វៀតណាមបន្តបំភ្លៃប្រវត្តិសាស្ត្រកម្ពុជាក្រោម
Thu the 6th Waxing Moon of Phussa B.E.2559, January 14, A.D.2016 Year of the Goat
បញ្ហាប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម នៅតែជាប្រធានបទនៃការបកស្រាយផ្ទុយគ្នារវាងជនជាតិខ្មែរ និងវៀតណាម។ បើទោះជាអ្នកប្រវត្តិសាស្ត្រភាគច្រើនលើកឡើងថា ដែនដីកម្ពុជាក្រោម គឺជាអតីតទឹកដីរបស់កម្ពុជា ក៏ដោយ រដ្ឋាភិបាលវៀតណាម នៅតែព្យាយាមលាក់បាំងបញ្ហានេះ ដោយចង់បំបាត់ដានប្រវត្តិសាស្ត្រ និងបង្ហាញឲ្យក្មេងជំនាន់ក្រោយឲ្យយល់ថា ទឹកដីកម្ពុជាក្រោម ជាដីភូមិសាស្ត្ររបស់វៀតណាម។ រដ្ឋាភិបាលវៀតណាម លើកឡើងថា ពលរដ្ឋវៀតណាម គឺជាអ្នកចូលរុករានកាប់ឆ្ការព្រៃ បង្កើតសហគមន៍កាន់កាប់នៅទីនោះ តាំងពីដើមមក។
តើខ្មែរក្រោមប្រតិកម្មបែបណាចំពោះបញ្ហានេះ?
បើទោះជាកន្លងមកព្រះសង្ឃ និងពលរដ្ឋ បានផ្ទុះឡើងធ្វើបាតុកម្មនៅកណ្ដាលទីក្រុងភ្នំពេញ ទាមទារឲ្យរដ្ឋាភិបាលវៀតណាម សុំទោសពីរឿងដែលអ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា បំភ្លៃប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោមក្ដី មកទល់ពេលនេះ មិនត្រឹមតែមិនសុំទោសនោះទេ រដ្ឋាភិបាលវៀតណាម នៅតែបន្តបំភ្លៃប្រវត្តិសាស្ត្រ ដែលអាចធ្វើឲ្យមនុស្សមួយចំនួនភ័ន្តច្រឡំប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម។
ជាក់ស្ដែងនៅលើគេហទំព័រឈ្មោះក្រាំងព័ត៌មានអេឡិចត្រូនិកខេត្តត្រាវិញ បង្កើតឡើងដោយរដ្ឋាភិបាលវៀតណាម ដើម្បីរៀបរាប់ពីទឹកដីខេត្តព្រះត្រពាំង ដែលសព្វថ្ងៃវៀតណាម ហៅថា ខេត្តត្រាវិញនោះ រដ្ឋាភិបាលវៀតណាម ក៏បានបំភ្លៃប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម ជាថ្មីម្ដងទៀតក្នុងការបង្ហាញមហិច្ឆតារបស់ខ្លួន។
រដ្ឋាភិបាលវៀតណាម លើកឡើងថា ចាប់ពីសតវត្សទី១ ដល់សតវត្សទី៧ ដែនដីសណ្ដទន្លេមេគង្គ បច្ចុប្បន្នវៀតណាម ហៅថា វាលរាបទន្លេគីវឡុង (Cuu Long) ត្រូវបានគ្រប់គ្រងដោយរាជាណាចក្រហ៊្វូណន។ ប្រភពដដែលបរិយាយបន្តថា ចាប់ពីដើមសតវត្សទី៧ ដែនដីសណ្ដទន្លេមេគង្គ ឋិតក្រោមការគ្រប់គ្រងរបស់ប្រទេសចេនឡាក្រោយពីចេនឡាបានវាយកម្ទេច និងដណ្ដើមយកនគរហ៊្វូណន។ ប៉ុន្តែដោយសារប្រទេសចេនឡា តែងផ្ដុំកម្លាំងអភិវឌ្ឍតំបន់ទន្លេសាប និងខិតខំបើកទូលាយឆ្ពោះទៅទិសខាងលិចនោះ នៅដែនដីសណ្ដទន្លេមេគង្គ ឬកម្ពុជាក្រោម មិនទាន់មានការគ្រប់គ្រងផ្នែករដ្ឋបាលដោយពិតប្រាកដរបស់ប្រទេសចេនឡា នៅឡើយ។
លុះចាប់ពីសម័យចេនឡានេះមក រដ្ឋាភិបាលវៀតណាម មិនបានរៀបរាប់ពីការគ្រប់គ្រងរបស់កម្ពុជា លើដែនដីកម្ពុជាក្រោមទេ តែគេហក់ចូលនិយាយពីសតវត្សទី១៧ តែម្ដង។ ពួកគេថា ចាប់ពីសតវត្សទី១៧ រហូតដល់ពេលបច្ចុប្បន្ននេះ ដែនដីសណ្ដទន្លេមេគង្គបានក្លាយជាចំណែកមួយរបស់ប្រទេសវៀតណាម។ ពួកគេថា ពីដើមឡើយជនជាតិវៀតណាម ឬហៅម្យ៉ាងទៀតថា ជនជាតិកិញ (Kinh) ជាអ្នកបានចូលមកកាប់ឆ្ការ និងប្រកបរបរចិញ្ចឹមជីវិតនៅទីនោះ។ លើសពីនេះ ពួកគេថា ទំនាក់ទំនងមេត្រីភាពរវាងរជ្ជកាលស្ដេចវៀតណាម ង្វៀន (Nguyne) និងរជ្ជកាលចេនឡា បានបង្កលក្ខណៈឲ្យជនជាតិវៀតណាម មកស្នាក់នៅលើដែនដីសណ្ដទន្លេមេគង្គ។
សរុបសេចក្ដីមក រដ្ឋាភិបាលវៀតណាម អះអាងថា ប្រវត្តិសាស្ត្រនៃដែនដីកម្ពុជាក្រោម ឬវៀតណាម ហៅថា តំបន់ណាមបូ (Nam Bo) បានឆ្លងកាត់ ៣ដំណាក់កាលហើយរហូតមកទល់ពេលនេះ គឺដំណាក់កាលហ៊្វូណន ចេនឡា និងវៀតណាម។ ពួកគេសង្កត់ធ្ងន់ថា ប្រការសំខាន់គឺជនជាតិវៀតណាម បានមកកាន់កាប់ និងរួមប្រាស្រ័យក្នុងការកាប់ឆ្ការដីតំបន់នោះដោយគ្មានប្រើអាវុធ និងធ្វើសង្គ្រាមឡើយ គឺដោយមាគ៌ាសន្តិភាព និងមានកិច្ចសហការនឹងបណ្ដាជនជាតិផ្សេងៗ។ ពួកគេថា តាមរយៈទឡ្ហីករណ៍ទាំងអស់នេះហើយដែលបញ្ជាក់ថា វៀតណាមគឺជាម្ចាស់កម្មសិទ្ធិនៅលើដែនដីសណ្ដទន្លេមេគង្គ។
យ៉ាងណាក៏ដោយ ការបកស្រាយប្រវត្តិសាស្ត្ររបស់រដ្ឋាភិបាលវៀតណាម នេះ គឺផ្ទុយទៅនឹងប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម និងប្រវត្តិសាស្ត្រផ្ទាល់ខ្លួនរបស់ប្រទេសវៀតណាម ខ្លួនឯង។
វៀតណាមលើកឡើងថា ដោយសារប្រទេសចេនឡាតែងផ្ដុំកម្លាំងអភិវឌ្ឍតំបន់ទន្លេសាប និងខិតខំបើកទូលាយឆ្ពោះទៅទិសខាងលិចនោះ នៅដែនដីសណ្ដទន្លេមេគង្គ ឬកម្ពុជាក្រោម មិនទាន់មានការគ្រប់គ្រងផ្នែករដ្ឋបាលដោយពិតប្រាកដរបស់ប្រទេសចេនឡា នៅឡើយ។ ប្រការនេះ គឺមិនពិតនោះទេ ព្រោះថា ខ្មែរបានបង្កើតនគរដំបូងរបស់ខ្លួនដែលគេស្គាល់ថា ជានគរហ៊្វូណន តាំងពីសតវត្សទី១ មកម្ល៉េះ ហើយក៏មានពលរដ្ឋខ្មែររស់នៅលើដែនដីសណ្ដទន្លេមេគង្គនោះរួចបាត់ទៅហើយ។ ជាក់ស្ដែង នៅស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង វត្តខ្មែរមួយឈ្មោះថា វត្តសម្បួររង្សី ត្រូវបានពលរដ្ឋខ្មែរកសាងតាំងពីឆ្នាំ៣៧៣ នៃ គ.ស. គឺតាំងពីសម័យនគរភ្នំ ឬហ៊្វូណននេះឯង ហើយវត្តនេះនៅមានរូបរាងរហូតមកទល់សព្វថ្ងៃ។ នេះបញ្ជាក់ឲ្យឃើញថា ខ្មែរជាម្ចាស់ទឹកម្ចាស់ដីមានវត្តមាននៅទីនោះតាំងពីយូរមកហើយ មុនពេលមានជនជាតិវៀតណាម ចូលមកដល់។
រដ្ឋាភិបាលវៀតណាម អះអាងដែរថា ទំនាក់ទំនងមេត្រីភាពរវាងរជ្ជកាលស្ដេចវៀតណាម ង្វៀន និងរជ្ជកាលចេនឡា បានបង្កលក្ខណៈឲ្យជនជាតិវៀតណាម មកស្នាក់នៅលើដែនដីទន្លេមេគង្គ។ ការលើកឡើងនេះ គឺខុសស្រឡះទាំងស្រុងទៅនឹងប្រវត្តិសាស្ត្រជាក់ស្ដែង។ សម័យចេនឡានៅកម្ពុជា ចាប់ផ្ដើមពីសតវត្សទី៦ ដល់ទី៨ នៃ គ.ស. គឺមានរូបរាងតាំងពីមុនពេលជនជាតិវៀតណាម មានរដ្ឋឯករាជ្យផ្ទាល់ខ្លួនបែកចេញពីចិន នៅសតវត្សទី១០ ទៅទៀត។ បើដូច្នេះ តើមានស្ដេចវៀតណាម ឯណាទៅទាក់ទងជាមួយស្ដេចខ្មែរសម័យចេនឡានោះ?
លើសពីនេះ ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសវៀតណាម រជ្ជកាលស្ដេច ង្វៀន គឺចាប់ផ្ដើមគ្រប់គ្រងប្រទេសវៀតណាម ចាប់ពីឆ្នាំ១៨០២ ប៉ុណ្ណោះ។ តើវាអាចទៅរួចដែរទេ ដែលមានស្ដេចវៀតណាម នៅដើមសតវត្សទី១៩ ទៅទាក់ទងជាមួយស្ដេចខ្មែរនៅសតវត្សទី៦ ដល់ទី៩ ដែលគ្រប់គ្រងប្រទេសក្នុងសម័យកាលខុសគ្នាសឹងជាង ១ពាន់ឆ្នាំដូចនេះ។
លើសពីនេះ រដ្ឋាភិបាលវៀតណាម បញ្ជាក់ថា ប្រវត្តិសាស្ត្រនៃដែនដីកម្ពុជាក្រោម ឬវៀតណាម ហៅថា តំបន់ណាមបូ បានឆ្លងកាត់ ៣ដំណាក់កាលហើយ រហូតមកទល់ពេលនេះ គឺដំណាក់កាលហ៊្វូណន ចេនឡា និងវៀតណាម នោះ។ បើដូចជាការអះអាងរបស់រដ្ឋាភិបាលវៀតណាម មែននោះ ប្រការនេះមានន័យថា គ្មានឡើយសម័យមហានគរ ឬសម័យអាណាចក្រខ្មែរ ដែលគ្រប់គ្រងទឹកដីលាតសន្ធឹងរហូតដល់ដែនដីកម្ពុជាក្រោម ឬគ្មានឡើយនគរចំប៉ា របស់ជនជាតិចាម ដែលត្រូវបានវៀតណាម លេបត្របាក់យកមុនពេលពួកគេចូលមកឈ្លានពានយកដែនដីកម្ពុជាក្រោមនោះ។
អ្នកសិក្សាប្រវត្តិសាស្ត្រណាក៏ដឹងដែរថា មុនពេលមកដល់កម្ពុជាក្រោម ជនជាតិវៀតណាម ត្រូវឆ្លងកាត់នគរចំប៉ាជាមុនសិន។ ជាងនេះទៀត រដ្ឋាភិបាលវៀតណាមថា ជនជាតិវៀតណាម បានចូលមកកាន់កាប់ និងរួមប្រាស្រ័យក្នុងការកាប់ឆ្ការដីនៅកម្ពុជាក្រោមដោយគ្មានប្រើអាវុធ និងធ្វើសង្គ្រាមឡើយ គឺដោយមាគ៌ាសន្តិភាព និងមានកិច្ចសហការនឹងបណ្ដាជនជាតិផ្សេងៗ។
ជាការពិតណាស់ នៅក្នុងសតវត្សទី១៧ ប្រទេសកម្ពុជា កំពុងទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីប្រទេសសៀម ដែលបង្ខំឲ្យព្រះមហាក្សត្រខ្មែរសម័យនោះ គឺព្រះបាទស្រីសុរិយោពណ៌ និងរាជបុត្រព្រះអង្គព្រះបាទជ័យ ជេដ្ឋាទី២ ត្រូវសម្រេចព្រះទ័យ ចងស្ពានមេត្រីជាមួយស្ដេចវៀតណាម ដើម្បីពឹងពួកគេមកទប់ទល់នឹងឥទ្ធិពលរបស់សៀម។ បើទោះជាព្រះមហាក្សត្រខ្មែរបានឲ្យស្ដេចវៀតណាម ខ្ចីហាត់ទ័ពដែលក្រោយមកត្រូវបានស្ដេចវៀតណាម បញ្ជូនពលរដ្ឋខ្លួនមករស់នៅក្តី ប៉ុន្តែវៀតណាម មិនបានធ្វើឲ្យខ្មែរបានសុខឡើយ។
អ្នកសិក្សាប្រវត្តិសាស្ត្រខ្មែរក្រោមប្រាកដជាដឹងថា មានរឿងរ៉ាវច្រើនណាស់ដែលជនជាតិវៀតណាម បានធ្វើបាបខ្មែរក្រោម ក្នុងនោះមានតាំងពីព្រឹត្តិការណ៍កំពប់តែអុង ការបង្ខំឲ្យខ្មែរជីកព្រែកវិញតេ (Vinh Te) រួចទម្លាយទំនប់ទឹកសម្លាប់ខ្មែរ ការដើរកាប់សម្លាប់ពលរដ្ឋខ្មែរដើម្បីឲ្យឧកញ៉ា សឺន គុយ ចេញប្រគល់ខ្លួន និងការប៉ុនប៉ងកម្ទេចវត្តអារាម លុបបំបាត់វប្បធម៌ខ្មែរក្រោមជាដើម។ ទាំងអស់នេះ សបញ្ជាក់ឲ្យឃើញថា វៀតណាមមិនបានប្រកាន់យកមាគ៌ាសន្តិភាពជាមួយពលរដ្ឋខ្មែរជាម្ចាស់ស្រុកនោះទេ។
ប្រហែលជាដោយសារតែរដ្ឋាភិបាលវៀតណាម ប្រឌិតឡើងនូវប្រវត្តិសាស្ត្រក្លែងក្លាយ និងដាក់ឲ្យពលរដ្ឋខ្លួនសិក្សាបែបនេះហើយ ទើបកាលពីខែមិថុនា ឆ្នាំ២០១៤ អ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា លោក ត្រឹង វ៉ាំងថុង (Tran Van Thong) បាននិយាយថា ទឹកដីកម្ពុជាក្រោម ឬវៀតណាម ហៅថា ទឹកដីណាមបូ គឺជារបស់វៀតណាម តាំងពីយូរលង់ណាស់មកហើយ។
ទោះជាសម័យកាលនេះ នៅក្នុងសតវត្សទី២១ ហើយក្ដី ក៏រដ្ឋាភិបាលវៀតណាម នៅតែបង្ហាញពីមហិច្ឆតាឈ្លានពាន និងចង់បំភ្លៃប្រវត្តិសាស្ត្រដដែល។ បញ្ហានេះ តាមមើលទៅវៀតណាម ចង់ឲ្យខ្មែរក្រោមឈប់រើបម្រាស់ និងទាមទារសិទ្ធិសេរីភាពរបស់ខ្លួន ដូចជាសិទ្ធិទទួលបានការអប់រំភាសាខ្មែរ សិទ្ធិរក្សាប្រពៃណីទំនៀមទម្លាប់ និងសិទ្ធិរស់រានមានជីវិតសមរម្យនៅលើទឹកដីកំណើតរបស់ខ្លួន ។ល។
ព្រះសង្ឃខ្មែរក្រោមនៅខេត្តព្រះត្រពាំង មួយអង្គ ដែលស្នើមិនបញ្ចេញព្រះនាម និងសំឡេង មានថេរដីកាតាមទូរស័ព្ទពីដែនដីកម្ពុជាក្រោមថា កម្មវិធីសិក្សានៅសាលារដ្ឋវៀតណាម មិននិយាយពីប្រវត្តិសាស្ត្រពិតអំពីដែនដីកម្ពុជាក្រោមនោះទេ។ ពួកគេតែងលើកឡើងថា ជនជាតិវៀតណាម គឺជាអ្នកចូលកាប់ឆ្ការព្រៃនៅទីនោះតាំងពីដើមមក។ រដ្ឋាភិបាលវៀតណាម ក៏មិនអនុញ្ញាតឲ្យព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមសិក្សាពីប្រវត្តិសាស្ត្ររបស់ខ្មែរក្រោមឡើយ។
ព្រះតេជព្រះគុណមានថេរដីកាថា ពលរដ្ឋខ្មែរក្រោមបច្ចុប្បន្នដឹងពីប្រវត្តិសាស្ត្ររបស់ខ្លួនមិនមែនដោយសារសិក្សានៅតាមសាលាឡើយ តែដោយសារចាស់ៗនិយាយប្រាប់តៗគ្នាពីមួយជំនាន់ទៅមួយជំនាន់។ ព្រះតេជព្រះគុណបន្តថា ដោយសារប្រព័ន្ធបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ន ព្រះសង្ឃ និងយុវជនខ្មែរក្រោមមួយចំនួន ក៏អាចស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ខ្មែរក្រោមតាមរយៈការអានលើប្រព័ន្ធអ៊ីនធឺណិត ផ្សព្វផ្សាយដោយអង្គការ-សមាគមខ្មែរក្រោមនៅក្រៅប្រទេស។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ដែលកន្លងមកធ្លាប់បានដឹកនាំក្បួនបាតុកម្មទាមទារឲ្យរដ្ឋាភិបាលវៀតណាម សុំទោសខ្មែររឿងបំភ្លៃប្រវត្តិសាស្ត្រខ្មែរក្រោម។ លោកមានប្រសាសន៍នៅពេលនេះថា រដ្ឋាភិបាលវៀតណាម បានប្រឌិតរឿងរ៉ាវច្រើនណាស់ដើម្បីបំភ្លៃប្រវត្តិសាស្ត្រពិតរបស់ខ្មែរ។
លោក ថាច់ សេដ្ឋា ទទូចឲ្យរដ្ឋាភិបាល និងអ្នកប្រវត្តិសាស្ត្រខ្មែរត្រូវហ៊ានបញ្ចេញប្រតិកម្មចំពោះការបំភ្លៃរបស់រដ្ឋាភិបាលវៀតណាម៖ «ប្រសិនបើយើងមិនប្រតិកម្ម ការបំភ្លៃប្រវត្តិសាស្ត្ររបស់យួន វាទៅជាការពិត ដូច្នេះអ្នកប្រវត្តិសាស្ត្រខ្មែរក៏ត្រូវតែសិក្សាពីឯកសាររបស់យួន ដែលសរសេរឡើងបំភ្លៃប្រវត្តិសាស្ត្រនេះដែរ សូម្បីអ្នកប្រវត្តិសាស្ត្ររបស់យួន ពីមុនមកក៏គេទទួលស្គាល់ថា នេះជាទឹកដីខ្មែរដែរ ដូច្នេះយួន មានចេតនាមួលបង្កាច់ បំភ្លៃប្រវត្តិសាស្ត្រធ្វើឲ្យអ្នកជំនាន់ក្រោយមានការភ័ន្តច្រឡំចំពោះប្រវត្តិសាស្ត្រ»។
ក្រោយការថ្លែងបំភ្លៃប្រវត្តិសាស្ត្ររបស់មន្ត្រីស្ថានទូតវៀតណាម កាលពីឆ្នាំ២០១៤ លោក ថាច់ សេដ្ឋា បានដឹកនាំប្រតិភូទៅស្វែងរកឯកសារប្រវត្តិសាស្ត្រខ្មែរក្រោមនៅប្រទេសបារាំង។ លោកថា ក្រោយពេលបកប្រែរួច លោកនឹងបោះពុម្ពឯកសារទាំងអស់នេះចែកចាយទៅឲ្យពលរដ្ឋខ្មែរទៅតាមលទ្ធភាពថវិកាដែលមានដើម្បីអាចឲ្យពលរដ្ឋខ្មែរ ពិសេសខ្មែរក្រោមដឹងពីប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម ជៀសវាងជឿតាមការបំភ្លៃរបស់រដ្ឋាភិបាលវៀតណាម។
លោក ថាច់ សេដ្ឋា ក៏ជំរុញឲ្យរដ្ឋាភិបាលវៀតណាម បញ្ឈប់នូវការបំភ្លៃប្រវត្តិសាស្ត្រខ្មែរក្រោមតទៅទៀត៕
ប្រភពព័ត៌មាន វិទ្យុអាស៊ីសេរី ដោយ យាង សុជាមេត្តា
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។