គជប ស្នើឲ្យផ្តល់យោបល់រឿងបោះឆ្នោត
សារព័ត៌មានភ្នំពេញប៉ុស្តិ៍, ឡាយ សាមាន
Mon the 6th Waxing Moon of Māgasira B.E.2560, December 5, A.D.2016 Year of the Monkey
ភ្នំពេញៈ ក្រោយបិទបញ្ចប់បញ្ជីឈ្មោះអ្នកបោះឆ្នោតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានស្នើទៅក្រុមអង្គការសង្គមក្រៅរដ្ឋាភិបាល គណបក្សនយោបាយ និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធជួយផ្តល់យោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីធ្វើឱ្យបទបញ្ជាមានលក្ខណៈប្រសើរ និងអាចទទួលយកបានពីគ្រប់ភាគីខណៈ គជប នឹងបិទផ្សាយឈ្មោះអ្នកបោះឆ្នោតនៅខែមករា ឆ្នាំ២០១៧។
សេចក្តីប្រកាសព័ត៌មានរបស់ គជប ចុះថ្ងៃទី ៣ ខែធ្នូបានឱ្យដឹងថាខ្លួនបានបញ្ជូនលិខិតស្នើសុំទៅភាគីពាក់ព័ន្ធពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងបទបញ្ជា និងនីវិធីសម្រាប់បោះឆ្នោត ឃុំ សង្កាត់ សម្រាប់អាណត្តិទី ៤ ឆ្នាំ ២០១៧ ដែលមាន ១៥ ជំពូក។ភាគីពាក់ព័ន្ធដែលបានបញ្ជូនទៅរួមមានក្រុមបឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភាក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មានគណៈបញ្ជាការសន្តិសុខអចិន្រៃ្តយ៍គណបក្សនយោបាយចំនួន ៩ គណបក្ស អង្គការសង្គមស៊ីវិលចំនួន ១៩ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា។ ក្នុងសេចក្តីប្រកាសបញ្ជាក់ថាការស្នើសុំយោបល់នេះដើម្បីឱ្យបទបញ្ជា និងនីតិវិធីមានភាពកាន់តែល្អប្រសើរ និងត្រឹមត្រូវតាមច្បាប់ខណៈភាគីទាំងអស់មានរយៈពេល ២០ ថ្ងៃសម្រាប់ពិនិត្យ និងផ្តល់យោបល់ជូន គជប វិញយ៉ាងយូរត្រឹមថ្ងៃទី ២២ ខែធ្នូ។
អ្នកនាំពាក្យ គជប លោក ហង្ស ពុទ្ធា បានប្រាប់ភ្នំពេញប៉ុស្តិ៍បន្ថែមថា គជប នឹងយកអនុសាសន៍ទាំងឡាយដែលស្របច្បាប់ និងមានប្រយោជន៍ដល់ការបោះឆ្នោតមកធ្វើការកែសម្រួល។ លោកថា៖ «ប៉ុន្តែអនុសាសន៍មួយចំនួនដែលមិនស្របតាមច្បាប់ គជប មិនអាចធ្វើបានទេឧទាហរណ៍ការរៀបចំការិយាល័យចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេសគឺ គជប អត់អាចធ្វើទៅបានទេ»។ បើតាមលោក ហង្ស ពុទ្ធា នៅខែមីនា គជប នឹងប្រកាសចុះឈ្មោះគណបក្សនយោបាយដែលចង់ចូលរួមប្រកួតប្រជែងផងដែរ។ លោកឱ្យដឹងដែរថា គជប នឹងបិទផ្សាយឈ្មោះអ្នកបោះឆ្នោតនៅថ្ងៃទី ៣ ខែ មករា និងទុករយៈពេល ១០ ថ្ងៃដើម្បីឱ្យពលរដ្ឋតវ៉ារឿងឈ្មោះស្ទួន ឬមានភាពមិនប្រក្រតីណាមួយ។ លោកថា៖ «ធម្មតាក្រុមប្រឹក្សាឃុំផ្ញើឈ្មោះទាំងអស់មកដល់ភ្នំពេញហើយភ្នំពេញត្រូវចងក្រងផលិតបញ្ជីបន្ទាប់មកផ្ញើទៅឃុំវិញដើម្បីបិទផ្សាយឈ្មោះនៅតាមមណ្ឌលរបស់ខ្លួនរយៈពេល ១០ ថ្ងៃពលរដ្ឋអាចតវ៉ាបាន។ ឧទាហរណ៍អ្នកចុះឈ្មោះរួចតែមិនមានឈ្មោះ ឬតវ៉ាថាអ្នកនោះ យួន ខ្ញុំសុំប្តឹងបដិសេធព្រោះគាត់មិនមែនខ្មែរទេសូម គជប លុបឈ្មោះគាត់ចេញអ៊ីចឹង គជប នឹងពិនិត្យបន្ថែមទៀត»។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថាខុមហ្វ្រែលលោក គល់ បញ្ញា ដែលបានទទួលលិខិតនោះសម្តែងការស្វាគមន៍ហើយនឹងយកបញ្ហាមួយចំនួនទៅជជែកគ្នា។ លោកថា៖ «យើងនឹងយកបញ្ហាពេលបោះឆ្នោត និងពេលរាប់សន្លឹកឆ្នោតមកជជែកធ្វើម៉េចឱ្យកំណត់ហេតុលទ្ធផលបោះឆ្នោតដែលបញ្ជូនមកដល់ទីស្នាក់ការកណ្តាលបោះឆ្នោតមានភាពបើកចំហដើម្បីឱ្យពលរដ្ឋបានដឹង និងមានតម្លាភាព»។ លោកក៏នឹងលើកបញ្ហាពីការដោះស្រាយវិវាទឱ្យមានតម្លាភាពបញ្ហាទីធ្លាសាធារណៈក្នុងការឃោសនាបោះឆ្នោតឱ្យស្មើៗគ្នាបញ្ហាបញ្ជីបោះឆ្នោតនៅឆ្នាំ ២០១៧ ដោយរកមូលហេតុអ្នកដែលមិនបានចុះឈ្មោះបោះឆ្នោត និងរកមធ្យោបាយធ្វើយ៉ាងម៉េចឱ្យអ្នកទាំងនោះបានចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ ២០១៨ និងយកបញ្ហាពីរឿងដាក់កងកម្លាំងការពារសន្តិសុខនៅពេលបោះឆ្នោតធ្វើម៉េចឱ្យមានតម្លាភាព។
លទ្ធផលបណ្តោះអាសន្ននៃការចុះឈ្មោះបោះឆោ្នតដើម្បីរៀបចំបញ្ជីបោះឆោ្នតថី្មសម្រាប់ឆាំ្ន ២០១៦ គិតត្រឹមថៃ្ងទី ១ កញ្ញាដល់ថៃ្ងទី ៣០ ខែវិចិ្ឆកាគឺមានប្រជាពលរដ្ឋបានទៅចុះឈ្មោះបោះឆោ្នតចំនួន ៧ លាន ៨ សែននាក់គឺសើ្មនឹង ៨១,៤៧ ភាយរយខណៈអ្នកមានសិទ្ធិបោះឆ្នោតមានជាង ៩ លាន ៦ សែននាក់៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។