គ.ជ.ប ទទួលស្គាល់អ្នកសង្កេត ការណ៍បោះឆ្នោតជាង ១៣ ម៉ឺននាក់
Wed 15th Waxing Moon of Visakha B.E.2561, May 10, A.D.2017 Year of the Rooster
The Phnom Penh Post
គិតមកដល់ត្រឹមថ្ងៃទី៨ខែឧសភា គជប បានទទួលស្គាល់អ្នកសង្កេតការណ៍មកពីអង្គការជាតិ និងអន្តរជាតិជាង ៣ ម៉ឺននាក់ និងមកពីគណបក្សនយោបាយចំនួន១២ដែលចូលរួមប្រកួតនៅក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ មានជាង១០ម៉ឺននាក់ខណៈដែល គជប បានអះអាងថា ខ្លួនមានវិធានរឹងមាំ ក្នុងការទប់ស្កាត់អ្នកបោះឆ្នោតលើសពីម្តង។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញកាលពីថ្ងៃទី ៨ ខែឧសភា ដែលត្រូវបានចែកជូនអ្នកសារព័ត៌មានកាលពីម្សិលមិញ គ.ជ.ប បញ្ជាក់ថា គិតត្រឹមថ្ងៃទី ៨ ខែឧសភាខ្លួនបានទទួលស្គាល់អ្នកសង្កេតការណ៍មកពីអង្គការជាតិចំនួន ៣០៦៣០នាក់ មកពីអង្គការចំនួន ៩ផ្សេងគ្នា ដែលក្នុងនោះសហភាពសហព័ន្ធកម្ពុជា អង្គការខុម ហ្វ្រែល និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល សម្រាប់ស្ថាប័នអន្តរជាតិចំនួនប្រាំមួយ បានផ្តល់អ្នកសង្កេតការណ៍របស់ខ្លួនចំនួន ៤១ នាក់ ដែលក្នុងនោះ វិទ្យាស្ថាន NDI មានចំនួនច្រើនជាងគេគឺ ១៦ នាក់ សហភាពអឺរ៉ុបចំនួន ១២ នាក់រួមទាំងអ្នកបកប្រែ និងស្ថានទូតចិនប្រចាំកម្ពុជា ចំនួន៩នាក់ ចំណែកស្ថាប័នបីផ្សេងទៀតមានអ្នកសង្កេតការណ៍ម្នាក់ និងពីរនាក់ប៉ុណ្ណោះ។
ចំណែកគណបក្សនយោបាយទាំង ១២ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតវិញមានភ្នាក់ងារសង្កេតការណ៍សរុបចំនួន ១០៥ ០៧៦ នាក់ ក្នុងនោះគណបក្សប្រជាជនមានចំនួន ៤៤ ៦១៤នាក់ គណបក្សសង្គ្រោះជាតិមានចំនួន ៤៣ ៥៩៦ នាក់។ ចំណែកគណបក្សដែលមានភ្នាក់ងារសង្កេតការណ៍តិចជាងគេ គឺគណបក្សសញ្ជាតិកម្ពុជាដែលមានតែប្រាំបួននាក់ប៉ុណ្ណោះ។
កាលពីម្សិលមិញ គ.ជ.ប ក៏បានប្រជុំផ្សព្វផ្សាយពីយន្តការការពារសន្តិសុខបោះឆ្នោត នៅតាមការិយាល័យនិងការរាប់សន្លឹកឆ្នោត។
ក្នុងកិច្ចប្រជុំនោះ មានសំណួរដាក់ទៅកាន់ គ.ជ.ប ជាច្រើនទាក់ទងនឹងគុណភាពទឹកខ្មៅសម្រាប់ជ្រលក់ដៃពីសំណាក់អ្នកចូលរួមដោយថា កាលពីការបោះឆ្នោតឆ្នាំ ២០១៣មានសេចក្តីរាយការណ៍ថា ទឹកខ្មៅនេះ អាចលាងជ្រះបានតែប៉ុន្មានម៉ោងក្រោយជ្រលក់ប៉ុណ្ណោះ។
ជាការឆ្លើយតបអគ្គលេខាធិការ គ.ជ.ប លោកទេព នីថា ថ្លែងថា គ.ជ.ប បានបញ្ជាទិញទឹកខ្មៅនេះ ពីប្រទេសឥណ្ឌាហើយ តែមិនទាន់មកដល់ឡើយទេ។
លោកអះអាងថា ទឹកខ្មៅដែលបញ្ជាទិញនេះមិនអាចលាងជ្រះភា្លមៗដោយវិធីសាមញ្ញបានទេ និងធានាថា មិនឲ្យមានអ្នកទៅបន្លំបោះឆ្នោតបានជាលើកទីពីរនោះទេ។
លោកបន្ថែមថា៖ «ហើយបញ្ហានេះបើយើងនិយាយពីវិទ្យាសាស្ត្រវិញ វាមិនដែលមានស្អីទៅដែលថា លាងមិនជ្រះទេ សូម្បីគេចាក់សាក់ចូលក្នុងខ្លួនហើយ នៅតែគេជម្រះស្អាត ចុះទម្រាំយើងជ្រលក់ទទេអ៊ីចឹង! តែយ៉ាងហោចណាស់ការលាងងាយៗហ្នឹងមិនអាចធ្វើទៅបានដែរ»។
ក្រៅពីទឹកខ្មៅនេះលោក ទេព នីថា បញ្ជាក់ថា គ.ជ.ប មានយន្តការផ្សេងទៀត ដែលអាចទប់ស្កាត់អ្នកទៅបោះឆ្នោតលើសពីម្តងបាន។ យន្តការណ៍នោះគឺ អ្នកបោះឆ្នោតមានរូបថតរបស់ខ្លួននៅនឹងបញ្ជីឈ្មោះបោះឆ្នោត ដែលត្រូវផ្ទៀងផ្ទាត់ជាមួយអត្តសញ្ញាណប័ណ្ណនិងសាមីខ្លួនផ្ទាល់។ ម្យ៉ាងទៀតលោកថា ភ្នាក់ងារសង្កេតការណ៍ ក៏ជាអ្នកឃ្លាំមើលការផ្ទៀងផ្ទាត់ឈ្មោះអ្នកបោះឆ្នោតនេះទៀត ដែលមិនអាចមានអ្នកទៅបោះបានលើសពីម្តងនោះទេ។
លោកបន្តថា៖«អ៊ីចឹងទេយើងមានវិធានការបន្ថែមច្រើនណាស់ទាំងនៅលើក្រដាសស្នាម ទាំងជ្រលក់ទឹកខ្មៅទាំងឲ្យសាមីខ្លួនទទួលស្គាល់ខ្លួនឯងថា បាន (គូស) ធីកលើហ្នឹងទាំងសាក្សីភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍នៅទីនោះ…អ៊ីចឹងទេទឹកខ្មៅគ្រាន់តែជាវិធានការមួយក្នុងចំណោមវិធានការប្រាំពីរប្រាំបីរបស់ គ.ជ.ប»។
យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មាត្រា ១៧១ ចែងពីការផាកពិន័យជាទឹកប្រាក់ពីប្រាំលានរៀល ដល់ម្ភៃលានរៀល ដោយ គជប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតចំពោះជនណាដែលធ្វើឲ្យមានការភាន់ច្រឡំ នាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។
អ្នកនាំពាក្យ គ.ជ.ព លោក ហង្ស ពុទ្ធា បានថ្លែងថា ចំនួនតួលេខអ្នកសង្កេតការណ៍នេះជាចំនួនបណ្តោះអាសន្ន ដែលអាចមានច្រើនជាងនេះទៀត ដោយកាលបរិច្ឆេទសុំដាក់ភ្នាក់ងារសង្កេតការណ៍មានរហូតដល់ថ្ងៃទី ២៤ ខែឧសភា។
ទាំងលោក ហង្ស ពុទ្ធា និងនាយកប្រតិបត្តិអង្គការនិកហ្វិច លោក សំ គន្ធាមី ថ្លែងថា តួលេខអ្នកចុះឈ្មោះធ្វើជាភ្នាក់ងារសង្កេតការណ៍ ហាក់មានច្រើនជាងកាលពីការបោះឆ្នោតលើកមុន បើទោះបីជាអ្នកទាំងពីរ មិនអាចផ្តល់តួលេខជាក់លាក់ក៏ដោយ។
លោក សំ គន្ធាមី បង្ហាញជំនឿលើការរៀបចំការបោះឆ្នោតរបស់ គ.ជ.ប នាពេលខាងមុខ ដោយថា បញ្ជីឈ្មោះបោះឆ្នោតល្អប្រសើរជាងមុន ដោយមានភ្ជាប់ជាមួយនូវរូបថតរបស់អ្នកបោះឆ្នោត។
ទោះយ៉ាងណា លោកស្នើឲ្យ គ.ជ.ប ធ្វើការពិសោធទឹកថ្នាំជ្រលក់ដៃមុនថ្ងៃបោះឆ្នោតឲ្យបានច្រើនថ្ងៃ ដើម្បីងាយស្រួលរកវិធីដោះស្រាយបើសិនជាទឹកថ្នាំមានបញ្ហា។
លោកបន្ថែមថា៖«កាលពីឆ្នាំ ២០១៣ ខុម ហ្វ្រែល គាត់បានធ្វើការសាកល្បងដែរទឹកខ្មៅហ្នឹងថា អាចលាងជ្រះ ហើយគាត់បានចេញសេចក្តីថ្លែងការណ៍ តែវាកៀកពេលដែរ តែមួយថ្ងៃមុនថ្ងៃបោះឆ្នោត យើងកែតម្រូវក៏អត់ទាន់ដែរ…ឥឡូវ គ.ជ.ប គួរតែធ្វើតេស្តសាកល្បងមុនទៅ ទឹកខ្មៅមកដល់ធ្វើមុនទៅស្រួលថា បើលាងជ្រះរកវិធីដាក់ថ្នាំដាក់សារធាតុអ្វីបន្ថែមកុំឲ្យលាងជ្រះ»។
បើតាមលោក ហង្ស ពុទ្ធា ទឹកខ្មៅដែលកុម្ម៉ង់ទិញពីឥណ្ឌា នឹងមកដល់ប្រទេសកម្ពុជាប្រហែលជា ១៥ ថ្ងៃមុនថ្ងៃបោះឆ្នោត៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។