ខ្មែរក្រោមនឹងចាប់ផ្តើមបោះពុម្ពឯកសារជាង៥ពាន់ទំព័រ នៅដើមខែមេសា
Thu the 9th Waning Moon of Phagguṇa B.E.2559, March 31, A.D.2016 Year of the Goat
ភ្នំពេញ៖ ចាប់ពីថ្ងៃទី៤ ខែមេសា ខាងមុខនេះ សហគមន៍ខ្មែរកម្ពុជាក្រោមនឹងចាប់ផ្តើមបោះពុម្ព ឯកសារជាង ៥ពាន់ទំព័រ ដែលទាក់ទងនឹងប្រវត្តិទឹកដីកម្ពុជាក្រោម។ ហើយសមាគមគ្រោងនឹង បញ្ចប់ការបោះពុម្ព នៅអំឡុងខែមិថុនា ឆ្នាំ២០១៥ ។ នេះបើតាមការបញ្ជាក់របស់លោក ថាច់ សេដ្ឋា។
សហគមន៍ខ្មែរកម្ពុជាក្រោមនឹងចាប់បោះពុម្ពឯកសារដែលបានរកឃើញនៅប្រទេសបារាំងជាង ៥ពាន់ទំព័រនៅដើមខែមេសាខាងមុខ។
សហគមន៍ខ្មែរកម្ពុជាក្រោមលោក ថាច់ សេដ្ឋា បានឲ្យដឹងថា សព្វថ្ងៃនេះ សមាគមខ្មែរក្រោមបានរៀបចំឯកសារ និងចរចាតម្លៃបោះពុម្ពរួចរាល់ ដើម្បីចាប់ផ្តើមបោះពុម្ពនៅថ្ងៃទី៤ ខែមេសា។ លោកបានន្ថែមថា សមាគមត្រូវការថវិកាចំនួន ១២៥០០អឺរ៉ូ ស្មើនឹង ១៣០០០ដុល្លារអាមេរិក ដើម្បីថតចម្លងឯកសារសំខាន់ៗដែលទាក់ទងនឹងទឹកដីកម្ពុជាក្រោមប្រមាណ៥ពាន់ទំព័រ នៅក្នុងប្រទេសបារាំងនោះ។
លោកថា៖«ឯកសារភាគច្រើនសរសេរជាភាសាបារាំង ហើយពេលនេះកំពុងធ្វើការថតចម្លងចេញពីសំណៅឯកសារដើម។ ការថតចម្លងឯកសារទាំងនោះ មានតម្លៃ ២.៥០អឺរ៉ូ ក្នុងមួយទំព័រ ហើយសរុបទាំងអស់ជាង ១២៥០០អឺរ៉ូ ស្មើជាង ១៣០០០ដុល្លារអាមេរិក»។
ប៉ុន្តែ លោកថា សហគមន៍ខ្មែរកម្ពុជាក្រោមពុំមានថវិកាគ្រប់គ្រាន់ សម្រាប់បោះពុម្ពឯកសារទាំងនោះឡើយ។ លោកបញ្ជាក់ថា៖«យើងត្រូវការការចូលរួមថវិកាពីបងប្អូនជនរួមជាតិ ព្រោះយើងមិនមានថវិកាគ្រប់គ្រាន់ទេ។ ខ្ញុំសង្ឃឹមថា បងប្អូននឹងចូលរួមទោះបីជា ១រយ ២រយក៏ដោយ ព្រោះនេះជាឯកសារប្រយោជន៍ជាតិ សម្រាប់ឲ្យកូនចៅជំនាន់ក្រោយបានសិក្សារៀនសូត្រ»។
សហគមន៍ខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ បានរកឃើញឯកសារសំខាន់ៗ ទាក់ទងនឹងទឹកដីកម្ពុជាក្រោមប្រមាណ៥ពាន់ទំព័រ នៅក្នុងប្រទេសបារាំង។ ឯកសារទាំងនោះកំពុងត្រូវបានថតចម្លងចេញពីឯកសារដើម នៅក្នុងបណ្ណាសារដ្ឋានជាតិបារាំង នៅខេត្តអិកសង់ប្រូវ៉ង់ (Aix-en-Provence) ប្រទេសបារាំង ។
ឯកសារជាង ៥ពាន់ទំព័រ ដែលនិយាយពីការផ្ទេរទឹកដីកម្ពុជាក្រោមទៅឲ្យប្រទេសវៀតណាមទាំងនោះ រួមមាន ព្រះរាជសារព្រះករុណាព្រះបាទនរោត្តមផ្ញើទៅរដ្ឋាភិបាលបារាំង កិច្ចព្រមព្រៀងបារាំងវៀតណាមនៅឆកសមុទ្រហាឡុង នៅដាឡាត់ និងនៅហ្វុងតេនណឺប្លូជាដើម។ លើសពីនេះ ក៏រកឃើញកំណត់ហេតុប្រជុំសភាបារាំងក្នុងការកាត់ទឹកដីខ្មែរឲ្យវៀតណាម ថ្ងៃទី ០៤ មិថុនាឆ្នាំ១៩៤៩ សន្ធិសញ្ញាបារាំងវៀតណាម និងកំណត់ហេតុចរចាផ្សេងៗ ព្រមទាំងលិខិតឆ្លងឆ្លើយសម្ងាត់ដែលទាក់ទងនឹងការកាត់ផ្ទេរទឹកដីខ្មែរឲ្យវៀតណាមផងដែរ។ ឯកសារទាំងនេះ ត្រូវបានរកឃើញនៅក្នុងបណ្ណាសារដ្ឋានជាតិបារាំង នៅខេត្តអិកសង់ប្រូវ៉ង់ (Aix-en-Provence) ប្រទេសបារាំង តាមការណែនាំរបស់ស្ថានទូតបារាំង ប្រចាំនៅកម្ពុជា។
បើតាមប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម បន្ទាប់ពីបញ្ចប់ការថតចម្លង សហគមន៍ខ្មែរកម្ពុជាក្រោមនឹងធ្វើការបកប្រែជាផ្លូវការនូវឯកសារទាំងនោះពីភាសាបារាំងមកជាភាសាខ្មែរ និងអង់គ្លេស។ បន្ទាប់មកសហគមន៍ខ្មែរកម្ពុជាក្រោម នឹងដាក់ជូនទៅកាន់ក្រសួងអប់រំ ដើម្បីស្នើសុំបញ្ចូលក្នុងកម្មវិធីសិក្សា តម្កល់នៅរាជ្យបណ្ឌិតសភាកម្ពុជា និងអង្គការយូណេស្តូ ដើម្បីរក្សាទុកជាប្រវត្តិសាស្ត្រជាតិ។
គួររម្លឹកថា កន្លងមក អ្នកនាំពាក្យស្ថានទូតវៀតណាមបានអះអាងជាសាធារណៈថា ទឹកដីកម្ពុជាក្រោមជារបស់វៀតណាមតាំងពីយូរយារណាស់មកហើយ។ ដូច្នេះទើបធ្វើឲ្យសហគមន៍ខ្មែរកម្ពុជាក្រោមព្យាយាមធ្វើដំណើរទៅប្រទេសបារាំងស្រាវជ្រាវរកឯកសារ ដើម្បីបង្ហាញជាភស្តុតាងថា ទឹកកម្ពុជាក្រោមជាទឹកដីរបស់ខ្មែរ ដែលបារាំងបានកាត់ប្រគល់ទៅវៀតណាម៕ ប្រភពព័ត៌មាន សារព័ត៌មានថ្មីៗ
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។