែងអំណរគុណលោកដែលចង់ឱ្យយើងអះអាងសារជាថ្មីម្ដងទៀតថា ក្នុងការជាប់ទាក់ទិននឹងជំហររបស់លោកប្រធានាធិបតីសហភាពបារាំងដែលបានប្រកាន់យកចំពោះប្រទេសកម្ពុជា។
យើងពុំដែលព្រងើយកន្តើយនឹងកិច្ចព្រមព្រៀងទាំងឡាយជាមួយរដ្ឋាភិបាលបារាំងនោះទេ តែក៏យើងត្រូវការការពារផលប្រយោជន៍ពេញច្បាប់របស់ព្រះរាជាណាចក្រខ្មែរផងដែរ។ លោកបានបញ្ជាក់ប្រាប់យើងអំពីសិទ្ធិតាំងទីលំនៅនិងការទទួលស្គាល់ចំពោះជនជាតិវៀតណាមនៅលើទឹកដីទាំងអស់នៃសហភាពបារាំង ប៉ុន្តែយើងសូមបញ្ជាក់លោកវិញថា សិទ្ធិនោះត្រូវតែអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់និងបទបញ្ជាទឹកដី។ លោកបានបញ្ជាក់ច្បាស់ណាស់ថា ប្រទេសបារាំងនឹងមិនធ្វើការជំទាស់ចំពោះអ្វីដែលរដ្ឋសមាគមនានាបានកំណត់នូវសិទ្ធិតាំងទីលំនៅនិងទទួលស្គាល់ចំពោះជនជាតិនានានៅលើទឹកដីរបស់ខ្លួនតាមកិច្ចព្រមព្រៀងដែលមានប្រយោជន៍ទៅវិញទៅមកនោះទេ។
នៅទីនេះ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរបស់យើងក៏ដូចនៅកូសាំងស៊ីនដែរ (នាវាចរណ៍សេរីលើដងទន្លេមេគង្គនិងព្រែកជីកវិញតេ ការចេញចូលសមុទ្រ ការប្រើប្រាស់កំពង់ផែសៃហ្គន (ព្រៃនគរ) និងជាពិសេស លក្ខន្តិកៈនៃជនជាតិខ្មែរដ៏ច្រើននៅកូសាំងស៊ីន បែរជាលោករង់ចាំមើលការត្រូវរ៉ូវគ្នាជាមួយរដ្ឋាភិបាលនៃប្រទេសវៀតណាមទៅវិញ ។
ប្រទេសកម្ពុជាមានការសោកស្ដាយយ៉ាងខ្លាំដែលមិនអាចចូលរួមពិភាក្សាសម្រេចកិច្ចការបែបនេះ ដោយឈរលើមូលដ្ឋានស្មើភាពគ្នាបាន ។ ទឹកដីកូសាំងស៊ីន ជារបស់ប្រទេសកម្ពុជា ហើយនៅតែជារបស់ប្រទេសបារាំងបច្ចុប្បន្ន។ តែជាសោកស្តាយបំផុត ពេលដែលបារាំងចង់បោះបង់ចោលហើយយកទឹកដី
កូសាំងស៊ីននេះទៅឱ្យប្រទេសវៀតណាម ដោយមិនបានពិគ្រោះជាមួយយើងទាល់តែសោះ។ ប៉ុន្តែ អ្វីដែលយើងបានយល់ព្រមជាមួយប្រទេសបារាំងដោយងាយនោះគឺប្រគល់ទឹកដី កូសាំងស៊ីននេះទៅឱ្យប្រទេសបារាំងតែមួយគត់ ទៅតាមទំនាក់ទំនងនយោបាយដែលបានកំណត់។ ដូចនេះបារាំងមិនអាចផ្ទេរដោយពេញសិទ្ធិទៅឲ្យប្រទេសវៀតណាមបានទេ ហើយក៏មិនអាចឱ្យប្រទេសវៀតណាមប្រើប្រាស់ទាមទារភាពស្មើគ្នាផ្សេងទៀត ដោយឱ្យប្រទេសកម្ពុជាមានខាតបង់នោះដែរ។
ជាពិសេស ជនជាតិវៀតណាមដែលបានមករស់នៅជាជនអន្តោប្រវេសន្តលើទឹកដី កូសាំងស៊ីន មិនអាចប្រៀបធៀបជាមួយជនជាតិកម្ពុជានៅកូសាំងស៊ីនបានទេ ព្រោះជនជាតិខ្មែរទាំងនេះគឺជាជនជាតិដើមរបស់ប្រទេសមួយដែលជារបស់ពួកគេនិងបានតាំងទីលំនៅនៅលើទឹកដីទាំងឡាយដែលជារបស់ពួកគេតាំងតែពីយូរលង់មកហើយ។ ម្យ៉ាងទៀត កាលណាយើងនិយាយពីជនជាតិភាគតិចគឺនិយាយសំដៅនៅក្នុងកិច្ចព្រមព្រៀងបារាំង-វៀតណាម ដោយមិនអាចរាប់បញ្ចូលជនជាតិខ្មែរនៅកូសាំងស៊ីននោះបានទេ ពីព្រោះជនជាតិខ្មែរនៅកូសាំងស៊ីន មិនបានគោរពប្រពៃណីនៃរាជបល្ល័ង្កអណ្ណាមឡើយ។ ប្រតិភូរបស់យើងបានស្នើសុំឱ្យមានការចរចានៅក្នុងពេលដ៏ខ្លីបំផុតខាងមុខ ដើម្បីឧទ្ទិសដល់ឯករាជ្យរបស់ប្រទេសកម្ពុជាម្យ៉ាង និងម្យ៉ាងទៀតដល់ការចូលរួមរបស់ប្រទេសកម្ពុជាទៅក្នុងសហភាពបារាំង។
បុព្វបុរសរបស់យើង បានធ្វើការអំពាវនាវដល់ប្រទេសបារាំងជាច្រើនលើកច្រើនសារ ដើម្បីជួយការពារប្រទេសកម្ពុជាទប់ទល់នឹងការលោភលន់ឈ្លានពានពីប្រទេសជិតខាងនៃប្រទេសកម្ពុជា និងដើម្បីរក្សាការពារបូរណភាពនៃទឹកដីទាំងអស់ដែលជារបស់ព្រះរាជាណាចក្រខ្មែរ។ (ទំព័រ១៥២)
ព្រះមហាក្សត្រអង្គឌួង បានស្នើសុំទៅព្រះចៅអធិរាជណាប៉ូឡេអុងទី៣ថា បើក្នុងករណីដែលពួកអណ្ណាមផ្ដល់ខេត្តខាងលិចណាមួយរបស់កូសាំងស៊ីន ទៅឱ្យប្រទេសបារាំង សូមកុំឱ្យប្រទេសបារាំងទទួលយកទឹកដីទាំងនោះឱ្យសោះ ពីព្រោះទឹកដីទាំងនោះ គឺជាទឹកដីរបស់ប្រទេសកម្ពុជា។ ជាក់ស្តែងដូចនៅក្នុងឆ្នាំ១៨៨៨ ពោលគឺ២១ឆ្នាំក្រោយការកាន់កាប់របស់ប្រទេសបារាំងលើខេត្តភាគខាងលិចទាំងនេះ ជនជាតិកម្ពុជានៅតែមានចំនួនច្រើនលើសលប់នៅក្នុងខេត្ត រ៉ាត់យ៉ា Rach Gia សុកត្រាំង Soc trang (យួនបានប្ដូរឈ្មោះខេត្ដ ឈ្មោះខេត្ដខ្មែរគឺ ឃ្លាំង) ត្រាវិញ Travinh (យួនបានប្ដូរឈ្មោះខេត្ដ ឈ្មោះខេត្ដខ្មែរគឺ ព្រះត្រពាំង) ។ល។
យើងមិនអាចខកខានដោយមិនបានបំពេញករណីយកិច្ចរបស់យើង ដោយមិននិយាយពីការបម្រុងទុកនូវសិទ្ធិទាំងឡាយរបស់ប្រទេសកម្ពុជាលើ កូសាំងស៊ីន នោះបានទេ។ ម្យ៉ាងទៀត មិនដែលមានទាល់តែសោះ ក្នុងការបោះបង្គោលសីមារវាងទឹកដីកាន់កាប់ដោយប្រទេសអណ្ណាមនិងព្រះរាជាណាចក្រខ្មែរ ទាំងក៏ពុំដែលមានការបោះបង្គោលសីមារបស់កូសាំងស៊ីន បារាំងនិងប្រទេសកម្ពុជានោះដែរ។ ប្រទេសបារាំងក្នុងពេលតែមួយ ជាម្ចាស់នៃកូសាំងស៊ីនផង ជាអ្នកការពារនៃកម្ពុជាង។
សូម្បីតែការកំណត់ព្រំដែន រដ្ឋបាលអាណានិគមលើទឹកដីកូសាំងស៊ីន ដោយខ្លួនឯង បានផ្លាស់ប្តូរជាបន្តបន្ទាប់ ដែលបានធ្វើឱ្យព្រះរាជាណាចក្រយើង ខាតបង់ឥតឈប់ឈរ។ ប្រទេសកម្ពុជាមានសិទ្ធិស្នើសុំឱ្យប្រទេសបារាំងធ្វើរឿងហ្នឹង ដោយមិនអាចខកខានការចូលរួមណាមួយពីប្រទេសវៀតណាមគឺកម្ពុជាសុំឱ្យមានការបោះបង្គោលព្រំដែនសីមារវាងព្រះរាជាណាចក្រខ្មែរនិងកូសាំងស៊ីន មុនការបោះបង់លក្ខន្តិកៈអាណានិគមលើទឹកដីឥណ្ឌូចិន។
ដោយមិនអាចជួបលោករដ្ឋមន្ត្រីបាន នៅក្នុងកំឡុងពេលពិភាក្សាស្ដីអំពីគម្រោងច្បាប់បង្កើតសភាតំណាងទឹកដីកូសាំងស៊ីន តាមរបៀបបោះឆ្នោតជ្រើសតាំងនោះ ប្រតិភូរបស់យើងបានផ្ញើជូនលោកនូវលិខិតមួយច្បាប់នៅថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៤៩។ នៅខណៈនោះគណៈប្រតិភូរបស់យើងនៅមានសង្ឃឹមនៅឡើយថា នឹងអាចមានការរៀបចំជួបប្រជុំគ្រប់សាមីភាគី។
ប៉ុន្តែ ព្រឹត្តិការណ៍បានវិវត្តន៍យ៉ាងលឿន ជាចុងក្រោយ នៅក្នុងទំនាក់ទំនងបារាំង-វៀតណាមបានធ្វើឱ្យយើងសម្រាចចិត្តផ្ញើលិខិតមួយច្បាប់ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ១៩៤៩ ជូនលោកប្រធាននៃសហភាពបារាំង ហើយដែលសេចក្ដីចម្លងមួយច្បាប់បានជូនភ្ជាប់មកនេះ ដើម្បីសូមឱ្យប្រទេសបារាំងមេត្តាផ្ដល់ឱ្យយើងតាមផ្លូវសន្ធិសញ្ញា មុននឹងបារាំងបោះបង់លក្ខន្តិកៈអាណានិគមនៃទឹកដីកូសាំងស៊ីន នូវការធានាជាក់លាក់ទាក់ទងនឹងសិទ្ធិរបស់យើងទាំងអស់នៅលើទឹកដីនេះ និងជាពិសេសលើការកែប្រែព្រំដែន ជាប្រយោជន៍ដល់យើង។
យើងសូមអះអាងជាឱឡាឫកថា ការស្នើទាមទារទាំងនេះ ពុំមែនចេញមកតែពីក្រុមមួយតូចនោះទេ គឺចេញមកពីជនជាតិកម្ពុជាទាំងមូលរួមទាំងព្រះរាជារបស់ពួកគេផងដែរ។ ប្រសិនបើនៅតែមានការលាក់លៀមបញ្ហានេះបន្តទៀតអាណាប្រជានុរាស្ត្ររបស់យើងមានសេចក្ដីជ្រួលច្របល់យ៉ាងខ្លាំង។
លោករដ្ឋមន្ត្រី ! យើងក៏សូមឱ្យលោកជួយធ្វើជាអ្នកសម្របសម្រួលដ៏ក្លៀវក្លាជាមួយរដ្ឋាភិបាលបារាំង ដើម្បីជួយដល់បំណងប្រាថ្នាស្របច្បាប់របស់ប្រជារាស្ត្រកម្ពុជា នៅមុនសេចក្ដីសម្រេចជាស្ថាពរ ទាក់ទងនឹងការបោះបង់ចោលលក្ខន្តិកៈបច្ចុប្បន្ននៃទឹកដីកូសាំងស៊ីន របស់បារាំងឯនាយសមុទ្រ។
យើងសូមថ្លែងអំណរគុណដល់លោកទុកជាមុន និងសូមលោករដ្ឋមន្ត្រីមេត្តាទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់បំផុតរបស់យើង។
ព្រះបរមរាជវាំង ថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៤៩
ព្រះហស្ថលេខា
នរោត្តម សីហនុ
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។