អាមេរិកអាចនឹងកាត់ផ្តាច់ជំនួយទាំងស្រុងមកឲ្យប្រទេសកម្ពុជា
Wed 1st Waxing Moon of Visakha B.E.2560, April 26, A.D.2017 Year of the Rooster
The Phnom Penh Post
ឯកសារក្រសួងការបរទេសអាមេរិកជាក់ស្តែងមួយ ហាក់បានបង្ហាញយ៉ាងច្បាស់ថា ខ្លួននឹងកាត់ជំនួយអភិវឌ្ឍន៍របស់ខ្លួនដល់ប្រទេសកម្ពុជា រហូតដល់កម្រិតសូន្យ ហើយកាលពីម្សិលមិញ ក្រុមអ្នកអង្កេតបានថ្លែងថា ការកាត់ជំនួយនេះ នឹងធ្វើឱ្យជំហររបស់អាមេរិកចុះខ្សោយនៅក្នុងប្រទេសកម្ពុជា ដែលជាសញ្ញាមួយអនុញ្ញាត ឲ្យប្រទេសចិន កាន់តែពង្រឹងឥទ្ធិពលរបស់ខ្លួនរឹងមាំខ្លាំងឡើងៗនៅក្នុងប្រទេសនេះ។
ឯកសារដែលទទួលបាននិងបានចេញផ្សាយ ដោយគោលនយោបាយការបរទេសអាមេរិកកាលពីថ្ងៃចន្ទ បានបង្ហាញថា ជំនួយអភិវឌ្ឍន៍មកប្រទេស កម្ពុជា នឹងត្រូវកាត់មកដល់ចំនួនសូន្យនៅក្នុងឆ្នាំ ២០១៨ ពោលគឺធ្លាក់ចុះចាប់ពីឆ្នាំ ២០១៦ ក្នុងកម្រិតនៃការចំណាយពិតប្រាកដចំនួន ៣៤,៥ លានដុល្លារ។
ស្រដៀងគ្នានេះដែរ មូលនិធិគាំទ្រសេដ្ឋកិច្ចនឹងសម្លឹងមើលទៅដល់ការកាត់ជំនួយរហូតដល់ ១០០% នៃចំនួនថវិកា ៨ លានដុល្លារក្នុងឆ្នាំ ២០១៦។ ខណៈដែលជំនួយនេះ នៅមិនទាន់ដកហូតទាំងស្រុងនោះ កម្មវិធីថែទាំសុខភាព ដែលគ្រប់គ្រងដោយក្រសួងការបរទេសអាមេរិក និងអង្គការ USAID នោះ ត្រូវបានគេមើលឃើញថា អាចនឹងត្រូវកាត់បន្ថយចំនួនពី ១៨ ទៅ៣៧%។ និយាយជារួមជំនួយបរទេសរបស់អាមេរិក មកដល់កម្ពុជាជិត ៦០% ត្រូវបានកាត់បន្ថយនៅក្នុងឆ្នាំ ២០១៨ បើប្រៀបធៀបទៅនឹងកម្រិតនៃការចំណាយក្នុងឆ្នាំ២០១៦។
កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៧៧ ផ្សេងទៀត ដែលត្រូវគេមើលឃើញថា ជំនួយអភិវឌ្ឍន៍របស់ខ្លួននិងត្រូវកាត់ដល់ចំណុចសូន្យ រួមជាមួយប្រទេសជាសមាជិកអាស៊ានមួយចំនួនទៀត ដូចជាប្រទេស ឥណ្ឌូនេស៊ី, ថៃ, ឡាវនិងហ្វ៊ីលីពីនជាដើម ដែលនឹងត្រូវបានកាត់ជំនួយមានលក្ខណៈស្រដៀងៗគ្នា។
ការកាត់ជំនួយនេះគឺទំនងមិនអាចជួយកែលម្អទំនាក់ទំនងរវាងកម្ពុជា និង អាមេរិក បានទេ ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរហាក់បានឈានចូលដល់ដំណាក់ដ៏តានតឹងនារយៈពេលចុងក្រោយនេះ។
មន្រ្តីជាន់ខ្ពស់របស់កម្ពុជា ជាច្រើន នាក់បានធ្វើការរិះគន់ ទៅលើសហរដ្ឋអាមេរិកអំពីការដែលអាមេរិកបានទម្លាក់គ្រាប់បែកមកលើប្រទេសកម្ពុជា ក្នុងអំឡុងទស្សវត្សរ៍ឆ្នាំ ១៩៧០ ដោយសារតែអាមេរិក មិនព្រមលើកលែងបំណុលសង្គ្រាមដែលកម្ពុជាជំពាក់។
ការបង្ហាញឲ្យដឹងនេះ ត្រូវបានធ្វើឡើង ខណៈដែលប្រទេសចិន បានបង្ហាញកាន់តែច្បាស់ឡើងៗ ពីឆន្ទៈរបស់ខ្លួនក្នុងការផ្ដល់មូលនិធិដល់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងយោធា ហើយការផ្តល់ជំនួយនេះស្ទើរតែគ្មានការដាក់គំនាបឬចងចំណងអ្វីមួយនោះទេ ដែលធ្វើឲ្យមន្រ្តីរដ្ឋាភិបាលកម្ពុជា ងាកទៅប្រើប្រាស់ការគាំទ្រពីប្រទេសចិន ជាទ្រនាប់ ដើម្បីប្រឆាំងទៅនឹងការរិះគន់ពីអន្តរជាតិ។
អ្នកនាំពាក្យស្ថានទូត អាមេរិក លោក Jay Raman និង នាយករងបេសកកម្មរបស់ទីភ្នាក់ងារ USAID លោក Sean Callahan បានបដិសេធធ្វើអធិប្បាយលើឯកសារនេះ។
ពេលវេលានៃការបង្ហាញក៏នៅមិនទាន់ច្បាស់លាស់ដែរ ខណៈដែលឧបការីរងនៃក្រសួងការបរទេសអាមេរិកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក W.Patrick Murphy បានជួបប្រជុំជាមួយនឹងមន្រ្តីក្រសួងការបរទេសរបស់កម្ពុជានៅរាជធានីភ្នំពេញកាលពីម្សិលមិញ។
លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការ ខាណា ជាអង្គការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជំងឺអេដស៍បានថ្លែងថា ក្រុមរបស់លោកត្រូវបានគេជូនដំណឹងកាលពីខែ កុម្ភៈថា ទីភ្នាក់ងារ USAID នឹងមិនផ្តល់មូលនិធិដល់សកម្មភាពណាទៀតនោះទេចាប់ពីឆ្នាំ ២០១៨ តទៅ ដែលធ្វើឲ្យអង្គការលោក ងាកទៅរកជម្រើសផ្សេងទៀតដូចជាមូលនិធិសកល ដើម្បីរក្សាគម្រោងឲ្យនៅដំណើការ។
«ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ យើងហាក់មានអារម្មណ៍ថា សោកស្តាយណាស់ ដែលមើលឃើញពីការធ្លាក់ចុះនៃការផ្តល់ជំនួយពីទីភ្នាក់ងារ USAID និងម្ចាស់ជំនួយផ្សេងៗទៀត»។
លោក ចំរើន បន្ថែមថា ភ្នាក់ងារ USAID បានប្រាប់ពួកលោកថា ការបែងចែកមូលនិធិណាមួយអាចនឹងត្រូវផ្តល់ដោយផ្ទាល់ទៅលើជំនួយបច្ចេកទេសសម្រាប់រដ្ឋាភិបាលតែប៉ុណ្ណោះ។
ជំនួយអភិវឌ្ឍន៍របស់អាមេរិកចម្បងៗមកកម្ពុជា គឺភាគច្រើនទាក់ទងនឹងការផ្តល់អាហារូបត្ថម្ភ ជំនួយផ្នែកកសិកម្មអភិបាលកិច្ចល្អ ការដោះមីននិងគម្រោងការពារបរិស្ថាន។
លោក Miguel Chanco អ្នកវិភាគរបស់អង្គភាព Economist Intelligence Unit ថ្លែងថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទន់ខ្សោយ គឺវាជាប់ទាក់ទងទៅនឹងបញ្ហាការអប់រំ និងសុខភាពដែលនឹងរងផលប៉ះពាល់យ៉ាងពិតប្រាកដ។ «ប្រទេសចិន ទំនងជាមិនអាចបំពេញកង្វះចន្លោះនេះបានភ្លាមៗទេ ដោយសារតែវាមានភាពខុសគ្នានៃការផ្តល់ជំនួយនិងការវិនិយោគរបស់គេមកដល់កម្ពុជា»។
លើសពីនេះលោក Chanco ថ្លែងថា អាមេរិកអាចនឹងមើលឃើញពីសមត្ថភាពនៃឥទ្ធិពលនយោបាយរបស់ខ្លួន ថយចុះជាថ្មីម្តងទៀតនៅក្នុងប្រទេសនេះ ប្រសិនបើការកាត់បន្ថយទាំងនេះត្រូវបានធ្វើឡើង។
លោក Paul Chambers សាស្រ្តាចារ្យនៅឯសាកលវិទ្យាល័យ Naresuan University ក្នុងប្រទេសថៃ បានថ្លែងថា វិធីសាស្រ្តកាត់បន្ថយជំនួយអភិវឌ្ឍន៍របស់រដ្ឋាភិបាលអាមេរិកឲ្យស្របទៅនឹងគម្រោងមូលនិធិរបស់លោកប្រធានាធិបតីដូណាល់ត្រាំ គឺកាន់តែធ្វើឲ្យកម្រិតឥទ្ធិពលមហាអំណាចពិភពលោករបស់ខ្លួនកាន់តែចុះអន់ថយ បើធៀបទៅនឹងប្រទេសចិន។
«ការកាត់ជំនួយអភិវឌ្ឍន៍ដោយមិនប្រុងប្រយ័ត្នរបស់អាមេរិកដល់កម្ពុជា រហូតដល់កម្រិតសូន្យ រដ្ឋបាលលោក ត្រាំ អាចនឹងបង្កើតឲ្យមានការយល់ឃើញប្រកបដោយការមិនពេញចិត្តរបស់កម្ពុជាចំពោះអាមេរិកហើយវានឹងជំរុញឲ្យកម្ពុជាងាកចូលទៅក្នុងដែនសេដ្ឋកិច្ចរបស់ចិនកាន់តែខ្លាំង»៕
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។