ញោមប្រុសរបស់ឯកឧត្ដម ថាច់ សេដ្ឋា ជន្មាយុ ៨៣ឆ្នាំ ធ្វើមរណកាលនៅថ្ងៃចន្ទ ១០រោច ខែកត្ដិក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា គ.ស.២០២០
នៅវេលាម៉ោង១០:១០នាទីព្រឹកថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា គ.ស.២០២០ ឪពុកបង្កើតជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ខ្ញុំ បានទទួលអនិច្ចកម្មទៅកាន់បរលោក ចោលកូន ចៅជាទីស្រឡាញ់ គ្មានថ្ងៃវិលត្រឡប់វិញឡើយ។ នេះជាមរណទុក្ខដ៏សែនក្រៀមក្រំបំផុត និងសោកស្តាយអាល័យស្រណោះបំផុតក្នុងជីវិតខ្ញុំ។ លោកឪពុករបស់ខ្ញុំបានតស៊ូយ៉ាងស្វិតស្វាញដោយគ្មានរួញរា ដើម្បីឲ្យកូនសិក្សារៀនបានខ្ពង់ខ្ពស់ និងជាឪពុកដែលប្រកបដោយព្រហ្មវិហារធម៌កម្ររកបាន។ លោកឪពុកជាគ្រូដើមដំបូងបង្អស់ដែលបានបង្រៀននិងអប់រំកូនឲ្យធ្វើតែអំពើល្អ ស្មោះត្រង់ ស្រឡាញ់គ្រួសារ ស្រឡាញ់ជាតិ និងមាតុភូមិខ្មែរ។ កូននៅចាំបណ្តាំលោកឪពុកគ្រប់ដង្ហើមចេញចូលថា កូនត្រូវបម្រើជាតិដោយស្មោះត្រង់បំផុត កុំដោយសារតែបុណ្យសក្តិ ប្រាក់កាសក្បត់ជាតិសាសន៍ឯងឲ្យសោះ។ តែជាការសោកស្តាយខ្លាំងណាស់ក្នុងជីវិតកូន ក្នុងនាមជារៀមច្បងគ្រួសារ តែមិនបានមើលថែលោកឪពុកផ្ទាល់ដៃ និងជួបមុខគោរពសពលោកឪពុកជាចុងក្រោយ ដោយសារតែអាជ្ញាធរយួនកាត់ផ្តាច់មនោសញ្ចេតនារវាងកូននិងឪពុកមិនឲ្យកូនចូលស្រុកយើងបានជួបមុខលោកឪពុក។ ដូច្នេះ កូនសូមក្រាបថ្វាយបង្គំលោកឪពុកនិងសូមខមាទោសពីចម្ងាយ សូមលោកឪពុកមេត្តាអនុគ្រោះដល់កូនផង និងកូនសូមបួងសួងសូមវិញ្ញាណលោកឪពុកបានទៅកើតក្នុងសុគតិភពជួបជុំជាមួយលោកម្តាយកុំបីខាន ហើយកូនសូមប្រាថ្នាជាតិណាៗសូមបានជួបធ្វើជាកូនលោកឪពុក លោកម្តាយជាទីសក្ការៈជាថ្មីទៀតកុំបីខានឡើយ។ សូមបញ្ជាក់ នៅថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះ ខ្ញុំព្រះករុណា ខ្ញុំនឹងរៀបចំធ្វើបុណ្យ ដើម្បីឧទ្ទិសកុសលជូនលោកឪពុករបស់ខ្ញុំ។ អាស្រ័យហេតុនេះ ខ្ញុំសូមគោរពអញ្ជើញបងប្អូន ញាតិ មិត្តឆ្ងាយជិត ចូលរួមតាមការគួរ៕ ថាច់ សេដ្ឋា
ថ្ងៃចន្ទ ១០រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា គ.ស.២០២០
Monday the 10th Waning Moon of Kattikā B.E.2564 equivalent to November 9, A.D.2020 Year of the Rat
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។